១ សាំ‌យូ‌អែល 18

18
យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មិត្ត​ជា‌មួយ​ដាវីឌ
1ពេល​ដាវីឌ​បាន​ទូល​ស្ដេច​សូល​រួច​ហើយ នោះ​ចិត្ត​យ៉ូណា‌ថាន​ក៏​មូល​ជាប់​នឹង​ចិត្ត​របស់​ដាវីឌ ហើយ​យ៉ូណា‌ថាន​បាន​ស្រឡាញ់​ដាវីឌ​ទុក​ដូច​ជា​ខ្លួន​លោក​ដែរ។ 2នៅ​ថ្ងៃ​នោះ ស្ដេច​សូល​ក៏​ទទួល​ដាវីឌ មិន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​របស់​ឪពុក​វិញ​ទៀត​ទេ។ 3ខណៈ​នោះ យ៉ូណា‌ថាន​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ព្រោះ​លោក​ស្រឡាញ់​ដាវីឌ​ដូច​ជា​ខ្លួន​របស់​លោក។ 4លោក​ក៏​ដោះ​អាវ​ដែល​លោក​ពាក់ ប្រគល់​ឲ្យ​ដល់​ដាវីឌ ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​លោក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​ផង។ 5គ្រា​នោះ ដាវីឌ​ចេញ​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​ស្ដេច​សូល​ប្រើ ហើយ​តែង​តែ​ទទួល​បាន​ជោគ‌ជ័យ រួច​ស្ដេច​សូល​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​ប្រជាជន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សូល​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។
6កាល​គេ​ត្រឡប់​មកវិញ គឺ​ពេល​ដែល​ដាវីឌ​មក​ពី​សម្លាប់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ​វិញ​ហើយ ស្រ្តី​ៗក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង លោត​កញ្ឆេង ហើយ​បន្ទរ​ក្រាប់ និង​ដោយ​ឧបករណ៍​តន្ត្រី​ផ្សេងៗ។ 7កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា៖
«សូល​បាន​សម្លាប់​ទាំង​ពាន់
ដាវីឌ​ទាំង​ម៉ឺន»។
8ដូច្នេះ ស្ដេច​សូល​មាន​សេចក្ដី​ខ្ញាល់​ជា​ខ្លាំង ដោយ​ពាក្យ​នោះ​នាំ​ឲ្យ​បង្អាក់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «គេ​បាន​រាប់​ជា‌មួយ​ម៉ឺន​ដល់​ដាវីឌ តែ​យើង​បាន​ត្រឹម​តែ​ពាន់​ទេ ដូច្នេះ វា​នៅ​ខ្វះ​តែ​សោយ‌រាជ្យ​ប៉ុណ្ណោះ»។ 9ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ស្ដេច​សូល​ចេះ​តែ​រំពៃ​មើល​ដាវីឌ ដោយ​ព្រះ‌នេត្រ​ដ៏​អាក្រក់។
ស្ដេច​សូល​ព្យាយាម​សម្លាប់​ដាវីឌ
10ដល់​ថ្ងៃ​បន្ទាប់ មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​ស្ដេច​សូល បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្ដី​ក្រោធ​នៅ​កណ្ដាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត​ផង ឯ​ដាវីឌ​ក៏​លេង​ភ្លេង​ដូច​សព្វ​ដង 11ខណៈ​នោះ ស្ដេច​សូល​ក៏​ពួយ​ដែក​ពួយ​ទៅ ដោយ​នឹក​ថា «យើង​នឹង​ចាក់​ទម្លុះ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង» តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ​អស់​វារៈ​ពីរ​ដង។
12ដូច្នេះ ស្ដេច​សូល​ក៏​ខ្លាច​ដល់​ដាវីឌ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​លោក តែ​បាន​ថយ​ចេញ​ពី​ទ្រង់​វិញ 13ហេតុ​ដូច្នោះ ស្ដេច​សូល​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​តម្រូវ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​មួយ​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្ដា​ទ័ព​ចេញ​ចូល។ 14លោក​ចេះ​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ផង។ 15ពេល​ស្ដេច​សូល​ឃើញ​ថា ដាវីឌ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ដូច្នោះ ទ្រង់​កោត​ខ្លាច​ដល់​លោក 16តែ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ដិត​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ព្រោះ​លោក​ជា​អ្នក​នាំ​មុខ​គេ​ចេញ​ចូល។
ដាវីឌ​រៀប​អាពាហ៍‌ពិពាហ៍​ជា‌មួយមីកាល
17នៅ​គ្រា​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «យើង​នឹង​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​ច្បង​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​ធ្វើ​ជា​អ្នក​ក្លាហាន​សម្រាប់​យើង ហើយ​ច្បាំង​ចម្បាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ» ស្ដេច​សូល​នឹក​ថា «កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​ធ្វើ​វិញ​ចុះ»។ 18ដាវីឌ​ទូល​ឆ្លើយ​ទៅ​សូល​ថា៖ «តើ​ទូល‌បង្គំ​ជា​អ្វី ឬ​ជីវិត​ទូល‌បង្គំ​វិសេស​យ៉ាង​ណា ឬ​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ​ជា​អ្វី​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល បាន​ជា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ជា​កូន​ប្រសា​របស់​ព្រះ‌ករុណា​ដូច្នេះ?» 19តែ​ដល់​វេលា​ដែល​ត្រូវ​ឲ្យ​នាង​ម៉្រាប បុត្រី​ស្ដេច​សូល​ទៅ​ដាវីឌ នោះ​ត្រឡប់​ទៅ​ជា​លើក​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ័ទ្រី‌អែល ជា​ពួក​មហូ‌ឡា​វិញ។
20ឯ​មីកាល​ជា​បុត្រី​ស្ដេច​សូល នាង​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដាវីឌ​ណាស់ ហើយ​មាន​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​ស្ដេច​សូល ការ​នោះ​ក៏​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់ 21ស្ដេច​សូល​នឹក​ថា៖ «អញនឹង​ឲ្យ​នាង​ទៅ​វា​ចុះ ដើម្បី​ជា​អន្ទាក់​ដល់​វា ហើយ​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​បាន​ទាស់​នឹង​វា»។ ដូច្នេះ ស្ដេច​សូល​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «នៅ​ថ្ងៃ​នេះ ឯង​នឹង​ធ្វើ​ជា​កូន​ប្រសា​យើង ដោយ‌សារ​នាង​បន្ទាប់ នេះ​វិញ»។ 22ស្ដេច​សូល​ក៏​បង្គាប់​ដល់​ពួក​មហា‌តលិក​ថា៖ «ចូរ​និយាយ​ប្រលោម​ដាវីឌ​ដោយ​សម្ងាត់​ថា "មើល៍ ស្តេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​លោក​ណាស់ ហើយ​ពួក​មហា‌តលិក​ទាំង​អស់​គ្នា​ក៏​ស្រឡាញ់​ដល់​លោក​ដែរ ដូច្នេះ សូម​លោក​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​ទៅ"»។ 23ពួក​មហា‌តលិក​ក៏​ថ្លែង​សេចក្ដី​ទាំង​នោះ​ប្រាប់​ត្រចៀក​ដាវីឌ តែ​លោក​ឆ្លើយ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ដែល​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច នោះ​ជា​ការ​ងាយ​ឬ ដែល​ខ្ញុំ​ជា​មនុស្ស​ក្រីក្រ ហើយ​ស្តេច​មិន​សូវ​រាប់​អាន​ផង​នោះ?» 24ពួក​មហា‌តលិក​ក៏​នាំ​ពាក្យ​នោះ​ទៅ​ក្រាប​ទូល​ដល់​ទ្រង់​ថា៖ «ដាវីឌ​បាន​និយាយ​ដូច្នេះ»។ 25ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​អស់​លោក​ទៅ​ប្រាប់​ដាវីឌ​ដូច្នេះ​ថា "ស្តេច​មិន​ចង់​បាន​បណ្ណា‌ការ​អ្វី​ទេ ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​បាន​តែ​ស្បែក​នៃ​ស្រោម​ចុង​ស្វាស​របស់​ពួក​ភីលី‌ស្ទីន​មួយរយ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ទ្រង់"» តែ​គំនិត​ស្ដេច​សូល​គិត​តែ​ឲ្យ​ដាវីឌ​បាន​ស្លាប់​ដោយ​ដៃ​ពួក​ភីលី‌ស្ទីន​ទេ។ 26ដូច្នេះ ពេល​ពួក​មហា‌តលិក​បាន​នាំ​ពាក្យ​ទៅ​ប្រាប់​ដល់​ដាវីឌ​វិញ​ហើយ លោក​ក៏​សុខ​ចិត្ត​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​ដែរ ឯ​ពេល​កំណត់​ដែល​ត្រូវ​យក​មក មិន​ទាន់​សម្រេច​នៅ​ឡើយ 27បាន​ជា​ដាវីឌ​ក្រោក​ឡើង​ចេញ​ទៅ ព្រម​ទាំង​នាំ​ពួក​កង​របស់​លោក​ទៅ រួច​សម្លាប់​ពួក​ភីលី‌ស្ទីន​បាន​ពីរ​រយ​នាក់ ហើយ​លោក​នាំ​យក​ស្បែក​ស្រោម​ចុង​ស្វាស​របស់​គេ មក​ថ្វាយ​ស្តេច​គ្រប់​ចំនួន​នោះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​ប្រសា​ស្តេច នោះ​ស្ដេច​សូល​ប្រទាន​នាង​មីកាល​ជា​បុត្រី ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ។ 28ស្ដេច​សូល​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​គង់​ជា‌មួយ​ដាវីឌ ឯ​នាង​មីកាល ជា​បុត្រី​ក៏​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​លោក 29ដូច្នេះ ស្ដេច​សូល​ខ្លាច​ដាវីឌ​រឹត​តែ​ខ្លាំង​ឡើង ក៏​ធ្វើ​ជា​សត្រូវ​នឹង​លោក​ចាប់​ពី​ពេល​នោះ​ទៅ។
30បន្ទាប់​មក ពួក​មេទ័ព​សាសន៍​ភីលី‌ស្ទីន គេ​ចេះ​តែ​ទន្ទ្រាន​ចូល​មក តែ​វេលា​ណា​ដែល​គេ​ចូល​មក នោះ​ដាវីឌ​ក៏​តែង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា លើស​ជាង​អស់​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​របស់​ស្តេច ហេតុ​នោះ​បាន​ជា​ឈ្មោះ​របស់​លោក​មាន​ការ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល