ទំនុកដំកើង 143

143
ទំនុក​នៃ​ស្តេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ
អធិស្ឋាន​របស់​ទូលបង្គំ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សេចក្ដី​ទូល‌អង្វរ​របស់​ទូលបង្គំ
សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង
ដោយ​សេចក្ដី​ស្មោះ‌ត្រង់ នឹង​សេចក្ដី​សុចរិត​របស់​ទ្រង់
2សូម​កុំ​ឲ្យ​កើត​ក្តី​នឹង​អ្នក​បំរើ​ទ្រង់​ឡើយ
ដ្បិត​នៅ​ព្រះ‌នេត្រ​ទ្រង់​គ្មាន​មនុស្ស​រស់​ណា​មួយ
ដែល​សុចរិត​ទេ
3ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀត‌បៀន​ព្រលឹង​នៃ​ទូលបង្គំ
គេ​បាន​វាយ​ជីវិត​ទូលបង្គំ​ចុះ​ដល់​ដី​ហើយ
ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​អាស្រ័យ​នៅ​ក្នុង​ទី​ងងឹត
ដូច​ជា​ពួក​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ
4ហេតុ​នោះ​បាន​ជា​វិញ្ញាណ​នៅ​ក្នុង​ខ្លួន
ទូលបង្គំ​ត្រូវ​អន់‌ថយ​ទៅ
ហើយ​ចិត្ត​នៅ​ក្នុង​ទូលបង្គំ ក៏​នៅ​តែល‌តោល
5ទូលបង្គំ​នឹក​ចាំ​ពី​អស់​ទាំង​ថ្ងៃ​ដែល​កន្លង​ទៅ​ហើយ
ក៏​រំពឹង​គិត​ពី​អស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់
ហើយ​នឹក​ជញ្ជឹង​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ដែរ
6ទូលបង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ទ្រង់
ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ ដូច​ជា​ដី​ហួត
ហែង​ស្រេក​រក​ទឹក។ –បង្អង់
7៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ឆ្លើយ​មក​ទូលបង្គំ
ដ្បិត​វិញ្ញាណ​ទូលបង្គំ​អន់‌ថយ​ហើយ
សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ​ឡើយ
ក្រែង​ទូលបង្គំ​នឹង​ត្រឡប់​ដូច​ជា​ពួក​អ្នក
ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ
8សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដី​សប្បុរស​របស់​ទ្រង់
នៅ​ពេល​ព្រឹក ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់
សូម​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ
ពី​ព្រោះ​ទូលបង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់
9ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ
ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ
ទូលបង្គំ​រត់​មក​ពឹង​ជ្រក​នៅ​ទ្រង់
10សូម​បង្ហាត់​បង្រៀន​ឲ្យ​ទូលបង្គំ​បាន​ប្រព្រឹត្ត​តាម
ព្រះ‌ហឫទ័យ​ទ្រង់ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ​ពិត
សូម​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ នាំ​ទូលបង្គំ​ចូល​ទៅ
ក្នុង​ស្រុក ដែល​ប្រកប​ដោយ​សេចក្ដី​ទៀង​ត្រង់
11ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ចំរើន​កំឡាំង​ដល់​ទូលបង្គំ
ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់
សូម​នាំ​ព្រលឹង​ទូលបង្គំ​ចេញ​ពី​សេចក្ដី​វេទនា
ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់
12ហើយ​សូម​កាត់​ពួក​ខ្មាំង​សត្រូវ​ទូលបង្គំ​ចេញ
ដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់
ព្រម​ទាំង​បំផ្លាញ​អស់​អ្នក​ដែល​សង្កត់‌សង្កិន
ព្រលឹង​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 143: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល