ណាពីអេសេគាល 43
43
សិរីរុងរឿងរបស់អុលឡោះវិលត្រឡប់មកម៉ាស្ជិទរបស់ទ្រង់វិញ
1បន្ទាប់មក គាត់នាំខ្ញុំទៅកាន់ខ្លោងទ្វារខាងកើត។ 2ពេលនោះ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ទ្រង់។ 3និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញ នៅពេលទ្រង់មកកំទេចក្រុងយេរូសាឡឹម។ និមិត្តហេតុអស្ចារ្យទាំងពីរនេះក៏ដូចជានិមិត្តហេតុអស្ចារ្យ ដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ អោនមុខដល់ដី។
4សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតចូលមកក្នុងដំណាក់តាមទ្វារខាងកើត។ 5រសរបស់អុលឡោះក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ សិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញដំណាក់។ 6ពេលបុរសនោះនៅក្បែរខ្ញុំ ខ្ញុំឮសំឡេងចេញពីដំណាក់មកកាន់ខ្ញុំថា៖ 7«កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយជនជាតិអ៊ីស្រអែលរហូតតទៅ។ ពូជពង្សអ៊ីស្រអែល និងស្ដេចរបស់គេ លែងធ្វើឲ្យនាមយើងទៅជាសៅហ្មង ដោយអំពើផិតក្បត់ និងដោយយកសាកសពស្ដេចមកតម្កល់ទុកនៅទីនេះទៀតហើយ។ 8ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។ 9ឥឡូវនេះ ពួកគេលែងប្រព្រឹត្តអំពើផិតក្បត់ ពួកគេយកសពស្ដេចរបស់ខ្លួនចេញឆ្ងាយពីយើង។ យើងនឹងនៅក្នុងចំណោមពួកគេរហូតតទៅ។
10ចំណែកឯអ្នកវិញ កូនមនុស្សអើយ ចូររៀបរាប់អំពីម៉ាស្ជិទនេះប្រាប់កូនចៅអ៊ីស្រអែល ដើម្បីឲ្យពួកគេពិនិត្យមើលគម្រោងរបស់ម៉ាស្ជិទ ហើយឲ្យពួកគេនឹកខ្មាស ដោយបានប្រព្រឹត្តខុស។ 11ប្រសិនបើពួកគេនឹកខ្មាស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត នោះចូរប្រាប់ពួកគេឲ្យដឹងពីគំរូរបស់ម៉ាស្ជិទ ទ្រង់ទ្រាយ ច្រកចេញចូល របៀបតុបតែង ព្រមទាំងរបៀបចាត់ចែង និងក្បួនតម្រាសព្វបែបយ៉ាង។ ចូរកត់ត្រាទុកដើម្បីឲ្យពួកគេឃើញ និងធ្វើតាម។ 12រីឯហ៊ូកុំដ៏សំខាន់របស់ដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាកន្លែងសក្ការៈ»។
អំពីអាសនៈ
13ទំហំរបស់អាសនៈគិតជាហត្ថ ហើយខ្នាតមួយហត្ថនេះវែងជាងខ្នាតមួយហត្ថធម្មតាមួយទះ។ ចង្អូរនៅជុំវិញអាសនៈមានជម្រៅមួយហត្ថ ទទឹងមួយហត្ថ រីឯគែមព័ទ្ធជុំវិញមានកំរាស់មួយតឹក។ 14ពីចង្អូរដែលនៅផ្ទាល់នឹងដី ឡើងទៅដល់គន្លាក់ខាងក្រោម មានកំពស់ពីរហត្ថ ទទឹងមួយហត្ថ។ ពីគន្លាក់តូចរហូតដល់គន្លាក់ធំ មានកំពស់បួនហត្ថ ទទឹងមួយហត្ថ។ 15នៅផ្នែកខាងលើជាកន្លែងដុតគូរបាន មានកំពស់បួនហត្ថ ហើយមានស្នែងបួនឡើងទៅលើ។ 16កន្លែងដុតនេះមានបណ្ដោយដប់ពីរហត្ថ ទទឹងដប់ពីរហត្ថ គឺមានរាងបួនជ្រុងស្មើ។ 17រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកំរាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកំពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។
18 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈ សម្រាប់ធ្វើគូរបាន និងពិធីច្រួចឈាម។ 19ចូរប្រគល់គោបាមួយឲ្យពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុក ដែលមានមុខងារចូលមកបម្រើយើង ដើម្បីឲ្យគេធ្វើគូរបានរំដោះបាប -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 20ចូរយកឈាមទៅលាបលើស្នែងទាំងបួននៃអាសនៈ និងលាបផ្នែកកណ្ដាលទាំងបួនជ្រុង ព្រមទាំងលាបគែមដែលនៅជុំវិញ។ ធ្វើដូច្នេះ មានន័យថា អ្នកធ្វើឲ្យអាសនៈបានបរិសុទ្ធ និងសក្ការៈ។ 21បន្ទាប់មក ចូរយកគោបាសម្រាប់ធ្វើគូរបាន ទៅឲ្យគេដុតនៅកន្លែងបម្រុងទុក ខាងក្រៅទីសក្ការៈនៃម៉ាស្ជិទ។ 22នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកជូនជាជំនូនរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានជូនគោបា ដើម្បីដកបាបដែរ។ 23កាលអ្នកធ្វើពិធីគូរបានរំដោះបាបរួចហើយ ចូរនាំគោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វ 24យកមកជូនអុលឡោះតាអាឡា ពួកអ៊ីមុាំត្រូវបាចអំបិលលើសត្វទាំងពីរ ហើយធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា។ 25ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នកត្រូវយកពពែឈ្មោលមួយ គោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយមកជូនរៀងរាល់ថ្ងៃ ជាជំនូនរំដោះបាប សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។ 26ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ត្រូវធ្វើពិធីជម្រះអាសនៈឲ្យបានបរិសុទ្ធ និងសក្ការៈ។ 27លុះថ្ងៃកំណត់នោះបានចប់សព្វគ្រប់ហើយ ចាប់ពីថ្ងៃទីប្រាំបីតទៅ ពួកអ៊ីមុាំត្រូវធ្វើគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈ។ ធ្វើដូច្នេះ ទើបយើងពេញចិត្តនឹងអ្នករាល់គ្នា» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 43: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.