ណាពីអេសេគាល 44
44
ការថ្វាយបង្គំអុលឡោះនៅក្នុងម៉ាស្ជិទថ្មី
1បន្ទាប់មក គាត់នាំខ្ញុំត្រឡប់ទៅខ្លោងទ្វារខាងក្រៅទីសក្ការៈវិញ គឺទ្វារដែលបែរមុខទៅទិសខាងកើត។ ទ្វារនោះនៅបិទ។ 2អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ទ្វារនេះនឹងនៅបិទជិត គឺមិនត្រូវបើកឡើយ ហើយក៏គ្មាននរណាចេញចូលតាមនេះដែរ ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល យើងបានចូលមកតាមទ្វារនេះ ដូច្នេះ ទ្វារនេះត្រូវបិទរហូត! 3ចំណែកឯមេដឹកនាំវិញ ក្នុងឋានៈជាអ្នកគ្រប់គ្រង គេអាចអង្គុយបរិភោគពិធីជប់លៀងនៅចំពោះយើងបាន។ គេចូលមកតាមបន្ទប់ល្វែងនៃខ្លោងទ្វារ ហើយចេញទៅវិញតាមច្រកដដែល»។
4បន្ទាប់មក គាត់នាំខ្ញុំទៅខ្លោងទ្វារខាងជើង គឺខាងមុខម៉ាស្ជិទ។ ខ្ញុំក្រឡេកមើលទៅឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា នៅពាសពេញក្នុងម៉ាស្ជិទរបស់ទ្រង់ ខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី។ 5អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយកចិត្តទុកដាក់មើល និងផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលយើងប្រាប់អ្នកស្ដីអំពីហ៊ូកុំ និងក្បួនតម្រាទាំងប៉ុន្មាន ដែលត្រូវអនុវត្តនៅក្នុងម៉ាស្ជិទនេះ។ ចូរពិនិត្យមើលច្រកចូលទៅក្នុងម៉ាស្ជិទ និងទ្វារទាំងប៉ុន្មានរបស់ទីសក្ការៈ។ 6បន្ទាប់មក ចូរប្រាប់កូនចៅអ៊ីស្រអែល ជាអ្នកបះបោរថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: កូនចៅអ៊ីស្រអែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមច្រើនពេកហើយ! 7ពេលអ្នករាល់គ្នាយកអាហារ គឺខ្លាញ់ និងឈាម មកជូនយើង អ្នករាល់គ្នានាំជនបរទេសដែលជាសាសន៍មិនខតាន់ និងជាសាសន៍មិនគោរពយើងចូលមក ធ្វើឲ្យម៉ាស្ជិទរបស់យើងទៅជាសៅហ្មង។ អ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីជាមួយយើង ដោយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង។ 8អ្នករាល់គ្នាពុំបានយកចិត្តទុកដាក់បំពេញការងារបម្រើយើង ដោយខ្លួនឯងផ្ទាល់ទេ គឺអ្នករាល់គ្នាបានឲ្យសាសន៍ដទៃមកបំពេញការងារក្នុងទីសក្ការៈ ជំនួសអ្នករាល់គ្នាទៅវិញ»។ 9អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៀតថា៖ «មិនត្រូវឲ្យជនបរទេស ដែលជាសាសន៍មិនខតាន់ និងជាសាសន៍មិនគោរពយើង ចូលមកក្នុងទីសក្ការៈរបស់យើងឡើយ ទោះបីអ្នកនោះរស់នៅក្នុងចំណោមជនជាតិអ៊ីស្រអែលក៏ដោយ។
មុខងាររបស់ក្រុមលេវី
10ក្នុងគ្រាដែលជនជាតិអ៊ីស្រអែលវង្វេងចេញឆ្ងាយពីយើង ទៅតាមព្រះក្លែងក្លាយ ពួកលេវីក៏បានបោះបង់ចោលយើងដែរ ហេតុនេះ ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួន។ 11ដូច្នេះ ពួកគេគ្រាន់តែមានមុខងារជាអ្នកជំនួយការក្នុងម៉ាស្ជិទ គឺត្រូវប្រើគេឲ្យយាមខ្លោងទ្វារបម្រើប្រជាជន ដោយសម្លាប់សត្វដែលត្រូវធ្វើជាគូរបានដុត និងគូរបានផ្សេងៗ។ 12ដោយពួកគេបានជួយជ្រោមជ្រែងប្រជាជន ក្នុងការគោរពបម្រើព្រះក្លែងក្លាយ និងនាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប យើងសុំប្រកាសយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួនមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 13ពួកគេពុំអាចចូលមកជិតយើង ដើម្បីបំពេញមុខងារជាអ៊ីមុាំបានទេ ពួកគេក៏មិនអាចចូលមកក្នុងទីសក្ការៈ ឬទីសក្ការៈបំផុតរបស់យើងបានដែរ។ ពួកគេត្រូវទទួលផលវិបាក ព្រោះតែអំពើដ៏អាម៉ាស់ និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត។ 14យើងនឹងឲ្យពួកគេមើលថែទាំ និងបំពេញកិច្ចការបន្ទាប់បន្សំទាំងប៉ុន្មាននៅក្នុងម៉ាស្ជិទ។
មុខងាររបស់ក្រុមអ៊ីមុាំ
15រីឯក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបម្រើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបម្រើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីជូនខ្លាញ់ និងឈាម -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 16អ្នកទាំងនោះនឹងចូលមកក្នុងទីសក្ការៈរបស់យើង ពួកគេចូលមកក្បែរតុរបស់យើង ដើម្បីបម្រើយើង និងធ្វើតាមសេចក្ដីដែលយើងបង្គាប់។ 17ពេលចូលមកដល់ខ្លោងទ្វារនៃទីលានខាងក្នុង ពួកគេត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក។ ពេលពួកគេបំពេញមុខងារនៅខ្លោងទ្វារនៃទីលានខាងក្នុង មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ធ្វើពីរោមចៀមទេ។ 18ពួកគេត្រូវពាក់ឆ្នួតធ្វើពីក្រណាត់ទេសឯកនៅលើក្បាល ហើយស្លៀកខោខ្លី តែមិនត្រូវយកអ្វីមកក្រវាត់ចង្កេះ នាំឲ្យបែកញើសឡើយ។ 19ពេលពួកគេចេញទៅរកប្រជាជននៅទីលានខាងក្រៅ ត្រូវផ្លាស់សម្លៀកបំពាក់សម្រាប់បំពេញមុខងារចេញ រួចទុកសម្លៀកបំពាក់នោះនៅក្នុងបន្ទប់នៃទីសក្ការៈ។ ពួកគេត្រូវស្លៀកសម្លៀកបំពាក់ផ្សេងទៀត ដើម្បីកុំឲ្យប្រជាជនប៉ះពាល់សម្លៀកបំពាក់ដ៏សក្ការៈនោះ។ 20មិនត្រូវឲ្យអ៊ីមុាំទាំងនោះកោរសក់ ឬក៏ទុកឲ្យសក់ដុះវែងពេកឡើយ គឺត្រូវកាត់សក់យ៉ាងសមរម្យ។ 21ពេលចូលទៅទីលានខាងក្នុង អ៊ីមុាំមិនត្រូវសេពសុរាឡើយ។ 22អ៊ីមុាំមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងទេ គឺរៀបការបានតែជាមួយស្ត្រីក្រមុំព្រហ្មចារីក្នុងវង្សត្រកូលនៃកូនចៅអ៊ីស្រអែល ឬស្ត្រីមេម៉ាយពីអ៊ីមុាំម្នាក់ទៀត។ 23អ៊ីមុាំទាំងនោះត្រូវអប់រំប្រជាជនរបស់យើង ឲ្យស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។ 24ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមហ៊ូកុំរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមហ៊ូកុំ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃឈប់សម្រាកទុកជាថ្ងៃដ៏វិសុទ្ធ។ 25អ៊ីមុាំមិនត្រូវចូលទៅជិតសាកសព ដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មងឡើយ លើកលែងតែសពឪពុកម្ដាយ កូនប្រុសកូនស្រី បងប្អូនប្រុស និងបងប្អូនស្រីដែលពុំទាន់រៀបការ។ 26ក្នុងករណីនេះ ក្រោយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធរួចហើយ គេត្រូវនៅរង់ចាំប្រាំពីរថ្ងៃ មុននឹងបំពេញមុខងារសាជាថ្មី។ 27នៅថ្ងៃគេចូលទៅទីលានខាងក្នុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈឡើងវិញ គេត្រូវធ្វើគូរបានរំដោះបាប - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
28ចំណែកឯកេរមត៌កដែលពួកអ៊ីមុាំត្រូវទទួលនោះ គឺយើងផ្ទាល់។ មិនបាច់ចែកទឹកដីក្នុងស្រុកអ៊ីស្រអែលជាមត៌កឲ្យពួកគេទេ ដ្បិតយើងផ្ទាល់ជាមត៌ករបស់ពួកគេ។ 29ពួកគេបរិភោគសាច់ ដែលជាជំនូន និងគូរបានរំដោះបាប ឬគូរបានសុំលើកលែងទោសដែលប្រជាជនយើងយកមកជូន។ អ្វីៗដែលជនជាតិអ៊ីស្រអែលទុកសម្រាប់យើង ពួកអ៊ីមុាំអាចយកបាន។ 30ផលដំបូងបង្អស់នៃដំណាំទាំងឡាយ និងអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាញែកទុកដោយឡែកនោះ ជាចំណែករបស់ពួកអ៊ីមុាំ។ ត្រូវយកម្សៅដំបូងបង្អស់មកជូនពួកអ៊ីមុាំ ដើម្បីឲ្យផ្ទះរបស់អ្នកបានទទួលពរ។ 31អ៊ីមុាំមិនត្រូវបរិភោគសាច់សត្វចតុប្បាទ ឬសត្វស្លាបដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំនោះឡើយ»។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 44: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.