១ សាំយូ‌អែល 20

20
1រីឯ​ដាវីឌ លោក​រត់​ចេញ​ពី​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា​នោះ ទៅ​ឯ​យ៉ូណា‌ថាន​សួរ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ខ្ញុំ​មាន​ទោស​ជា​យ៉ាង​ណា ឬ​បាន​ធ្វើ​បាប​ដូច​ម្តេច​ខ្លះ​នៅ​ចំពោះ​បិតា​អ្នក បាន​ជា​ទ្រង់​រក​សំឡាប់​ខ្ញុំ​ដូច្នេះ 2យ៉ូណា‌ថាន​ឆ្លើយ​ថា សូម​កុំ​ឲ្យ​បាន​ដូច្នេះ​ឡើយ អ្នក​មិន​ត្រូវ​ស្លាប់​ទេ មើល បិតា​ខ្ញុំ​មិន​ដែល​ធ្វើ​ការ​អ្វី ទោះ​ធំ ឬ​តូច​ក្តី ដែល​មិន​ប្រាប់​ដល់​ខ្ញុំ​នោះ​ទេ ចុះ​មាន​ទំនង​អ្វី​ឲ្យ​ទ្រង់​លាក់​ការ​នេះ​នឹង​ខ្ញុំ​វិញ ការ​នោះ​មិន​ត្រូវ​ទេ 3ប៉ុន្តែដាវីឌ​និយាយ​ដោយ​ស្បថ​ថា បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក​បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ នឹង​សេចក្ដី​ស្លាប់ នៅ​ឃ្លាត​តែ​១​ជំហានពី​គ្នា​ទេ 4នោះ​យ៉ូណា‌ថាន​និយាយ​នឹង​ដាវីឌ​ថា ការ​អ្វី​ដែល​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាន នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ 5ដាវីឌ​ឆ្លើយ​ថា មើល ថ្ងៃ​ស្អែក​នេះ ជា​ថ្ងៃ​ចូល​ខែ​ហើយ ត្រូវ​ឲ្យ​ខ្ញុំ​អង្គុយ​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ស្តេច​ជា​មិន​ខាន តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ពួន​លាក់​ខ្លួន​នៅ​វាល ដរាប​ដល់​ល្ងាច​ថ្ងៃ​ទី​៣​វិញ 6បើ​បិតា​អ្នក​សួរ​រក​ខ្ញុំ នោះ​សូម​ទូល​ថា ដាវីឌ​បាន​សូម​ច្បាប់​ទូលបង្គំ​ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ទៅ​ឯ​បេថ្លេ‌ហិម ជា​ទី​ក្រុង​របស់​គាត់​ហើយ ដ្បិត​ត្រូវ​កំណត់​ដែល​ពួក​ញាតិ​គាត់​ទាំង​ប៉ុន្មាន​ថ្វាយ​យញ្ញ‌បូជា ដែល​តែង​ថ្វាយ​ក្នុង​១​ឆ្នាំ​ម្តង 7បើ​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ​ថា អើ ដូច្នេះ ខ្ញុំ​ជា​អ្នក​បំរើ​របស់​អ្នក​នឹង​បាន​សេចក្ដី​សុខ តែ​បើ​សិន​ជា​ទ្រង់​ក្រោធ​វិញ នោះ​ត្រូវ​ដឹង​ថា បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ហើយ 8ដូច្នេះ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ជា​បំរើ​របស់​អ្នក​ដោយ​សប្បុរស​ផង ដ្បិត​អ្នក​បាន​នាំ​ខ្ញុំ​ឲ្យ​ចុះ​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា​ជា​មួយ​គ្នា​ហើយ តែ​បើ​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ខ្លួន​ខ្ញុំ​វិញ នោះ​សូម​ឲ្យ​អ្នក​សំឡាប់​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ទំនង​ឲ្យ​អ្នក​នាំ​ខ្ញុំ​ទៅ​ឯ​បិតា​អ្នក​ទេ 9យ៉ូណា‌ថាន​ឆ្លើយ​ថា សូម​ឲ្យ​សេចក្ដី​នេះ​ថយ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​សិន​ជា​ខ្ញុំ​ដឹង​ពិត​ប្រាកដ​ថា បិតា​ខ្ញុំ​បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក នោះ​តើ​ខ្ញុំ​មិន​បាន​ប្រាប់​ដល់​អ្នក​ទេ​ឬ​អី 10រួច​ដាវីឌ​និយាយ​នឹង​យ៉ូណា‌ថាន​ថា បើ​បិតា​អ្នក​ឆ្លើយ​នឹង​អ្នក​ដោយ​គ្រោត‌គ្រាត នោះ​តើ​អ្នក​ណា​នឹង​ប្រាប់​ដល់​ខ្ញុំ 11យ៉ូណា‌ថាន​ឆ្លើយ​តប​ថា ចូរ​យើង​ចេញ​ទៅ​ឯ​វាល​សិន នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ទាំង​២​នាក់។
12ដល់​ហើយ យ៉ូណា‌ថាន​មាន​វាចា​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ធ្វើ​ជា​សាក្សី​ចុះ ដល់​ស្អែក​ឡើង​ពេល​ថ្មើរ​នេះ ឬ​ខាន​ស្អែក​ក្តី កាល​ណា​ខ្ញុំ​បាន​ស្នើ​ការ​នឹង​បិតា​ខ្ញុំ ហើយ​ឃើញ​ថា មាន​សេចក្ដី​ល្អ​ណា​សំរេច​ដល់​អ្នក នោះ​ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​មក​ប្រាប់​ដល់​អ្នក 13តែ​បើ​សិន​ជា​បិតា​ខ្ញុំ​សព្វ​ព្រះ‌ទ័យ នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​បិតា​ខ្ញុំ​ដែរ 14ឯ​ខ្លួន​ខ្ញុំ កំពុង​ដែល​នៅ​រស់​នៅ​ឡើយ នោះ​សូម​ឲ្យ​អ្នក​សំដែង​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ដល់​ខ្ញុំ មិន​មែន​ឲ្យ​តែ​ខ្ញុំ​រួច​ស្លាប់​ប៉ុណ្ណោះ 15គឺ​ឲ្យ​អ្នក​ចុះ​កិច្ច‌សន្យា​ថា មិន​ផ្តាច់​សេចក្ដី​សប្បុរស​របស់​អ្នក​ពី​ពួក​វង្ស​ខ្ញុំ ជា​រៀង‌រាប​ត​ទៅ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​បាន​ដក​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ពី​ផែនដី​ចេញ​នោះ​ផង។ 16គឺ​យ៉ាង​នោះ​ហើយ ដែល​យ៉ូណា‌ថាន​បាន​ចុះ​សញ្ញា​នឹង​ពួក‌វង្ស​របស់​ដាវីឌ ក៏​ថែម​ពាក្យ​នេះ​ថា បើ​ដាវីឌ​រំលង​បទ​ណា នោះ​សូម​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង​ការ​នោះ ដោយ‌សារ​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ដាវីឌ​វិញ​ចុះ។
17រួច​យ៉ូណា‌ថាន​បាន​ឲ្យ​ដាវីឌ​ស្បថ​ម្តង​ទៀត ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ដល់​ដាវីឌ ដ្បិត​លោក​មាន​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ទុក​ដូច​ជា​ខ្លួន​លោក 18យ៉ូណា‌ថាន​ក៏​និយាយ​ថា ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ចូល​ខែ​ហើយ មុខ​ជា​គេ​នឹង​យល់​ឃើញ​ថា​ខ្វះ​អ្នក​ដែរ ដោយ​កៅអី​របស់​អ្នក​នៅ​ទំនេរ 19លុះ​បាន​ផ្អាក​នៅ​អស់​៣​ថ្ងៃ​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ចុះ​ទៅ​ឯ​កន្លែង​ដែល​អ្នក​បាន​ពួន​ពី​ជាន់​មុន​នោះ​ជា​ប្រញាប់​ទៅ គឺ​ត្រូវ​ទៅ​អែប​នៅ​ត្រង់​ថ្មដា​អេសែល 20ខ្ញុំ​នឹង​បាញ់​ព្រួញ​៣​ឲ្យ​ត្រូវ​ត្រង់​ថ្មដា​នោះ ធ្វើ​ដូច​ជា​ខំ​បាញ់​ឲ្យ​ត្រូវ​ស្នាម​អ្វី​មួយ 21រួច​ខ្ញុំ​នឹង​ចាត់​ក្មេង​ជំទង់​ម្នាក់ ឲ្យ​ទៅ​ដោយ​ថា ចូរ​ទៅ​រក​ព្រួញ​មក ហើយ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល ព្រួញ​នៅ​ខាង‌អាយ​ឯង​ឯ​ណេះ ចូរ​រើស​យក​មក នោះ​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា គ្មាន​ហេតុ​អ្វី​នឹង​នាំ​ឲ្យ​អន្តរាយ​ទេ មាន​តែ​សេចក្ដី​មេត្រី​ដល់​អ្នក​ប៉ុណ្ណោះ 22តែ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល ព្រួញ​នៅ​ខាង​នាយ​ឯង​ឯ​ណោះ នោះ​ត្រូវ​ឲ្យ​អ្នក​អញ្ជើញ​ទៅ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​អ្នក​ទៅ​ហើយ 23ឯ​ដំណើរ​ដែល​យើង​បាន​សំរេច​គ្នា នោះ​មាន​ព្រះ‌យេហូវ៉ា ទ្រង់​គង់​នៅ​ជា​កណ្តាល​អ្នក ហើយ​នឹង​ខ្ញុំ រៀង‌រាប​ត​ទៅ​ស្រាប់​ហើយ។
24ដូច្នេះ ដាវីឌ​ក៏​ទៅ​ពួន​នៅ​ឯ​ទី​វាល លុះ​ដល់​ថ្ងៃ​ចូល​ខែ​ហើយ នោះ​ស្តេច​ទ្រង់​ក៏​គង់​សោយ​ព្រះ‌ស្ងោយ 25ទ្រង់​ក៏​គង់​នៅ​លើ​អាសនៈ​ត្រង់​ជិត​ជញ្ជាំង ដូច​ជា​សព្វ​១​ដង ឯ​យ៉ូណា‌ថាន​លោក​ឈរ​នៅ ហើយ​អ័ប៊ី‌នើរ​អង្គុយ​នៅ​ក្បែរ​សូល តែ​ឯ​កន្លែង​របស់​ដាវីឌ​នៅ​ជា​ទំនេរ​វិញ 26ប៉ុន្តែនៅ​ថ្ងៃ​នោះ សូល​ទ្រង់​មិន​បាន​មាន​បន្ទូល​អ្វី​សោះ​ដោយ​ស្មាន​ថា មាន​ការ​អ្វី​កើត​ឡើង​ហើយ ប្រាកដ​ជា​វា​មិន​ស្អាត​ទេ។ 27លុះ​ស្អែក​ឡើង ក្រោយ​ថ្ងៃ​ចូល​ខែ គឺ​ជា​ថ្ងៃ​ទី​២ កន្លែង​ដាវីឌ​ក៏​នៅតែ​ទំនេរ​ទៀត នោះ​សូល​ទ្រង់​មាន​បន្ទូល​សួរ​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​កូន​អ៊ីសាយ​មិន​បាន​មក​បរិភោគ​ភោជ‌នាហារ ពី​ថ្ងៃ​ម្សិល‌មិញ ហើយ​ថ្ងៃ​នេះ​ផង 28យ៉ូណា‌ថាន​ទូល​ឆ្លើយ​ថា ដាវីឌ​បាន​អង្វរ សូម​ឲ្យ​ទូលបង្គំ​បើក​ឲ្យ​គាត់​ទៅ​ឯ​បេថ្លេ‌ហិម​ហើយ 29ដោយ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ ដ្បិត​ពួក​គ្រួ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ទី​ក្រុង ហើយ​បង​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ ដូច្នេះ បើ​អ្នក​អាណិត​មេត្តា​ដល់​ខ្ញុំ នោះ​សូម​ឲ្យ​ខ្ញុំ​ទៅ​សួរ​បង​ប្អូន​ខ្ញុំ​បន្តិច គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គាត់​មិន​បាន​មក​បរិភោគ​ជា​មួយ​នឹង​បិតា​ទេ។
30ខណ​នោះ សូល​ទ្រង់​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​យ៉ូណា‌ថាន ហើយ​បន្ទោស​ថា នែ អា​កូន​ម្នោម្នះ ហើយ​រឹង‌ចចេស អញ​ដឹង​ហើយ​ថា ដែល​ឯង​បាន​រើស​យក​កូន​អ៊ីសាយ​នេះ ទុក​ជា​មិត្រ​សំឡាញ់ នោះ​នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​ឯង ហើយ​ជា​សេចក្ដី​ខ្មាស​ដល់​កេរខ្មាស​របស់​ម្តាយ​ឯង​ថែម​ទៀត 31ដ្បិត​ដែល​កូន​អ៊ីសាយ​នេះ​រស់​នៅ​ផែនដី​ដរាប​ណា នោះ​ឯង​មិន​បាន​ខ្ជាប់‌ខ្ជួន​ឡើយ ហើយ​រាជ្យ​ឯង​ក៏​មិន​បាន​តាំង​ឡើង​ដែរ ដូច្នេះ ចូរ​ឲ្យ​គេ​ទៅ​នាំ​យក​វា​មក​ឯ​អញ​ឥឡូវ​នេះ ដ្បិត​វា​គួរ​ស្លាប់​ហើយ 32តែ​យ៉ូណា‌ថាន​ទូល​ទាស់​ថា ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ស្លាប់ តើ​បាន​ធ្វើ​អ្វី​ខ្លះ 33នោះ​សូល​ទ្រង់​ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណា‌ថាន ដោយ​ហេតុ​នោះ លោក​ក៏​បាន​ជ្រាប​ថា បិតា​បាន​សំរេច​ព្រះ‌ទ័យ​នឹង​សំឡាប់​ដាវីឌ​ហើយ 34ដូច្នេះ យ៉ូណា‌ថាន​ក៏​ក្រោក​ពី​តុ​ឡើង ដោយ​មាន​សេចក្ដី​កំហឹង​ជា​ខ្លាំង ហើយ​នៅ​ថ្ងៃ​ទី​២​នោះ លោក​មិន​បាន​បរិភោគ​អ្វី​សោះ ដោយ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​ចំពោះ​ដាវីឌ ហើយ​ពី​ព្រោះ​បិតា​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ខ្មាស​ផង។
35លុះ​ដល់​ព្រឹក​ឡើង យ៉ូណា‌ថាន​ក៏​ចេញ​ទៅ​ឯ​វាល​តាម​ពេល​ដែល​បាន​សន្យា​នឹង​ដាវីឌ ហើយ​មាន​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង 36លោក​ក៏​ប្រាប់​ដល់​ក្មេង​នោះ​ថា ចូរ​ឯង​រត់​ទៅ​យក​ព្រួញ ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ​មក កាល​ក្មេង​នោះ​កំពុង​រត់​ទៅ នោះ​លោក​បាញ់​ព្រួញ​១​ទៅ​ខាង​នាយ​វា 37តែ​កាល​ក្មេង​បាន​រត់​ទៅ​ដល់​កន្លែង ដែល​ព្រួញ​ធ្លាក់ នោះ​យ៉ូណា‌ថាន​ស្រែក​ទៅ​តាម​ថា នៅ​ខាង​នាយ​ឯង​ឯ​ណោះ 38រួច​យ៉ូណា‌ថាន​ក៏​ស្រែក​ទៅ​តាម​វា​ម្តង​ទៀត​ថា ឲ្យ​ឆាប់ៗ ប្រញាប់​ឡើង កុំ​ឲ្យ​ឈប់​ឡើយ ដូច្នេះ ក្មេង​នោះ​ក៏​រើស​ព្រួញ រួច​ត្រឡប់​មក​ឯ​ចៅហ្វាយ​វិញ 39តែ​ឥត​បាន​ដឹង​ការ​អ្វី​ឡើយ មាន​តែ​យ៉ូណា‌ថាន ហើយ​នឹង​ដាវីឌ​ប៉ុណ្ណោះ ដែល​ដឹង​ការ​នោះ 40រួច​យ៉ូណា‌ថាន​លោក​ប្រគល់​គ្រឿង​បាញ់​ទៅ​ក្មេង ដោយ​ប្រាប់​ថា ចូរ​យក​ទៅ​ក្នុង​ទី​ក្រុង​ចុះ 41កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​៣​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​២​នាក់ ទាល់​តែ​ដាវីឌ​បាន​ហូរ​ទឹក​ភ្នែក​ខ្លាំង​ជាង 42នោះ​យ៉ូណា‌ថាន​មាន​ប្រសាសន៍​ដល់​ដាវីឌ​ថា អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ដ្បិត​យើង​ទាំង​២​នាក់​បាន​ស្បថ​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​កណ្តាល​ខ្ញុំហើយ​នឹង​អ្នក ហើយ​កណ្តាល​ពូជ​ខ្ញុំ នឹង​ពូជ​របស់​អ្នក​ជា​ដរាប​ត​ទៅ នោះ​ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​លោក​ក៏​ត្រឡប់​វិល​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។

ទើបបានជ្រើសរើសហើយ៖

១ សាំយូ‌អែល 20: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល