១ របា‌ក្សត្រ 11

11
ព្រះបាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល
1បន្ទាប់​មក ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ប្រមូល​គ្នា​មក​រក​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​សាលោហិត​នឹង​លោក​ដែរ។ 2កាល​ពី​មុន ទោះ​ជា​កាល​នៅ​ពេល​ព្រះបាទ​សូល​ធ្វើ​ជា​ស្តេច គឺ​បាន​លោក​នេះ​ហើយ ដែល​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ថា "គឺ​ឯង​ហើយ ដែល​ត្រូវ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ធ្វើ​ជា​អ្នក​នាំ​មុខ​ប្រជា‌រាស្ត្រ​របស់​យើង"»។ 3ដូច្នេះ ពួក​ចាស់​ទុំ​របស់​សាសន៍​អ៊ីស្រា‌អែល​បាន​ចូល​មក​ជួប​ស្តេច នៅ​ក្រុង​ហេប្រុន ហើយ​ដាវីឌ​ក៏​បាន​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ក្រុង​ហេប្រុន រួច​គេ​ចាក់​ប្រេង​តាំង​ដាវីឌ ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា តាម​រយៈ​សាំយូ‌អែល។
ចាប់​យក​បាន​ក្រុង​យេរូ‌សាឡិម
4ព្រះបាទ​ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ទៅ​ក្រុង​យេរូ‌សាឡិម (គឺ​ជា​ក្រុង​យេប៊ូស) ឯ​ពួក​សាសន៍​យេប៊ូស ជា​ពួក​អ្នក​នៅ​ស្រុក​នោះ គេ​នៅ​ទី​ក្រុង​នោះ​នៅ​ឡើយ។ 5ពួក​អ្នក​ក្រុង​យេប៊ូស​បាន​ពោល​ទៅ​ព្រះបាទ​ដាវីឌ​ថា៖ «ឯង​ចូល​មក​ក្នុង​ស្រុក​នេះ​មិន​បាន​ឡើយ» ប៉ុន្តែ ព្រះបាទ​ដាវីឌ​បាន​វាយ​ចាប់​យក​ទី​មាំ‌មួន​ស៊ីយ៉ូន​បាន គឺ​ជា​ក្រុង​របស់​ព្រះបាទ​ដាវីឌ។ 6ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​ណា​ដែល​វាយ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ និង​ជា​មេទ័ព​ធំ»។ ដូច្នេះ យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ឡើង​ទៅ​មុន​គេ ហើយ​បាន​តែង​តាំង​ធ្វើ​ជា​មេទ័ព។ 7ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា «ក្រុង​ដាវីឌ»។ 8ទ្រង់​បាន​សង់​ទី​ក្រុង​នោះ​ឡើង​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​ប៉ម​មីឡូរ​ព័ទ្ធ​ជុំ‌វិញ ហើយ​យ៉ូអាប់​បាន​ជួស‌ជុល​ទី​ក្រុង​ត្រង់​កន្លែង​ឯ​ទៀត។ 9ចំណែក​ព្រះបាទ​ដាវីឌ បាន​កាន់​តែ​ថ្កុំថ្កើង​ឡើង ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​គង់​ជា‌មួយ។
ពួក​អ្នក​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ
10រីឯ​ពួក​ប្រធាន​ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ ដែល​កាន់​ខាង​ទ្រង់ ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល 11នេះ​ជា​ឈ្មោះ​របស់​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ គឺ​យ៉ាសុ‌បៀម ជា​កូន​របស់​ពួក​ហាក់‌ម៉ូនី​ម្នាក់ លោក​ជា​មេ​លើ​អ្នកទាំង​បី ហើយ​បាន​ពួយ​លំពែង សម្លាប់​មនុស្ស​បីរយ​នាក់​ក្នុង​ពេល​តែ​មួយ។ 12អ្នក​បន្ទាប់ មាន​កូន​ដូដូរ ឈ្មោះ​អេលា‌សារ ជា​ពួក​អ័ហូអា ដែល​ជា​ម្នាក់​ក្នុង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​បី​នាក់។ 