លោកុប្បត្តិ 48

48
យ៉ាកុបឲ្យពរអេប្រាអិម និងម៉ាណាសេ
1ក្រោយពី​ការ​ទាំងនេះ មាន​គេ​ប្រាប់​យ៉ូសែប​ថា​៖ “មើល៍! ឪពុក​របស់លោក​កំពុង​ឈឺ”។ គាត់​ក៏​យក​កូនប្រុស​ទាំង​ពីរ​របស់គាត់​ទៅ​ជាមួយ​គាត់ គឺ​ម៉ាណាសេ និង​អេប្រាអិម​។ 2មាន​គេ​ប្រាប់​យ៉ាកុប​ថា​៖ “មើល៍! យ៉ូសែប​កូនប្រុស​របស់លោក​មក​ជួប​លោក”។ អ៊ីស្រាអែល​ក៏​ប្រមូលកម្លាំង ក្រោកអង្គុយ​នៅលើ​គ្រែ​។
3យ៉ាកុប​និយាយ​នឹង​យ៉ូសែប​ថា​៖ “ព្រះ​ដ៏មានព្រះចេស្ដា​បាន​លេចមក​ដល់​យើង​នៅ​លូស​ក្នុង​ដែនដី​កាណាន ហើយ​ព្រះអង្គ​បាន​ប្រទានពរ​យើង 4ដោយ​មានបន្ទូលថា​: ‘មើល៍! យើង​នឹង​ធ្វើឲ្យ​អ្នក​ចម្រើនឡើង ហើយ​កើនចំនួនឡើង​។ យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​សហគមន៍​នៃ​ជាតិសាសន៍​នានា ហើយ​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច’។ 5ឥឡូវនេះ កូនប្រុស​ទាំង​ពីរ​របស់ឯង​ដែល​កើតមក​ដល់​ឯង​នៅ​ដែនដី​អេហ្ស៊ីប មុន​យើង​មក​ជួប​ឯង​នៅ​អេហ្ស៊ីប​នោះ ពួកគេ​ជារបស់​យើង​វិញ​។ អេប្រាអិម និង​ម៉ាណាសេ​ជា​របស់​យើង ដូច​រូបេន និង​ស៊ីម្មាន​ដែរ​។ 6ចំពោះ​កូន​របស់ឯង​ដែល​ឯង​បង្កើត​តាមក្រោយ ពួកគេ​ជា​របស់​ឯង​; ពួកគេ​នឹង​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់​ពួក​បងប្រុស​របស់ពួកគេ នៅក្នុង​ចំណែក​មរតក​របស់ពួកគេ​។ 7រីឯ​យើង​វិញ កាល​យើង​មក​ពី​ប៉ាដាន់ យើងសោកស្ដាយ​ដែល​រ៉ាជែល​បាន​ស្លាប់​ក្នុង​ដែនដី​កាណាន​តាម​ផ្លូវ​ដែល​នៅតែ​ឆ្ងាយបន្តិច​ពី​អេប្រាតា ដូច្នេះ​យើង​បាន​បញ្ចុះ​នាង​នៅ​ទីនោះ តាម​ផ្លូវ​ទៅ​អេប្រាតា”។ (​អេប្រាតា​គឺ​បេថ្លេហិម​)​។
8នៅពេល​អ៊ីស្រាអែល​ឃើញ​ពួក​កូនប្រុស​របស់​យ៉ូសែប គាត់​ក៏​សួរថា​៖ “តើ​អ្នកទាំងនេះ​ជា​នរណា​?”។
9យ៉ូសែប​ប្រាប់​ឪពុក​ថា​៖ “ទាំងនេះ​ជា​ពួក​កូនប្រុស​របស់ខ្ញុំ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​នៅ​ទីនេះ”។
អ៊ីស្រាអែល​និយាយថា​៖ “ចូរ​នាំ​ពួកវា​មក​ឯ​យើង​មក៍​! យើង​នឹង​ឲ្យពរ​ពួកវា”។ 10ភ្នែក​របស់​អ៊ីស្រាអែល​ស្រវាំង​ដោយសារតែ​អាយុច្រើន គាត់​មើល​មិន​ឃើញ​ទេ​។ ដូច្នេះ យ៉ូសែប​នាំ​កូនទាំងនោះ​មក​ជិត​គាត់ ហើយ​គាត់​ក៏​ថើប​ពួកគេ រួច​ឱប​ពួកគេ​។ 11អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “យើង​មិនដែល​នឹកស្មានថា​នឹង​បាន​ឃើញ​មុខ​ឯង​ទៀត​ឡើយ ប៉ុន្តែ​មើល៍! ព្រះ​បាន​ឲ្យ​យើង​ឃើញ​ទាំង​កូនចៅ​របស់ឯង​ទៀតផង​!”។ 12រួច​យ៉ូសែប​យក​ពួកគេ​ចេញ​ពី​ភ្លៅ​របស់អ៊ីស្រាអែល ហើយ​ក្រាបមុខដល់ដី​។
អេប្រាអិមទទួលពរធំជាងម៉ាណាសេ
13បន្ទាប់មក យ៉ូសែប​យក​ពួកគេ​ទាំង​ពីរ​ចូលទៅជិត​អ៊ីស្រាអែល គឺ​អេប្រាអិម​ដែល​នៅ​ខាងស្ដាំ​គាត់ ឲ្យ​ទៅ​ខាងឆ្វេង​អ៊ីស្រាអែល ហើយ​ម៉ាណាសេ​ដែល​នៅ​ខាងឆ្វេង​គាត់ ឲ្យ​ទៅ​ខាងស្ដាំ​អ៊ីស្រាអែល​។ 14ប៉ុន្តែ​អ៊ីស្រាអែល​លូក​ដៃស្ដាំ​របស់គាត់​ដាក់​លើ​ក្បាល​របស់​អេប្រាអិម​ដែល​ជា​ប្អូន ហើយ​ដាក់​ដៃឆ្វេង​របស់គាត់​លើ​ក្បាល​របស់​ម៉ាណាសេ​វិញ គឺ​គាត់​បាន​ខ្វែង​ដៃ​របស់គាត់ ទោះបី​ម៉ាណាសេ​ជា​កូនច្បង​ក៏ដោយ​។ 15អ៊ីស្រាអែល​ឲ្យពរ​យ៉ូសែប​ថា​៖
“សូមឲ្យ​ព្រះ​ដែល​អ័ប្រាហាំ និង​អ៊ីសាក​ដូនតា​របស់យើង បាន​ដើរ​នៅចំពោះ​ព្រះអង្គ
ជា​ព្រះ​ដែល​ឃ្វាល​យើង​អស់មួយជីវិត​រហូតដល់​សព្វថ្ងៃនេះ
16ជា​ទូត​ដែល​ប្រោសលោះ​យើង​ពី​អស់ទាំង​ការ​អាក្រក់
ប្រទានពរ​ក្មេងប្រុស​ទាំងនេះ​។
សូមឲ្យ​ពួកគេ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់យើង និង​ឈ្មោះ​របស់​ដូនតា​យើង គឺ​អ័ប្រាហាំ និង​អ៊ីសាក​;
សូមឲ្យ​ពួកគេ​កើនឡើង​យ៉ាងច្រើន​នៅលើ​ផ្ទៃ​ផែនដី”។
17នៅពេល​យ៉ូសែប​ឃើញ​ថា​ឪពុក​គាត់​បាន​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​របស់​អេប្រាអិម នោះ​គាត់​មិនពេញចិត្តទេ ក៏​ចាប់​ដៃ​របស់​ឪពុក​យកចេញ​ពីលើ​ក្បាល​របស់​អេប្រាអិម​ទៅ​លើ​ក្បាល​របស់​ម៉ាណាសេ​វិញ​។ 18យ៉ូសែប​ប្រាប់​ឪពុក​ថា​៖ “លោកឪពុក​អើយ មិនមែន​ដូច្នេះ​ទេ ដ្បិត​នេះ​ជា​កូនច្បង​! ត្រូវ​ដាក់​ដៃស្ដាំ​របស់លោកឪពុក​លើ​ក្បាល​របស់វា​វិញ”។
19ប៉ុន្តែ​ឪពុក​របស់គាត់​មិនព្រម ហើយ​និយាយថា​៖ “យើង​ដឹង​ហើយ កូន​អើយ យើង​ដឹង​ហើយ​! វា​នឹង​ទៅជា​ជាតិសាសន៍​មួយ​ដែរ ហើយ​វា​នឹង​បានជាធំ​ដែរ យ៉ាងណាមិញ ប្អូនប្រុស​របស់វា​នឹង​បានជាធំ​ជាង​វា ហើយ​ពូជពង្ស​របស់វា​នឹង​ទៅជា​ប្រជាជាតិ​ដែល​មានចំនួនច្រើន”។ 20នៅ​ថ្ងៃ​នោះ អ៊ីស្រាអែល​ឲ្យពរ​ពួកគេ​ថា​៖
“ជនជាតិអ៊ីស្រាអែល​នឹង​ឲ្យពរ​ដោយសម្អាងលើ​ពួកឯង​ថា​:
‘សូម​ព្រះ​ធ្វើឲ្យ​អ្នក​បាន​ដូចជា​អេប្រាអិម និង​ម៉ាណាសេ’”។
គឺយ៉ាងនេះឯង​ដែល​គាត់​ដាក់​អេប្រាអិម មុន​ម៉ាណាសេ​។
21អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “មើល៍! យើង​ជិត​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ​នឹង​គង់នៅ​ជាមួយ​ពួកឯង ហើយ​នាំ​ពួកឯង​ត្រឡប់​ទៅឯ​ទឹកដី​របស់​ដូនតា​ពួកឯង​វិញ​។ 22លើសពីនេះទៅទៀត យើង​បាន​ប្រគល់​តំបន់ភ្នំ​មួយ​ដល់​ឯង ជាជាង​បងប្អូន​របស់ឯង ជាដី​ដែល​យើង​បាន​ដណ្ដើមយក​ពី​ដៃ​របស់​ជនជាតិអាម៉ូរី​ដោយ​ដាវ និង​ធ្នូ​របស់យើង”៕

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk