ម៉ាកុស 1
1
ណាពីយ៉ះយ៉ាប្រៀនប្រដៅបណ្ដាជន
1ដំណឹងល្អអំពីអ៊ីសាអាល់ម៉ាហ្សៀសជាបុត្រា របស់អុលឡោះចាប់ផ្ដើមដូចតទៅៈ 2ក្នុងគីតាបណាពីអេសាយមានចែងទុកមកថា៖
«យើងចាត់អ្នកនាំសារយើងឲ្យទៅមុនអ្នក
ដើម្បីរៀបចំផ្លូវជូនអ្នក។
3 មានសំឡេងបុរសម្នាក់ ស្រែកនៅវាលរហោស្ថាន
ថាៈ “ចូររៀបចំផ្លូវរបស់អម្ចាស់
ចូរតម្រង់ផ្លូវជូនគាត់”»។
4ពេលនោះយ៉ះយ៉ាមកដល់ ស្របតាមអាយិតគីតាបនេះមែន ហើយធ្វើពិធីជ្រមុជទឹកនៅវាលរហោស្ថាន។ គាត់ប្រកាសឲ្យមនុស្សម្នាកែប្រែចិត្ដគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីអុលឡោះលើកលែងទោសឲ្យរួចពីបាប។ 5អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកយ៉ះយ៉ា។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយយ៉ះយ៉ាក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។ 6យ៉ះយ៉ាស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្ដូប និងទឹកឃ្មុំ។ 7យ៉ះយ៉ាប្រកាសប្រាប់បណ្ដាជនថា៖ «អ្នកដែលមានកម្លាំងខ្លាំងជាងខ្ញុំ នឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែអោនស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង។ 8ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក រីឯគាត់វិញ គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងរសអុលឡោះដ៏វិសុទ្ធ»។
ណាពីអ៊ីសាទទួលពិធីជ្រមុជទឹកហើយឈ្នះការល្បួង
9នៅគ្រានោះ អ៊ីសាមកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ អ៊ីសាបានទទួលពិធីជ្រមុជទឹកពីយ៉ះយ៉ា ក្នុងទន្លេយ័រដាន់។ 10ពេលអ៊ីសាឡើងពីទឹកមកភ្លាម គាត់ឃើញផ្ទៃមេឃរហែកជាពីរ ហើយរសអុលឡោះចុះមកដូចសត្វព្រាប មកសណ្ឋិតលើគាត់។ 11មានឮសំឡេងពីលើមេឃមកថា៖ «អ្នកជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នកណាស់!»។
12រំពេចនោះ រសអុលឡោះក៏នាំអ៊ីសាឆ្ពោះទៅវាលរហោស្ថាន។ 13អ៊ីសានៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវអ៊ីព្លេសហ្សៃតនល្បួង។ អ៊ីសានៅជាមួយសត្វព្រៃ ហើយមានពួកម៉ាឡាអ៊ីកាត់បម្រើគាត់ផង។
ណាពីអ៊ីសាហៅសិស្សបួននាក់
14ក្រោយគេចាប់យ៉ះយ៉ាយកទៅឃុំឃាំងអ៊ីសាទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់អុលឡោះ។ 15អ៊ីសាមានប្រសាសន៍ថា៖ «ពេលកំណត់មកដល់ហើយ រីឯនគររបស់អុលឡោះ ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្ដគំនិត ហើយជឿដំណឹងល្អចុះ!»។
16កាលអ៊ីសាដើរតាមឆ្នេរសមុទ្រកាលីឡេអ៊ីសាឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ 17អ៊ីសាមានប្រសាសន៍ទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ 18អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមអ៊ីសាទៅ។
19កាលអ៊ីសាទៅមុខបន្ដិច គាត់ឃើញយ៉ាកកូប និងយ៉ូហានជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។ 20អ៊ីសាហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមអ៊ីសាទៅ ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។
ណាពីអ៊ីសាប្រោសបុរសម្នាក់ ដែលមានអ៊ីព្លេសចូល
21អ៊ីសាចូលក្រុងកាពើណិមជាមួយពួកសិស្ស។ នៅថ្ងៃជំអាត់ អ៊ីសាចូលក្នុងសាលាប្រជុំ ហើយគាត់បង្រៀនអ្នកស្រុក។ 22អ្នកដែលបានស្ដាប់អ៊ីសាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលគាត់បង្រៀន ព្រោះគាត់ មានប្រសាសន៍ប្រកបដោយអំណាចខុសប្លែកពីពួកតួន។ 23នៅពេលនោះ ក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានអ៊ីព្លេសនៅក្នុងខ្លួន ស្រែកឡើងថា៖ 24«អ៊ីសាជាអ្នកភូមិណាសារ៉ែតអើយ! តើអ្នកចង់ធ្វើអ្វីយើង? អ្នកមកបំផ្លាញយើង! ខ្ញុំស្គាល់អ្នកហើយ អ្នកពិតជាអ្នកដ៏វិសុទ្ធ ដែលមកពីអុលឡោះ»។ 25អ៊ីសាគំរាមអ៊ីព្លេសនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ 26អ៊ីព្លេសក៏ធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។ 27មនុស្សម្នាទាំងអស់ ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! គាត់បង្រៀនតាមរបៀបថ្មី ប្រកបដោយអំណាច។ គាត់បញ្ជាទៅអ៊ីព្លេស ហើយអ៊ីព្លេសក៏ស្ដាប់បង្គាប់គាត់»។ 28កិត្ដិនាមរបស់អ៊ីសាល្បីខ្ចរខ្ចាយ ពាសពេញតំបន់កាលីឡេទាំងមូល។
ណាពីអ៊ីសាប្រោសអ្នកជំងឺជាច្រើនឲ្យជា
29អ៊ីសា និងសិស្សនាំគ្នាចេញពីសាលាប្រជុំទៅផ្ទះលោកស៊ីម៉ូន និងលោកអនទ្រេ យ៉ាកកូប និងយ៉ូហាន ក៏ទៅជាមួយដែរ។ 30ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្តនៅលើគ្រែ។ ពេលអ៊ីសាទៅដល់គេជម្រាបអ៊ីសាភ្លាមថាគាត់ឈឺ។ 31អ៊ីសាចូលទៅជិត ចាប់ដៃគាត់ឲ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។
32លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សអ៊ីព្លេសចូលទាំងអស់ មករកអ៊ីសា។ 33អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារក្រុង។ 34អ៊ីសាប្រោសមនុស្សជាច្រើននាក់ ដែលមានជំងឺផ្សេងៗឲ្យបានជាសះស្បើយ ហើយអ៊ីសាដេញអ៊ីព្លេសជាច្រើនចេញពីមនុស្សផង អ៊ីសាមិនអនុញ្ញាតឲ្យអ៊ីព្លេសនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់អ៊ីសា។
អ៊ីសាចាកចេញពីក្រុងកាពើណិម
35ព្រឹកឡើង កាលងងឹតនៅឡើយ អ៊ីសាក្រោកឡើង គាត់ចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយទូរអានៅទីនោះ។ 36លោកស៊ីម៉ូន និងអ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកអ៊ីសា។ 37លុះបានជួបហើយគេជម្រាបថា៖ «គេខំស្វែងរកតួនគ្រប់ៗគ្នា»។ 38អ៊ីសាបានប្រាប់ទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះឯង»។
39អ៊ីសាទៅគ្រប់ទីកន្លែង ក្នុងស្រុកកាលីឡេហើយប្រកាសដំណឹងល្អនៅតាមសាលាប្រជុំទាំងឡាយ ព្រមទាំងដេញអ៊ីព្លេសចេញពីមនុស្សផង។
ណាពីអ៊ីសាប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា
40មានមនុស្សឃ្លង់ម្នាក់ចូលមករកអ៊ីសា គាត់លុតជង្គង់ អង្វរអ៊ីសាថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យបានជាស្អាតបរិសុទ្ធផង»។ 41អ៊ីសាអាណិតអាសូរគាត់ពន់ពេកណាស់ អ៊ីសាក៏លូកដៃទៅពាល់គាត់ ទាំងមានប្រសាសន៍ថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតចុះ!»។ 42មនុស្សឃ្លង់ក៏បានជាស្អាតភ្លាម។ 43បន្ទាប់មក អ៊ីសាដេញគាត់ឲ្យចេញទៅភ្លាម ទាំងមានប្រសាសន៍យ៉ាងតឹងរ៉ឹងថា៖ 44«ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយហេតុការណ៍នេះប្រាប់ឲ្យនរណាដឹងឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំរួចជូនជំនូន ដូចណាពីម៉ូសាបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតមែន»។ 45ប៉ុន្ដែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឲ្យគេដឹង។ ហេតុនេះហើយបានជាអ៊ីសាមិនអាចចូលទីក្រុង ដូចពីមុនបានទៀតឡើយ គឺអ៊ីសានៅតែខាងក្រៅទីក្រុងត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកជួបអ៊ីសា។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.