១ សាំយូអែល 20
20
1រីឯដាវីឌ លោករត់ចេញពីណាយ៉ូតនៅស្រុករ៉ាម៉ានោះ ទៅឯយ៉ូណាថានសួរថា តើខ្ញុំបានធ្វើអ្វី ខ្ញុំមានទោសជាយ៉ាងណា ឬបានធ្វើបាបដូចម្តេចខ្លះនៅចំពោះបិតាអ្នក បានជាទ្រង់រកសំឡាប់ខ្ញុំដូច្នេះ 2យ៉ូណាថានឆ្លើយថា សូមកុំឲ្យបានដូច្នេះឡើយ អ្នកមិនត្រូវស្លាប់ទេ មើល បិតាខ្ញុំមិនដែលធ្វើការអ្វី ទោះធំ ឬតូចក្តី ដែលមិនប្រាប់ដល់ខ្ញុំនោះទេ ចុះមានទំនងអ្វីឲ្យទ្រង់លាក់ការនេះនឹងខ្ញុំវិញ ការនោះមិនត្រូវទេ 3ប៉ុន្តែដាវីឌនិយាយដោយស្បថថា បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នកបានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ នឹងសេចក្ដីស្លាប់ នៅឃ្លាតតែ១ជំហានពីគ្នាទេ 4នោះយ៉ូណាថាននិយាយនឹងដាវីឌថា ការអ្វីដែលចិត្តអ្នកប្រាថ្នាចង់បាន នោះខ្ញុំនឹងសំរេចឲ្យ 5ដាវីឌឆ្លើយថា មើល ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយនឹងស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួនលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទី៣វិញ 6បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុង១ឆ្នាំម្តង 7បើទ្រង់មានបន្ទូលយ៉ាងនេះថា អើ ដូច្នេះ ខ្ញុំជាអ្នកបំរើរបស់អ្នកនឹងបានសេចក្ដីសុខ តែបើសិនជាទ្រង់ក្រោធវិញ នោះត្រូវដឹងថា បានសំរេចនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ 8ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបំរើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសញ្ញានៃព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានសេចក្ដីទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសំឡាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ 9យ៉ូណាថានឆ្លើយថា សូមឲ្យសេចក្ដីនេះថយឆ្ងាយពីអ្នកទៅ បើសិនជាខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសំរេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬអី 10រួចដាវីឌនិយាយនឹងយ៉ូណាថានថា បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ 11យ៉ូណាថានឆ្លើយតបថា ចូរយើងចេញទៅឯវាលសិន នោះក៏នាំគ្នាចេញទៅទាំង២នាក់។
12ដល់ហើយ យ៉ូណាថានមានវាចាថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្ដីល្អណាសំរេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក 13តែបើសិនជាបិតាខ្ញុំសព្វព្រះទ័យ នឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នក ដូចជាទ្រង់បានគង់ជាមួយនឹងបិតាខ្ញុំដែរ 14ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសំដែងសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាដល់ខ្ញុំ មិនមែនឲ្យតែខ្ញុំរួចស្លាប់ប៉ុណ្ណោះ 15គឺឲ្យអ្នកចុះកិច្ចសន្យាថា មិនផ្តាច់សេចក្ដីសប្បុរសរបស់អ្នកពីពួកវង្សខ្ញុំ ជារៀងរាបតទៅ ក្នុងកាលដែលព្រះយេហូវ៉ាបានដកពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកពីផែនដីចេញនោះផង។ 16គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ាទ្រង់នឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។
17រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្ដីស្រឡាញ់ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក 18យ៉ូណាថានក៏និយាយថា ថ្ងៃស្អែកជាថ្ងៃចូលខែហើយ មុខជាគេនឹងយល់ឃើញថាខ្វះអ្នកដែរ ដោយកៅអីរបស់អ្នកនៅទំនេរ 19លុះបានផ្អាកនៅអស់៣ថ្ងៃហើយ នោះត្រូវឲ្យអ្នកចុះទៅឯកន្លែងដែលអ្នកបានពួនពីជាន់មុននោះជាប្រញាប់ទៅ គឺត្រូវទៅអែបនៅត្រង់ថ្មដាអេសែល 20ខ្ញុំនឹងបាញ់ព្រួញ៣ឲ្យត្រូវត្រង់ថ្មដានោះ ធ្វើដូចជាខំបាញ់ឲ្យត្រូវស្នាមអ្វីមួយ 21រួចខ្ញុំនឹងចាត់ក្មេងជំទង់ម្នាក់ ឲ្យទៅដោយថា ចូរទៅរកព្រួញមក ហើយបើខ្ញុំនិយាយទៅក្មេងនោះថា មើល ព្រួញនៅខាងអាយឯងឯណេះ ចូររើសយកមក នោះខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា គ្មានហេតុអ្វីនឹងនាំឲ្យអន្តរាយទេ មានតែសេចក្ដីមេត្រីដល់អ្នកប៉ុណ្ណោះ 22តែបើខ្ញុំនិយាយទៅក្មេងនោះថា មើល ព្រួញនៅខាងនាយឯងឯណោះ នោះត្រូវឲ្យអ្នកអញ្ជើញទៅចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានឲ្យអ្នកទៅហើយ 23ឯដំណើរដែលយើងបានសំរេចគ្នា នោះមានព្រះយេហូវ៉ា ទ្រង់គង់នៅជាកណ្តាលអ្នក ហើយនឹងខ្ញុំ រៀងរាបតទៅស្រាប់ហើយ។
24ដូច្នេះ ដាវីឌក៏ទៅពួននៅឯទីវាល លុះដល់ថ្ងៃចូលខែហើយ នោះស្តេចទ្រង់ក៏គង់សោយព្រះស្ងោយ 25ទ្រង់ក៏គង់នៅលើអាសនៈត្រង់ជិតជញ្ជាំង ដូចជាសព្វ១ដង ឯយ៉ូណាថានលោកឈរនៅ ហើយអ័ប៊ីនើរអង្គុយនៅក្បែរសូល តែឯកន្លែងរបស់ដាវីឌនៅជាទំនេរវិញ 26ប៉ុន្តែនៅថ្ងៃនោះ សូលទ្រង់មិនបានមានបន្ទូលអ្វីសោះដោយស្មានថា មានការអ្វីកើតឡើងហើយ ប្រាកដជាវាមិនស្អាតទេ។ 27លុះស្អែកឡើង ក្រោយថ្ងៃចូលខែ គឺជាថ្ងៃទី២ កន្លែងដាវីឌក៏នៅតែទំនេរទៀត នោះសូលទ្រង់មានបន្ទូលសួរយ៉ូណាថានជាបុត្រាទ្រង់ថា ហេតុអ្វីបានជាកូនអ៊ីសាយមិនបានមកបរិភោគភោជនាហារ ពីថ្ងៃម្សិលមិញ ហើយថ្ងៃនេះផង 28យ៉ូណាថានទូលឆ្លើយថា ដាវីឌបានអង្វរ សូមឲ្យទូលបង្គំបើកឲ្យគាត់ទៅឯបេថ្លេហិមហើយ 29ដោយថា សូមអនុញ្ញាតឲ្យខ្ញុំទៅ ដ្បិតពួកគ្រួរបស់យើងខ្ញុំ គេនាំគ្នាថ្វាយយញ្ញបូជានៅក្នុងទីក្រុង ហើយបងខ្ញុំបានផ្តាំឲ្យខ្ញុំទៅ ដូច្នេះ បើអ្នកអាណិតមេត្តាដល់ខ្ញុំ នោះសូមឲ្យខ្ញុំទៅសួរបងប្អូនខ្ញុំបន្តិច គឺដោយហេតុនោះបានជាគាត់មិនបានមកបរិភោគជាមួយនឹងបិតាទេ។
30ខណនោះ សូលទ្រង់ក៏កើតមានសេចក្ដីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា នែ អាកូនម្នោម្នះ ហើយរឹងចចេស អញដឹងហើយថា ដែលឯងបានរើសយកកូនអ៊ីសាយនេះ ទុកជាមិត្រសំឡាញ់ នោះនឹងបានជាសេចក្ដីខ្មាសដល់ឯង ហើយជាសេចក្ដីខ្មាសដល់កេរខ្មាសរបស់ម្តាយឯងថែមទៀត 31ដ្បិតដែលកូនអ៊ីសាយនេះរស់នៅផែនដីដរាបណា នោះឯងមិនបានខ្ជាប់ខ្ជួនឡើយ ហើយរាជ្យឯងក៏មិនបានតាំងឡើងដែរ ដូច្នេះ ចូរឲ្យគេទៅនាំយកវាមកឯអញឥឡូវនេះ ដ្បិតវាគួរស្លាប់ហើយ 32តែយ៉ូណាថានទូលទាស់ថា ហេតុអ្វីបានជាគាត់ត្រូវស្លាប់ តើបានធ្វើអ្វីខ្លះ 33នោះសូលទ្រង់ពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន ដោយហេតុនោះ លោកក៏បានជ្រាបថា បិតាបានសំរេចព្រះទ័យនឹងសំឡាប់ដាវីឌហើយ 34ដូច្នេះ យ៉ូណាថានក៏ក្រោកពីតុឡើង ដោយមានសេចក្ដីកំហឹងជាខ្លាំង ហើយនៅថ្ងៃទី២នោះ លោកមិនបានបរិភោគអ្វីសោះ ដោយមានសេចក្ដីឈឺឆ្អាលចំពោះដាវីឌ ហើយពីព្រោះបិតាបានធ្វើឲ្យមានសេចក្ដីខ្មាសផង។
35លុះដល់ព្រឹកឡើង យ៉ូណាថានក៏ចេញទៅឯវាលតាមពេលដែលបានសន្យានឹងដាវីឌ ហើយមានក្មេងម្នាក់ទៅជាមួយផង 36លោកក៏ប្រាប់ដល់ក្មេងនោះថា ចូរឯងរត់ទៅយកព្រួញ ដែលអញនឹងបាញ់ឥឡូវនេះមក កាលក្មេងនោះកំពុងរត់ទៅ នោះលោកបាញ់ព្រួញ១ទៅខាងនាយវា 37តែកាលក្មេងបានរត់ទៅដល់កន្លែង ដែលព្រួញធ្លាក់ នោះយ៉ូណាថានស្រែកទៅតាមថា នៅខាងនាយឯងឯណោះ 38រួចយ៉ូណាថានក៏ស្រែកទៅតាមវាម្តងទៀតថា ឲ្យឆាប់ៗ ប្រញាប់ឡើង កុំឲ្យឈប់ឡើយ ដូច្នេះ ក្មេងនោះក៏រើសព្រួញ រួចត្រឡប់មកឯចៅហ្វាយវិញ 39តែឥតបានដឹងការអ្វីឡើយ មានតែយ៉ូណាថាន ហើយនឹងដាវីឌប៉ុណ្ណោះ ដែលដឹងការនោះ 40រួចយ៉ូណាថានលោកប្រគល់គ្រឿងបាញ់ទៅក្មេង ដោយប្រាប់ថា ចូរយកទៅក្នុងទីក្រុងចុះ 41កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់៣ដង រួចក៏ឱបគ្នាថើបដោយយំទាំង២នាក់ ទាល់តែដាវីឌបានហូរទឹកភ្នែកខ្លាំងជាង 42នោះយ៉ូណាថានមានប្រសាសន៍ដល់ដាវីឌថា អញ្ជើញអ្នកទៅឲ្យប្រកបដោយសេចក្ដីសុខចុះ ដ្បិតយើងទាំង២នាក់បានស្បថគ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាហើយ ថា ព្រះយេហូវ៉ាទ្រង់នឹងគង់កណ្តាលខ្ញុំហើយនឹងអ្នក ហើយកណ្តាលពូជខ្ញុំ នឹងពូជរបស់អ្នកជាដរាបតទៅ នោះដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានលោកក៏ត្រឡប់វិលចូលទៅក្នុងទីក្រុងវិញ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 20: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.