ម៉ាថាយ 27
27
ក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោសណាពីអ៊ីសា
1លុះព្រឹកឡើងពួកអ៊ីមុាំ និងអះលីជំអះទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្ដសម្លាប់អ៊ីសា។ 2គេក៏ចងអ៊ីសា បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។
ប្រាក់បង់ថ្លៃឈាម
3កាលយូដាស ជាអ្នកដែលនាំគេមកចាប់អ៊ីសា ឃើញគេកាត់ទោសអ៊ីសាដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឲ្យពួកអ៊ីមុាំ និងពួកអះលីជំអះវិញ 4ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្ដអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឲ្យគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។ 5យូដាសបាចប្រាក់នោះនៅក្នុងម៉ាស្ជិទ ហើយចេញទៅចងកសម្លាប់ខ្លួន។
6ពួកអ៊ីមុាំរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានហ៊ូកុំនឹងបញ្ចូលប្រាក់នេះទៅក្នុងហិបជំនូនឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម»។ 7ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។ 8ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតមកទល់សព្វថ្ងៃ។ 9ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈណាពីយេរេមាថា៖ «គេបានយកប្រាក់សាមសិបស្លឹង ជាប្រាក់ដែលជនជាតិអ៊ីស្រអែលសន្មតថាជាថ្លៃទិញលោកនោះ 10ហើយគេបានយកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចអុលឡោះជាអម្ចាស់បង្គាប់មកខ្ញុំ»។
លោកពីឡាតកាត់ទោសប្រហារជីវិតណាពីអ៊ីសា
11អ៊ីសា ឈរនៅចំពោះមុខលោកទេសាភិបាលគាត់សួរអ៊ីសាថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ អ៊ីសាមានប្រសាសន៍ថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
12ពួកអ៊ីមុាំ និងពួកអះលីជំអះនាំគ្នាចោទប្រកាន់អ៊ីសា តែអ៊ីសាពុំឆ្លើយអ្វីទាល់តែសោះ។ 13លោកពីឡាតសួរអ៊ីសាថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។ 14អ៊ីសាពុំបានឆ្លើយមួយម៉ាត់សោះឡើយ ជាហេតុនាំឲ្យលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។
15ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យរំលង លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ 16នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះបារ៉ាបាស។ 17កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា ដោះលែងបារ៉ាបាស ឬអ៊ីសាហៅអាល់ម៉ាហ្សៀស?»។ 18លោកពីឡាតនិយាយដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនអ៊ីសាមកលោក ព្រោះគេមានចិត្ដច្រណែន។
19នៅពេលដែលលោកពីឡាត អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។
20ពួកអ៊ីមុាំ និងពួកអះលីជំអះនាំគ្នាញុះញង់បណ្ដាជន ឲ្យសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតអ៊ីសា។ 21លោកទេសាភិបាលសួរទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស!»។ 22លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់ឈ្មោះ អ៊ីសា ហៅអាល់ម៉ាហ្សៀសនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។ 23លោកសួរថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី?» គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។ 24ដោយលោកពីឡាតឃើញថា និយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។ 25ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។ 26លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯអ៊ីសាវិញ លោកឲ្យគេវាយនឹងរំពាត់ រួចបញ្ជូនគាត់ទៅឲ្យគេឆ្កាង។
ទាហានមើលងាយ និងធ្វើបាបណាពីអ៊ីសា
27ពួកទាហានរបស់លោកទេសាភិបាលនាំអ៊ីសាទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមគាត់។ 28គេដោះសម្លៀកបំពាក់របស់អ៊ីសាចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ឲ្យគាត់។ 29គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើក្បាលអ៊ីសា និងយកដើមត្រែងមកដាក់ក្នុងដៃស្ដាំឲ្យគាត់កាន់ រួចគេនាំគ្នាលុតជង្គង់មុខគាត់ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ 30គេស្ដោះទឹកមាត់ដាក់អ៊ីសា និងយកដើមត្រែងនោះវាយក្បាលគាត់ទៀតផង។ 31ក្រោយពីបានប្រមាថមើលងាយអ៊ីសារួចហើយ ពួកគេដោះអាវធំចេញ យកសម្លៀកបំពាក់របស់អ៊ីសាមកបំពាក់ឲ្យអ៊ីសាវិញ រួចបណ្ដើរនាំយកទៅឆ្កាង។
គេឆ្កាងណាពីអ៊ីសា
32ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់អ៊ីសា។ 33លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» 34គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកឲ្យអ៊ីសាពិសា។ អ៊ីសាក្រេបបន្ដិច គាត់ពុំព្រមពិសាទេ។
35ក្រោយពីឆ្កាងអ៊ីសារួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់អ៊ីសាមកចាប់ឆ្នោតចែកគ្នា 36រួចអង្គុយយាមគាត់នៅទីនោះ។ 37គេបានសរសេរប្រកាស អំពីហេតុដែលគេធ្វើទោសអ៊ីសាថា «អ្នកនេះឈ្មោះអ៊ីសា ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើអ៊ីសា។ 38ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយអ៊ីសាដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។
39មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយអ៊ីសា គ្រវីក្បាលដាក់គាត់ 40ទាំងពោលថា៖ «អ្នករុះម៉ាស្ជិទ ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាបុត្រារបស់អុលឡោះមែន អញ្ជើញចុះពីឈើឆ្កាងមក!»។ 41រីឯពួកអ៊ីមុាំ ពួកតួន និងពួកអះលីជំអះក៏នាំគ្នាចំអកដាក់អ៊ីសាដូចគេដែរ ដោយពោលថា៖ 42«គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ! គាត់ជាស្ដេចអ៊ីស្រអែល ឲ្យគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង! 43គាត់បានទុកចិត្ដលើអុលឡោះ បើអុលឡោះគាប់ចិត្តនឹងគាត់មែន សូមឲ្យទ្រង់ដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាបុត្រារបស់អុលឡោះ”»។
44សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយអ៊ីសាក៏ជេរប្រមាថអ៊ីសាដូច្នោះដែរ។
ណាពីអ៊ីសាស្លាប់
45ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល។ 46ប្រមាណជាម៉ោងបីរសៀល អ៊ីសាស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំ អុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុអ្វីបានជាទ្រង់បោះបង់ខ្ញុំចោលដូច្នេះ?»។ 47អ្នកខ្លះឈរនៅទីនោះបានឮពាក្យរបស់អ៊ីសា ក៏ពោលថា៖ «គាត់ហៅណាពីអេលីយ៉េស!»។ 48រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចឲ្យអ៊ីសាពិសា។ 49ប៉ុន្ដែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍! តើណាពីអេលីយ៉េសមកសង្គ្រោះគាត់ឬទេ?»។
50អ៊ីសាស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។ 51ពេលនោះ វាំងនននៅក្នុងម៉ាស្ជិទរហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា 52ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏បរិសុទ្ធជាច្រើនបានរស់ឡើងវិញ 53និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលអ៊ីសាមានជិវិតរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងបរិសុទ្ធ ព្រមទាំងបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញផង។
54កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមអ៊ីសា បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «គាត់នេះ ពិតជាបុត្រារបស់អុលឡោះមែន!»។
55នៅទីនោះ មានស្ដ្រីជាច្រើនមើលពីចម្ងាយ គឺស្ដ្រីៗដែលតាមបម្រើអ៊ីសា តាំងពីស្រុកកាលីឡេមក។ 56ក្នុងចំណោមស្ដ្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយរបស់យ៉ាកកូប និងយូសុះ ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។
ការបញ្ចុះសពណាពីអ៊ីសា
57លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយូសុះ ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់អ៊ីសាដែរ។ 58គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកសពអ៊ីសា។ លោកពីឡាតក៏បញ្ជាឲ្យគេប្រគល់សពមកគាត់។ 59យូសុះយកសពមករុំនឹងក្រណាត់ផាឌិបថ្មី 60រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មកគាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។ 61នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត ក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
62នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សម្រាក ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី នាំគ្នាទៅជួបលោកពីឡាត 63ជម្រាបថា៖ «លោក! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថាៈ “បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងរស់ឡើងវិញ”។ 64ហេតុនេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។ 65លោកពីឡាតប្រាប់ទៅគេថា៖ «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងឲ្យគេយាមផ្នូរ តាមអស់លោកយល់ឃើញទៅចុះ!»។ 66ពួកគេក៏នាំគ្នាចេញទៅចាត់ចែងឲ្យយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និងដាក់ទាហានឲ្យនៅយាមផង។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 27: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.