១ សាំយូ‌អែល 18

18
1លុះ​កាល​ដាវីឌ​ទូល​ទៅ​សូល​រួច​ហើយ នោះ​ចិត្ត​យ៉ូណា‌ថាន​ក៏​មូល​ជាប់​នឹង​ចិត្ត​គាត់ ហើយ​យ៉ូណា‌ថាន​បាន​ស្រឡាញ់​ដាវីឌ​ទុក​ដូច​ជា​ខ្លួន​លោក​ដែរ 2នៅ​ថ្ងៃ​នោះ សូល​ទ្រង់​ក៏​ទទួល​ដាវីឌ មិន​ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​ឪពុក​វិញ​ទៀត​ទេ 3ខណ​នោះ យ៉ូណា‌ថាន​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ពី​ព្រោះ​លោក​ស្រឡាញ់​ដាវីឌ​ដូច​ជា​ខ្លួន​របស់​លោក 4លោក​ក៏​ដោះ​អាវ​ដែល​លោក​ពាក់ ប្រគល់​ឲ្យ​ដល់​ដាវីឌ ព្រម​ទាំង​សំលៀក‌បំពាក់​របស់​លោក នឹង​ដាវ ធ្នូ ហើយ​នឹង​ខ្សែ​ក្រវាត់​ផង 5គ្រា​នោះ ដាវីឌ​ត្រាច់​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​សូល​ទ្រង់​ប្រើ ហើយ​ក៏​តែង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា រួច​មក​សូល​ទ្រង់​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​បណ្តាជន នឹង​ពួក​មហា‌តលិក​របស់​សូល គេ​មាន​សេចក្ដី​ពេញ​ចិត្ត​ជា​ខ្លាំង។
6គ្រា​កាល​ដែល​គេ​ត្រឡប់​វិល​មក គឺ​នៅ​វេលា​ដែល​ដាវីឌ​មក​ពី​សំឡាប់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​វិញ​ហើយ នោះ​ពួក​ស្រី​ទាំង‌ឡាយ ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង នឹង​លោត‌កញ្ឆេង ហើយ​បន្ទរ​ក្រាប់ នឹង​ប្រដាប់​ភ្លេង​ផ្សេងៗ 7កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា សូល​ទ្រង់​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន 8ដូច្នេះ សូល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ជា​ខ្លាំង ដោយ​ពាក្យ​នោះ​នាំ​ឲ្យ​បង្អាក់​ដល់​ព្រះ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​ថា គេ​បាន​រាប់​ជា​១​ម៉ឺន​ដល់​ដាវីឌ តែ​អញ​បាន​ត្រឹម​តែ​ពាន់​ទេ ដូច្នេះ វា​នៅ​ខ្វះ​តែ​សោយ‌រាជ្យ​ប៉ុណ្ណោះ​ទេ 9ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក សូល​ទ្រង់​ចេះ​តែ​រំពៃ​មើល​ដាវីឌ ដោយ​ព្រះ‌នេត្រ​ដ៏​អាក្រក់។
10លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​សូល បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្ដី​ក្រោធ​នៅ​កណ្តាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត​ផង ឯ​ដាវីឌ​ក៏​ចាប់​លេង​ភ្លេង​ឡើង​ដូច​កាល​សព្វ​១​ដង 11ខណនោះ សូល​ទ្រង់​ក៏​ពួយ​ដែក​ពួយ​ទៅ ដោយ​នឹក​ថា អញ​នឹង​ចាក់​ទំលុះ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ​អស់​វារៈ​២​ដង 12ដូច្នេះសូល​ទ្រង់​ក៏​ខ្លាច​ដល់​ដាវីឌ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​លោក តែ​បាន​ថយ​ចេញ​ពី​ទ្រង់​វិញ 13ហេតុ​ដូច្នោះសូល​ទ្រង់​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​ដំរូវ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្តា​ទ័ព​ចេញ​ចូល 14លោក​ចេះ​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​ផង 15កាល​សូល​ទ្រង់​ឃើញ​ថា ដាវីឌ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ដូច្នោះ នោះ​ទ្រង់​កោត‌ខ្លាច​ដល់​លោក 16តែ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ដិត​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ពី​ព្រោះ​លោក​ជា​អ្នក​នាំ​មុខ​គេ​ចេញ​ចូល។
