១ សាំ‌យូ‌អែល 19

19
យ៉ូណាថាន​ជួយ​សូម​ទោសឲ្យ​ដាវីឌ
1ស្ដេច​សូល​បង្គាប់​ដល់​យ៉ូណា‌ថាន​ជា​បុត្រា និង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ឲ្យ​សម្លាប់​ដាវីឌ​ចោល តែ​យ៉ូណា‌ថាន​ជា​បុត្រា​របស់​ស្ដេច​សូល លោក​មាន​ចិត្ត​ស្រឡាញ់​ដាវីឌ​ណាស់ 2បាន​ជា​លោក​ប្រាប់​ដល់​ដាវីឌ​ថា៖ «បិតា​ខ្ញុំ​រក​សម្លាប់​អ្នក ដូច្នេះ ដល់​ព្រឹក​ឡើង សូម​អ្នក​ប្រយ័ត្ន​ខ្លួន ត្រូវ​ពួន​នៅ​ក្នុង​ទី​សម្ងាត់​ណា​មួយ​ទៅ 3នោះ​ខ្ញុំ​នឹង​ចេញ​ទៅ​ឈរ​ជា‌មួយ​បិតា​ខ្ញុំ​ក្នុង​វាល​ជិត​កន្លែង​ណា​ដែល​អ្នក​ពួន​នោះ រួច​ខ្ញុំ​នឹង​ស្នើសុំ​ពី​ដំណើរ​អ្នក​ចំពោះ​បិតា​ខ្ញុំ បើ​ខ្ញុំ​ឃើញ​ហេតុ​ជា​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​ប្រាប់​អ្នក»។ 4ដូច្នេះ យ៉ូណា‌ថាន​ក៏​ដំណាល​សេចក្ដី​យ៉ាង​ល្អ​ពី​ដំណើរ​ដាវីឌ ទូល​ដល់​ស្ដេច​សូល​ជា​បិតា​ថា៖ «សូម​កុំ​ឲ្យ​បិតា​ធ្វើ​បាប​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​គាត់​មិន​បាន​ធ្វើ​ខុស​នឹង​បិតា​ទេ ហើយ​ការ​ដែល​គាត់​ធ្វើ​នោះ សុទ្ធ​តែ​មាន​ប្រ‌យោជន៍​ដល់​បិតា​ទាំង​អស់។ 5គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស ដោយ​សម្លាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី?» 6ស្ដេច​សូល​ក៏​ស្តាប់​តាម​ពាក្យ​យ៉ូណា‌ថាន ហើយ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា៖ «ដាវីឌ​មិន​ត្រូវ​ស្លាប់​ទេ»។ 7ដូច្នេះ យ៉ូណា‌ថាន​ហៅ​ដាវីឌ​មក ប្រាប់​សេចក្ដី​ទាំង​នោះ​ដល់​លោក ក៏​នាំ​ដាវីឌ​ទៅ​ជួប​ស្ដេច​សូល រួច​លោក​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ពី​ដើម​វិញ។
ព្រះ‌នាង​មីកាល​ជួយ​ដាវីឌ​ឲ្យ​គេច​រួចពី​ស្ដេច​សូល
8សម័យ​នោះ កើត​មាន​ចម្បាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ប្រហារ​សម្លាប់​ជីវិត​គេ​យ៉ាង​សម្បើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។ 9រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង 10ស្រាប់​តែ​ស្ដេច​សូល​រក​ពួយ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង ដោយ​ដែក​ពួយ តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​សូល​ទាន់ ហើយ​ដែក​ពួយ​នោះ​ត្រូវ​ជញ្ជាំង​វិញ ដូច្នេះ ដាវីឌ​ក៏​រត់​រួច​នៅ​យប់​នោះ​ឯង។
11ស្ដេច​សូល​បាន​ចាត់​គេ​ឲ្យ​ទៅ​ផ្ទះ​ដាវីឌ ដើម្បី​ចាំ​យាម ហើយ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា៖ «បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ ថ្ងៃ​ស្អែក​អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ»។ 12ដូច្នេះ មីកាល​បាន​សម្រូត​ដាវីឌ​ចុះ​តាម​បង្អួច ហើយ​លោក​ក៏​រត់​ចេញ​រួច។ 13នាង​មីកាល​យក​រូប​ព្រះ មួយ​ទៅ​ផ្តេក​នៅ​លើ​គ្រែ ហើយ​យក​ខ្នើយ​រោម​ពពែ​ដាក់​កើយ​ក្បាល ព្រម​ទាំង​ដណ្តប់​ផួយ​ផង 14ពេល​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ចាប់​ដាវីឌ នោះ​នាង​ប្រាប់​ថា៖ «លោក​ឈឺ»។ 15បន្ទាប់​មក ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​សែង​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែមក ឲ្យ​យើង​សម្លាប់​វា​ចោល»។ 16ពេល​ពួក​នោះ​បាន​ទៅ​ដល់ ឃើញ​មាន​តែ​រូប​ព្រះ​ផ្តេក​នៅ​លើ​គ្រែ និង​ខ្នើយ​រោម​ពពែ ដាក់​កើយ​ក្បាល​ទេ។ 17ស្ដេច​សូល​សួរ​មីកាល​ថា៖ «ម្តេច​ក៏​ឯង​បញ្ឆោត​បិតា ហើយ​ទុក​ឲ្យ​សត្រូវ​រត់​រួច​ទៅ​ដូច្នេះ?» មីកាល​ទូល​ឆ្លើយ​ថា៖ «គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា "ចូរ​ឲ្យ​ខ្ញុំ​ទៅ ចង់​ឲ្យ​ខ្ញុំ​សម្លាប់​ឯង​ឬ?"»
ដាវីឌទៅជួប​សាំយូ‌អែល​នៅរ៉ាម៉ា
18ដាវីឌ​បាន​រត់​រួច​ទៅ​ដល់​សាំយូ‌អែល​នៅ​ឯ​រ៉ាម៉ា ហើយ​ជម្រាប​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក និង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត។ 19មាន​គេ​ទូល​ដល់​ស្ដេច​សូល​ថា៖ «ដាវីឌ​នៅឯ​ណា‌យ៉ូត នៅ​ស្រុក​រ៉ាម៉ា»។ 20ពេល​នោះ ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ចាប់ តែ​កាល​គេ​ឃើញ​ពួក​ហោរា​កំពុង​តែ​ទាយ និង​សាំយូ‌អែល​ឈរ​ធ្វើ​ជា​មេ​លើ​គេ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​ពួក​អ្នក​ដែល​សូល​ចាត់​ឲ្យ​ទៅ​នោះ ហើយ​គេ​ក៏​ថ្លែងទំនាយ​ដែរ។ 21កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ស្ដេច​សូល ទ្រង់​ចាត់​មួយ​ពួក​ទៀត​ឲ្យ​ទៅ តែ​អ្នក​ទាំង​នោះ​ក៏​ថ្លែងទំនាយ​ដែរ ស្ដេច​សូល​ចាត់​មនុស្ស​ឲ្យ​ទៅ​ជា​គម្រប់​បី​ដង តែ​គេ​ថ្លែងទំនាយ​ដូច​គ្នា​ទាំង​អស់។ 22ពេល​នោះ ទ្រង់​ក៏​យាង​ទៅ​ឯ​រ៉ាម៉ា ដោយ​អង្គ​ទ្រង់​ផ្ទាល់ កាល​បាន​ទៅ​ដល់​អណ្តូង​មួយ​នៅ​ត្រង់​សេគូវ ទ្រង់​សួរ​គេ​ថា៖ «តើ​សាំយូ‌អែល និង​ដាវីឌ​នៅ​ឯ​ណា?» គេ​ឆ្លើយ​ថា៖ «លោក​នៅ​ឯ​ណា‌យ៉ូត ក្នុង​ស្រុក​រ៉ាម៉ា» 23ទ្រង់​ក៏​យាង​ទៅ​ឯ​ណា‌យ៉ូត ស្រុក​រ៉ាម៉ា​នោះ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​យាង​ទៅ​ទាំង​ថ្លែងទំនាយ​បណ្តើរ រហូត​ដល់​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា។ 24ទ្រង់​ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ក៏​ថ្លែងទំនាយ​នៅ​មុខ​សាំយូ‌អែល រួច​ដេក​អាក្រាត​នៅ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់ ហេតុ​នោះ​បាន​ជា​គេ​សួរ​ថា៖ «តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ?»។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល