កាឡាទី 1

1
សេចក្ដី​ផ្ដើម
1ប៉ុល ជា​សាវក មិន​មែន​តែង​តាំង​ដោយ​មនុស្ស ឬ​ដោយ​អ្នក​ណា​ម្នាក់​ឡើយ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ 2ខ្ញុំ ព្រម​ទាំង​បង‌ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​ខ្ញុំ
សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​កាឡាទី។
3សូម​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ដល់​អ្នក​រាល់​គ្នា។ 4ព្រះ‌អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ដោយ​ព្រោះ​តែ​បាប​របស់​យើង ដើម្បី​រំដោះ​យើងឲ្យ​រួច​ពី​លោកីយ៍​ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង។ 5សូម​លើក​តម្កើង​សិរី‌ល្អរបស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ។ អាម៉ែន។
គ្មាន​ដំណឹង​ល្អ​ណា​ផ្សេង​ទៀត​ទេ
6ខ្ញុំ​ឆ្ងល់​ណាស់ ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​បានត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌គ្រីស្ទ​ឆាប់​យ៉ាង​នេះ ហើយ​ទៅ​តាម​ដំណឹង​ល្អ​មួយ​ផ្សេង 7នេះ​មិន​មែន​មាន​ន័យ​ថា មាន​ដំណឹង​ល្អ​ណា​មួយ​ផ្សេង​ទៀតនោះ​ទេ តែ​មានអ្នក​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ។ 8ប៉ុន្តែ ប្រសិន‌បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថាន‌សួគ៌ ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ​ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ។ 9ដូច​យើង​បាន​និយាយ​ពី​មុន​មក​ហើយ ឥឡូវ​នេះ ខ្ញុំ​និយាយ​ម្តង​ទៀត​ថា ប្រសិន‌បើ​អ្នក​ណា​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល សូមឲ្យអ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ។
10ដ្បិត​ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ? ឬ​មួយ​ខ្ញុំ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស? ប្រសិន‌បើ​ខ្ញុំ​នៅ​តែ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ទេ។
ព្រះ‌យេស៊ូវ​ត្រាស់​ហៅ​លោក​ប៉ុល​ឲ្យ​ធ្វើ​ជា​សាវក
11បង‌ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស​ប្រាប់ មិន​មែន​ជា​ដំណឹង​ល្អ​របស់​មនុស្ស​ទេ 12ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​ពី​មនុស្ស ក៏​មិន​បាន​រៀន​ពី​អ្នក​ណា​នោះ​ឡើយ គឺ​ខ្ញុំ​បាន​ទទួល ដោយ​សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់។ 13ដ្បិត​អ្នក​រាល់​គ្នា​បាន​ឮ​ពី​កិរិយា​របស់​ខ្ញុំ នៅ​ក្នុង​សាសនា​យូដា​កាល​ពី​ដើម​ហើយ​ថា ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះយ៉ាង​កាច​សាហាវ ហើយ​បាន​ព្យាយាម​បំផ្លាញ​ក្រុម​ជំនុំ​នេះ​ទៀត​ផង។ 14ខ្ញុំ​បាន​កាន់​តាម​សាសនា​យូដា​យ៉ាង​ល្អ លើស​ជាង​ជន​រួម​ជាតិ​របស់​ខ្ញុំ ដែល​ស្រករ​ៗ​នឹង​ខ្ញុំ​ទៅ​ទៀត ព្រោះ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ប្រ‌ពៃ‌ណី​បុព្វ‌បុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។ 15ប៉ុន្តែ ព្រះ​បាន​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ 16ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​បើក​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​អំ​ពី​ព្រះ‌អង្គ​ក្នុង​ចំណោម​សាសន៍​ដទៃ ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ 17ក៏​មិន​បាន​ឡើង​ទៅ​ជួប​អស់​លោក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់​ភ្លាម រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។
18លុះ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ​លោក​អស់​រយៈ​ពេល​ដប់‌ប្រាំ​ថ្ងៃ។ 19ប៉ុន្តែ មិន​បាន​ឃើញ​សាវក​ផ្សេង​ទៀត​ទេ ឃើញ​តែ​លោក​យ៉ាកុប ជា​ប្អូន​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ 20សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​នេះ នៅ​ចំពោះ​ព្រះ​ហើយ ខ្ញុំ​មិន​កុហក​ទេ។ 21បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ទៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា 22ហើយ​ក្រុម​ជំនុំ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ស្រុក​យូដា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ 23គេ​គ្រាន់​តែ​ឮ​ពាក្យ​ថា «អ្នក​ដែល​ធ្លាប់​បៀត​បៀន​យើង​ពី​ដើម ឥឡូវ​នេះ កំពុង​ប្រកាស​ដំណឹង​ល្អ​អំពី​ជំនឿ ដែល​គាត់​បាន​ព្យាយាម​បំផ្លាញ​ពីមុន​នោះ​ទៅ​វិញ»។ 24គេ​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ​ព្រោះ​តែ​ខ្ញុំ។

ទើបបានជ្រើសរើសហើយ៖

កាឡាទី 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល