១ របា‌ក្សត្រ 12

12
ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ស៊ីកឡាក់
1នៅ​គ្រា​ដែល​ព្រះបាទ​ដាវីឌ​កំពុង​តែ​ពួន​ពី​ស្ដេច​សូល ជា​បុត្រ​គីស នៅ​ត្រង់​ក្រុង​ស៊ីកឡាក់ មាន​ពួក​អ្នក​ខ្លះ​បាន​មក​តាម​ទ្រង់ ជា​ពួក​អ្នក​ខ្លាំង​ពូកែ​ដែល​បាន​ជួយ​ទ្រង់​ក្នុង​ចម្បាំង។ 2ពួក​គេ​សុទ្ធ​តែ​មាន​ធ្នូ ហើយ​ស្ទាត់​បាញ់​ព្រួញ និង​គ្រួស ទាំង​ដៃ​ឆ្វេង ទាំង​ដៃ​ស្តាំ​ផង ជា​ជំនួរ​វង្ស​របស់​បង‌ប្អូន​ស្ដេច​សូល ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។ 3អ្នក​ដែល​ជា​មេ​លើ​គេ គឺ​អ័ហ៊ី‌យេស៊ើរ បន្ទាប់​មក មាន​យ៉ូអាស ជា​កូន​សេម៉ា‌អា ជា​អ្នក​ក្រុង​គី‌បៀរ យេស៊ាល និង​ពេលេត ជា​កូន​អាស‌ម៉ាវែត បេរ៉ាកា យេហ៊ូ ជា​អ្នក​ក្រុង​អាណា‌ថោត 4យីស‌ម៉ាយ៉ា ជា​អ្នក​ក្រុង​គីបៀន ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​សាមសិប​នាក់​នោះ ហើយ​ជា​មេ​លើ​គេ និង​យេ‌រេមី យ៉ាហា‌សៀល យ៉ូ‌ហា‌ណាន យ៉ូសា‌បាឌ ជា​អ្នក​ស្រុក​កេដេ‌រ៉ា 5អេលូ‌សាយ យេរេ‌ម៉ូត ប្អាលា សេម៉ា‌រីយ៉ា សេផា‌ធា ជា​អ្នក​ស្រុក​ហារ៉ូប 6អែល‌កា‌ណា យីសយ៉ា អ័សារាល យ៉ូអេ‌ស៊ើរ យ៉ាសុ‌បៀម ជា​ពួក​កូរេ 7ហើយ​យ៉ូអេ‌ឡា និង​សេបា‌ឌា ជា​កូន​យេរ៉ូ‌ហាំ ជា​អ្នក​ស្រុក​កេដោរ។
8មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ បាន​ទៅ​ខាង​ព្រះបាទ​ដាវីឌ ក្នុង​ជម្រក​មួយ​នៅ​ទី​រហោ‌ស្ថាន គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ស្ទាត់​ក្នុង​ចម្បាំង ក៏​ចេះ​ប្រើ​ទាំង​ខែល និង​លំពែង គេ​មាន​មុខ​ដូច​ជា​មុខ​សិង្ហ ហើយ​ក៏​រហ័ស​ដូច​ជា​ឈ្លូស​នៅ​លើ​ភ្នំ 9គឺ​អេស៊ើរ ជា​មេ​លើ​គេ អ្នក​បន្ទាប់​គឺ អូបា‌ឌា ទី​បី អេលាប 10ទី​បួន មីសម៉ា‌ណា ទី​ប្រាំ យេ‌រេមី 11ទី​ប្រាំមួយ អ័ថាយ ទី​ប្រាំពីរ អេលាល 12ទី​ប្រាំបី យ៉ូ‌ហា‌ណាន ទី​ប្រាំបួន អែលសា‌បាឌ 13ទី​ដប់ យេ‌រេមី និង​ទី​ដប់មួយ គឺ​ម៉ាបា‌ណាយ។ 14ពួក​កូន​ចៅ​កាដ​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ពល‌ទ័ព អ្នក​ដែល​ខ្សោយ​ជាង​គេ នោះ​ក៏​ស្មើ​នឹង​មួយរយ​នាក់ ហើយ​អ្នក​ដែល​ខ្លាំង​ជាង​គឺ​ស្មើ​នឹង​មួយ​ពាន់​នាក់។ 15ទាំង​នេះ​ជា​ពួក​អ្នក​ដែល​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់​នៅ​ខែ​ទី​មួយ ក្នុង​វេលា​ដែល​ទន្លេ​បាន​ឡើង​លិច​ច្រាំង​ទាំង​អស់ ពួក​គេ​ច្បាំង​នឹង​ពួក​មនុស្ស​នៅ​ច្រក​ភ្នំ​ទាំង​អស់ នៅ​ខាង​កើត និង​ខាង​លិច​ផង ក៏​បំបាក់​ទ័ព​ឲ្យ​គេ​រត់​ទៅ។
16មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​បេនយ៉ាមីន និង​យូដា បាន​មក​គាល់​ព្រះបាទ​ដាវីឌ នៅ​ឯ​ជម្រក​នោះ។ 17ព្រះបាទ​ដាវីឌ​បាន​ចេញ​ទៅ​ទទួល​គេ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​មក​ក្នុង​បំណង​មិត្ត​ភាព ដើម្បី​នឹង​ជួយ​ខ្ញុំ​ពិត នោះ​ចិត្ត​ខ្ញុំ​នឹង​មូល​ជាប់​នឹង​អ្នក​រាល់​គ្នា តែ​ប្រសិន‌បើ​មក ដើម្បី​ក្បត់ បញ្ជូន​ខ្ញុំ​ទៅ​ពួក​ខ្មាំង​សត្រូវ ដែល​ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នោះ សូម​ឲ្យ​ព្រះ​នៃ​បុព្វ‌បុរស​យើង​រាល់​គ្នា​ទត​មើល ហើយ​កាត់​ទោស​អ្នក​ចុះ»។ 18ព្រះ‌វិញ្ញាណ​បាន​មក​សណ្ឋិត​នៅ​លើ​អ័ម៉ា‌សាយ ជា​មេ​លើ​ពួក​សាមសិប​នាក់ ហើយ​លោក​ទូល​ថា៖
«ឱ ព្រះបាទ​ដាវីឌ​អើយ
យើង​ខ្ញុំ​រាល់​គ្នា​ជា​របស់​ព្រះ‌ករុណា​ហើយ!
ឱ​បុត្រ​អ៊ីសាយ​អើយ
យើង​ខ្ញុំ​កាន់​ខាង​ព្រះ‌ករុណា​ហើយ
សូម​ព្រះ‌ករុណា​បាន​ប្រកប​ដោយ
សេចក្ដី​សុខ​ចម្រើន
ព្រម​ទាំង​ពួក​អ្នក​ដែល​ជួយ​ខាង​ព្រះ‌ករុណា​ផង
ដ្បិត​ព្រះ​របស់​ព្រះ‌ករុណា
បាន​ជួយ​ព្រះ‌ករុណា​ហើយ»។
បន្ទាប់​មក ព្រះបាទ​ដាវីឌ​ក៏​ទទួល​គេ ហើយ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​លើកង​ទាហាន។
19ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​មាន​អ្នក​ខ្លះ​បាន​មក​ចូល​ខាង​ព្រះបាទ​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ​ច្បាំង​នឹង​ស្ដេច​សូល ជា‌មួយ​ពួក​ភីលី‌ស្ទីន (តែ​មិន​បាន​ជួយ​គេ​ទេ ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលី‌ស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា៖ «ក្រែង​គាត់​ចូល​ដៃ​ខាង​ស្ដេច​សូល ជា​ចៅ‌ហ្វាយ​គាត់​វិញ ហើយ​នាំ​ឲ្យ​យើង​អន្តរាយ»)។ 20នៅ​ពេល​ដែល​ទ្រង់​វិល​ទៅ​ក្រុង​ស៊ីកឡាក់​វិញ មាន​ពួក​ម៉ាណា‌សេ​ខ្លះ​ចូល​ខាង​ទ្រង់ គឺ​អ័ឌណា យ៉ូសា‌បាឌ យេឌី‌អែល មីកែល យ៉ូសា‌បាឌ អេលី‌ហ៊ូវ និង​ស៊ីល‌ថាយ ដែល​សុទ្ធ​តែ​ជា​មេ​លើ​ទ័ព​នៃ​ពួក​ម៉ាណា‌សេ​មួយ​ពាន់​នាក់។ 21អ្នក​ទាំង​នោះ​បាន​ជួយ​ព្រះបាទ​ដាវីឌ​ទាស់​នឹង​ពួក​ចោរ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជា​មេ​ទ័ព​ផង។ 22ជា​រៀង​រាល់​ថ្ងៃ មាន​មនុស្ស​ចូល​មក​ខាង​ព្រះបាទ​ដាវីឌ ដើម្បី​ជួយ​ទ្រង់ រហូត​ដល់​មាន​ពួក​ទ័ព​យ៉ាង​សន្ធឹក គឺ​ដូច​ជា​ពួក​ពល​នៃ​ព្រះ។
ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ នៅ​ក្រុង​ហេប្រុន
23អ្នក​ទាំង​នេះ ជា​ពួក​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ ដែល​មក​តាម​ព្រះបាទ​ដាវីឌ នៅ​ក្រុង​ហេប្រុន ដើម្បី​នឹង​ផ្ទេរ​រាជ្យ​របស់​ស្ដេច​សូល​មក​ព្រះបាទ​ដាវីឌ​វិញ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា មាន​ចំនួន​ដូច​ត​ទៅ​នេះ 24គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង ប្រុង​នឹង​ទៅ​ច្បាំង​ហើយ មាន​ប្រាំមួយ​ពាន់​ប្រាំបី​រយ​នាក់។ 25ខាង​ពួក​កូន​ចៅ​ស៊ីម្មាន មាន​ពួក​មនុស្ស​ខ្លាំង​ពូកែ សម្រាប់​ចេញ​ទៅ​ច្បាំង​ប្រាំពីរ​ពាន់​មួយ​រយ​នាក់។ 26ខាង​ពួក​កូន​ចៅ​លេវី​មាន​បួន​ពាន់​ប្រាំមួយ​រយ​នាក់ 27ហើយ​យេហូ‌យ៉ា‌ដា ជា​មេ​ពួក​វង្ស​លោក​អើរ៉ុន ក៏​មាន​បី​ពាន់​ប្រាំពីរ​រយ​នាក់​មក​ជា‌មួយ​លោក​ដែរ។ 28មាន​សាដុក​ជា​មនុស្ស​កំលោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេទ័ព​ម្ភៃពីរ​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក។ 29ខាង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​សាច់​ញាតិ​ព្រះបាទ​សូល មាន​បី​ពាន់​នាក់ ដ្បិត​ដរាប​ដល់​គ្រា​នោះ ចំណែក​ពួក​បេនយ៉ាមីន​ជា​ច្រើន​គ្នា គេ​បាន​នៅ​តែ​ស្មោះ‌ត្រង់​នឹង​ពួក​វង្ស​របស់​ស្ដេច​សូល។ 30ខាង​ពួក​កូន​ចៅ​អេប្រាអិម មាន​ពីរ​ម៉ឺន​ប្រាំបី​រយ​នាក់ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ជំនួរ​វង្ស​របស់​ឪពុក​គេ។ 31ខាង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​នោះ មាន​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់ ដែល​បាន​តម្រូវ​ឈ្មោះ ឲ្យ​មក​អភិសេក​ព្រះបាទ​ដាវីឌ​ឡើង​ជា​ស្តេច។ 32ខាង​ពួក​កូន​ចៅ​អ៊ីសា‌ខារ មាន​មនុស្ស​ដែល​អាច​សម្គាល់​ពេល​វេលា អាច​ដឹង​ថា​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​ពីររយ​នាក់ ហើយ​ពួក​បង‌ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់។ 33ខាង​ពួក​សាប់‌យូឡូន មាន​ប្រាំ​ម៉ឺន​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក​ហាត់ ប្រដាប់​ដោយ​គ្រឿង​សស្ត្រា‌វុធ​គ្រប់​មុខ​សម្រាប់​ចេញ​ទៅ​ច្បាំង ដើម្បី​ជួយ​ដាវីឌ​ដោយ​ចិត្ត​ស្មោះ។ 34ខាង​ពួក​ណែប‌ថា‌លី មាន​មេទ័ព​មួយ​ពាន់​នាក់ ហើយ​មាន​បី​ម៉ឺន​ប្រាំពីរ​ពាន់​នាក់​ដែល​កាន់​ខែល និង​លំពែង​មក​ជា‌មួយ​គេ​ដែរ។ 35ខាង​ពួក​ដាន់ មាន​ពីរ​ម៉ឺន​ប្រាំបី​ពាន់​ប្រាំមួយ​រយ​នាក់ ដែល​ថ្នឹក​នឹង​ចម្បាំង។ 36ខាង​ពួក​អេស៊ើ មាន​ពីរ​ម៉ឺន​នាក់​ដែល​អាច​ចេញ​ទៅ​ជា‌មួយ​ពល‌ទ័ព ជា​មនុស្ស​ថ្នឹក​នឹង​ចម្បាំង​ដែរ។ 37នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ក្នុង​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង មាន​ចំនួន​មួយ​សែន​ពីរ​ម៉ឺន​នាក់​ដែល​មាន​គ្រឿង​ចម្បាំង​គ្រប់​មុខ។
38ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ក្នុង​ចម្បាំង បាន​មក​ដល់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​នឹង​អភិសេក​ទ្រង់​ឡើង​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តែង​តាំង​ព្រះបាទ​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ។ 39ពួក​គេ​នៅ​ទី​នោះ​ជា‌មួយ​ព្រះបាទ​ដាវីឌ​អស់​រយៈ​ពេល​បី​ថ្ងៃ មាន​ការ​ជប់លៀង​ផង ដ្បិត​ពួក​បង‌ប្អូន​គេ​បាន​រៀបចំ​ទទួល។ 40មួយ​ទៀត ពួក​ណា​ដែល​នៅ​ជិត​ល្មម​ត្រឹម​ពួក​អ៊ីសា‌ខារ ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី គេ​បាន​យក​ស្បៀង​អាហារ​ផ្ទុក​លើ​សត្វ​លា អូដ្ឋ លា‌កាត់ និង​គោ​មក​ដែរ គឺ​មាន​នំបុ័ង ផែន​ល្វា​ក្រៀម ចង្កោម​ទំពាំង‌បាយ‌ជូរ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គោ និង​ចៀម​យ៉ាង​សន្ធឹក ដ្បិត​មាន​អំណរ​អរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 12: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល