១ របាក្សត្រ 19
19
ជ័យជម្នះលើសាសន៍អាំម៉ូន និងអារ៉ាម
1ក្រោយនោះមក ណាហាស ជាស្ដេចសាសន៍អាំម៉ូនសុគតទៅ ហើយបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួស។ 2ព្រះបាទដាវីឌព្រះតម្រិះថា៖ «យើងនឹងសម្ដែងសេចក្ដីសប្បុរសដល់ហានូន ជាកូនណាហាស ដ្បិតឪពុកបានសម្ដែងសេចក្ដីសប្បុរសដល់យើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌក៏ចាត់ពួករាជទូតឲ្យទៅជួយកម្សាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ព្រះបាទដាវីឌក៏ចូលទៅក្នុងស្រុករបស់ពួកកូនចៅអាំម៉ូន ដល់ហានូន ដើម្បីជួយកម្សាន្តទុក្ខ។ 3ប៉ុន្តែ ពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា៖ «តើទ្រង់ជឿថា ព្រះបាទដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកម្សាន្តទុក្ខទ្រង់ឬ? ពួកទូតនេះបានមករកទ្រង់ដូច្នេះ គឺដើម្បីសង្កេតមើលស្រុក រួចហើយបំផ្លាញយើងតែប៉ុណ្ណោះ»។ 4ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ព្រះបាទដាវីឌមកកោរ ហើយកាត់អាវគេផ្តាច់ផ្នែកខាងក្រោម នៅត្រឹមគូថ រួចលែងឲ្យទៅវិញ។ 5មានមនុស្សមកទូលដល់ព្រះបាទដាវីឌ ពីការដែលគេប្រព្រឹត្តនឹងពួកទូតទាំងនោះ។ ដូច្នេះ ទ្រង់ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ហើយស្ដេចបង្គាប់ថា៖ «ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទម្រាំពុកចង្កាដុះជាថ្មី សឹមត្រឡប់មកវិញ»។
6ពេលពួកកូនចៅអាំម៉ូនឃើញថា គេនាំឲ្យព្រះបាទដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន និងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់មួយពាន់ហាប ទៅជួលរទេះចម្បាំង និងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា និងពីស្រុកសូបាមកជួយ។ 7គេជួលបានរទេះបីម៉ឺនពីរពាន់ ព្រមទាំងស្តេចស្រុកម្អាកា និងបណ្ដាប្រជារាស្ត្ររបស់ទ្រង់ផង ពួកទាំងនោះក៏មកបោះទ័ពនៅមុខក្រុងមេឌីបា ឯពួកកូនចៅអាំម៉ូនក៏ចេញពីទីក្រុងទាំងប៉ុន្មានមកច្បាំង។ 8កាលព្រះបាទដាវីឌបានជ្រាប ទ្រង់ចាត់យ៉ូអាប់ និងពួកពលទ័ពខ្លាំងពូកែទាំងអស់ឲ្យចេញទៅ។ 9ពួកកូនចៅអាំម៉ូនក៏ចេញមកត្រៀមពលទ័ពនៅត្រង់មាត់ទ្វារក្រុង ដើម្បីច្បាំង ហើយពួកស្តេចដែលមកជួយ គេក៏នៅវាលដោយខ្លួន។
10ពេលយ៉ូអាប់ឃើញថា គេឡោមច្បាំងនឹងលោក ពីខាងមុខខាងក្រោយដូច្នេះ នោះលោកក៏ជ្រើសរើសពួកអ៊ីស្រាអែល ដាក់ឲ្យតម្រៀបគ្នាតនឹងពួកស៊ីរី។ 11ឯទ័ពដែលសល់ ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយគេក៏តម្រៀបគ្នាតនឹងពួកកូនចៅអាំម៉ូន។ 12លោកប្រាប់ថា៖ «ប្រសិនបើពួកស៊ីរីមានកម្លាំងហួសពេក យើងឈ្នះគេមិនបាន ចូរឯងមកជួយផង បើពួកកូនចៅអាំម៉ូនមានកម្លាំងហួសពេក ឯងឈ្នះគេមិនបាន នោះយើងនឹងទៅជួយឯងវិញ។ 13ចូរយើងមានចិត្តក្លាហានឡើង ហើយមានកម្លាំងចុះ ដោយព្រោះសាសន៍យើង និងទីក្រុងរបស់ព្រះនៃយើងផង សូមព្រះយេហូវ៉ាសម្រេចសេចក្ដីតាមព្រះហឫទ័យព្រះអង្គចុះ»។ 14ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ។ 15កាលពួកកូនចៅអាំម៉ូនឃើញថា ពួកស៊ីរីបានបាក់ទ័ពហើយ នោះគេក៏រត់ពីមុខអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ដែរ នាំគ្នាចូលទៅក្នុងទីក្រុង រួចយ៉ូអាប់ក៏ត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
16ពេលពួកស៊ីរីឃើញថាចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចាត់ទូតឲ្យទៅអង្វរពួកស៊ីរី ដែលនៅខាងនាយទន្លេមកជួយ មានសូបាកជាមេទ័ពរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ។ 17កាលព្រះបាទដាវីឌបានជ្រាប ទ្រង់ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ទៅតទល់នឹងគេ ហើយក៏តម្រៀបគ្នាច្បាំង។ ព្រះបាទដាវីឌបានតម្រៀបទ័ពច្បាំងនឹងពួកស៊ីរី ហើយគេក៏តនឹងទ្រង់។ 18ពួកស៊ីរីបានបាក់ទ័ពរត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយព្រះបាទដាវីឌបានសម្លាប់ពួកទ័ពស៊ីរី ដែលបររទេះចម្បាំងអស់ប្រាំពីរពាន់ និងពលថ្មើរជើងបួនម៉ឺននាក់ ក៏សម្លាប់សូបាកជាមេទ័ពដែរ។ 19ពួកពលទ័ពរបស់ហាដារេស៊ើរបានឃើញថា គេចាញ់ពួកអ៊ីស្រាអែលហើយ ក៏តាំងមេត្រីនឹងព្រះបាទដាវីឌ ហើយចំណុះទ្រង់។ ដូច្នេះ ពួកស៊ីរីមិនព្រមជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 19: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies