ម៉ាថាយ 28

28
ណាពី​អ៊ីសា​បាន​រស់​ឡើង​វិញ
1ក្រោយ​ថ្ងៃ​ជំអាត់ គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ។ 2ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ ចុះ​ពី​សូរ៉កា​មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។ 3ម៉ាឡា‌អ៊ីកាត់​នោះ​មាន​ទ្រង់‌ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ និង​មាន​សម្លៀក‌បំពាក់​ស​ដូច​សំឡី។ 4ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។ 5ម៉ាឡា‌អ៊ីកាត់​និយាយ​ទៅ​កាន់​ស្ដ្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗ មក​រក​អ៊ីសា ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង។ 6អ៊ីសា​មិន​នៅ​ទី​នេះ​ទេ អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ដូច​គាត់​មាន​ប្រសាសន៍​រួច​មក​ហើយ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​សព​គាត់​ឯ​ណេះ​សិន 7ហើយ​សឹម​អញ្ជើញ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​អ៊ីសា​ជា​ប្រញាប់ ថា​គាត់​បាន​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ​គាត់​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​អ៊ីសា សុំ​នាង​ជ្រាប!»។
8ស្ដ្រី​ទាំង​នោះ​ប្រញាប់‌ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជម្រាប​ពួក​សិស្ស។ 9ពេល​នោះ ស្រាប់​តែ​អ៊ីសា​មក​ជួប​ពួក​នាង គាត់​មាន​ប្រសាសន៍​ថា៖ «សាឡាមមូអាឡៃគុម!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​អោប​ជើង ហើយ​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា។ 10អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ទៅ​ប្រាប់​បង​ប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។
11កាល​ស្ដ្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ទី‌ក្រុង ជម្រាប​ពួក​អ៊ីមុាំ អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​ឡើង។ 12ពួក​អ៊ីមុាំ​ក៏​ប្រជុំ​ពិភាក្សា​គ្នា ជា​មួយ​ពួក​អះលី‌ជំអះ ហើយ​សម្រេច​ចិត្ដ​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន 13ទាំង​ប្រាប់​ថា៖ «ត្រូវ​និយាយ​ថា “ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់”។ 14ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសា‌ភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស»។
15ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​ក៏​លេច​ឮ​សុស‌សាយ​ក្នុង​ចំណោម​ជន‌ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។
ណាពី​អ៊ីសា​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ
16សិស្ស​ទាំង​ដប់​មួយ​នាក់ នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​អ៊ីសា​បាន​ប្រាប់​ឲ្យ​គេ​ទៅ។ 17កាល​គេ​បាន​ឃើញ​អ៊ីសា គេ​ក្រាប​ថ្វាយ‌បង្គំ ប៉ុន្ដែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។ 18អ៊ីសា​ចូល​មក​ជិត​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​សូរ៉កា ទាំង​នៅ​លើ​ផែនដី។ 19ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​នាម​អុលឡោះ​ជា​បិតា​អ៊ីសា​ជា​បុត្រា និង​រស‌អុលឡោះ​ដ៏​វិសុទ្ធ។ 20ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 28: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល