ម៉ាថាយ 27

27
ក្រុម‌ប្រឹក្សា​ជាន់​ខ្ពស់​កាត់​ទោស​ណាពី​អ៊ីសា
1លុះ​ព្រឹក​ឡើង​ពួក​អ៊ីមុាំ និង​អះលី‌ជំអះ​ទាំង​អស់​របស់​ប្រជា‌ជន​ប្រជុំ​គ្នា ហើយ​សម្រេច​ចិត្ដ​សម្លាប់​អ៊ីសា។ 2គេ​ក៏​ចង​អ៊ីសា បញ្ជូន​ទៅ​លោក​ពីឡាត​ជា​ទេសា‌ភិបាល។
ប្រាក់​បង់​ថ្លៃ​ឈាម
3កាល​យូដាស ជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​អ៊ីសា ឃើញ​គេ​កាត់​ទោស​អ៊ីសា​ដូច្នេះ គាត់​សោក​ស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​វិញ 4ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ដ​អំពើ​បាប ព្រោះ​ខ្ញុំ​បាន​បញ្ជូន​មនុស្ស​ឥត​ទោស​ទៅ​ឲ្យ​គេ​បង្ហូរ​ឈាម»។ ពួក​គេ​ឆ្លើយ​ថា៖ «រឿង​នេះ​គ្មាន​ទាក់‌ទង​អ្វី​នឹង​យើង​ទេ ជា​រឿង​របស់​អ្នក​ទេ​តើ!»។ 5យូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។
6ពួក​អ៊ីមុាំ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ហ៊ូកុំ​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​ជំនូន​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម»។ 7ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​ចម្ការ​របស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។ 8ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​ឈាម» រហូត​មក​ទល់​សព្វ​ថ្ងៃ។ 9ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ណាពី​យេរេ‌មា​ថា៖ «គេ​បាន​យក​ប្រាក់​សាម‌សិប​ស្លឹង ជា​ប្រាក់​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​សន្មត​ថា​ជា​ថ្លៃ​ទិញ​លោក​នោះ 10ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ដូច​អុលឡោះ‌ជាអម្ចាស់​បង្គាប់​មក​ខ្ញុំ»។
លោក​ពីឡាត​កាត់​ទោស​ប្រហារ​ជីវិត​ណាពី​អ៊ីសា
11អ៊ីសា ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​គាត់​សួរ​អ៊ីសា​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។
12ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​នាំ​គ្នា​ចោទ​ប្រកាន់​អ៊ីសា តែ​អ៊ីសា​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។ 13លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «អ្នក​មិន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។ 14អ៊ីសា​ពុំ​បាន​ឆ្លើយ​មួយ​ម៉ាត់​សោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ទេសា​ភិបាល​ងឿង‌ឆ្ងល់​ជា​ខ្លាំង។
15ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​រំលង លោក​ទេសា​ភិបាល​តែងតែ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដា‌ជន។ 16នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​បារ៉ា‌បាស។ 17កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​បារ៉ា‌បាស ឬ​អ៊ីសា​ហៅ​អាល់ម៉ា‌ហ្សៀស?»។ 18លោក​ពីឡាត​និយាយ​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​អ៊ីសា​មក​លោក ព្រោះ​គេ​មាន​ចិត្ដ​ច្រណែន។
19នៅ​ពេល​ដែល​លោក​ពីឡាត អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ថា៖ «កុំ​ឡូក‌ឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ យប់​មិញ ព្រោះ​តែ​រឿង​បុរស​នេះ ខ្ញុំ​យល់‌សប្ដិ​អាក្រក់​ណាស់»។
20ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​នាំ​គ្នា​ញុះ‌ញង់​បណ្ដា‌ជន ឲ្យ​សុំ​ដោះ​លែង​បារ៉ា‌បាស និង​សុំ​ប្រហារ​ជីវិត​អ៊ីសា។ 21លោក​ទេសា​ភិបាល​សួរ​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។ 22លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ អ៊ីសា ហៅ​អាល់ម៉ា‌ហ្សៀស​នេះ?»។ គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។ 23លោក​សួរ​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់​អ្វី?» គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។ 24ដោយ​លោក​ពីឡាត​ឃើញ​ថា និយាយ​ទៅ​ឥត​បាន​ការ ហើយ​ផ្ទុយ​ទៅ​វិញ ឃើញ​គេ​កើត​ចលា‌ចល​កាន់​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្ដា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​បញ្ហា​របស់​អ្នក​រាល់​គ្នា​ទេ ខ្ញុំ​ឥត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហូរ​ឈាម​បុរស​នេះ​ឡើយ»។ 25ប្រជា‌ជន​ឆ្លើយ​ឡើង​ទាំង​អស់​គ្នា​ថា៖ «យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រហារ​ជីវិត​ជន​នេះ!»។ 26លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ា‌បាស រីឯ​អ៊ីសា​វិញ លោក​ឲ្យ​គេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​គាត់​ទៅ​ឲ្យ​គេ​ឆ្កាង។
ទាហាន​មើល‌ងាយ និង​ធ្វើ​បាប​ណាពី​អ៊ីសា
27ពួក​ទាហាន​របស់​លោក​ទេសា​ភិបាល​នាំ​អ៊ីសា​ទៅ​ក្នុង​ទី‌ធ្លា​បន្ទាយ ហើយ​ប្រមូល​គ្នី‌គ្នា​ក្នុង​កង​នោះ​មក​ចោម​រោម​គាត់។ 28គេ​ដោះ​សម្លៀកបំពាក់​របស់​អ៊ីសា​ចេញ ហើយ​យក​អាវ​ធំ ដែល​មាន​ពណ៌​ក្រហម​ទុំ មក​បំពាក់​ឲ្យ​គាត់។ 29គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ក្បាល​អ៊ីសា និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ដៃ​ស្ដាំ​ឲ្យ​គាត់​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​មុខ​គាត់ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។ 30គេ​ស្ដោះ​ទឹក​មាត់​ដាក់​អ៊ីសា និង​យក​ដើម​ត្រែង​នោះ​វាយ​ក្បាល​គាត់​ទៀត​ផង។ 31ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​អ៊ីសា​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​សម្លៀកបំពាក់​របស់​អ៊ីសា​មក​បំពាក់​ឲ្យ​អ៊ីសា​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។
គេ​ឆ្កាង​ណាពី​អ៊ីសា
32ពេល​ចេញ​ពី​ទី‌ក្រុង​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន គេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​អ៊ីសា។ 33លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» 34គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ឲ្យ​អ៊ីសា​ពិសា។ អ៊ីសា​ក្រេប​បន្ដិច គាត់​ពុំ​ព្រម​ពិសា​ទេ។
35ក្រោយ​ពី​ឆ្កាង​អ៊ីសា​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​អ៊ីសា​មក​ចាប់​ឆ្នោត​ចែក​គ្នា 36រួច​អង្គុយ​យាម​គាត់​នៅ​ទី​នោះ។ 37គេ​បាន​សរសេរ​ប្រកាស អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​អ៊ីសា​ថា «អ្នក​នេះ​ឈ្មោះ​អ៊ីសា ជា​ស្ដេច​ជន‌ជាតិ​យូដា» ហើយ​គេ​បោះ​ប្រកាស​នោះ នៅ​ពី​ខាង​លើ​អ៊ីសា។ 38ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​អ៊ីសា​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។
39មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ប្រមាថ​មើល‌ងាយ​អ៊ីសា គ្រវី​ក្បាល​ដាក់​គាត់ 40ទាំង​ពោល​ថា៖ «អ្នក​រុះ​ម៉ាស្ជិទ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ 41រីឯ​ពួក​អ៊ីមុាំ ពួក​តួន និង​ពួក​អះលី‌ជំអះ​ក៏​នាំ​គ្នា​ចំអក​ដាក់​អ៊ីសា​ដូច​គេ​ដែរ ដោយ​ពោល​ថា៖ 42«គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ! គាត់​ជា​ស្ដេច​អ៊ីស្រ‌អែល ឲ្យ​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​យើង​ជឿ​ផង! 43គាត់​បាន​ទុក​ចិត្ដ​លើ​អុលឡោះ បើ​អុលឡោះ​គាប់​ចិត្ត​នឹង​គាត់​មែន សូម​ឲ្យ​ទ្រង់​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​បុត្រា​របស់​អុលឡោះ”»
44សូម្បី​តែ​ចោរ​ព្រៃ​ដែល​ជាប់​ឆ្កាង​ជា​មួយ​អ៊ីសា​ក៏​ជេរ​ប្រមាថ​អ៊ីសា​ដូច្នោះ​ដែរ។
ណាពី​អ៊ីសា​ស្លាប់
45ផែនដី​ទាំង​មូល​ងងឹត​សូន្យ ចាប់​ពី​ពេល​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល។ 46ប្រមាណ​ជា​ម៉ោង​បី​រសៀល អ៊ីសា​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ​ឡាម៉ាសា‌បាច់‌ថានី!» ដែល​មាន​ន័យ​ថា «ឱ​អុលឡោះ‌ជាម្ចាស់​នៃ​ខ្ញុំ អុលឡោះ‌ជាម្ចាស់​នៃ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ខ្ញុំ​ចោល​ដូច្នេះ?»47អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ពាក្យ​របស់​អ៊ីសា ក៏​ពោល​ថា៖ «គាត់​ហៅ​ណាពី​អេលី‌យ៉េស!»។ 48រំពេច​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ឲ្យ​អ៊ីសា​ពិសា។ 49ប៉ុន្ដែ អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​ណាពី​អេលី‌យ៉េស​មក​សង្គ្រោះ​គាត់​ឬ​ទេ?»។
50អ៊ីសា​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។ 51ពេល​នោះ វាំងនន​នៅ​ក្នុង​ម៉ាស្ជិទ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា 52ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាក‌សព​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ជា​ច្រើន​បាន​រស់​ឡើង​វិញ 53និង​នាំ​គ្នា​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​អ៊ីសា​មាន​ជិវិត​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​បរិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។
54កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​អ៊ីសា បាន​ឃើញ​ផែនដី​រញ្ជួយ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង‌ឡាយ​កើត​ឡើង​ដូច្នេះ គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​ពោល​ថា៖ «គាត់​នេះ ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន!»។
55នៅ​ទី​នោះ មាន​ស្ដ្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ដ្រីៗ​ដែល​តាម​បម្រើ​អ៊ីសា តាំង​ពី​ស្រុក​កាលី‌ឡេ​មក។ 56ក្នុង​ចំណោម​ស្ដ្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារី ជា​ម្ដាយ​របស់​យ៉ាកកូប និង​យូសុះ ព្រម​ទាំង​ភរិយា​របស់​លោក​សេបេដេ​ជា​ដើម។
ការ​បញ្ចុះ​សព​ណាពី​អ៊ីសា
57លុះ​ដល់​ល្ងាច មាន​សេដ្ឋី​ម្នាក់ ឈ្មោះ​យូសុះ ជា​អ្នក​ក្រុង​អើរី‌ម៉ាថេ មក​ដល់ គាត់​ក៏​ជា​សិស្ស​របស់​អ៊ីសា​ដែរ។ 58គាត់​បាន​អញ្ជើញ​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​សព​អ៊ីសា។ លោក​ពីឡាត​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​សព​មក​គាត់។ 59យូសុះ​យក​សព​មក​រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី 60រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក​គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។ 61នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។
62នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀប‌ចំ​ថ្ងៃ​ឈប់​សម្រាក ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត 63ជម្រាប​ថា៖ «លោក! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថាៈ “បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ស្លាប់ ខ្ញុំ​នឹង​រស់​ឡើង​វិញ”។ 64ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជា‌ជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ 65លោក​ពីឡាត​ប្រាប់ទៅ​គេ​ថា៖ «អស់​លោក​មាន​ទាហាន​ស្រាប់​ហើយ សុំ​អញ្ជើញ​ទៅ​ចាត់​ចែង​ឲ្យ​គេ​យាម​ផ្នូរ តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ!»។ 66ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​ឲ្យ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​ឲ្យ​នៅ​យាម​ផង។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 27: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល