១ យ៉ូហាន 5

5
ជំនឿ​ឈ្នះ​លោកីយ៍
1អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌គ្រីស្ទ អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​វរបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌អង្គ​ដែរ។ 2កាល​ណា​យើង​ស្រឡាញ់​ព្រះ ហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នោះ​យើង​ដឹងថា យើង​ស្រឡាញ់​ពួក​កូន​របស់​ព្រះ។ 3ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។ 4ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ ឯ​ជ័យ​ជម្នះ​ដែលបាន​ឈ្នះ​លោកីយ៍ នោះគឺ​ជំនឿ​របស់​យើង។ 5តើ​អ្នក​ណា​ដែល​ឈ្នះ​លោកីយ៍​នេះ? គឺ​មាន​តែ​អ្នក​ដែល​ជឿ​ថា ព្រះ‌យេ‌ស៊ូវជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ប៉ុណ្ណោះ។
ទីបន្ទាល់​អំពី​ព្រះ​រាជបុត្រា​របស់​ព្រះ
6ព្រះ‌យេស៊ូវ‌គ្រីស្ទ​នេះ​ហើយ ដែលបាន​យាង​មក​ដោយ​ទឹក និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះទេ គឺ​ដោយ​ទឹក និង​ឈាម​ផង។ ព្រះ‌វិញ្ញាណ​ជា​អ្នក​ធ្វើ​បន្ទាល់ ព្រោះ​ព្រះ‌វិញ្ញាណ​ជា​សេចក្ដី​ពិត។ 7ដ្បិត​មាន​បី​ដែល​ធ្វើ​បន្ទាល់[នៅ​ស្ថាន‌សួគ៌ គឺ​ព្រះ‌វរ‌បិតា ព្រះ‌បន្ទូល និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ទាំង​បី​នេះ​រួម​មក​តែ​មួយ។ 8ក៏​មាន​បី​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី] គឺ​ព្រះ‌វិញ្ញាណ ទឹក និង​ឈាម ហើយ​ទាំង​បី​នេះ​ស្រប​គ្នា។ 9ប្រសិន‌បើ​យើង​បាន​ទទួល​ទី​បន្ទាល់​របស់​មនុស្ស នោះ​ទី​បន្ទាល់​របស់​ព្រះ រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត ដ្បិត​ទីបន្ទាល់​របស់​ព្រះ គឺព្រះ‌អង្គ​ធ្វើ​បន្ទាល់​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ 10អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ អ្នក​នោះ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ខ្លួន​ហើយ។ អ្នក​ណា​ដែល​មិន​ជឿ​ព្រះ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​អ្នក​កុហក​វិញ ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ទី​បន្ទាល់​ដែល​ព្រះ​បាន​ធ្វើ អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ 11ឯ​ទី​បន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទានជីវិត​អស់​កល្ប​ជា‌និច្ច​មក​យើង ហើយ​ជីវិតនេះ គឺ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ 12អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​មាន​ជីវិត អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ អ្នក​នោះ​គ្មាន​ជីវិត​ឡើយ។
អវសានកថា
13ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ហើយ។
14នេះ​ជា​ទំនុក​ចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ‌អង្គ គឺ​ថា បើ​យើង​ទូល​សូម​អ្វីស្រប​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ស្តាប់​យើង។ 15បើ​យើង​ដឹង​ថា ព្រះ‌អង្គ​ស្តាប់​យើង​ក្នុង​ការ​អ្វី​ដែល​យើង​ទូល​សូម នោះ​យើង​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​បាន​សូម​ពី​ព្រះ‌អង្គ​នោះ​ហើយ។ 16ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ឃើញ​បង‌ប្អូន​របស់​ខ្លួន​កំពុង​ធ្វើ​បាប ដែល​មិន​មាន​ទោស​ដល់​ស្លាប់ អ្នក​នោះ​ត្រូវ​ទូល​សូម ហើយ​ព្រះ​នឹង​ប្រទាន​ជីវិត​ដល់​អ្នក​ដែល​ធ្វើ​បាប គឺ​ដល់​អ្នក​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​នោះ។ មាន​បាប​ម៉្យាង​ដែល​មាន​ទោស​ដល់​ស្លាប់ ហើយ​បាប​នោះ​ខ្ញុំ​មិន​សុំ​ឲ្យ​សូម​អង្វរ​ឲ្យទេ។ 17គ្រប់​ទាំង​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​បាប​ទាំង​អស់ តែ​មាន​អំពើ​បាប​ខ្លះ ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ឡើយ។
18យើង​ដឹង​ថា អស់​អ្នក​ដែល​កើតមក​ពី​ព្រះ មិន​ធ្វើ​បាប​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​ដែល​កើត​មក​ពី​ព្រះ ទ្រង់​ការ​ពារ​អ្នក​នោះ ហើយ​មេ​កំណាច​មិន​អាចប៉ះ​អ្នក​នោះ​បាន​ឡើយ។ 19យើង​ដឹង​ថា យើង​មក​ពី​ព្រះ ហើយ​លោកីយ៍​ទាំង​មូល​ដេក​នៅ​ក្នុង​អំណាចរបស់​មេ​កំណាច។ 20យើង​ដឹង​ថា ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ ហើយ​យើង​នៅ​ក្នុង​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ គឺ​នៅ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ និង​ជា​ជីវិត​អស់​កល្ប​ជា‌និច្ច។
21កូន​តូចៗ​អើយ ចូរ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

១ យ៉ូហាន 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