១ សាំយូអែល 18
18
1លុះកាលដាវីឌទូលទៅសូលរួចហើយ នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ 2នៅថ្ងៃនោះ សូលទ្រង់ក៏ទទួលដាវីឌ មិនឲ្យត្រឡប់ទៅឯផ្ទះឪពុកវិញទៀតទេ 3ខណនោះ យ៉ូណាថានបានតាំងសញ្ញានឹងដាវីឌ ពីព្រោះលោកស្រឡាញ់ដាវីឌដូចជាខ្លួនរបស់លោក 4លោកក៏ដោះអាវដែលលោកពាក់ ប្រគល់ឲ្យដល់ដាវីឌ ព្រមទាំងសំលៀកបំពាក់របស់លោក នឹងដាវ ធ្នូ ហើយនឹងខ្សែក្រវាត់ផង 5គ្រានោះ ដាវីឌត្រាច់ទៅគ្រប់ទីកន្លែងតាមដែលសូលទ្រង់ប្រើ ហើយក៏តែងប្រព្រឹត្តដោយប្រាជ្ញា រួចមកសូលទ្រង់តាំងគាត់ឡើង ឲ្យត្រួតត្រាលើពួកទាហាន នោះពួកបណ្តាជន នឹងពួកមហាតលិករបស់សូល គេមានសេចក្ដីពេញចិត្តជាខ្លាំង។
6គ្រាកាលដែលគេត្រឡប់វិលមក គឺនៅវេលាដែលដាវីឌមកពីសំឡាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ នោះពួកស្រីទាំងឡាយ ក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង នឹងលោតកញ្ឆេង ហើយបន្ទរក្រាប់ នឹងប្រដាប់ភ្លេងផ្សេងៗ 7កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា សូលទ្រង់បានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺន 8ដូច្នេះ សូលទ្រង់មានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះទ័យទ្រង់ ហើយទ្រង់មានបន្ទូលថា គេបានរាប់ជា១ម៉ឺនដល់ដាវីឌ តែអញបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះទេ 9ចាប់តាំងពីថ្ងៃនោះមក សូលទ្រង់ចេះតែរំពៃមើលដាវីឌ ដោយព្រះនេត្រដ៏អាក្រក់។
10លុះថ្ងៃស្អែកឡើង នោះវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើសូល បណ្តាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្តាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏ចាប់លេងភ្លេងឡើងដូចកាលសព្វ១ដង 11ខណនោះ សូលទ្រង់ក៏ពួយដែកពួយទៅ ដោយនឹកថា អញនឹងចាក់ទំលុះដាវីឌភ្ជាប់នឹងជញ្ជាំង តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈ២ដង 12ដូច្នេះសូលទ្រង់ក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងលោក តែបានថយចេញពីទ្រង់វិញ 13ហេតុដូច្នោះសូលទ្រង់ក៏ដកហូតដាវីឌចេញ ហើយដំរូវឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្តាទ័ពចេញចូល 14លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាទ្រង់គង់ជាមួយផង 15កាលសូលទ្រង់ឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ នោះទ្រង់កោតខ្លាចដល់លោក 16តែពួកអ៊ីស្រាអែល នឹងពួកយូដាទាំងប៉ុន្មាន គេដិតចិត្តស្រឡាញ់ដល់ដាវីឌ ពីព្រោះលោកជាអ្នកនាំមុខគេចេញចូល។
