យ៉ូប 2
2
1រួចមក មានកាល១ថ្ងៃទៀត ដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយសាតាំងក៏នៅក្នុងចំណោមនោះ ដើម្បីគាល់ព្រះយេហូវ៉ាដែរ 2ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរសាតាំងថា ឯងមកពីណា សាតាំងទូលឆ្លើយថា មកពីដើរចុះឡើងទៅមកនៅផែនដី 3រួចព្រះយេហូវ៉ាទ្រង់សួរថា ឯងបានសង្កេតមើលយ៉ូប ជាអ្នកបំរើអញឬទេ ដ្បិតគ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង មួយទៀត ទោះបើឯងបណ្តាលឲ្យអញទាស់នឹងគាត់ ដើម្បីនឹងបំផ្លាញចេញ ដោយឥតហេតុក៏ដោយ គង់តែគាត់នៅរក្សាលក្ខណៈខ្លួនដដែល 4សាតាំងទូលតបថា ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ 5ចូរទ្រង់គ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹង នឹងសាច់គាត់ចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ត្រ 6ព្រះយេហូវ៉ាមានបន្ទូលថា មើល អញប្រគល់គាត់ទៅក្នុងអំណាចឯងទៀត ចូរប្រណីដល់តែជីវិតគាត់ប៉ុណ្ណោះ។
7ដូច្នេះ សាតាំងក៏ចេញពីចំពោះព្រះយេហូវ៉ា ទៅវាយយ៉ូបឲ្យកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល 8នោះលោកយកអំបែងឆ្នាំងសំរាប់កោសខ្លួន ទៅអង្គុយនៅក្នុងផេះ 9ឯប្រពន្ធលោក នាងនិយាយថា អ្នកនៅតែរក្សាលក្ខណៈខ្លួនទៀតឬ ចូរប្រមាថដល់ព្រះ ហើយស្លាប់ទៅចុះ 10តែលោកឆ្លើយថា ឯងនិយាយដូចជាស្រីឆោតល្ងង់ទេ ម៉េច យើងទទួលសេចក្ដីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្ដីអាក្រក់ដែរទេឬ ក្នុងគ្រប់ទាំងសេចក្ដីទាំងនោះ យ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ។
11រីឯមិត្រសំឡាញ់របស់យ៉ូបទាំង៣នាក់ កាលបានឮនិយាយពីសេចក្ដីអាក្រក់ទាំងនោះ ដែលកើតដល់លោក នោះគេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន១ ប៊ីលដាឌ ជាសាសន៍ស៊ូអា១ នឹងសូផារ ជាសាសន៍ន៉ាអាម៉ា១ គេសន្មតគ្នានឹងមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ 12កាលគេងើបភ្នែកមើលពីចំងាយទៅឃើញ តែមិនបានស្គាល់លោក នោះក៏ឡើងសំឡេងយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ 13រួចគេអង្គុយនៅដី ជាមួយនឹងលោកអស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅលោក១ម៉ាត់សោះ ដោយឃើញថា លោកមានសេចក្ដីទុក្ខជាទំងន់ណាស់។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.