២ របា‌ក្សត្រ 2

2
ការរៀប​ចំសាង​សង់​ព្រះ‌វិហារ
1 ព្រះបាទ​សាឡូម៉ូន​បាន​បង្គាប់​ឲ្យសង់​ព្រះ‌វិហារសម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា និង​ព្រះ‌ដំណាក់​សម្រាប់​អង្គ​ទ្រង់​ផ្ទាល់។ 2 ព្រះបាទ​សាឡូម៉ូន​បាន​តម្រូវ​ឲ្យ​មាន​មនុស្ស​ប្រាំពីរ​ម៉ឺន​នាក់ សម្រាប់​លី​សែង និង​ប្រាំបី​ម៉ឺន​នាក់ សម្រាប់​កាប់​ឈើ​នៅ​ឯ​ភ្នំ ហើយ​បី​ពាន់​ប្រាំមួយ​រយ​នាក់​សម្រាប់​ជា​អ្នក​ត្រួត​លើ​គេ។
សម្ព័ន្ធភាព​ជាមួយព្រះ​បាទហ៊ីរ៉ាម ជា​ស្ដេច​ក្រុងទីរ៉ុស
3ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​សារ​ទៅ​ស្តេច​ហ៊ីរ៉ាម នៅ​ក្រុង​ទីរ៉ុស​ថា៖ «ពី​ដើម ទ្រង់​បាន​ផ្ញើ​ឈើ​តា‌ត្រៅ​មក​ថ្វាយ​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ សម្រាប់​ធ្វើ​ជា​ដំណាក់​ឲ្យ​ទ្រង់​គង់ ឥឡូវ​នេះ ក៏​សូម​ទ្រង់​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ​ដូច្នោះ​ដែរ។ 4មើល៍ ទូល‌បង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ ដើម្បី​ថ្វាយ​ដល់​ព្រះ‌អង្គ​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ព្រះ‌អង្គ និង​ជា​ទី​តម្កល់​នំបុ័ង​តាំង​ទុក​ជា‌និច្ច ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ។ 5ឯ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​គិត​ស្អាង នោះ​ធំ​ណាស់ ដ្បិត​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​ព្រះ‌អង្គ​ធំ​ប្រសើរ លើស​ជាង​អស់​ទាំង​ព្រះ។ 6ប៉ុន្តែ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ​បាន? ដ្បិត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ព្រះ‌អង្គ​គង់​ចុះ​ទៅ​ហើយ ដូច្នេះ តើ​ទូល‌បង្គំ​ជា​អ្វី ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ​បាន គ្រាន់​តែ​ល្មម​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ 7ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​មក ជា​អ្នក​ដែល​មាន​ថ្វី​ដៃ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ខៀវ ហើយ​ដែល​ចេះ​ឆ្លាក់​ចម្លាក់​គ្រប់​ជំពូក​ផង ឲ្យ​បាន​នៅ​ជា‌មួយ​ពួក​ជាង​ប៉ិន​ប្រសប់ ដែល​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ទូល‌បង្គំ ជា​ពួក​អ្នក​ដែល​ព្រះបាទ​ដាវីឌ បិតា​ទូល‌បង្គំ​បាន​ផ្គត់‌ផ្គង់។ 8សូម​បញ្ជូន​ឈើ​តា‌ត្រៅ ឈើ​កកោះ និង​ឈើ​ចន្ទន៍ ពី​ភ្នំ​ល្បាណូន​មក​ឲ្យ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ចេះ​កាប់​ឈើ នៅ​ព្រៃ​ល្បាណូន​ស្រាប់។ ពួក​ខាង​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា‌មួយ​គេ 9ដើម្បី​នឹង​ត្រៀម​ឈើ​ទុក​ឲ្យ​ទូល‌បង្គំ​ជា​បរិបូរ ដ្បិត​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បម្រុង​នឹង​ស្អាង​នេះ ត្រូវ​តែ​បាន​ធំ​អស្ចារ្យ។ 10ទូល‌បង្គំ​នឹង​ឲ្យ​ស្រូវ​ភោជ្ជ‌សាលី​បញ្ជាន់​ស្រាប់​ពីរ​ម៉ឺន​រង្វាល់ ស្រូវ​ឱក​ពីរ​ម៉ឺន​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​ម៉ឺន​រង្វាល់ និង​ប្រេង​ពីរ​ម៉ឺន​បាថ ដល់​ពួក​ជាង​របស់​ទ្រង់ ដែល​កាប់​ឈើ​នោះ»។
11ដូច្នេះ ស្តេច​ហ៊ីរ៉ាម​នៃ​ក្រុង​ទីរ៉ុស ទ្រង់​ក៏​ធ្វើ​សារ​ផ្ញើ​មក​ឆ្លើយ​តប​នឹង​ព្រះបាទ​សាឡូម៉ូន​ថា៖ «ព្រះ‌យេហូវ៉ា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ជា​តាំង​ព្រះ‌ករុណា​ឡើង ជា​ស្តេច​លើ​គេ»។ 12ក្នុង​សារ​នោះ ព្រះបាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​បាន​ព្រះ‌ពរ គឺ​ជា​ព្រះ​ដែល​បាន​ប្រទាន ឲ្យ​ព្រះបាទ​ដាវីឌ​មាន​បុត្រា​ប្រកប​ដោយ​ប្រាជ្ញា តម្រិះ និង​យោបល់ អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​សម្រាប់​នគរ​ទ្រង់
13ឥឡូវ​នេះ ទូល‌បង្គំ​បាន​ចាត់​ជាង​ដ៏​ជំនាញ​ម្នាក់ ឈ្មោះ​ហ៊ីរ៉ាម ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃឲ្យ​មក 14គាត់​ជា​កូន​របស់​ស្រី​ស្រុក​ដាន់​ម្នាក់ ដែល​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស អ្នក​នេះ​ជា​អ្នក​ជំនាញ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និង​សំពត់​ពណ៌​ស្វាយ ពណ៌​ខៀវ សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ដ និង​សំពត់​ពណ៌​ក្រហម ក៏​ចេះ​ឆ្លាក់​ចម្លាក់​គ្រប់​ជំពូក ហើយ​ចេះ​បង្កើត​របស់​គ្រប់​យ៉ាង​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ការ​ជា‌មួយ​ពួក​ជាង​យ៉ាង​ជំនាញ​របស់​ទ្រង់ និង​ពួក​ជាង​យ៉ាង​ជំនាញ​របស់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទ្រង់ ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ផង។ 15រីឯ​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​ព្រះ‌ករុណា​ជា​ម្ចាស់ បាន​មាន​ព្រះ‌បន្ទូល​នោះ សូម​បញ្ជូន​មក​ឲ្យ​ពួក​ខាង​ទូល‌បង្គំ​ចុះ។ 16ពួក​ទូល‌បង្គំ​នឹង​កាប់​ឈើ​នៅ​ព្រៃ​ល្បាណូន តាម​ដែល​ទ្រង់​ត្រូវ​ការ បញ្ជូន​មក ដោយ​ក្បូន​តាម​សមុទ្រ ដល់​ក្រុង​យ៉ុប‌ប៉េ ថ្វាយ​ដល់​ទ្រង់ ឲ្យ​ទ្រង់​នាំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ចុះ»។
17ដូច្នេះ ព្រះបាទ​សាឡូម៉ូន​ទ្រង់​រាប់​ពួក​សាសន៍​ដទៃ ដែល​ស្នាក់​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់ តាម​បញ្ជី​ដែល​ដាវីឌ​ជា​បិតា បាន​រាប់​កំណត់​ទុក ឃើញ​មាន​ចំនួន​មួយ​សែន​ប្រាំ​ម៉ឺន​បី​ពាន់​ប្រាំមួយ​រយ​នាក់។ 18ទ្រង់​ក៏​ដាក់​ឲ្យ​ប្រាំពីរ​ម៉ឺន​នាក់​ធ្វើ​ការ​លី​សែង ប្រាំបី​ម៉ឺន​នាក់​ឲ្យ​កាប់​ឈើ​នៅ​ភ្នំ ហើយ​បី​ពាន់​ប្រាំមួយ​រយ​នាក់ ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​ការ។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល