ណាពី​អេសេ‌គាល 43

43
សិរី‌រុងរឿង​របស់​អុលឡោះ​វិល​ត្រឡប់​មក​ម៉ាស្ជិទ​របស់​ទ្រង់​វិញ
1បន្ទាប់​មក គាត់​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។ 2ពេល​នោះ សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អណ្ដែត​មក​ពី​ទិស​ខាង​កើត មាន​សន្ធឹក​ដូច​មហា‌សាគរ ហើយ​ផែនដី​ភ្លឺ​ដោយ​សិរី‌រុង‌រឿង​របស់​ទ្រង់។ 3និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នោះ ក៏​ដូច​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ពេល​ទ្រង់​មក​កំទេច​ក្រុង​យេរូ‌សាឡឹម។ និមិត្ត‌ហេតុ​អស្ចារ្យ​ទាំង​ពីរ​នេះ​ក៏​ដូច​ជា​និមិត្ត‌ហេតុ​អស្ចារ្យ ដែល​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។
4សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​អណ្ដែត​ចូល​មក​ក្នុង​ដំណាក់​តាម​ទ្វារ​ខាង​កើត។ 5រស​របស់​អុលឡោះ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ទី‌លាន​ខាង​ក្នុង។ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ដំណាក់។ 6ពេល​បុរស​នោះ​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​ឮ​សំឡេង​ចេញ​ពី​ដំណាក់​មក​កាន់​ខ្ញុំ​ថា៖ 7«កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង។ យើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​រហូត​ត​ទៅ។ ពូជ‌ពង្ស​អ៊ីស្រ‌អែល និង​ស្ដេច​របស់​គេ លែង​ធ្វើ​ឲ្យ​នាម​យើង​ទៅ​ជា​សៅ‌ហ្មង ដោយ​អំពើ​ផិត​ក្បត់ និង​ដោយ​យក​សាក‌សព​ស្ដេច​មក​តម្កល់​ទុក​នៅ​ទី​នេះ​ទៀត​ហើយ។ 8ពី​មុន​ពួក​គេ​បាន​សង់​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ទ្វារ​របស់​យើង ក្រប​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ក្រប​ទ្វារ​របស់​យើង គឺ​មាន​តែ​ជញ្ជាំង​មួយ​គត់​ដែល​ខណ្ឌ​គេ​ពី​យើង។ ពួក​គេ​បាន​ធ្វើ​ឲ្យ​នាម​របស់​យើង​ទៅ​ជា​សៅហ្មង ដោយ‌សារ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស តាម​កំហឹង​របស់​យើង។ 9ឥឡូវ​នេះ ពួក​គេ​លែង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​យក​សព​ស្ដេច​របស់​ខ្លួន​ចេញ​ឆ្ងាយ​ពី​យើង។ យើង​នឹង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។
10ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ ចូរ​រៀប​រាប់​អំពី​ម៉ាស្ជិទ​នេះ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល ដើម្បី​ឲ្យ​ពួក​គេ​ពិនិត្យ​មើល​គម្រោង​របស់​ម៉ាស្ជិទ ហើយ​ឲ្យ​ពួក​គេ​នឹក​ខ្មាស ដោយ​បាន​ប្រព្រឹត្ត​ខុស។ 11ប្រសិន​បើ​ពួក​គេ​នឹក​ខ្មាស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នោះ​ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ពី​គំរូ​របស់​ម៉ាស្ជិទ ទ្រង់‌ទ្រាយ ច្រក​ចេញ​ចូល របៀប​តុប‌តែង ព្រម​ទាំង​របៀប​ចាត់​ចែង និង​ក្បួន​តម្រា​សព្វ​បែប​យ៉ាង។ ចូរ​កត់‌ត្រា​ទុក​ដើម្បី​ឲ្យ​ពួក​គេ​ឃើញ និង​ធ្វើ​តាម។ 12រីឯ​ហ៊ូកុំ​ដ៏​សំខាន់​របស់​ដំណាក់​ដែល​គេ​ត្រូវ​គោរព​នោះ គឺ​កំពូល​ភ្នំ និង​បរិវេណ​ជុំ‌វិញ ត្រូវ​ញែក​ទុក​ជា​កន្លែង​សក្ការៈ»។
អំពី​អាសនៈ
13ទំហំ​របស់​អាសនៈ​គិត​ជា​ហត្ថ ហើយ​ខ្នាត​មួយ​ហត្ថ​នេះ​វែង​ជាង​ខ្នាត​មួយ​ហត្ថ​ធម្មតា​មួយ​ទះ។ ចង្អូរ​នៅ​ជុំ‌វិញ​អាសនៈ​មាន​ជម្រៅ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ រីឯ​គែម​ព័ទ្ធ​ជុំ‌វិញ​មាន​កំរាស់​មួយ​តឹក។ 14ពី​ចង្អូរ​ដែល​នៅ​ផ្ទាល់​នឹង​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម មាន​កំពស់​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ។ ពី​គន្លាក់​តូច​រហូត​ដល់​គន្លាក់​ធំ មាន​កំពស់​បួន​ហត្ថ ទទឹង​មួយ​ហត្ថ។ 15នៅ​ផ្នែក​ខាង​លើ​ជា​កន្លែង​ដុត​គូរបាន មាន​កំពស់​បួន​ហត្ថ ហើយ​មាន​ស្នែង​បួន​ឡើង​ទៅ​លើ។ 16កន្លែង​ដុត​នេះ​មាន​បណ្ដោយ​ដប់‌ពីរ​ហត្ថ ទទឹង​ដប់‌ពីរ​ហត្ថ គឺ​មាន​រាង​បួន​ជ្រុង​ស្មើ។ 17រីឯ​ផ្នែក​កណ្ដាល​មាន​បណ្ដោយ​ដប់‌បួន​ហត្ថ និង​ទទឹង​ដប់‌បួន​ហត្ថ គែម​ដែល​ព័ទ្ធ​ជុំ‌វិញ មាន​កំរាស់​កន្លះ​ហត្ថ ចង្អូរ​ទាំង​បួន​ជ្រុង​មាន​កំពស់​មួយ​ហត្ថ។ ជណ្ដើរ​របស់​អាសនៈ​បែរ​ទៅ​រក​ទិស​ខាង​កើត។
18 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​កត់‌ត្រា​ទុក​នូវ​ក្បួន​តម្រា​ដែល​ត្រូវ​អនុវត្ត នៅ​ថ្ងៃ​គេ​កសាង​អាសនៈ សម្រាប់​ធ្វើ​គូរបាន និង​ពិធី​ច្រួច​ឈាម។ 19ចូរ​ប្រគល់​គោ​បា​មួយ​ឲ្យ​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក ដែល​មាន​មុខ‌ងារ​ចូល​មក​បម្រើ​យើង ដើម្បី​ឲ្យ​គេ​ធ្វើ​គូរបាន​រំដោះ​បាប -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់20ចូរ​យក​ឈាម​ទៅ​លាប​លើ​ស្នែង​ទាំង​បួន​នៃ​អាសនៈ និង​លាប​ផ្នែក​កណ្ដាល​ទាំង​បួន​ជ្រុង ព្រម​ទាំង​លាប​គែម​ដែល​នៅ​ជុំ‌វិញ។ ធ្វើ​ដូច្នេះ មាន​ន័យ​ថា អ្នក​ធ្វើ​ឲ្យ​អាសនៈ​បាន​បរិសុទ្ធ និង​សក្ការៈ។ 21បន្ទាប់​មក ចូរ​យក​គោ​បា​សម្រាប់​ធ្វើ​គូរបាន ទៅ​ឲ្យ​គេ​ដុត​នៅ​កន្លែង​បម្រុង​ទុក ខាង​ក្រៅ​ទី‌សក្ការៈ​នៃ​ម៉ាស្ជិទ។ 22នៅ​ថ្ងៃ​ទី​ពីរ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ មក​ជូន​ជា​ជំនូន​រំដោះ​បាប ដើម្បី​ដក​បាប​ចេញ​ពី​អាសនៈ ដូច​បាន​ជូន​គោ​បា ដើម្បី​ដក​បាប​ដែរ។ 23កាល​អ្នក​ធ្វើ​ពិធី​គូរបាន​រំដោះ​បាប​រួច​ហើយ ចូរ​នាំ​គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​សត្វ 24យក​មក​ជូនអុលឡោះ‌តាអាឡា ពួក​អ៊ីមុាំ​ត្រូវ​បាច​អំបិល​លើ​សត្វ​ទាំង​ពីរ ហើយ​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា25ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​មួយ គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​មក​ជូន​រៀង​រាល់​ថ្ងៃ ជា​ជំនូន​រំដោះ​បាប សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។ 26ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ និង​សក្ការៈ។ 27លុះ​ថ្ងៃ​កំណត់​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ​បី​ត​ទៅ ពួក​អ៊ីមុាំ​ត្រូវ​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​នៅ​លើ​អាសនៈ។ ធ្វើ​ដូច្នេះ ទើប​យើង​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់

ទើបបានជ្រើសរើសហើយ៖

ណាពី​អេសេ‌គាល 43: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល