លោកុប្បត្តិ 49
49
យ៉ាកុបឲ្យពរកូនៗ
1យ៉ាកុបហៅពួកកូនប្រុសរបស់គាត់មក ហើយនិយាយថា៖ “ចូរប្រមូលគ្នា ដើម្បីឲ្យយើងប្រាប់ពួកឯងនូវអ្វីដែលនឹងកើតឡើងដល់ពួកឯង នៅថ្ងៃខាងមុខ។
2ពួកកូនប្រុសរបស់យ៉ាកុបអើយ ចូរផ្ដុំគ្នាស្ដាប់
ចូរស្ដាប់អ៊ីស្រាអែលឪពុករបស់ពួកឯងចុះ!
3រូបេនអើយ ឯងជាកូនច្បងរបស់យើង។
ឯងជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់យើង
ឯងលើសគេខាងឯកិត្តិយស ក៏លើសគេខាងឯអំណាចដែរ។
4ដោយសារឯងរំពើកដូចទឹក ឯងនឹងមិនបានលើសគេទៀតឡើយ
ពីព្រោះឯងបានឡើងទៅលើគ្រែរបស់ឪពុកឯង ហើយបានធ្វើឲ្យវាសៅហ្មង។
វាបានឡើងទៅលើទីដំណេករបស់យើង!
5ស៊ីម្មាន និងលេវីជាបងប្អូន;
ដាវរបស់ពួកគេជាអាវុធនៃអំពើហិង្សា។
6កុំឲ្យព្រលឹងរបស់យើងចូលទៅក្នុងការពិគ្រោះរបស់ពួកគេឡើយ
កុំឲ្យសិរីរុងរឿងរបស់យើងចូលរួមក្នុងអង្គប្រជុំរបស់ពួកគេឡើយ
ដ្បិតពួកគេបានសម្លាប់មនុស្សដោយកំហឹងរបស់ពួកគេ
ហើយបានកាត់សរសៃពួរជើងគោឈ្មោលតាមអំពើចិត្ត។
7កំហឹងរបស់ពួកគេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវ
សេចក្ដីក្ដៅក្រហាយរបស់ពួកគេត្រូវបណ្ដាសាហើយ ដ្បិតវាឃោរឃៅ។
យើងនឹងបំបែកពួកគេចេញនៅក្នុងយ៉ាកុប ហើយកម្ចាត់កម្ចាយពួកគេនៅក្នុងអ៊ីស្រាអែល។
8យូដាអើយ បងប្អូនរបស់ឯងនឹងសរសើរឯង
ដៃរបស់ឯងនឹងនៅលើ ករបស់ខ្មាំងសត្រូវឯង
ពួកកូនប្រុសរបស់ឪពុកឯងនឹងក្រាបចុះនៅចំពោះឯង។
9យូដាជាកូនសិង្ហ;
កូនអើយ ឯងបានឡើងមកពីស៊ីរំពា។
វាលុតចុះ វាក្រាបដូចសិង្ហឈ្មោល និងដូចសិង្ហញី;
តើនរណាហ៊ានដាស់វាឡើង?
10ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ
ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ
រហូតដល់ ‘ស៊ីឡូរ#49:10 ស៊ីឡូរ―ន័យត្រង់គឺ “សេចក្ដីសុខសាន្ត”; សំដៅទៅលើ “ព្រះមែស៊ី”។’ មកដល់
នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
11វានឹងចងកូនលាឈ្មោលរបស់វានឹងដើមទំពាំងបាយជូរ
ក៏នឹងចងកូនលាញីរបស់វានឹងដើមទំពាំងបាយជូរល្អបំផុត;
វានឹងបោកសម្លៀកបំពាក់របស់ខ្លួនក្នុងស្រាទំពាំងបាយជូរ
ក៏នឹងបោកអាវវែងរបស់ខ្លួនក្នុងទឹកទំពាំងបាយជូរ។
12ភ្នែករបស់វាក្រហមជាងស្រាទំពាំងបាយជូរ
ហើយធ្មេញរបស់វាក៏សជាងទឹកដោះ#49:12 ភ្នែករបស់វាក្រហមជាងស្រាទំពាំងបាយជូរ ហើយធ្មេញរបស់វាក៏សជាងទឹកដោះ―ឬ “ភ្នែករបស់វាក្រហមមកពីស្រាទំពាំងបាយជូរ ហើយធ្មេញរបស់វាក៏សមកពីទឹកដោះ”។។
13សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ
វានឹងទៅជាកំពង់ផែសម្រាប់នាវា
ហើយព្រំប្រទល់របស់វានឹងទៅដល់ស៊ីដូន។
14អ៊ីសាខារជាលាដ៏ខ្លាំង
ដែលដេកនៅចន្លោះក្រោលចៀម។
15ពេលវាឃើញថាមានទីសម្រាកល្អ
ហើយទឹកដីនោះគួរឲ្យពេញចិត្ត
វាក៏ឱនស្មាដើម្បីផ្ទុកបន្ទុក
ហើយធ្វើជាទាសករបម្រើ។
16ដាន់នឹងជំនុំជម្រះប្រជាជនរបស់ខ្លួន
ក្នុងនាមជាកុលសម្ព័ន្ធមួយនៃអ៊ីស្រាអែល។
17ដាន់នឹងបានជាពស់នៅតាមផ្លូវ
ជាពស់វែកនៅតាមគន្លង ដែលចឹកកែងជើងសេះ
ធ្វើឲ្យអ្នកដែលជិះធ្លាក់ផ្ងារក្រោយ។
18ព្រះយេហូវ៉ាអើយ ទូលបង្គំទន្ទឹងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!
19រីឯកាដ ពួករុករាននឹងរុករានវា
ប៉ុន្តែវានឹងរុករានកែងជើងគេវិញ។
20ស្បៀងអាហាររបស់អេស៊ើរនឹងមានសម្បូរហូរហៀរ
វានឹងផ្ដល់អាហារប្រណិតសម្រាប់ស្ដេច។
21ណែបថាលីជាក្ដាន់ញីដែលត្រូវបានលែង
វានឹងពោលពាក្យសម្ដីពីរោះ។
22យ៉ូសែបជាមែកឈើដ៏សម្បូរផលផ្លែ
ជាមែកឈើសម្បូរផលផ្លែនៅក្បែរប្រភពទឹក;
មែកវានឹងវាររំលងកំពែង។
23ពួកខ្មាន់ធ្នូបានវាយប្រហារវាយ៉ាងល្វីងជូរចត់ ក៏បាញ់ព្រួញ ហើយបៀតបៀនវា។
24យ៉ាងណាមិញ ធ្នូរបស់វានៅតែមាំមួន ហើយដើមដៃវារហ័សរហួន
គឺមកពីព្រះហស្តនៃព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប
គឺមកពីអ្នកគង្វាលជាថ្មដានៃអ៊ីស្រាអែល
25ក៏មកពីព្រះរបស់ឪពុកឯង ដ្បិតព្រះអង្គបានជួយឯង។
ព្រះដ៏មានព្រះចេស្ដានឹងប្រទានពរឯង
ជាព្រះពរនៃស្ថានសួគ៌នៅខាងលើ
ជាព្រះពរនៃទីជម្រៅនៅខាងក្រោម
ជាព្រះពរនៃដោះ និងផ្ទៃ។
26ពររបស់យើងជាឪពុកឯង លើសជាងពររបស់ដូនតាយើង
រហូតដល់ចុងបំផុតនៃទីទួលនានាដ៏អស់កល្បជានិច្ច។
សូមឲ្យពរទាំងនោះនៅលើក្បាលរបស់យ៉ូសែប
និងនៅលើក្រយៅក្បាលរបស់អ្នកដែលត្រូវបានញែកចេញពីពួកបងប្អូនវា។
27បេនយ៉ាមីនជាចចកដែលហែកស៊ី;
នៅពេលព្រឹកវាស៊ីរំពា
នៅពេលល្ងាចវាចែកជ័យភណ្ឌ”។
28ទាំងអស់នេះជាកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល ហើយនេះជាសេចក្ដីដែលឪពុករបស់ពួកគេបាននិយាយនឹងពួកគេ។ គាត់ឲ្យពរពួកគេ គឺឲ្យពរពួកគេម្នាក់ៗតាមពររបស់គេរៀងៗខ្លួន។
មរណភាពរបស់យ៉ាកុប
29យ៉ាកុបបង្គាប់ពួកគេទៀតថា៖ “យើងនឹងត្រូវបានប្រមូលទៅឯដូនតារបស់យើង។ ចូរបញ្ចុះយើងជាមួយដូនតារបស់យើង ក្នុងរអាងនៅចម្ការរបស់អេប្រុនជនជាតិហេត 30គឺក្នុងរអាងដែលនៅចម្ការត្រង់ម៉ាក់ពេឡា ដែលនៅទល់មុខម៉ាមរេក្នុងដែនដីកាណាន ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេត ទុកជាទីបញ្ចុះសព។ 31នៅទីនោះគេបានបញ្ចុះអ័ប្រាហាំ និងសារ៉ាប្រពន្ធរបស់គាត់ នៅទីនោះគេបានបញ្ចុះអ៊ីសាក និងរេបិកាប្រពន្ធរបស់គាត់ ហើយនៅទីនោះយើងបានបញ្ចុះលេអាដែរ។ 32ចម្ការ និងរអាងដែលនៅទីនោះ គឺបានទិញពីកូនចៅហេត”។ 33នៅពេលយ៉ាកុបបានបង្គាប់ពួកកូនប្រុសរបស់គាត់ចប់ហើយ គាត់ក៏លើកជើងរបស់គាត់ដាក់លើគ្រែវិញ រួចផុតដង្ហើមទៅ ហើយត្រូវបានប្រមូលទៅឯដូនតារបស់គាត់៕
Pilihan Saat Ini:
លោកុប្បត្តិ 49: GKHB
Sorotan
Berbagi
Salin

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative