ទំនុកដំកើង 7

7
បទ​ទំនួញ​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​រឿង​គុស ជា​ពូជ‌ពង្ស​បេន‌យ៉ាមីន។
1ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​យក​ទ្រង់​ជា​ទី​ជ្រក​កោន
សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​អស់​អ្នក​ដែល​ដេញ​តាម​ទូលបង្គំ​ផង
2ក្រែង​គេ​ហែក​ព្រលឹង​នៃ​ទូលបង្គំ ដូច​ជា​សិង្ហ
ព្រម​ទាំង​ហែក​ឲ្យ​ខ្ទេច‌ខ្ទី​ផង
ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច
3ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
បើ​សិន​ជា​ទូលបង្គំ​បាន​ធ្វើ​ដូច្នេះ
គឺ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ដៃ​ទូលបង្គំ
4បើ​ទូលបង្គំ​ធ្វើ​ការ​អាក្រក់
ស្នង​ដល់​អ្នក​ណា​ដែល​មេត្រី​នឹង​ទូលបង្គំ
បើ​ទូលបង្គំ​បាន​រឹប​ជាន់​អ្នក​ដែល​ត‌តាំង​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ
5នោះ​សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​តាម​ព្រលឹង​ទូលបង្គំ​ទាន់​ចុះ
អើ សូម​ឲ្យ​គេ​ញាំ‌ញី​ជីវិត​ទូលបង្គំ​ចុះ​ដល់​ដី
ហើយ​បង្អាប់‌យស​ទូលបង្គំ នៅ​ក្នុង​ធូលី​ដី​ផង។ បង្អង់
6៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​តើន​ឡើង ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់
សូម​ងើប​ឡើង ទាស់​នឹង​សេចក្ដី​ឃោរ‌ឃៅ
របស់​ពួក​ត‌តាំង​នឹង​ទូលបង្គំ
សូម​ទ្រង់​តើន​ឡើង​ជួយ​ទូលបង្គំ ដោយ​សេចក្ដី​យុត្តិ‌ធម៌
ដែល​ទ្រង់​បាន​បង្គាប់​ហើយ
7យ៉ាង​នោះ ជំនុំ​នៃ​បណ្តាជន​ទាំង‌ឡាយ
នឹង​មក​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់
សូម​ទ្រង់​ឡើង​លើ​ទី​ខ្ពស់ ពី​លើ​គេ​វិញ
8ព្រះ‌យេហូវ៉ា​ទ្រង់​តែង​ជំនុំ‌ជំរះ​បណ្តាជន​ទាំង‌ឡាយ
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ជំនុំ‌ជំរះ​ទូលបង្គំ
តាម​សេចក្ដី​សុចរិត
នឹង​សេចក្ដី​ទៀង​ត្រង់​របស់​ទូលបង្គំ​ផង
9ឱ​សូម​ឲ្យ​ការ​អាក្រក់​របស់​មនុស្ស​ល្មើស​បាន​ផុត​ទៅ
តែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង
ដ្បិត​ព្រះ​ដ៏​សុចរិត​ទ្រង់​សាក​ល​ចិត្ត​ថ្លើម
10ខែល​នៃ​ទូលបង្គំ​នៅ​ជា​មួយ​នឹង​ព្រះ
ដែល​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់
11ព្រះ‌ទ្រង់​ជា​ចៅ‌ក្រម​សុចរិត
អើ ទ្រង់​ជា​ព្រះ​ដែល​មាន​សេចក្ដី​ខ្ញាល់
ចំពោះ​មនុស្ស​អាក្រក់​រាល់​តែ​ថ្ងៃ
12បើ​អ្នក​ណា​មិន​ប្រែ​ចិត្ត នោះ​ទ្រង់​នឹង​សំលៀង​ដាវ
ទ្រង់​បាន​យឹត​ដំឡើង​ធ្នូ​ជា​ស្រេច
13ទ្រង់​ក៏​រៀបចំ​គ្រឿង​ដែល​សំរាប់​សំឡាប់​គេ ទុក​រួច​ហើយ
ទ្រង់​ធ្វើ​ព្រួញ​ឆេះ ទុក​សំរាប់​បាញ់។
14៙ មើលគេ​ឈឺ​នឹង​សំរាល​ការ​ទុច្ចរិត​របស់​គេ
ក៏​មាន​ផ្ទៃ​ពោះ​ជា​សេចក្ដី​អាក្រក់
ហើយ​សំរាល​ចេញ​ជា​សេចក្ដី​កំភូត
15គេ​បាន​ជីក​ធ្វើ​រណ្តៅ
ហើយ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ដែល​គេ​ធ្វើ​នោះ
16សេចក្ដី​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញ
ហើយ​សេចក្ដី​ច្រឡោត​របស់​គេ
នឹង​ចុះ​មក​លើ​ក្រយៅ​ក្បាល​គេ​ដែរ
17ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​សុចរិត​ទ្រង់
ហើយ​នឹង​ច្រៀង​ដំកើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ៏​ខ្ពស់​បំផុត។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 7: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល