ទំនុកដំកើង 145
145
ទំនុកជាបទសរសើររបស់ស្តេចដាវីឌ។
1ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ
ទូលបង្គំនឹងលើកដំកើងទ្រង់
ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច
2ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ
ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច
3ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង
ឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន
4មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់
ដល់ដំណ១ទៀត
ព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង
5ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម
ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ
6មនុស្សទាំងឡាយនឹងថ្លែងពីឫទ្ធិនៃការដ៏គួរស្ញែងខ្លាច
របស់ទ្រង់
ឯទូលបង្គំនឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ
7គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យ
ដ៏ល្អប្រសើរ
ហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
8ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា
នឹងអាណិតអាសូរ
ទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីសប្បុរសដ៏ធំទូលាយ
9ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់
ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់
ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន
10ឱព្រះយេហូវ៉ាអើយ
អស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់
ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកប
ដោយព្រះពរ
11គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់
នឹងពីតេជានុភាពរបស់ទ្រង់
12ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់
អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់
ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់
13រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច
ហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ
14ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល
ក៏លើកពួកអ្នកដែលត្រូវឱនឡើងវិញ
15ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់
ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល
16ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ
17ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់
ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ
18ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក
ដែលអំពាវនាវដល់ទ្រង់
គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់
19ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាច
ដល់ទ្រង់
ក៏នឹងឮពាក្យអំពាវនាវរបស់គេ
ព្រមទាំងជួយសង្គ្រោះគេផង
20ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នក
ដែលស្រឡាញ់ទ្រង់
តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ
21មាត់ទូលបង្គំនឹងពោលពាក្យសរសើរពីព្រះយេហូវ៉ា
គួរឲ្យមនុស្សទាំងឡាយ បានសូមឲ្យព្រះនាមបរិសុទ្ធ
របស់ទ្រង់បានពរ នៅអស់កល្បជានិច្ចដែរ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 145: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.