17នៅ​គ្រា​នោះ សូល​មាន​បន្ទូល​ទៅ​ដាវីឌ​ថា មើល​អញ​នឹង​ឲ្យ​នាង​ម៉្រាប ជា​កូន​ច្បង​របស់​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​បាន​ធ្វើ​ជា​អ្នក​ក្លាហាន សំរាប់​អញ ហើយ​ច្បាំង​ចំបាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ ពី​ព្រោះ​សូល​មាន​បំណង​ថា កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​ធ្វើ​វិញ​ចុះ 18ដាវីឌ​ទូល​ឆ្លើយ​នឹង​សូល​ថា តើ​ទូលបង្គំ​ជា​អ្វី ឬ​ជីវិត​ទូលបង្គំ​វិសេស​យ៉ាង​ណា ឬ​គ្រួ​នៃ​ឪពុក​ទូលបង្គំ​ជា​អ្វី​នៅ​ក្នុង​ពួក​អ៊ីស្រាអែល បាន​ជា​សព្វ​ព្រះ‌ទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ជា​កូន​ប្រសា​នៃ​ទ្រង់​ព្រះ‌ករុណា​ដូច្នេះ 19តែ​ដល់​វេលា​ដែល​ត្រូវ​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​សូល​ទៅ​ដាវីឌ នោះ​ត្រឡប់​ទៅ​ជា​បាន​លើក​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ័ទ្រី‌អែល ជា​ពួក​មហូឡា​វិញ 20ឯ​មីកាល ជា​បុត្រី​សូល នាង​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​ដាវីឌ​ណាស់ ហើយ​មាន​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​សូល ការ​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ទ្រង់ 21ដោយ​បំណង​ថា អញ​នឹង​ឲ្យ​នាង​ទៅ​វា​ចុះ ដើម្បី​ឲ្យ​បាន​ជា​អន្ទាក់​ដល់​វា ហើយ​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​បាន​ទាស់​នឹង​វា ដូច្នោះ​សូល​មាន​បន្ទូល​ទៅ​ដាវីឌ​ថា នៅ​ថ្ងៃ​នេះ ឯង​នឹង​ធ្វើ​ជា​កូន​ប្រសា​អញ ដោយ‌សារ​នាង​បន្ទាប់​នេះ​វិញ។
22សូល​ទ្រង់​ក៏​បង្គាប់​ដល់​ពួក​មហា‌តលិក​ថា ចូរ​និយាយ​ប្រលោម​ដាវីឌ​ដោយ​សំងាត់​ថា មើល ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​លោក​ណាស់ ហើយ​ពួក​មហា‌តលិក​ទាំង​អស់​គ្នា​ក៏​ស្រឡាញ់​ដល់​លោក​ដែរ ដូច្នេះសូម​លោក​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​ទៅ 23ពួក​មហា‌តលិក​ក៏​ថ្លែង​សេចក្ដី​ទាំង​នោះ​ប្រាប់​ដល់​ត្រចៀក​ដាវីឌ តែ​លោក​ឆ្លើយ​ថា អ្នក​រាល់​គ្នា​ស្មាន​ថា ដែល​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច នោះ​ជា​ការ​ងាយ​ឬ ឯ​ខ្ញុំ​ជា​មនុស្ស​ក្រីក្រ ហើយ​ស្តេច​មិន‌សូវ​រាប់​អាន​ផង 24នោះ​ពួក​មហា‌តលិក​ក៏​នាំ​សេចក្ដី​ទៅ​ក្រាប​ទូល​ដល់​ទ្រង់ អំពី​ដាវីឌ​បាន​និយាយ​យ៉ាង​នោះ 25រួច​សូល​ទ្រង់​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​និយាយ​នឹង​ដាវីឌ​ដូច្នេះ​ចុះ ថា​ស្តេច​មិន​ចង់​បាន​បណ្តា‌ការ​អ្វី​ទេ ទ្រង់​សព្វ​ព្រះ‌ទ័យ ចង់​បាន​តែ​ស្បែក​នៃ​ស្រោម​ចុង​ស្វាស របស់​ពួក​ភីលីស្ទីន​១០០​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ទ្រង់ តែ​គំនិត​សូល​ទ្រង់​គិត​តែ​ឲ្យ​ដាវីឌ​បាន​ស្លាប់​ដោយ​ដៃ​ពួក​ភីលីស្ទីន​ទេ 26ដូច្នេះកាល​ពួក​មហា‌តលិក​បាន​នាំ​សេចក្ដី​ទៅ​ប្រាប់​ដល់​ដាវីឌ​វិញ​ហើយ នោះ​លោក​ក៏​សុខ​ចិត្ត នឹង​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​ដែរ ឯ​ពេល​កំណត់​ដែល​ត្រូវ​យក​មក មិន​ទាន់​សំរេច​នៅ​ឡើយ 27បាន​ជា​ដាវីឌ​ក្រោក​ឡើង​ចេញ​ទៅ ព្រម​ទាំង​នាំ​ពួក​កង​របស់​លោក​ទៅ​ផង រួច​សំឡាប់​ពួក​ភីលីស្ទីន​បាន​២០០​នាក់ ហើយ​លោក​នាំ​យក​ស្បែក​ស្រោម​ចុង​ស្វាស​របស់​គេ មក​ថ្វាយ​ស្តេច​គ្រប់​ចំនួន​នោះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​ប្រសា​ស្តេច នោះ​សូល​ទ្រង់​ប្រទាន​នាង​មីកាល ជា​បុត្រី ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ 28សូល​ទ្រង់​ក៏​យល់​ឃើញ ហើយ​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ដាវីឌ ឯ​នាង​មីកាល ជា​បុត្រី​សូល ក៏​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​លោក 29ដូច្នេះ សូល​ទ្រង់​ខ្លាច​ដាវីឌ​រឹត‌តែ​ខ្លាំង​ឡើង​ទៀត ក៏​ធ្វើ​ជា​អ្នក​សត្រូវ​នឹង​លោក​ជា​ដរាប​ទៅ។
30នៅ​គ្រា​នោះ ពួក​មេ​សាសន៍​ភីលីស្ទីន គេ​ចេះ​តែ​ទន្ទ្រាន​ចូល​មក តែ​វេលា​ណា​ដែល​គេ​ចូល​មក នោះ​ដាវីឌ​ក៏​តែង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា លើស​ជាង​អស់​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​នៃ​ស្តេច ដល់​ម៉្លេះ​បាន​ជា​គេ​ទុក​ចិត្ត​ពឹង​ដល់​ឈ្មោះ​លោក​ណាស់។

ទើបបានជ្រើសរើសហើយ៖

១ សាំយូ‌អែល 18: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល