១ របា‌ក្សត្រ 18

18
ជ័យ‌ជម្នះ​របស់​ព្រះបាទ​ដាវីឌ​លើ​ស្រុក​ជិត​ខាង
1ក្រោយ​នោះ​មក ព្រះបាទ​ដាវីឌ​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​នោះ។
2ទ្រង់​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង់​សួយ​អាករ​ផង។
3ព្រះបាទ​ដាវីឌ​ក៏​វាយព្រះ​បាទ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា រហូត​ដល់​ក្រុង​ហាម៉ាត ក្នុង​គ្រា​ដែល​កំពុង​ទៅ​តាំង​អំណាច​នៅ​ទន្លេ​អ៊ើប្រាត។ 4ព្រះបាទ​ដាវីឌ​ចាប់​បាន​រទេះ​ចម្បាំង​មួយ​ពាន់ និង​ទ័ព​សេះ​ប្រាំពីរ​ពាន់​នាក់ ពល​ថ្មើរ​ជើង​ពីរ​ម៉ឺន​នាក់​របស់​ស្តេច​នោះ ទ្រង់​ក៏​កាប់​សរសៃ​ក​ជើង​សេះ​ដែល​សម្រាប់​រទេះ​ចម្បាំង​ទាំង​អស់ បាន​ទុក​ឲ្យ​ល្មម​តែ​ទឹម​រទេះ​មួយរយ​ប៉ុណ្ណោះ។ 5កាល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​ដាម៉ាស បាន​មក​ជួយ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា នោះ​ព្រះបាទ​ដាវីឌ​ក៏​ប្រហារ​ពួក​ស៊ីរី​នោះ​អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។ 6បន្ទាប់​មក ព្រះ​បាទ​ដាវីឌ​តាំង​ឲ្យ​មាន​ពួក​ទាហាន​រក្សា​ស្រុក នៅ​ស្រុក​ស៊ីរី ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​ស៊ីរី​ក៏​ចំណុះ​ដាវីឌ ព្រម​ទាំង​ឡើង​សួយ‌អាករ​មក​ថ្វាយ​ផង ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យព្រះ​បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ស្ដេច​យាង​ទៅ។ 7ព្រះ​បាទ​ដាវីឌ​យក​ខែល​មាស​ទាំង​អស់​របស់​ពួក​ទាហាន​នៃ​ហាដា‌រេស៊ើរ នាំ​មក​ក្រុង​យេរូ‌សាឡិម។ 8នៅ​ក្រុង​បេថាស និង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដា‌រេស៊ើរ ព្រះបាទ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។
9កាល​ថូអ៊ី​ជា​ស្តេច​ក្រុង​ហាម៉ាត​បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ 10នោះ​លោក​ក៏​ចាត់​យេ‌ហូរ៉ាម ជា​បុត្រ​ទ្រង់ ឲ្យ​ទៅ​គាល់​ព្រះបាទ​ដាវីឌ ដើម្បី​នឹង​គំនាប់ ហើយ​ចម្រើន​ពរ​ថ្វាយ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេស៊ើរ ដ្បិត​ហាដា‌រេស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជា‌និច្ច។ យេ‌ហូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​គ្រប់​មុខ ទៅ​ថ្វាយ​ដែរ។ 11ព្រះបាទ​ដាវីឌ​ក៏​ថ្វាយ​របស់​ទាំង​នោះ​ដល់​ព្រះ‌យេហូវ៉ា​ជា‌មួយ​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដុម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលី‌ស្ទីន និង​សាសន៍​អាម៉ា‌ឡេក។
12ឯ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា​ក៏​ប្រហារ​ពួក​សាសន៍​អេដុម​អស់​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល 13ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដុម ដូច្នេះ ពួក​អេដុម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។
បញ្ជី‌រាយ​នាម​មន្ត្រី​របស់​ព្រះបាទ​ដាវីឌ
14ព្រះបាទ​ដាវីឌ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​សម្រេច​ការ​ទាំង​អស់​ដល់​បណ្ដា‌ជន​ដោយ​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត។ 15មាន​យ៉ូអាប់ ជា​កូន​សេរូយ៉ា ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្ដា​ពល‌ទ័ព​ទាំង​អស់ និង​យេហូ‌សាផាត ជា​កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវ‌តារ 16សាដុក​ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក​ជា​កូន​អ័បៀរថើរ ធ្វើ​ជា​សង្ឃ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង។ 17បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​ជា​សេនា‌បតី។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល