១ របាក្សត្រ 11
11
ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល
1បន្ទាប់មក ប្រជាជនអ៊ីស្រាអែលទាំងអស់ បានប្រមូលគ្នាមករកដាវីឌ នៅក្រុងហេប្រុន ទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតនឹងលោកដែរ។ 2កាលពីមុន ទោះជាកាលនៅពេលព្រះបាទសូលធ្វើជាស្តេច គឺបានលោកនេះហើយ ដែលនាំពួកអ៊ីស្រាអែលចេញចូល ហើយព្រះយេហូវ៉ាជាព្រះរបស់លោក ទ្រង់បានមានព្រះបន្ទូលមកលោកថា "គឺឯងហើយ ដែលត្រូវឃ្វាលសាសន៍អ៊ីស្រាអែល ព្រមទាំងធ្វើជាអ្នកនាំមុខប្រជារាស្ត្ររបស់យើង"»។ 3ដូច្នេះ ពួកចាស់ទុំរបស់សាសន៍អ៊ីស្រាអែលបានចូលមកជួបស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏បានតាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌ ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា តាមរយៈសាំយូអែល។
ចាប់យកបានក្រុងយេរូសាឡិម
4ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់បានទៅក្រុងយេរូសាឡិម (គឺជាក្រុងយេប៊ូស) ឯពួកសាសន៍យេប៊ូស ជាពួកអ្នកនៅស្រុកនោះ គេនៅទីក្រុងនោះនៅឡើយ។ 5ពួកអ្នកក្រុងយេប៊ូសបានពោលទៅព្រះបាទដាវីឌថា៖ «ឯងចូលមកក្នុងស្រុកនេះមិនបានឡើយ» ប៉ុន្តែ ព្រះបាទដាវីឌបានវាយចាប់យកទីមាំមួនស៊ីយ៉ូនបាន គឺជាក្រុងរបស់ព្រះបាទដាវីឌ។ 6ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកដឹកនាំ និងជាមេទ័ពធំ»។ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា បានឡើងទៅមុនគេ ហើយបានតែងតាំងធ្វើជាមេទ័ព។ 7ព្រះបាទដាវីឌបានគង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា «ក្រុងដាវីឌ»។ 8ទ្រង់បានសង់ទីក្រុងនោះឡើងនៅជុំវិញ ចាប់តាំងពីប៉មមីឡូរព័ទ្ធជុំវិញ ហើយយ៉ូអាប់បានជួសជុលទីក្រុងត្រង់កន្លែងឯទៀត។ 9ចំណែកព្រះបាទដាវីឌ បានកាន់តែថ្កុំថ្កើងឡើង ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់ជាមួយ។
ពួកអ្នកដ៏ខ្លាំងពូកែរបស់ព្រះបាទដាវីឌ
10រីឯពួកប្រធានក្នុងពួកខ្លាំងពូកែរបស់ព្រះបាទដាវីឌ ដែលកាន់ខាងទ្រង់ ជាមួយពួកអ៊ីស្រាអែលទាំងអស់ ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល 11នេះជាឈ្មោះរបស់ពួកអ្នកខ្លាំងពូកែរបស់ព្រះបាទដាវីឌ គឺយ៉ាសុបៀម ជាកូនរបស់ពួកហាក់ម៉ូនីម្នាក់ លោកជាមេលើអ្នកទាំងបី ហើយបានពួយលំពែង សម្លាប់មនុស្សបីរយនាក់ក្នុងពេលតែមួយ។ 12អ្នកបន្ទាប់ មានកូនដូដូរ ឈ្មោះអេលាសារ ជាពួកអ័ហូអា ដែលជាម្នាក់ក្នុងពួកមនុស្សខ្លាំងពូកែទាំងបីនាក់។ 13លោកបាននៅជាមួយព្រះបាទដាវីឌ នៅត្រង់ផាស់-ដាំមីម ក្នុងពេលដែលពួកភីលីស្ទីនបានប្រមូលគ្នាមកច្បាំង នៅកន្លែងដែលមានស្រែស្រូវឱក ហើយពួកទ័ពបានរត់ពីពួកភីលីស្ទីន។ 14ប៉ុន្តែ លោកអេលាសារ និងព្រះបាទដាវីឌបានឈរនៅកណ្ដាលស្រែ ហើយបានការពារ ព្រមទាំងសម្លាប់ពួកភីលីស្ទីនអស់ ព្រះយេហូវ៉ាបានជួយសង្គ្រោះគេ ដោយជ័យជម្នះយ៉ាងធំ។ 15មានបីនាក់ក្នុងចំណោមប្រធានទាំងសាមសិបនាក់នោះ គេបានទៅគាល់ព្រះបាទដាវីឌត្រង់ថ្មដា ក្នុងរអាងអាឌូឡាម នៅគ្រានោះ ពួកភីលីស្ទីនបានបោះទ័ពនៅច្រកភ្នំរេផែម។ 16ព្រះបាទដាវីឌបានគង់នៅក្នុងទីមាំមួន ហើយពួកភីលីស្ទីនមានទ័ពកងរក្សាស្រុកមួយក្រុងនៅភូមិបេថ្លេហិម។ 17ព្រះបាទដាវីឌបាននឹកកន្លេងក្នុងព្រះហឫទ័យ ហើយមានរាជឱង្ការថា៖ «អូ គួរមានអ្នកណាម្នាក់ដកទឹកអណ្តូង ដែលនៅមាត់ទ្វារភូមិបេថ្លេហិមមកឲ្យយើងផឹក!» 18បន្ទាប់មក អ្នកទាំងបីនោះបានបំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិមនោះ យកទឹកមកថ្វាយព្រះបាទដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយព្រះយេហូវ៉ាវិញ 19ដោយមានព្រះបន្ទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមឃាត់ទូលបង្គំ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬ?» ហេតុនោះហើយបានជាទ្រង់មិនព្រមសោយទឹកនោះ។ នេះហើយជាស្នាដៃរបស់អ្នកខ្លាំងពូកែទាំងបីនាក់បានធ្វើ។ 20ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ កូនសេរូយ៉ា លោកជាមេលើអ្នកទាំងសាមសិប ព្រោះលោកបានពួយលំពែងសម្លាប់មនុស្សបីរយនាក់ ហើយល្បីឈ្មោះក្នុងពួកបីនាក់នោះ។ 21លោកមានកេរ្តិ៍ឈ្មោះជាងគេ ក្នុងចំណោមអ្នកទាំងសាមសិប ហើយបានក្លាយជាមេបញ្ជាការលើពួកគេ តែលោកមិនស្មើនឹងអ្នកទាំងបីនោះឡើយ។
22ឯបេណាយ៉ា កូនយេហូយ៉ាដា លោកជាអ្នកខ្លាំងពូកែម្នាក់ នៅក្រុងកាបសៀល លោកជាអ្នកដែលបានធ្វើការយ៉ាងពូកែ លោកបានសម្លាប់កូនប្រុសពីរនាក់របស់ អ័រាល នៅស្រុកម៉ូអាប់។ លោកក៏បានចុះទៅក្នុងរណ្តៅ ហើយសម្លាប់សត្វសិង្ហមួយនៅថ្ងៃមានធ្លាក់ព្រឹល។ 23លោកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសម្បើម កម្ពស់ប្រាំហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែងមួយប៉ុនផ្សំតម្បាញ តែលោកចុះទៅប្រយុទ្ធ កាន់តែដំបងប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សម្លាប់ដោយលំពែងរបស់អ្នកនោះទៅ។ 24នេះហើយជាស្នាដៃដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយមានឈ្មោះល្បីនៅក្នុងចំណោមពួកខ្លាំងពូកែទាំងបីនាក់នោះ។ 25លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ ហើយព្រះបាទដាវីឌបានតាំងលោកឲ្យត្រួតលើពួកកងអង្គរក្ស។
26ឯមនុស្សខ្លាំងពូកែក្នុងចំណោមពលទ័ពទាំងប៉ុន្មាន គឺអេសាអែល ជាប្អូនយ៉ូអាប់ អែលហាណាន ជាកូនដូដូរ ដែលនៅក្រុងបេថ្លេហិម 27សាំម៉ូតជាអ្នកស្រុកហារ៉ូដ ហេលែសជាអ្នកស្រុកពេឡូន 28អ៊ីរ៉ាជាកូនអ៊ីកកែស ជាអ្នកក្រុងត្កូអា អ័បៀស៊ើរជាអ្នកនៅក្រុងអាណាថោត 29ស៊ីបាកាយជាអ្នកស្រុកហ៊ូសាយ អ៊ីឡាយជាអ្នកស្រុកអ័ហូអា 30ម៉ាហារ៉ាយជាអ្នកក្រុងនថូផា ហេលែបកូនប្អាណាជាអ្នកក្រុងនថូផា 31អ៊ីតតាយកូនរីបាយ ជាអ្នកក្រុងគីបៀន ក្នុងពួកកូនចៅបេនយ៉ាមីន បេណាយ៉ាជាអ្នកស្រុកពីរ៉ាថូន 32ហ៊ូរ៉ាយជាអ្នកស្រុកណាហាលេ-កាអាស អ័បៀល ជាអ្នកស្រុកអើរ៉ាបា 33អាសម៉ាវែតជាអ្នកស្រុកបាហ៊ូរីម អេលីយ៉ាបាជាអ្នកស្រុកស្អាឡាប៊ីន 34ហាសេម ជាអ្នកស្រុកគីសូន យ៉ូណាថានកូនសាកេ ជាអ្នកស្រុកហារ៉ារី 35អ័ហ៊ីយ៉ាម កូនសាកើរជាអ្នកស្រុកហារ៉ារី អេលីផាលជាកូនអ៊ើរ 36ហេភើរជាអ្នកស្រុកមេកេរ៉ា អ័ហ៊ីយ៉ាជាអ្នកស្រុកពេឡូន 37ហែស្រូជាអ្នកស្រុកកើមែល ណ្អារ៉ាយជាកូនអែសបាយ 38យ៉ូអែលជាប្អូនណាថាន់ មីបហាជាកូនហាគ្រី 39សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយជាអ្នកស្រុកបេរ៉ូត ដែលកាន់គ្រឿងសស្ត្រាវុធឲ្យយ៉ូអាប់ ជាកូនសេរូយ៉ា 40អ៊ីរ៉ាជាអ្នកស្រុកយេធើ ការេបជាអ្នកស្រុកយេធើ 41អ៊ូរីជាសាសន៍ហេត សាបាឌជាកូនអ័ឡាយ 42អ័ឌីណាជាកូនស៊ីសា ក្នុងពួករូបេន ជាអ្នកប្រធានក្នុងពួករូបេន ព្រមទាំងសាមសិបនាក់នៅជាមួយដែរ 43ហាណានជាកូនម្អាកា យ៉ូសាផាតជាអ្នកស្រុកមីតនី 44អ៊ូស៊ីយ៉ាជាអ្នកស្រុកអាសថារ៉ូត សាម៉ា និងយេហ៊ីអែល កូនហូថាម ជាអ្នកស្រុកអារ៉ូអ៊ើរ 45យេឌីអែលជាកូនស៊ីមរី និងយ៉ូហាជាប្អូនគាត់ ជាអ្នកស្រុកធីសា 46អេលាលជាអ្នកស្រុកម៉ាហាវីម យេរីបាយ និងយ៉ូសាវាជាកូនអែលណ្អាម យីតម៉ា ជាសាសន៍ម៉ូអាប់ 47អេលាល អូបិឌ និងយ្អាសៀល ជាពួកអ្នកស្រុកមេសូបាយ៉ា។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies