ទំនុកដំកើង 144

144
ទំនុក​នៃ​ស្តេច​ដាវីឌ។
1សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ថ្មដា​នៃ​ទូលបង្គំ
បាន​ប្រកប​ដោយ​ព្រះ‌ពរ
ជា​ព្រះ​ដែល​បង្ហាត់​បង្វឹក​ដៃ​ទូលបង្គំ​ឲ្យ​ចេះ​ច្បាំង
ហើយ​ម្រាម​ដៃ​របស់​ទូលបង្គំ​ឲ្យ​ធ្វើ​សង្រ្គាម
2ទ្រង់​ជា​សេចក្ដី​សប្បុរស ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ
ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​អ្នក​ដែល​ប្រោស​ឲ្យ​ទូលបង្គំ​រួច
ក៏​ជា​ខែល​នៃ​ទូលបង្គំ ហើយ​ទូលបង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់
គឺ​ទ្រង់​ដែល​បង្ក្រាប​រាស្ត្រ​នៅ​ក្រោម​អំណាច​ទូលបង្គំ
3ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មនុស្ស​ជា​អ្វី
បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ
ឬ​កូន​មនុស្ស បាន​ជា​ទ្រង់​រាប់​អាន​ដូច្នេះ
4មនុស្ស​ធៀប​ដូច​ជា​ខ្យល់​ដង្ហើម​ទេ
អស់​ទាំង​ថ្ងៃ​អាយុ​របស់​គេ ដូច​ជា​ស្រមោល
ដែល​តែង​បាត់​ទៅ
5ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បង្អោន​ស្ថាន‌សួគ៌
ហើយ​យាង​ចុះ​មក
សូម​ពាល់​ភ្នំ​ទាំង​ប៉ុន្មាន នោះ​នឹង​មាន​ផ្សែង​ហុយ​ឡើង
6សូម​ចាត់​ប្រើ​ផ្លេក‌បន្ទោរ​ចុះ​មក​កំចាត់‌កំចាយ​គេ
សូម​បាញ់​អស់​ទាំង​ព្រួញ​របស់​ទ្រង់​ចេញ​ទៅ​បំបាក់​ទ័ព​គេ
7សូម​ទ្រង់​លូក​ព្រះ‌ហស្ត​ចុះ​មក​ពី​លើ កន្ត្រាក់​ជួយ
ឲ្យ​ទូលបង្គំ​រួច ហើយ​ប្រោស​ទូលបង្គំ​ឲ្យ​រួច​ពី​ទឹក​ធំ
គឺ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ
8ដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយ
ហើយ​ដៃ​ស្តាំ​របស់​គេ​ក៏​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ
9ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​នឹង​ច្រៀង​បទ​ថ្មី​ថ្វាយ​ទ្រង់
ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់
ដោយ​ដេញ​ពិណ​ខ្សែ​១០
10គឺ​ទ្រង់​ដែល​ប្រោស​សេចក្ដី​សង្គ្រោះ​ដល់​ពួក​ស្តេច
ក៏​ប្រោស​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​ដាវ​ដ៏​អាក្រក់
11សូម​កន្ត្រាក់​ជួយ​ទូលបង្គំ
ហើយ​ប្រោស​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ
ដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយ
ហើយ​ដៃ​ស្តាំ​របស់​គេ​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ។
12៙ កូន​ប្រុសៗ​របស់​យើង​ខ្ញុំ នឹង​បាន​ដូច​ជា​ដើម​ណា
ដែល​ចំរើន​ធំ​ឡើង​ពី​កាល​នៅ​ក្មេង
ហើយ​កូន​ស្រីៗ​របស់​យើង​ខ្ញុំ នឹង​បាន​ដូច​ជា​ថ្ម​សីមា
ដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ‌រាជ​វាំង
13ជង្រុក​របស់​យើង​ខ្ញុំ​នឹង​បាន​ពេញ
ដោយ​ស្បៀង​អាហារ​គ្រប់​មុខ
ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​នឹង​កើត​កូន​ទាំង​ពាន់​ទាំង​ម៉ឺន
ចំរើន​ឡើង​នៅ​ឯ​វាល
14គោ​របស់​យើង​ខ្ញុំ​នឹង​មាន​កំឡាំង​ធ្វើ​ការ​យ៉ាង​ធ្ងន់
នឹង​គ្មាន​ខ្មាំង​រុក‌រាន​ចូល
ឬ​នាំ​យើង​ខ្ញុំ​ចេញ​ទៅ​ជា​ឈ្លើយ​ឡើយ
ក៏​នឹង​គ្មាន​ឮ​សំរែក​ដោយ​ភ័យ​នៅ​ក្នុង​ផ្លូវ​យើង​ខ្ញុំ​ដែរ
15សប្បាយ​ហើយ សាសន៍​ណា​ដែល​មាន​សណ្ឋាន​ដូច្នេះ
អើ សាសន៍​ណា​ដែល​យក​ព្រះ‌យេហូវ៉ា
ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 144: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល