ទំនុកដំកើង 139

139
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
ទ្រង់​បាន​ពិនិត្យ​មើល
ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង
2ទ្រង់​ជ្រាប​ការ​ដែល​ទូលបង្គំ​អង្គុយ​ចុះ
នឹង​ការ​ដែល​ទូលបង្គំ​ក្រោក​ឡើង​ផង
ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ
3ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក នឹង​ទី​ដេក​របស់​ទូលបង្គំ
ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ​ដែរ
4ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ
ពាក្យ​សំដី​មិន​ទាន់​មាន​នៅ​អណ្តាត​ទូលបង្គំ​នៅ​ឡើយ
នោះ​ទ្រង់​ក៏​ជ្រាប​គ្រប់​ជំពូក​ហើយ
5ទ្រង់​បាន​ព័ទ្ធ​ទូលបង្គំ​ជិត​ពី​មុខ​ពី​ក្រោយ
ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូលបង្គំ
6ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ
ហើយ​ខ្ពស់​ដល់‌ម៉្លេះ បាន​ជា​ទូលបង្គំ
ឈោង​មិន​ដល់​សោះ
7តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌វិញ្ញាណ​ទ្រង់
តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ទ្រង់
8ទោះ​បើ​ទូលបង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌
ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះ
ទោះ​បើ​ទូលបង្គំ​នឹង​រៀប​ដំណេក​នៅ​ស្ថាន​ឃុំ
ព្រលឹង​មនុស្ស​ស្លាប់
នោះ​ក៏​ឃើញ​មាន​ទ្រង់​សណ្ឋិត​នៅ​ដែរ
9ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូស‌កាល
ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ
10គង់​តែ​ព្រះ‌ហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ
ហើយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ
11បើ​ទូលបង្គំ​ថា សេចក្ដី​ងងឹត​នឹង​គ្រប​បាំង
ទូលបង្គំ​ជា​ប្រាកដ
ហើយ​ពន្លឺ​ដែល​ភ្លឺ​នៅ​ជុំវិញ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ
12ដូច្នេះ ទាំង​សេចក្ដី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយ
ទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរ
ឯ​សេចក្ដី​ងងឹត នឹង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់
13ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ
ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ
14ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់
ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ
ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់
ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ
15កាល​ទូលបង្គំ​កើត​មាន​នៅ​ទី​កំបាំង
ហើយ​បាន​សូន​ធ្វើ​បែប​ចំឡែកៗ​នៅ​ទី​ទាប​នៃ​ផែនដី
នោះ​គ្រោង​កាយ​របស់​ទូលបង្គំ​មិន​កំបាំង​នឹង​ទ្រង់​ទេ
16ព្រះ‌នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូលបង្គំ
ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ
ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់
គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​ដំរូវ​ឲ្យ​ទូលបង្គំ​រស់​នៅ
ក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ
17ឱ​ព្រះ‌អង្គ​អើយ ព្រះ‌ដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេស
ដល់​ទូលបង្គំ​ណាស់​ហ្ន៎
ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង
18បើ​សិន​ជា​ទូលបង្គំ​នឹង​ខំ​រាប់​ចំនួន
នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត
កាល​ណា​ទូលបង្គំ​ភ្ញាក់​ឡើង
នោះ​ទូលបង្គំ​នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ឡើយ
19ឱ​ព្រះ‌អង្គ​អើយ ទ្រង់​នឹង​ប្រហារ​ពួក
មនុស្ស​អាក្រក់​ជា​មិន​ខាន
នែ ពួក​មនុស្ស​ដែល​កំចាយ​ឈាម​អើយ
ចូរ​ថយ​ចេញ​ពី​អញ​ទៅ
20ដ្បិត​គេ​ពោល​យ៉ាង​អាក្រក់​ទាស់​នឹង​ទ្រង់
ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ គេ​ចេញ​ព្រះ‌នាម
ទ្រង់​ជា​អសារ​ឥត​ការ
21ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ស្អប់​ដល់​ពួក​អ្នក
ដែល​ស្អប់​ទ្រង់
ក៏​ខ្ពើម​ដល់​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់​ដែរ​ទេ​តើ
22គឺ​ទូលបង្គំ​ស្អប់​គេ​ពេញ​ទី​ហើយ
គេ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​ដល់​ទូលបង្គំ​ដែរ
23ឱ​ព្រះ‌អង្គ​អើយ សូម​ពិនិត្យ​មើល
ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង
សូម​ល្បង​ល​ឲ្យ​បាន​ជ្រាប​អស់​ទាំង​គំនិត​នៃ​ទូលបង្គំ​ចុះ
24សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ
ហើយ​នាំ​ទូលបង្គំ​តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 139: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល