២ របា‌ក្សត្រ 1

1
ព្រះបាទ​សាឡូម៉ូន​ទូល​សូម​ប្រាជ្ញា
1ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ មាន​អំណាច​ក្នុង​រាជ្យ​របស់​ខ្លួន​កាន់​តែ​មាំ‌មួន​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់ស្ដេច​គង់​នៅ​ជា‌មួយ ព្រម​ទាំង​លើក​តម្កើង​ស្ដេច​ឡើង​យ៉ាង​ក្រៃ‌លែង។
2ព្រះបាទ​សាឡូម៉ូន​បាន​កោះហៅ​ពួក​អ៊ីស្រា‌អែល ពួក​មេ‌ទ័ព​ធំ​តូច ពួក​ចៅ‌ក្រម និង​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក​គេ។ 3រួច​ទ្រង់ និង​ក្រុម​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។ 4(ប៉ុន្តែ ព្រះ​បាទ​ដាវីឌ​បាន​យក​ហិប​នៃ​ព្រះ​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​មួយ សម្រាប់​ឲ្យ​ហិប​នោះ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ)។ 5រីឯ​អាស‌នា​លង្ហិន ដែល​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ​បាន​ធ្វើ ក៏​នៅ​មុខ​រោង​ឧបោ‌សថ​របស់​ព្រះ‌យេហូវ៉ា ត្រង់​គីបៀន ហើយ​ព្រះបាទ​សាឡូម៉ូន និង​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​បាន​សង្វាត​រក​អាស‌នា​នោះ។ 6ទ្រង់​ឡើង​ទៅ​ថ្វាយ​តង្វាយ​ដុត​អស់​មួយ​ពាន់ នៅ​លើ​អាស‌នា​លង្ហិន ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ត្រសាល​ជំនុំ​នោះ។
7ក្នុង​ពេល​យប់​នោះ ព្រះ​បាន​លេច​មក​ឲ្យ​ព្រះបាទ​សាឡូម៉ូន​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​សូម​ចុះ តើ​ចង់​ឲ្យ​យើង​ឲ្យ​អ្វី​ដល់​អ្នក?» 8ព្រះបាទ​សាឡូម៉ូន​ទូល​ឆ្លើយ​ថា៖ «ទ្រង់​បាន​សម្ដែង​សេចក្ដី​សប្បុរស​ជា​ច្រើន​ដល់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូល‌បង្គំ ក៏​បាន​តាំង​ទូល‌បង្គំ​ឡើង​ជា​ស្តេច​ជំនួស​បិតា​ហើយ។ 9ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ បាន​តាំង​ខ្ជាប់‌ខ្ជួន ដ្បិត​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ជា​ស្តេច​លើ​សាសន៍​មួយ​មាន​គ្នា​ច្រើន​ដូច​ជា​ធូលី​នៅ​ផែនដី ។ 10ដូច្នេះ សូម​ប្រោស‌ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្ដា‌ជន​នេះ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​យ៉ាង​នេះ​បាន?»។ 11ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ដោយ​ព្រោះ​អ្នក​បាន​ប្រាថ្នា​ដូច្នេះ នៅ​ក្នុង​ចិត្ត ហើយ​មិន​បាន​សូម​ឲ្យ​បាន​ទ្រព្យ‌សម្បត្តិ ឬ​ធន‌ធាន ឬ​កិត្តិ‌យស ឬ​ការ​ប្រហារ​ជីវិត​នៃ​ពួក​អ្នក​ដែល​ស្អប់​អ្នក ក៏​មិន​បាន​សូម​អាយុ​ឲ្យ​យឺន‌យូរ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ។ 12ដូច្នេះ យើង​នឹង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​យោបល់ ថែម​ទាំង​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ ធន‌ធាន និង​កិត្តិ‌យស​ទៀត ទោះ​បី​ពីមុន ហើយ​ទៅ​មុខ​ទៀត គឺ​គ្មាន​ស្តេច​ណា​បាន​ដូច​នេះ​ឡើយ ក៏​មិន​មាន​ដែរ»។ 13ដូច្នេះ ព្រះបាទ​សាឡូម៉ូន​ក៏​យាង​ចេញ​ពី ទី​ខ្ពស់ នៅ​ត្រង់​គីបៀន គឺ​ពី​មុខ​ត្រសាល​ជំនុំ មក​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ព្រះ‌អង្គ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល។
អំណាច និង​រាជ​ទ្រព្យ​របស់​ព្រះបាទ​សាឡូម៉ូន
14ព្រះបាទ​សាឡូម៉ូន​ប្រមូល​បាន​រទេះ​ចម្បាំង និង​ពល​សេះ មាន​រទេះ​មួយ​ពាន់​បួន​រយ និង​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់ ក៏​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ដែល​សម្រាប់​រទេះ​ចម្បាំង ហើយ​នៅ​ជា‌មួយ​ស្តេច​ក្នុង​ក្រុង​យេរូ‌សាឡិម។ 15ស្ដេច​ធ្វើ​ឲ្យ​ក្រុង​នោះ​មាន​ប្រាក់ និង​មាស​សម្បូរ​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប​ដែរ។ 16ឯ​សេះ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​សាឡូម៉ូន នោះ​សុទ្ធ​តែ​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច គេ​ទៅ​ទិញ ដឹក‌នាំ​មក​ទាំង​ហ្វូងៗ តាម​តម្លៃ។ 17គេ​បាន​នាំ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​មក មួយ​តម្លៃ​ជា​ប្រាក់​ប្រាំមួយ​រយ​សេកែល ហើយ​សេះ​មួយ​តម្លៃ​ជា​ប្រាក់​មួយ​រយ​ហាសិប គេ​ក៏​ដឹក​រទេះ​មក​យ៉ាង​នោះ ឲ្យ​ដល់​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត និង​ស្តេច​ស្រុក​ស៊ីរី​ដែរ។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល