ទំនុកដំកើង 140
140
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ
ឲ្យរួចពីមនុស្សអាក្រក់
សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត
2ជាអ្នកដែលតែងមានចិត្តគិតគូរការអាក្រក់
ហើយចេះតែលើកគ្នាចង់ធ្វើចំបាំងជានិច្ច
3គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់
ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។
–បង្អង់
4ឱព្រះយេហូវ៉ាអើយ
សូមថែរក្សាទូលបង្គំឲ្យរួចពីដៃនៃមនុស្សអាក្រក់
សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត
ជាអ្នកដែលបានសំរេចចិត្តនឹងធ្វើឲ្យទូលបង្គំភ្លាត់
ក្នុងផ្លូវប្រព្រឹត្ត
5ពួកឆ្មើងឆ្មៃបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ
ព្រមទាំងខ្សែរូតផង
គេបានលាតមងតាមផ្លូវ នឹងអង្គប់ផង
ដើម្បីចាប់ទូលបង្គំ។ –បង្អង់
6៙ ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះនៃទូលបង្គំ
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ
ដែលទូលបង្គំទូលអង្វរ
7ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់ ដែលទ្រង់ជាកំឡាំង
នៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ
ទ្រង់បានគ្របក្បាលទូលបង្គំនៅថ្ងៃសង្គ្រាម
8ឱព្រះយេហូវ៉ាអើយ
សូមទ្រង់កុំអនុញ្ញាតដល់ពួកមនុស្សអាក្រក់
តាមអំពើចិត្តគេឡើយ
ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅដែរ
ក្រែងគេអួតខ្លួន។ –បង្អង់
9៙ ឯក្បាលនៃពួកអ្នកដែលព័ទ្ធទូលបង្គំជុំវិញ
នោះសូមឲ្យអំពើអាក្រក់របស់បបូរមាត់គេ
បានធ្លាក់ទៅលើគេវិញ
10សូមឲ្យមានរងើកភ្លើងឆេះ ធ្លាក់ទៅលើគេ
ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង
គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ នឹងឡើងមកមិនរួចឡើយ
11មនុស្សដែលមានអណ្តាតអាក្រក់
នោះមិនដែលបានតាំងឡើង
ឲ្យមាំមួននៅផែនដីឡើយ
ឯមនុស្សច្រឡោតនឹងមានសេចក្ដីអាក្រក់ដេញតាម
បំផ្លាញគេ
12ទូលបង្គំដឹងថា
ព្រះយេហូវ៉ានឹងកាន់ក្តីរបស់មនុស្សមានទុក្ខវេទនា
ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌
ដល់មនុស្សកំសត់ទុគ៌តផង
13ពួកមនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមទ្រង់
ហើយមនុស្សទៀងត្រង់
នឹងនៅចំពោះទ្រង់ជាមិនខាន។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 140: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.