១ យ៉ូហាន 5:13-21
១ យ៉ូហាន 5:13-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ។ នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។ គ្រប់ទាំងអំពើទុច្ចរិត សុទ្ធតែជាបាបទាំងអស់ តែមានអំពើបាបខ្លះ ដែលមិនមានទោសដល់ស្លាប់ឡើយ។ យើងដឹងថា អស់អ្នកដែលកើតមកពីព្រះ មិនធ្វើបាបទៀតឡើយ គឺព្រះអង្គដែលកើតមកពីព្រះ ទ្រង់ការពារអ្នកនោះ ហើយមេកំណាចមិនអាចប៉ះអ្នកនោះបានឡើយ។ យើងដឹងថា យើងមកពីព្រះ ហើយលោកីយ៍ទាំងមូលដេកនៅក្នុងអំណាចរបស់មេកំណាច។ យើងដឹងថា ព្រះរាជបុត្រារបស់ព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងមានប្រាជ្ញា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គដែលពិតប្រាកដ ហើយយើងនៅក្នុងព្រះអង្គដែលពិតប្រាកដ គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះអង្គជាព្រះដ៏ពិតប្រាកដ និងជាជីវិតអស់កល្បជានិច្ច។ កូនតូចៗអើយ ចូររក្សាខ្លួនឲ្យផុតពីរូបព្រះ។ អាម៉ែន។:៚
១ យ៉ូហាន 5:13-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។ ហេតុនេះហើយបានជាយើងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ គឺថា ប្រសិនបើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះព្រះអង្គនឹងព្រះសណ្ដាប់យើងជាមិនខាន។ បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យទូលអង្វរទេ។ អំពើទុច្ចរិតទាំងប៉ុន្មានសុទ្ធតែជាអំពើបាបទាំងអស់ ប៉ុន្តែ មានអំពើបាបខ្លះមិនបណ្ដាលឲ្យស្លាប់ឡើយ។ យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ព្រះអង្គការពារអ្នកនោះ ហើយមារ*កំណាចពុំអាចយាយីគេឡើយ។ យើងដឹងថា យើងកើតមកពីព្រះជាម្ចាស់ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។ យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ព្រះអង្គប្រទានប្រាជ្ញាឲ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ កូនចៅអើយ ចូរចៀសឲ្យផុតពីការគោរពព្រះក្លែងក្លាយ។
១ យ៉ូហាន 5:13-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ យើងក៏មានសេចក្ដីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ។ បើអ្នកណាឃើញបងប្អូនកំពុងតែធ្វើបាប គឺជាបាបដែលមិនមានទោសដល់ស្លាប់ទេ នោះត្រូវសូមចុះ ទ្រង់នឹងប្រទានជីវិតមកដល់អស់អ្នកធ្វើបាប ដែលមិនមែនមានទោសដល់ស្លាប់នោះជាពិត តែមានបាបម្យ៉ាងដែលមានទោសដល់ស្លាប់វិញ ឯបាបនោះខ្ញុំមិនថា ឲ្យសូមអង្វរឲ្យទេ គ្រប់ទាំងអំពើទុច្ចរិត សុទ្ធតែជាបាបទាំងអស់ ហើយក៏មានបាបខ្លះ ដែលមិនមានទោសដល់ស្លាប់ដែរ យើងដឹងថា អ្នកណាដែលកើតពីព្រះមក នោះមិនចេះធ្វើបាបទេ អ្នកនោះឯងជាអ្នករក្សាខ្លួនវិញ ហើយមេកំណាចនឹងពាល់អ្នកនោះមិនបានឡើយ យើងដឹងថា យើងមកពីព្រះពិត តែលោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ យើងក៏ដឹងថា ព្រះរាជបុត្រានៃព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងរាល់គ្នាមានប្រាជ្ញា ដើម្បីឲ្យបានស្គាល់ព្រះដ៏ពិតប្រាកដ យើងរាល់គ្នាជាអ្នកនៅក្នុងព្រះដ៏ពិតប្រាកដនោះ គឺក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ព្រះអង្គនោះឯងជាព្រះពិតប្រាកដ ហើយជាជីវិតអស់កល្បជានិច្ចផង។ កូនតូចៗរាល់គ្នាអើយ ចូរឲ្យអ្នករាល់គ្នារក្សាខ្លួនឲ្យផុតពីរូបព្រះចេញ។ អាម៉ែន។:៚