១ យ៉ូហាន 5:13-21

១ យ៉ូហាន 5:13-21 គកស១៦

ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ហើយ។ នេះ​ជា​ទំនុក​ចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ‌អង្គ គឺ​ថា បើ​យើង​ទូល​សូម​អ្វីស្រប​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ស្តាប់​យើង។ បើ​យើង​ដឹង​ថា ព្រះ‌អង្គ​ស្តាប់​យើង​ក្នុង​ការ​អ្វី​ដែល​យើង​ទូល​សូម នោះ​យើង​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​បាន​សូម​ពី​ព្រះ‌អង្គ​នោះ​ហើយ។ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ឃើញ​បង‌ប្អូន​របស់​ខ្លួន​កំពុង​ធ្វើ​បាប ដែល​មិន​មាន​ទោស​ដល់​ស្លាប់ អ្នក​នោះ​ត្រូវ​ទូល​សូម ហើយ​ព្រះ​នឹង​ប្រទាន​ជីវិត​ដល់​អ្នក​ដែល​ធ្វើ​បាប គឺ​ដល់​អ្នក​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​នោះ។ មាន​បាប​ម៉្យាង​ដែល​មាន​ទោស​ដល់​ស្លាប់ ហើយ​បាប​នោះ​ខ្ញុំ​មិន​សុំ​ឲ្យ​សូម​អង្វរ​ឲ្យទេ។ គ្រប់​ទាំង​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​បាប​ទាំង​អស់ តែ​មាន​អំពើ​បាប​ខ្លះ ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ឡើយ។ យើង​ដឹង​ថា អស់​អ្នក​ដែល​កើតមក​ពី​ព្រះ មិន​ធ្វើ​បាប​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​ដែល​កើត​មក​ពី​ព្រះ ទ្រង់​ការ​ពារ​អ្នក​នោះ ហើយ​មេ​កំណាច​មិន​អាចប៉ះ​អ្នក​នោះ​បាន​ឡើយ។ យើង​ដឹង​ថា យើង​មក​ពី​ព្រះ ហើយ​លោកីយ៍​ទាំង​មូល​ដេក​នៅ​ក្នុង​អំណាចរបស់​មេ​កំណាច។ យើង​ដឹង​ថា ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ ហើយ​យើង​នៅ​ក្នុង​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ គឺ​នៅ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ និង​ជា​ជីវិត​អស់​កល្ប​ជា‌និច្ច។ កូន​តូចៗ​អើយ ចូរ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ។ អាម៉ែន។:៚

អាន ១ យ៉ូហាន 5