១ សាំយូអែល 19
19
1គ្រានោះសូលទ្រង់បង្គាប់ដល់យ៉ូណាថានជាបុត្រាទ្រង់ នឹងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសំឡាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រាសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ 2បានជាលោកប្រាប់ដល់ដាវីឌថា សូលជាបិតាខ្ញុំរកសំឡាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមឲ្យអ្នកប្រយ័តខ្លួន ត្រូវឲ្យពួននៅក្នុងទីសំងាត់ណាមួយទៅ 3នោះខ្ញុំនឹងចេញទៅឈរជាមួយនឹងបិតាខ្ញុំក្នុងវាលជិតកន្លែងណាដែលអ្នកពួននោះ រួចខ្ញុំនឹងស្នើការពីដំណើរអ្នកចំពោះបិតាខ្ញុំ បើខ្ញុំឃើញហេតុជាយ៉ាងណា នោះខ្ញុំនឹងប្រាប់ដល់អ្នក 4ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់សូលជាបិតាថា សូមកុំឲ្យបិតាធ្វើបាបដល់ដាវីឌ ជាអ្នកបំរើទ្រង់ឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើសោតនោះសុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់ផង 5គាត់បានប្រថុយជីវិត ទៅវាយពួកភីលីស្ទីន ហើយព្រះយេហូវ៉ាទ្រង់បានប្រោសឲ្យមានជ័យជំនះជាធំ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា បិតាក៏បានឃើញ ហើយមានសេចក្ដីអំណរដែរ ចុះហេតុអ្វីបានជាចង់ធ្វើបាបនឹងឈាមដែលឥតមានទោសវិញ ដោយសំឡាប់គាត់ឥតហេតុដូច្នេះធ្វើអី 6នោះសូលទ្រង់ក៏ស្តាប់តាមពាក្យយ៉ូណាថាន ព្រមទាំងចេញវាចាស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា វាមិនត្រូវស្លាប់ទេ 7រួចមកយ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅឯសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។
8សម័យនោះ កើតមានចំបាំងម្តងទៀត ហើយដាវីឌក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ប្រហារសំឡាប់ជីវិតគេយ៉ាងសំបើម គេក៏រត់ពីមុខលោកទៅ។
9រីឯកាលសូលកំពុងតែគង់ក្នុងដំណាក់ មានទាំងដែកពួយនៅព្រះហស្ត នោះវិញ្ញាណអាក្រក់ដែលមកពីព្រះយេហូវ៉ាក៏សណ្ឋិតលើទ្រង់ ឯដាវីឌ លោកកំពុងតែលេងភ្លេង 10ស្រាប់តែសូលទ្រង់រកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ ដែលលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះដាវីឌក៏រត់រួចនៅយប់នោះឯង 11ឯសូលទ្រង់ចាត់គេឲ្យទៅឯផ្ទះដាវីឌដើម្បីនឹងចាំយាម ហើយនឹងសំឡាប់លោកដល់ព្រឹកឡើង តែមីកាល ជាប្រពន្ធដាវីឌ ប្រាប់លោកថា បើអ្នកមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ នោះស្អែកឡើង អ្នកនឹងត្រូវស្លាប់ហើយ 12ដូច្នេះមីកាលបានសំរូតបញ្ចុះដាវីឌតាមបង្អួចទៅ ហើយលោកក៏រត់ចេញរួច 13ឯមីកាលនាងយករូប១ទៅផ្តេកនៅលើគ្រែ ហើយយកខ្នើយរោមពពែដាក់កើយក្បាល ព្រមទាំងដណ្តប់ផួយផង 14លុះកាលសូលទ្រង់ចាត់គេ ឲ្យទៅចាប់ដាវីឌ នោះនាងប្រាប់ថា លោកឈឺ 15រួចសូលទ្រង់ចាត់គេ ឲ្យទៅមើលដាវីឌដោយប្រាប់ថា ចូរសែងនាំយកវាទាំងដេកនៅលើគ្រែ មកឲ្យអញបានសំឡាប់ចេញ 16តែកាលពួកនោះបានទៅដល់ នោះឃើញមានតែរូបផ្តេកនៅគ្រែ ហើយនឹងខ្នើយរោមពពែ ដាក់កើយក្បាលទេ 17ដូច្នេះសូលទ្រង់សួរមីកាលថា ម្តេចក៏ឯងបញ្ឆោតអញ ហើយទុកឲ្យសត្រូវអញរួចទៅដូច្នេះ មីកាលទូលឆ្លើយថា គាត់បានកំហែងខ្ញុំម្ចាស់ថា ចូរឲ្យអញទៅ ចង់ឲ្យអញសំឡាប់ឯងឬ។
18រីឯដាវីឌ លោករត់រួចទៅដល់សាំយូអែល នៅឯរ៉ាម៉ា ហើយជំរាបពីសេចក្ដីទាំងប៉ុន្មាន ដែលសូលបានធ្វើដល់ខ្លួន រួចលោក នឹងសាំយូអែលក៏នាំគ្នាទៅនៅឯណាយ៉ូត 19មានគេទូលដល់សូលថា មើល ដាវីឌនៅត្រង់ណាយ៉ូតដែលនៅស្រុករ៉ាម៉ា 20នោះសូលទ្រង់ក៏ចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ នឹងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះ ទ្រង់ក៏មកសណ្ឋិតលើពួកអ្នក ដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ទាយដែរ 21កាលដំណឹងនោះបានឮទៅដល់សូល នោះទ្រង់ចាត់១ពួកឲ្យទៅទៀត តែអ្នកទាំងនោះក៏ទាយដែរ សូលទ្រង់ចាត់ពួកមនុស្សឲ្យទៅអស់វារៈជាគំរប់៣ដង តែគេទាយដូចគ្នាទាំងអស់ 22ពេលនោះទ្រង់ក៏យាងទៅឯរ៉ាម៉ា ដោយព្រះអង្គទ្រង់វិញ កាលបានដល់ទៅអណ្តូង១នៅត្រង់សេគូវ នោះទ្រង់សួរគេថា តើសាំយូអែលនឹងដាវីឌនៅឯណា គេឆ្លើយថា លោកនៅឯណាយ៉ូត ក្នុងស្រុករ៉ាម៉ា 23ទ្រង់ក៏យាងទៅឯណាយ៉ូតស្រុករ៉ាម៉ានោះ ស្រាប់តែព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើទ្រង់ ហើយទ្រង់យាងទៅទាំងទាយបណ្តើររហូតដល់ណាយ៉ូតនៅស្រុករ៉ាម៉ា 24ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ទាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញ១ថ្ងៃ១យប់នោះ ហេតុនោះបានជាគេសួរថា តើសូលជាពួកហោរាដែរឬអី។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 19: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.