17នៅគ្រានោះ សូលមានបន្ទូលទៅដាវីឌថា មើលអញនឹងឲ្យនាងម៉្រាប ជាកូនច្បងរបស់អញ ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងបានធ្វើជាអ្នកក្លាហាន សំរាប់អញ ហើយច្បាំងចំបាំងនៃព្រះយេហូវ៉ាចុះ ពីព្រោះសូលមានបំណងថា កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃនៃពួកភីលីស្ទីនធ្វើវិញចុះ 18ដាវីឌទូលឆ្លើយនឹងសូលថា តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួនៃឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះទ័យឲ្យទូលបង្គំធ្វើជាកូនប្រសានៃទ្រង់ព្រះករុណាដូច្នេះ 19តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប ជាបុត្រីសូលទៅដាវីឌ នោះត្រឡប់ទៅជាបានលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ 20ឯមីកាល ជាបុត្រីសូល នាងប្រតិព័ទ្ធស្រឡាញ់ដល់ដាវីឌណាស់ ហើយមានគេនាំដំណឹងទៅក្រាបទូលដល់សូល ការនោះក៏គាប់ព្រះទ័យដល់ទ្រង់ 21ដោយបំណងថា អញនឹងឲ្យនាងទៅវាចុះ ដើម្បីឲ្យបានជាអន្ទាក់ដល់វា ហើយឲ្យដៃនៃពួកភីលីស្ទីនបានទាស់នឹងវា ដូច្នោះសូលមានបន្ទូលទៅដាវីឌថា នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាអញ ដោយសារនាងបន្ទាប់នេះវិញ។
22សូលទ្រង់ក៏បង្គាប់ដល់ពួកមហាតលិកថា ចូរនិយាយប្រលោមដាវីឌដោយសំងាត់ថា មើល ស្តេចទ្រង់សព្វព្រះទ័យនឹងលោកណាស់ ហើយពួកមហាតលិកទាំងអស់គ្នាក៏ស្រឡាញ់ដល់លោកដែរ ដូច្នេះសូមលោកធ្វើជាកូនប្រសារបស់ស្តេចទៅ 23ពួកមហាតលិកក៏ថ្លែងសេចក្ដីទាំងនោះប្រាប់ដល់ត្រចៀកដាវីឌ តែលោកឆ្លើយថា អ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ឯខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផង 24នោះពួកមហាតលិកក៏នាំសេចក្ដីទៅក្រាបទូលដល់ទ្រង់ អំពីដាវីឌបាននិយាយយ៉ាងនោះ 25រួចសូលទ្រង់បង្គាប់ថា ចូរឯងរាល់គ្នាទៅនិយាយនឹងដាវីឌដូច្នេះចុះ ថាស្តេចមិនចង់បានបណ្តាការអ្វីទេ ទ្រង់សព្វព្រះទ័យ ចង់បានតែស្បែកនៃស្រោមចុងស្វាស របស់ពួកភីលីស្ទីន១០០ប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់ តែគំនិតសូលទ្រង់គិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ 26ដូច្នេះកាលពួកមហាតលិកបាននាំសេចក្ដីទៅប្រាប់ដល់ដាវីឌវិញហើយ នោះលោកក៏សុខចិត្ត នឹងធ្វើជាកូនប្រសារបស់ស្តេចដែរ ឯពេលកំណត់ដែលត្រូវយកមក មិនទាន់សំរេចនៅឡើយ 27បានជាដាវីឌក្រោកឡើងចេញទៅ ព្រមទាំងនាំពួកកងរបស់លោកទៅផង រួចសំឡាប់ពួកភីលីស្ទីនបាន២០០នាក់ ហើយលោកនាំយកស្បែកស្រោមចុងស្វាសរបស់គេ មកថ្វាយស្តេចគ្រប់ចំនួននោះ ដើម្បីឲ្យបានធ្វើជាកូនប្រសាស្តេច នោះសូលទ្រង់ប្រទាននាងមីកាល ជាបុត្រី ទៅធ្វើជាប្រពន្ធលោកទៅ 28សូលទ្រង់ក៏យល់ឃើញ ហើយជ្រាបថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងដាវីឌ ឯនាងមីកាល ជាបុត្រីសូល ក៏ប្រតិព័ទ្ធស្រឡាញ់ដល់លោក 29ដូច្នេះ សូលទ្រង់ខ្លាចដាវីឌរឹតតែខ្លាំងឡើងទៀត ក៏ធ្វើជាអ្នកសត្រូវនឹងលោកជាដរាបទៅ។
30នៅគ្រានោះ ពួកមេសាសន៍ភីលីស្ទីន គេចេះតែទន្ទ្រានចូលមក តែវេលាណាដែលគេចូលមក នោះដាវីឌក៏តែងប្រព្រឹត្តដោយប្រាជ្ញា លើសជាងអស់ពួកមេទ័ពទាំងប៉ុន្មាននៃស្តេច ដល់ម៉្លេះបានជាគេទុកចិត្តពឹងដល់ឈ្មោះលោកណាស់។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 18: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.