13លោក​បាន​នៅ​ជា‌មួយ​ព្រះបាទ​ដាវីឌ នៅ​ត្រង់​ផាស់-ដាំមីម ក្នុង​ពេល​ដែល​ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់​ពី​ពួក​ភីលី‌ស្ទីន។ 14ប៉ុន្តែ លោក​អេលា‌សារ និង​ព្រះបាទ​ដាវីឌ​បាន​ឈរ​នៅ​កណ្ដាល​ស្រែ ហើយ​បាន​ការពារ ព្រម​ទាំង​សម្លាប់​ពួក​ភីលី‌ស្ទីន​អស់ ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​គេ ដោយ​ជ័យ‌ជម្នះ​យ៉ាង​ធំ។ 15មាន​បី​នាក់​ក្នុង​ចំណោម​ប្រធាន​ទាំង​សាមសិប​នាក់​នោះ គេ​បាន​ទៅ​គាល់​ព្រះបាទ​ដាវីឌ​ត្រង់​ថ្ម​ដា ក្នុង​រអាង​អាឌូឡាម នៅ​គ្រា​នោះ ពួក​ភីលី‌ស្ទីន​បាន​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​រេផែម។ 16ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហើយ​ពួក​ភីលី‌ស្ទីន​មាន​ទ័ព​កង​រក្សា​ស្រុក​មួយ​ក្រុង​នៅ​ភូមិ​បេថ្លេ‌ហិម។ 17ព្រះបាទ​ដាវីឌ​បាន​នឹក​កន្លេង​ក្នុង​ព្រះ‌ហឫ‌ទ័យ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «អូ គួរ​មាន​អ្នក​ណា​ម្នាក់​ដក​ទឹក​អណ្តូង ដែល​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម​មក​ឲ្យ​យើង​ផឹក!» 18បន្ទាប់​មក អ្នក​ទាំង​បី​នោះ​បាន​បំបែក​ពួក​ទ័ព​ភីលី‌ស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម​នោះ យក​ទឹក​មក​ថ្វាយ​ព្រះបាទ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ 19ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឃាត់​ទូល‌បង្គំ កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូល‌បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ?» ហេតុ​នោះ​ហើយ​បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ទឹក​នោះ។ នេះ​ហើយ​ជា​ស្នា​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ​ទាំង​បី​នាក់​បាន​ធ្វើ។ 20ឯ​អ័ប៊ី‌សាយ ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​សាម​សិប ព្រោះ​លោក​បាន​ពួយ​លំពែង​សម្លាប់​មនុស្ស​បីរយ​នាក់ ហើយ​ល្បី​ឈ្មោះ​ក្នុង​ពួក​បី​នាក់​នោះ។ 21លោក​មាន​កេរ្តិ៍‌ឈ្មោះ​ជាង​គេ ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប ហើយ​បាន​ក្លាយ​ជា​មេ​បញ្ជាការ​លើ​ពួក​គេ តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​នោះ​ឡើយ។
22ឯ​បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា លោក​ជា​អ្នក​ខ្លាំង​ពូកែ​ម្នាក់ នៅ​ក្រុង​កាបសៀល លោក​ជា​អ្នក​ដែល​បាន​ធ្វើ​ការ​យ៉ាង​ពូកែ លោក​បាន​សម្លាប់​កូន​ប្រុស​ពីរ​នាក់របស់ អ័រាល នៅ​ស្រុក​ម៉ូអាប់។ លោក​ក៏​បាន​ចុះ​ទៅ​ក្នុង​រណ្តៅ ហើយ​សម្លាប់​សត្វ​សិង្ហ​មួយ​នៅ​ថ្ងៃ​មាន​ធ្លាក់​ព្រឹល។ 23លោក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់ ជា​មនុស្ស​ធំ​សម្បើម កម្ពស់​ប្រាំ​ហត្ថ សាសន៍​អេស៊ីព្ទ​នោះ​កាន់​លំពែង​មួយ​ប៉ុន​ផ្សំ​តម្បាញ តែ​លោក​ចុះ​ទៅ​ប្រយុទ្ធ កាន់​តែ​ដំបង​ប៉ុណ្ណោះ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​របស់​មនុស្ស​សាសន៍​អេស៊ីព្ទ​នោះ រួច​ចាក់​សម្លាប់​ដោយ​លំពែង​របស់​អ្នក​នោះ​ទៅ។ 24នេះ​ហើយ​ជា​ស្នាដៃ​ដែល​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា​បាន​ធ្វើ ហើយ​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ចំណោម​ពួក​ខ្លាំង​ពូកែ​ទាំង​បី​នាក់​នោះ។ 25លោក​មាន​កេរ្តិ៍‌ឈ្មោះ​ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប​រូប តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​រូប​នោះ​ឡើយ ហើយ​ព្រះបាទ​ដាវីឌ​បាន​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​កង​អង្គរក្ស។
26ឯ​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ចំណោម​ពល‌ទ័ព​ទាំង​ប៉ុន្មាន គឺ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ អែល‌ហា‌ណាន ជា​កូន​ដូដូរ ដែល​នៅ​ក្រុង​បេថ្លេ‌ហិម 27សាំម៉ូត​ជា​អ្នក​ស្រុក​ហារ៉ូដ ហេលែស​ជា​អ្នក​ស្រុក​ពេឡូន 28អ៊ីរ៉ា​ជា​កូន​អ៊ីក‌កែស ជា​អ្នក​ក្រុង​ត្កូអា អ័បៀ‌ស៊ើរ​ជា​អ្នក​នៅ​ក្រុង​អាណា‌ថោត 29ស៊ីបា‌កាយ​ជា​អ្នក​ស្រុក​ហ៊ូសាយ អ៊ីឡាយ​ជា​អ្នក​ស្រុក​អ័ហូ‌អា 30ម៉ាហា‌រ៉ាយ​ជា​អ្នក​ក្រុង​នថូផា ហេលែប​កូន​ប្អាណា​ជា​អ្នក​ក្រុង​នថូផា 31អ៊ីត‌តាយ​កូន​រីបាយ ជា​អ្នក​ក្រុង​គីបៀន ក្នុង​ពួក​កូន​ចៅ​បេនយ៉ាមីន បេ‌ណា‌យ៉ា​ជា​អ្នក​ស្រុក​ពីរ៉ា‌ថូន 32ហ៊ូរ៉ាយ​ជា​អ្នក​ស្រុក​ណាហា‌លេ-កាអាស អ័បៀល ជា​អ្នក​ស្រុក​អើរ៉ា‌បា 33អាស‌ម៉ាវែត​ជា​អ្នក​ស្រុក​បា‌ហ៊ូ‌រីម អេលីយ៉ាបា​ជា​អ្នក​ស្រុក​ស្អាឡា‌ប៊ីន 34ហាសេម ជា​អ្នក​ស្រុក​គីសូន យ៉ូណា‌ថាន​កូន​សាកេ ជា​អ្នក​ស្រុក​ហារ៉ារី 35អ័ហ៊ី‌យ៉ាម កូន​សាកើរ​ជា​អ្នក​ស្រុក​ហារ៉ា‌រី អេលី‌ផាល​ជា​កូន​អ៊ើរ 36ហេភើរ​ជា​អ្នក​ស្រុក​មេកេ‌រ៉ា អ័ហ៊ី‌យ៉ា​ជា​អ្នក​ស្រុក​ពេឡូន 37ហែស្រូ​ជា​អ្នក​ស្រុក​កើមែល ណ្អារ៉ាយ​ជា​កូន​អែស‌បាយ 38យ៉ូអែល​ជា​ប្អូន​ណាថាន់ មីបហា​ជា​កូន​ហាគ្រី 39សេលេក​ជា​សាសន៍​អាំម៉ូន ណាហា‌រ៉ាយ​ជា​អ្នក​ស្រុក​បេរ៉ូត ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ឲ្យ​យ៉ូអាប់ ជា​កូន​សេរូយ៉ា 40អ៊ីរ៉ា​ជា​អ្នក​ស្រុក​យេធើ ការេប​ជា​អ្នក​ស្រុក​យេធើ 41អ៊ូរី​ជា​សាសន៍​ហេត សាបាឌ​ជា​កូន​អ័ឡាយ 42អ័ឌីណា​ជា​កូន​ស៊ីសា ក្នុង​ពួក​រូបេន ជា​អ្នក​ប្រធាន​ក្នុង​ពួក​រូបេន ព្រម​ទាំង​សាមសិប​នាក់​នៅ​ជា‌មួយ​ដែរ 43ហាណាន​ជា​កូន​ម្អាកា យ៉ូសាផាត​ជា​អ្នក​ស្រុក​មីតនី 44អ៊ូស៊ី‌យ៉ា​ជា​អ្នក​ស្រុក​អាស‌ថារ៉ូត សាម៉ា និង​យេហ៊ី‌អែល កូន​ហូថាម ជា​អ្នក​ស្រុក​អារ៉ូអ៊ើរ 45យេឌី‌អែល​ជា​កូន​ស៊ីមរី និង​យ៉ូហា​ជា​ប្អូន​គាត់ ជា​អ្នក​ស្រុក​ធីសា 46អេលាល​ជា​អ្នក​ស្រុក​ម៉ាហា‌វីម យេរី‌បាយ និង​យ៉ូសាវា​ជា​កូន​អែល‌ណ្អាម យីតម៉ា ជា​សាសន៍​ម៉ូអាប់ 47អេលាល អូបិឌ និង​យ្អាសៀល ជា​ពួក​អ្នក​ស្រុក​មេសូ‌បាយ៉ា។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល