យ៉ូប 1
1
1នៅស្រុកអ៊ូស មានមនុស្សម្នាក់ឈ្មោះយ៉ូប ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់ 2លោកបង្កើតបានកូនប្រុស៧ នឹងកូនស្រី៣ 3លោកមានចៀម៧ពាន់ អូដ្ឋ៣ពាន់ គោ៥០០នឹម នឹងលាញី៥០០ ក៏មានបាវព្រាវយ៉ាងសន្ធឹក បានជាលោកធំជាងអស់ទាំងមនុស្ស នៅប្រទេសខាងកើត។
4ឯកូនប្រុសៗរបស់លោក គេតែងជប់លៀងគ្នា នៅផ្ទះគេរៀងខ្លួនតាមវេន គេក៏ចាត់ឲ្យទៅហៅប្អូនស្រីគេទាំង៣នាក់ ឲ្យមកបរិភោគជាមួយគ្នា 5លុះកាលបានជប់លៀងគ្នារួចហើយ នោះយ៉ូបក៏ចាត់ទៅញែកគេចេញជាបរិសុទ្ធ រួចក្រោកឡើងពីព្រលឹមស្រាង ថ្វាយដង្វាយដុតតាមចំនួនកូនទាំងប៉ុន្មាន ដោយនឹកថា ក្រែងកូនអញបានធ្វើបាប ហើយមានចិត្តលះចោលព្រះយ៉ាងណា លោកតែងតែធ្វើដូច្នេះជាដរាប។
6រីឯមានកាល១ថ្ងៃ ដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំងក៏មកនៅក្នុងចំណោមគេដែរ 7នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរសាតាំងថា ឯងមកពីណា សាតាំងទូលឆ្លើយថា មកពីដើរចុះឡើងទៅមកនៅផែនដី 8រួចព្រះយេហូវ៉ាទ្រង់សួរសាតាំងថា ឯងបានសង្កេតមើលយ៉ូប ជាអ្នកបំរើអញឬទេ ដ្បិតគ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង 9សាតាំងទូលឆ្លើយដល់ព្រះយេហូវ៉ាថា ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ 10តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ នឹងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬអី ទ្រង់បានប្រទានពរ ដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចំរើនឡើងនៅលើផែនដី 11ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ត្រ 12ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា មើល អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ ដូច្នេះ សាតាំងក៏ចេញពីចំពោះព្រះយេហូវ៉ាទៅ។
13មាន១ថ្ងៃ កាលពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ ហើយផឹកស្រាទំពាំងបាយជូរ នៅឯផ្ទះបងច្បង 14នោះគាប់ចួនជាមានម្នាក់នាំដំណឹងមកជំរាបយ៉ូបថា កំពុងដែលគោនៅភ្ជួរ ហើយហ្វូងលារកស៊ីជិតខាង 15នោះស្រាប់តែពួកសាសន៍សេបា មកប្លន់ពង្រត់យកទៅ ក៏បានកាប់សំឡាប់ពួកបាវព្រាវ ដោយមុខដាវ មានតែខ្ញុំ១ទេ ដែលបានរត់រួចមកជំរាបលោក 16កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជំរាបថា ភ្លើងរបស់ព្រះបានធ្លាក់ពីលើមេឃមកបញ្ឆេះហ្វូងចៀម នឹងពួកបាវព្រាវអស់ទៅហើយ មានតែខ្ញុំ១ទេ ដែលរួចមកជំរាបលោក 17កាលអ្នកនោះកំពុងនិយាយនៅឡើយ ក៏មានម្នាក់ទៀតមកជំរាបថា ពួកសាសន៍ខាល់ដេបានចែកគ្នាជា៣កង លុកចូលមកប្លន់ពង្រត់យកអូដ្ឋទាំងប៉ុន្មានទៅ ហើយគេកាប់សំឡាប់ពួកបាវព្រាវដោយមុខដាវ មានតែខ្ញុំ១ទេ ដែលរត់រួចមកជំរាបលោក 18កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជំរាបថា ពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ នៅក្នុងផ្ទះបងច្បង 19ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុំផ្ទះទាំង៤ជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំ១ទេ ដែលរួច ដើម្បីមកជំរាបលោក។
20នោះយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ 21ដោយពាក្យថា ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ 22ក្នុងគ្រប់សេចក្ដីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.