១ របាក្សត្រ 10
10
ស្តេចសូល និងបុត្រាសោយទិវង្គត
1ពួកភីលីស្ទីនច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែលក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនទៅ គេដួលស្លាប់នៅលើភ្នំគីលបោ។ 2ពួកភីលីស្ទីនបានដេញតាមសូល និងពួកបុត្រារបស់ព្រះអង្គយ៉ាងប្រកិត គេបានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រារបស់ព្រះបាទសូល។ 3ចម្បាំងនោះបានធ្វើឲ្យស្ដេចសូលលំបាកណាស់ ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយគេធ្វើឲ្យទ្រង់តក់ស្លុតយ៉ាងខ្លាំង។ 4បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ថា៖ «ចូរហូតដាវឯងមកចាក់ទម្លុះយើងទៅ ក្រែងពួកមិនកាត់ស្បែកគេមកមើលងាយយើង» តែអ្នកនោះមិនហ៊ានទេ ដ្បិតគាត់ភ័យខ្លាចជាខ្លាំង ដូច្នេះ សូលក៏ហូតយកដាវរបស់ទ្រង់ ផ្តួលអង្គទៅលើ។ 5ពេលអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់បានឃើញថាសូលសុគតហើយដូច្នោះ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវរបស់ខ្លួន ស្លាប់ទៅដែរ។ 6គឺយ៉ាងនោះ ដែលសូល និងបុត្រាទ្រង់ទាំងបី ព្រមទាំងពួកវង្សរបស់ទ្រង់ទាំងអស់ បានបាត់បង់ជីវិតទៅជាមួយគ្នា។ 7កាលពួកសាសន៍អ៊ីស្រាអែលដែលនៅជ្រលងភ្នំបានឃើញថា ពួកពលបានបាក់ទ័ពរត់ ហើយថា ព្រះបាទសូល និងពួកបុត្រារបស់ទ្រង់បានសុគតអស់ហើយ គេក៏បោះបង់ចោលទីក្រុងរបស់គេ ហើយរត់ភៀសខ្លួន រួចពួកភីលីស្ទីនបានចូលមករស់នៅក្នុងទីក្រុងទាំងនោះ។ 8ដល់ស្អែកឡើង ពេលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ពីខ្មោចទាំងនោះ ក៏ឃើញសពសូល និងបុត្រារបស់ទ្រង់ទាំងបី ដែលបានដួលសុគត នៅលើភ្នំគីលបោ។ 9ពួកគេដោះគ្រឿងពីទ្រង់ ព្រមទាំងកាត់យកព្រះសិរ និងគ្រឿងសស្ត្រាវុធ ហើយចាត់គេឲ្យនាំដំណឹងទៅស្រុកភីលីស្ទីន ប្រាប់ដល់ទាំងរូបព្រះគេ និងពួកបណ្ដាជនផង 10គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិររបស់ទ្រង់ព្យួរនៅក្នុងព្រះវិហារនៃព្រះដាកុន។ 11ប៉ុន្តែ ពេលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការដែលពួកភីលីស្ទីនបានធ្វើចំពោះស្ដេចសូល 12នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល និងពួកបុត្រារបស់ទ្រង់ ត្រឡប់ទៅក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់រយៈពេលប្រាំពីរថ្ងៃ។
13ដូច្នេះ ស្ដេចសូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងដោយព្រោះទ្រង់បានសួរគ្រូខាប ឲ្យទស្សន៍ទាយ 14ហើយមិនបានទូលសួរព្រះយេហូវ៉ាឡើយ។ ហេតុនេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យស្ដេចសុគត រួចបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies