ទំនុកដំកើង 141
141
ទំនុកនៃស្តេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ
សូមប្រញាប់នឹងយាងមកឯទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំ
ក្នុងកាលដែលទូលបង្គំអំពាវនាវផង
2សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង
ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់
នឹងការលើកដៃប្រណម្យរបស់ទូលបង្គំ
បានដូចជាយញ្ញបូជាពេលល្ងាច
3ឱព្រះយេហូវ៉ាអើយ សូមទ្រង់ដាក់ការយាម
នៅមាត់ទូលបង្គំ
ហើយថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង
4សូមកុំឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីអាក្រក់ណា
ដើម្បីប្រព្រឹត្តការអាក្រក់ជាមួយនឹងមនុស្ស
ដែលតែងតែធ្វើការទុច្ចរិតឡើយ
ហើយកុំឲ្យទូលបង្គំទទួលទានចំណីឆ្ងាញ់របស់គេ
ឲ្យសោះ
5សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ
នោះនឹងបានជាគុណ
ហើយឲ្យគេប្រដៅទូលបង្គំផង
នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល
ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ
ដ្បិតទូលបង្គំនឹងនៅតែអធិស្ឋាន
ក្នុងកាលដែលកើតមានសេចក្ដីអាក្រក់ផង
6ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅ
ដល់ជើងថ្មដាហើយ
គេនឹងឮពាក្យសំដីរបស់ទូលបង្គំ
ដ្បិតពាក្យទាំងនោះផ្អែមល្ហែម
7អស់ទាំងឆ្អឹងរបស់យើងរាល់គ្នាបានខ្ចាត់ខ្ចាយ
នៅមាត់ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់
ដូចជាកាលគេកាប់ ហើយពុះឱសនៅលើដី
8ដ្បិត ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ
ភ្នែកទូលបង្គំមើលចំទៅឯទ្រង់
ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់
សូមកុំបោះបង់ចោលព្រលឹងនៃទូលបង្គំឡើយ
9សូមរក្សាទូលបង្គំឲ្យរួចពីអន្ទាក់
ដែលគេបានដាក់សំរាប់ចាប់ទូលបង្គំ
ហើយពីអស់ទាំងអង្គប់របស់ពួកអ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិតផង
10សូមឲ្យមនុស្សអាក្រក់ធ្លាក់ទៅក្នុងមងរបស់ខ្លួនគេ
តែឲ្យទូលបង្គំបានរួចវិញ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 141: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.