១ សាំ‌យូ‌អែល 16

16
លោកដាវីឌត្រូវ​តែង​តាំងឡើង​ធ្វើ​ជា​ស្តេច
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។ 2លោកសាំយូ‌អែល​និយាយ​ថា៖ «តើ​ឲ្យ​ទូល‌បង្គំ​ទៅ​យ៉ាង​ម៉េច​បាន? ប្រសិន‌បើ​ស្ដេច​សូល​បាន​ឮ ទ្រង់​នឹង​សម្លាប់​ទូល‌បង្គំ​ហើយ» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​គោ​ក្រមុំ​មួយ​ទៅ​ជា‌មួយ ហើយ​និយាយ​ថា "ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា"។ 3ចូរ​ហៅ​អ៊ីសាយ​មក​ក្នុង​ការ​ថ្វាយ​យញ្ញ‌បូជា​ដែរ នោះ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា អ្នក​ត្រូវ​ចាក់​ប្រេង​លើ​អ្នក​ណា​ដែល​យើង​នឹង​ប្រាប់ ដើម្បី​ញែក​សម្រាប់​យើង»។ 4លោកសាំយូ‌អែល​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​ក៏​បាន​ទៅ​ដល់​បេ‌ថ្លេ‌ហិម។ ពួក​ចាស់​ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា៖ «តើ​លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ?» 5លោក​ឆ្លើយ​ថា៖ «ដោយ​មេត្រី​ទេ ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​សម្អាត​កាយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ រួច​មក​បរិ‌ភោគ​យញ្ញ‌បូជា​ជា‌មួយ​គ្នា» លោក​ក៏​ញែក​អ៊ីសាយ និង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិ‌ភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។
6ពេល​គេ​ចូល​មក​ដល់ នោះ​លោក​ក៏​ក្រឡេក​មើល​ទៅ​អេលាប ដោយ​គិត​ថា៖ «នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ចាក់​ប្រេង​តាំង ឲ្យ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ»។ 7ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។ 8រួច​អ៊ីសាយ​ហៅ​អ័ប៊ី‌ណាដាប់​មក ឲ្យ​ដើរ​នៅ​មុខ​លោកសាំយូ‌អែល តែ​លោក​មាន​ប្រ‌សាសន៍​ថា៖ «ព្រះ‌យេហូវ៉ា​មិន​រើស​យក​អ្នក​នេះ​ទេ»។ 9នោះ​អ៊ីសាយ​ឲ្យ​សាំម៉ា​ដើរ​កាត់​មុខ​លោក​ទៀត តែ​លោក​ថា៖ «ព្រះ‌យេហូវ៉ា​ក៏​មិន​រើស​យក​អ្នក​នេះ​ដែរ»។ 10អ៊ីសាយ​ក៏​ឲ្យ​កូន​ទាំង​ប្រាំពីរ​នាក់​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រ‌សាសន៍​ថា៖ «ព្រះ‌យេហូវ៉ា​មិន​រើស​អ្នក​ទាំង​នេះ​ឡើយ» 11ហើយ​សួរ​ថា៖ «តើ​កូន​របស់​អ្នក​មក​អស់​ហើយ​ឬ​នៅ?» គាត់​ឆ្លើយ​ថា៖ «នៅ​មាន​កូន​ពៅ​មួយ​ទៀត វា​កំពុង​តែ​ឃ្វាល​ចៀម» លោក​មាន​ប្រ‌សាសន៍​ទៅ​អ៊ីសាយ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ហៅ​វា​មក ដ្បិត​បើ​វា​មិន​ទាន់​មក​ដល់ នោះ​យើង​មិន​អង្គុយ​នៅ​តុ​ឡើយ»។ 12គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ គឺ​អ្នក​នេះ​ហើយ»។ 13លោក​សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​មុខ​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ។ ស្រេច​ហើយ លោក​សាំយូ‌អែល​ក៏​ក្រោក​ឡើង​ទៅ​រ៉ាម៉ា​វិញ។
ដាវីឌ​លេង​ពិណ​ថ្វាយ​ស្តេច​សូល
14ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​សូល ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​វិញ្ញាណ​អាក្រក់​មួយ​ឲ្យ​មក​បំភ័យ​ទ្រង់។ 15ពួក​មហា‌តលិក​របស់​ស្ដេច​សូល​ទូល​ថា៖ «មើ​ល៍! មា​ន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​មក​បំភ័យ​ទ្រង់​ហើយ។ 16ដូច្នេះ សូម​ព្រះ‌ករុណា​ទ្រង់​បង្គាប់​មក​យើង​ខ្ញុំ ជា​អ្នក​បម្រើ ដែល​នៅ​ចំពោះ​ព្រះករុណា ឲ្យ​រក​មនុស្ស​ម្នាក់​ដែល​ប្រសប់​លេង​ពិណ​មក កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​ទ្រង់ នោះ​គេ​នឹង​លេង​ពិណ ដើម្បី​ឲ្យ​ទ្រង់​បាន​ធូរ​ស្រាល»។ 17ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ថា៖ «ដូច្នេះ ចូរ​ទៅ​រក​មនុស្ស​ម្នាក់​ដែល​ចេះ​លេង​ពីរោះ ហើយ​នាំ​មក​ជួប​យើង»។ 18មាន​យុវជន​ម្នាក់​ទូល​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេ‌ថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចម្បាំង ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​អ្នក​នោះ»។ 19ដូច្នេះ ស្ដេច​សូល​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​អ៊ីសាយ​ប្រាប់​ថា៖ «សូម​ឲ្យ​ដាវីឌ ជា​កូន​អ្នក ដែល​កំពុង​តែ​ឃ្វាល​ចៀម មក​ជួប​យើង»។ 20អ៊ីសាយ​ក៏​យក​លា​មួយ​មក រៀប​ចំ​នំបុ័ង ស្រា​ទំពាំង‌បាយ‌ជូរ​ពេញ​មួយ​ថង់​ស្បែក និង​កូន​ពពែ​មួយ ផ្ញើ​ទៅ​ជា‌មួយ​ដាវីឌ​ជា​កូន ថ្វាយ​ស្តេច​សូល។ 21ដាវីឌ​ក៏​មក​ជួប​ស្ដេច​សូល ហើយ​នៅ​បម្រើ​ទ្រង់ ក៏​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ណាស់ ហើយ​ស្ដេច​សូល​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌អង្គ។ 22រួច​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​ឈរ​បម្រើ​នៅ​មុខ​យើង​ចុះ ព្រោះ​យើង​ពេញ​ចិត្ត​វា​ណាស់»។ 23កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​ស្ដេច​សូល នោះ​ដាវីឌ​ក៏​យក​ពិណ​មក​ចាប់​លេង​ថ្វាយ រួច​ស្ដេច​សូល​ក៏​បាន​ធូរ​ស្រួល​ឡើង​វិញ វិញ្ញាណ​អាក្រក់​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