កាឡាទី ពាក្យលំនាំ
ពាក្យលំនាំ
ស្រុកកាឡាទី៖ សព្វថ្ងៃនៅប៉ែកខាងជើងប្រទេសទួរគី។ សាវកប៉ុលបានផ្សាយដំណឹងល្អនៅស្រុកកាឡាទី នៅចន្លោះ គ.ស. ៤៩-៥០ (កិច្ចការ ១៦.៦ និង ១៨.២៣)។ ប្រជាជនស្រុកនោះពុំដែលបានស្គាល់គម្ពីរវិន័យរបស់លោកម៉ូសេទេ តែពួកគេបានទទួលដំណឹងល្អ និងថ្វាយខ្លួនចំពោះព្រះគ្រីស្ទដោយចិត្ដស្មោះ។ ពេលលោកប៉ុលចាកចេញពីពួកគេ មានជនជាតិយូដាខ្លះបានមកញុះញង់បញ្ចុះបញ្ចូលពួកគេឲ្យគោរពតាមប្រពៃណីសាសនាយូដា គឺឲ្យប្រព្រឹត្តតាមគម្ពីរវិន័យលោកម៉ូសេ មានធ្វើពិធីកាត់ស្បែកជាដើម។ លោកប៉ុលបានទទួលដំណឹងនេះនៅពេលលោកស្នាក់នៅក្រុងអេភេសូរ ក្នុងគ.ស. ៥៦-៥៧។ លោកក៏សរសេរសំបុត្រមួយច្បាប់ ទៅប្រៀនប្រដៅអស់អ្នកដែលវង្វេងតាមជនជាតិយូដានោះឲ្យវិលត្រឡប់មករកជំនឿត្រឹមត្រូវវិញ។
គោលសំខាន់ៗ
ក្នុងសំបុត្រនេះ លោកប៉ុលសរសេរដោយប្រើពាក្យធ្ងន់ៗបន្តិច ដើម្បីរំឭកគ្រីស្ទបរិស័ទអំពីគោលសំខាន់នៃដំណឹងល្អរបស់ព្រះគ្រីស្ទ។ តាមដំណឹងល្អនេះ ព្រះសង្គ្រោះអ្នកជឿ មកពីគេពឹងផ្អែកលើព្រះគ្រីស្ទ គឺពុំមែនពឹងផ្អែកលើពិធីផ្សេងៗរបស់សាសនាអ៊ីស្រាអែល ឬលើបុណ្យកុសលនោះឡើយ។ គម្ពីរវិន័យរបស់លោកម៉ូសេមានប្រយោជន៍ គ្រាន់តែសម្រាប់អប់រំជនជាតិអ៊ីស្រាអែល ឲ្យប្រព្រឹត្តអំពើល្អប៉ុណ្ណោះ តែពុំអាចសង្គ្រោះមនុស្សបានទេ គឺមនុស្សយើងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះយេស៊ូវគ្រីស្ទដែលបានស្រឡាញ់យើង និងបានបូជាព្រះជន្មសម្រាប់យើង (២.២០)។ ដំណឹងល្អរបស់ព្រះគ្រីស្ទផ្ដល់សេរីភាពដ៏ពេញលេញដល់គ្រីស្ទបរិស័ទ តែគ្រីស្ទបរិស័ទត្រូវតែរស់ឲ្យស្របតាមការណែនាំរបស់ព្រះវិញ្ញាណ មិនត្រូវរស់តាមគំនិតលោកីយ៍ឡើយ។
គម្រោងគម្ពីរកាឡាទី៖
• សេចក្ដីផ្ដើម ១.១-១០
• សិទ្ធិរបស់លោកប៉ុលជាសាវក ១.១១-២.២១
• ដំណឹងល្អស្ដីអំពីព្រះគុណរបស់ព្រះ ៣.១-៤.៣១
• សេរីភាព និងភារកិច្ចរបស់គ្រីស្ទបរិស័ទ ៥.១-៦.១០
• អវសានកថា ៦.១១-១៨
ទើបបានជ្រើសរើសហើយ៖
កាឡាទី ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies