១ សាំ‌យូ‌អែល 17

17
ដាវីឌ និង​កូលី‌យ៉ាត
1ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ទ័ព​មក​ដើម្បី​ច្បាំង គេ​ប្រមូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​ត្រង់​អេភេស-ដាំមីម ចន្លោះ​រវាង​សូគរ និង​អាសេកា។ 2ឯ​ស្ដេច​សូល និង​ពួក​ទ័ព​អ៊ីស្រា‌អែល គេ​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​អេឡា ក៏​តម្រៀប​ពល​ដើម្បី​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន។ 3ពួក​ភីលី‌ស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​កណ្ដាល។ 4លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលី‌ស្ទីន​មក អ្នក​នោះ​មាន​កម្ពស់​ប្រាំមួយ​ហត្ថ​មួយ​ចំអាម 5ពាក់​មួក​លង្ហិន ហើយ​ពាក់​អាវ​ក្រោះ​ធ្វើ​ពី​លង្ហិន មាន​ទម្ងន់​ប្រាំ​ពាន់​សេកែល។ 6គាត់​មាន​ស្រោម​លង្ហិន​ស្រោប​ជើង ហើយ​មាន​ដែក​ពួយ​លង្ហិន​ស្ពាយ​ជាប់​នឹង​ខ្នង។ 7ឯ​ដង​លំពែង​របស់​គាត់​មាន​រាង​ដូច​ផ្សំ​កី​តម្បាញ ហើយ​ផ្លែ​ធ្វើ​ពី​ដែក ទម្ងន់​ប្រាំមួយ​រយ​សេកែល មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ 8វា​ឈរ​ស្រែក​មក​ខាង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​តម្រៀប​ទ័ព​ច្បាំង​ដូច្នេះ? តើ​យើង​នេះ​មិន​មែន​ជា​សាសន៍​ភីលី‌ស្ទីន ហើយ​អ្នក​រាល់​គ្នា​ជា​កញ្ជះ​របស់​សូល​ទេ​ឬ? ចូរ​រើស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​យើង​មើល 9បើ​វា​អាច​ត​ដៃ​សម្លាប់​យើង​បាន យើង​នឹង​ធ្វើ​ជា​អ្នក​បម្រើ​ឯង តែ​បើ​យើង​ឈ្នះ ហើយ​សម្លាប់​វា​បាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​យើង​វិញ»។ 10ពួក​ភីលី‌ស្ទីន​និយាយ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​នឹង​បំបាក់​ទ័ព​អ៊ី‌ស្រាអែល ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​យើង​ល​មើល​ចុះ»។ 11ពេល​ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលី‌ស្ទីន​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។
12រីឯ​ដាវីឌ ជា​កូន​របស់​អ៊ីសាយ​នៃ​អំបូរ​អេ‌ប្រា‌តា នៅ​បេ‌ថ្លេ‌ហិម-យូដា។ ឯ​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំបី​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។ 13មាន​កូន​ប្រុស​ច្បង​របស់​អ៊ីសាយ​បី​នាក់​បាន​តាម​សូល​ទៅ​ច្បាំង កូន​ទាំង​បី​នាក់​ដែល​ទៅ​ច្បាំង​នោះ គឺ​កូន​បង​បង្អស់​ឈ្មោះ​អេលាប កូន​បន្ទាប់​ឈ្មោះ​អ័ប៊ី‌ណាដាប់ និង​ទី​បី​ឈ្មោះ​សាំម៉ា។ 14អ្នក​ទាំង​បី​នោះ​បាន​ទៅ​តាម​សូល ឯ​ដាវីឌ​ជា​កូន​ពៅ 15ក៏​តែង​ធ្វើ​ដំណើរ​ទៅ​មក ពី​ស្ដេច​សូល​ទៅ​បេថ្លេហិម ដើម្បី​ឃ្វាល​ចៀម​របស់​ឪពុក។ 16រីឯ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច អស់​រយៈ​សែសិប​ថ្ងៃ។
17នៅ​គ្រា​នោះ អ៊ីសាយ​ប្រាប់​ដាវីឌ​កូន​របស់​គាត់​ថា៖ «ចូរ​យក​លាជ​មួយ​ថាំង និង​នំបុ័ង​ដប់​ដុំ​នេះ​ទៅ​ឲ្យ​បងៗ​របស់​កូន នៅ​ឯ​ទី​បោះ​ទ័ព​ជា​ប្រញាប់ 18ហើយ​យក​ទឹក​ដោះ​ខះ​ដប់​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​គេ​ទៅ រួច​មើល​ថា​បងៗ​របស់​ឯង​សុខ​សប្បាយ​ឬ​យ៉ាង​ណា ហើយ​យក​របស់​អ្វី​មួយ​ពី​គេ​មក​ទុក​ជា​សម្គាល់»។
19ចំណែក​ស្ដេច​សូល និង​អ្នក​ទាំង​បី​នោះ ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​នៅ​ច្រក​ភ្នំ​អេឡា កំពុង​តែ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន 20ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​ឲ្យ​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់។ ពេល​ដាវីឌ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព នោះ​ជា​ពេល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ទី​ចម្បាំង ទាំង​ស្រែក​សម្រែក​សង្គ្រាម 21ហើយ​ពួក​អ៊ីស្រា‌អែល និង​ពួក​ភីលី‌ស្ទីន គេ​តម្រៀប​ទ័ព​ប្រទល់​គ្នា រៀប​នឹង​ត​ដៃ​ហើយ 22ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​ឲ្យ​អ្នក​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជម្រាប​សួរ​ពួក​បងៗ។ 23គ្រា​ដែល​កំពុង​តែ​និយាយ​ជា‌មួយ​បងៗ ក៏​ឃើញ​ទាហាន​របស់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ មក​ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ចេញ​ពី​ខាង​ទ័ព​ភីលី‌ស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ។
24កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ចេញ​ពី​វា​ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 25ពួក​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា៖ «តើ​អ្នក​បាន​ឃើញ​មនុស្ស​នោះ​ឡើង​មក​ឬ​ទេ? វា​ឡើង​មក​ដើម្បី​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង​នេះ​ប្រាកដ​ហើយ បើ​អ្នក​ណា​សម្លាប់​វា​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស​ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះ‌រាជ​បុត្រី​ទ្រង់​ផង ក៏​នឹង​ប្រោស​ប្រណី​ដល់​គ្រួ​ឪពុក​របស់​អ្នក​នោះ ឲ្យ​រួច​ពន្ធ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ត​ទៅ»។ 26ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ឈរ​នៅ​ជិត​ថា៖ «តើ​អ្នក​ដែល​នឹង​សម្លាប់​សាសន៍​ភីលី‌ស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំណៀល​ពី​អ៊ីស្រា‌អែល ទទួល​បាន​អ្វី​ខ្លះ? ដ្បិត​តើ​សាសន៍​ភីលី‌ស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ?» 27គេ​ក៏​ឆ្លើយ​ប្រាប់​តាម​ពាក្យ​ដដែល​នោះ​ថា៖ «អ្នក​ណា​ដែល​សម្លាប់​វា​បាន នឹង​ទទួល​បាន​ដូច្នេះ​ឯង»។
28នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ​ដាវីឌ​កំពុង​និយាយ​ជា‌មួយ​គេ ហើយ​មាន​សេចក្ដី​កំហឹង​ទាស់​នឹង​ប្អូន​ថា៖ «ឯង​ចុះ​មក​ធ្វើ​អី? តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​ឲ្យ​អ្នក​ណា​មើល? បង​ស្គាល់​សេចក្ដី​អំនួត និង​គំនិត​អាក្រក់​របស់​ឯង​ហើយ ដ្បិត​ឯង​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចម្បាំង​ទេ»។ 29តែ​ដាវីឌ​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​មួយ​ម៉ាត់​ទេ​តើ?» 30រួច​ក៏​បែរ​ចេញ​ពី​បង​ទៅ​សួរ​ម្នាក់​ទៀត តាម​ពាក្យ​ដដែល​នោះ ហើយ​គេ​ឆ្លើយ​ប្រាប់​ដូច​ជា​ពាក្យ​មុន។
31កាល​គេ​បាន​ឮ​ពាក្យ​ដែល​ដាវីឌ​និយាយ​ដូច្នោះ នោះ​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​ស្ដេច​សូល រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាវីឌ​មក 32ដាវីឌ​ទូល​ដល់​ស្ដេច​សូល​ថា៖ «សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​ចេញ​ទៅ​ត​យុទ្ធ​នឹង​សាសន៍​ភីលី‌ស្ទីន​នោះ»។ 33ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឯង​ចេញ​ទៅ​ត​យុទ្ធ​នឹង​សាសន៍​ភីលី‌ស្ទីន​នោះ​មិន​បាន​ទេ ព្រោះ​ឯង​នៅ​ក្មេង​ណាស់ ឯ​គេ​ជា​មនុស្ស​ស្ទាត់​ចម្បាំង​តាំង​តែ​ពី​ក្មេង​មក​ហើយ»។ 34នោះ​ដាវីឌ​ដំណាល​រឿង​ទូល​ស្ដេច​សូល​ថា៖ «ពី​ដើម​ដែល​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក បើ​ពេល​ណា​មាន​សិង្ហ ឬ​ខ្លា​ឃ្មុំ​មក​ចាប់​យក​កូន​ចៀម​ពី​ហ្វូង​ទៅ 35ទូល‌បង្គំ​ក៏​ដេញ​តាម​ប្រហារ​វា ដោះ​ចៀម​នោះ​ឲ្យ​រួច​ចេញ​ពី​មាត់​វា​មក បើ​កាល​ណា​វា​ស្ទុះ​មក​លើ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​បាន​ចាប់​វា​ត្រង់​ពុក​ចង្កា​វាយ​សម្លាប់​ទៅ 36ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ និង​ខ្លា​ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលី‌ស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​ដូច​ជា​សត្វ​មួយ​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ»។ 37ដាវីឌ​ក៏​ទូល​ទៀត​ថា៖ «ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ និង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​សាសន៍​ភីលី‌ស្ទីន​នោះ​ដែរ»។ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ឯង»។
38ស្តេច​បំពាក់​គ្រឿង​របស់​ព្រះ‌អង្គ​ឲ្យ​ដាវីឌ គឺ​មួក​លង្ហិន​នៅ​លើ​ក្បាល និង​អាវ​ក្រោះ​ដែរ។ 39ដាវីឌ​បាន​ក្រវាត់​ដាវ​ពី​លើ​គ្រឿង​ប្រដាប់​នោះ ហើយ​ខំ​ដើរ​សាក​មើល ដ្បិត​មិន​ដែល​បាន​សាក​ម្តង​សោះ រួច​ទូល​ទៅ​សូល​ថា៖ «ទូល‌បង្គំ​ពាក់​គ្រឿង​ទាំង​នេះ​ទៅ​មិន​បាន​ទេ ដ្បិត​ទូល‌បង្គំ​មិន​ដែល​ប្រើ​ម្តង​ឡើយ» ដូច្នេះ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចេញ 40រួច​យក​តែ​ដំបង​របស់​ខ្លួន​មក​កាន់​នៅ​ដៃ ហើយ​រើស​ក្រួស​រលីងៗ​ចំនួន​ប្រាំ​ដុំ​ពី​ក្នុង​ទឹក​ជ្រោះ​ដាក់​ចុះ​ក្នុង​ថង់​យាម​របស់​ខ្លួន ហើយ​កាន់​ខ្សែ​ដង្ហក់​នៅ​ដៃ ដើរ​តម្រង់​ចូល​ទៅ​រក​សាសន៍​ភីលី‌ស្ទីន​នោះ។
41ចំណែក​សាសន៍​ភីលី‌ស្ទីន​នោះ ក៏​ដើរ​ចូល​មក​ឯ​ដាវីឌ មាន​ទាំង​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ផង 42ពេល​សាសន៍​ភីលីស្ទីន​នោះ​ក្រឡេក​ឃើញ​ដាវីឌ ក៏​តាំង​មើល​ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ 43រួច​និយាយ​ទៅ​ដាវីឌ​ថា៖ «តើ​យើង​ជា​ឆ្កែ​ឬ បាន​ជា​ឯង​មក​ជួប​យើង​ទាំង​កាន់​ដំបង​ដូច្នេះ?»។ ហើយ​ក៏​ប្រទេច​ផ្ដាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា 44រួច​ប្រាប់​ថា៖ «ចូរ​មក​ចុះ យើង​នឹង​ឲ្យ​សាច់​ឯង​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​ផង»។ 45ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា៖ «ចំណែក​ឯង មក​ជួប​យើង​ទាំង​កាន់​ដាវ​កាន់​លំពែង និង​ដែក​ពួយ​ផង តែ​យើង​វិញ មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ 46នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ យើង​នឹង​វាយ​ឯង ហើយ​កាត់​ក្បាល​ឯង​យក​ទៅ​នៅ​ថ្ងៃ​នេះ យើង​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលី‌ស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រា‌អែល​ពិត 47ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​មិន​សង្គ្រោះ​ដោយ‌សារ​ដាវ ឬ​លំពែង​ទេ ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌អង្គ​នឹង​ប្រគល់​អ្នក​រាល់​គ្នា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង»។ 48កាល​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួប​នឹង​ដាវីឌ នោះ​ដាវីឌ​ក៏​ប្រញាប់‌ប្រញាល់​រត់​ចូល​ទៅ​ខាង​គេ ដើម្បី​ត​ទល់​គ្នា។ 49ដាវីឌ​លូក​ដៃ​ទៅ​ក្នុង​ថង់យាម ចាប់​យក​ក្រួស​មួយ​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​សាសន៍​ភីលី‌ស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ក៏​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។
50ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលី‌ស្ទីន​ឲ្យ​ស្លាប់ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ 51រួច​ក៏​រត់​ទៅ​ឈរ​នៅ​លើ​វា ចាប់​ហូត​យក​ដាវ​របស់​វា​ចេញ​ពី​ស្រោម​មក​សម្លាប់​វា​ទៅ និង​កាត់​ក្បាល​ផង កាល​ពួក​ទ័ព​ភីលី‌ស្ទីន​បាន​ឃើញ​ថា ទាហាន​តំណាង​របស់​គេ​បាន​ស្លាប់​ហើយ នោះ​គេ​ក៏​រត់​អស់​រលីង។ 52ឯ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ក៏​ក្រោក​ឡើង​ស្រែក​ហ៊ោ​ទាំង​អស់​គ្នា ដេញ​តាម​ពួក​ភីលី‌ស្ទីន​ទៅ​ក្នុង​វាល​ច្រក​ភ្នំ រហូត​ដល់​ទ្វារ​ក្រុង​អេក្រុន ហើយ​ពួក​ភីលី‌ស្ទីន​ដែល​ត្រូវ​របួស គេ​ក៏​ដួល​តាម​ផ្លូវ​ដែល​ទៅ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រុន 53នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលី‌ស្ទីន​មក​វិញ ចូល​ចាប់​យក​ទី​បោះ​ទ័ព​របស់​គេ 54ចំណែក​ដាវីឌ​ក៏​យក​ក្បាល​សាសន៍​ភីលី‌ស្ទីន​នោះ​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ឯ​គ្រឿង​ប្រដាប់​របស់​វា​ទាំង​ប៉ុន្មាន​យក​ទៅ​ទុក​នៅ​ក្នុង​ជំរំ​របស់​ខ្លួន។
55ពេល​ស្ដេច​សូល​ឃើញ​ដាវីឌ​ចេញ​ទៅ​ទាស់​នឹង​សាសន៍​ភីលី‌ស្ទីន នោះ​ក៏​សួរ​អ័ប៊ី‌នើរ​ជា​មេ‌ទ័ព​ទ្រង់​ថា៖ «អ័ប៊ី‌នើរ​អើយ តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា?» អ័ប៊ី‌នើរ​ទូល​ឆ្លើយ​ថា៖ «ឱ​ព្រះ‌ករុណា​អើយ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ទូល‌បង្គំ​មិន​ដឹង​សោះ​ឡើយ»។ 56ស្តេច​ក៏​បង្គាប់​ថា៖ «ចូរ​ស៊ើប​សួរ​មើល តើ​ក្មេង​ជំទង់​នេះ​ជា​កូន​របស់​អ្នក​ណា?» 57ដូច្នេះ កាល​ដាវីឌ​បាន​ត្រឡប់​មក​ពី​សម្លាប់​សាសន៍​ភីលី‌ស្ទីន​វិញ នោះ​អ័ប៊ី‌នើរ​ក៏​នាំ​ចូល​ទៅ​ចំពោះ​សូល មាន​ទាំង​ក្បាល​សាសន៍​ភីលី‌ស្ទីន​នោះ​កាន់​នៅ​ដៃ​ផង។ 58ស្ដេច​សូល​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អ្នក​កំលោះ​អើយ តើ​ឯង​ជា​កូន​អ្នក​ណា?» ដាវីឌ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ជា​កូន​របស់​លោក​អ៊ីសាយ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ដែល​នៅ​ភូមិ​បេ‌ថ្លេ‌ហិម»។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 17: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