លោកុប្បត្តិ 47
47
ផារ៉ោនទទួលស្វាគមន៍យ៉ាកុប
1យ៉ូសែបចូលទៅទូលផារ៉ោនថា៖ “ឪពុក និងបងប្អូនរបស់ខ្ញុំព្រះបាទ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់ពួកគេ ហើយអ្វីៗទាំងអស់ដែលពួកគេមាន បានមកពីដែនដីកាណានហើយ។ មើល៍! ពួកគេនៅស្រុកកូសែន”។
2គាត់បានយកប្រាំនាក់ពីចំណោមបងប្អូនរបស់គាត់ ហើយឲ្យពួកគេឈរនៅចំពោះផារ៉ោន។ 3ផារ៉ោនមានរាជឱង្ការនឹងបងប្អូនរបស់គាត់ថា៖ “អ្នករាល់គ្នាមានមុខរបរអ្វី?”។
ពួកគេទូលផារ៉ោនថា៖ “បាវបម្រើរបស់ព្រះករុណាជាអ្នកឃ្វាលចៀម ទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ”។ 4ពួកគេទូលផារ៉ោនទៀតថា៖ “យើងខ្ញុំបានមក ដើម្បីរស់នៅបណ្ដោះអាសន្នក្នុងស្រុកនេះ ពីព្រោះគ្មានវាលស្មៅសម្រាប់ហ្វូងចៀមរបស់បាវបម្រើព្រះករុណាទេ ដ្បិតទុរ្ភិក្សនៅដែនដីកាណានធ្ងន់ធ្ងរណាស់ ដូច្នេះឥឡូវនេះ សូមឲ្យបាវបម្រើរបស់ព្រះករុណារស់នៅក្នុងស្រុកកូសែនផង”។
5ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “ឪពុករបស់អ្នក និងបងប្អូនរបស់អ្នកបានមកឯអ្នកហើយ។ 6ដែនដីអេហ្ស៊ីបនៅចំពោះអ្នកហើយ ដូច្នេះចូរឲ្យឪពុករបស់អ្នក និងបងប្អូនរបស់អ្នករស់នៅកន្លែងល្អបំផុតនៃទឹកដីនេះចុះ។ ចូរឲ្យពួកគេរស់នៅក្នុងស្រុកកូសែន ហើយប្រសិនបើអ្នកដឹងថាមានមនុស្សជំនាញក្នុងចំណោមពួកគេ ចូរតាំងពួកគេជាអ្នកគ្រប់គ្រងលើហ្វូងសត្វរបស់យើងផង”។
7បន្ទាប់មក យ៉ូសែបនាំយ៉ាកុបឪពុករបស់គាត់មក ឲ្យឈរនៅចំពោះផារ៉ោន ហើយយ៉ាកុបក៏ថ្វាយពរផារ៉ោន។ 8ផារ៉ោនមានរាជឱង្ការនឹងយ៉ាកុបថា៖ “តើលោកតាអាយុប៉ុន្មានហើយ?”។
9យ៉ាកុបទូលផារ៉ោនថា៖ “ថ្ងៃអាយុនៃការស្នាក់នៅបណ្ដោះអាសន្នរបស់ខ្ញុំព្រះបាទ គឺមួយរយសាមសិបឆ្នាំ។ ថ្ងៃអាយុនៃជីវិតរបស់ខ្ញុំព្រះបាទតិចណាស់ ហើយមានទុក្ខលំបាកទៀត គឺមិនដល់ថ្ងៃអាយុនៃជីវិតដូនតារបស់ខ្ញុំព្រះបាទ នៅគ្រានៃការស្នាក់នៅបណ្ដោះអាសន្នរបស់ពួកគាត់ឡើយ”។ 10យ៉ាកុបក៏ថ្វាយពរផារ៉ោន រួចចេញពីចំពោះផារ៉ោនទៅ។
11យ៉ូសែបឲ្យឪពុក និងបងប្អូនរបស់គាត់តាំងលំនៅ ហើយឲ្យកម្មសិទ្ធិនៅក្នុងដែនដីអេហ្ស៊ីបជាកន្លែងល្អបំផុតនៃទឹកដីនោះ គឺតំបន់រ៉ាមសេស ដូចដែលផារ៉ោនបានបង្គាប់។ 12យ៉ូសែបបានផ្គត់ផ្គង់ស្បៀងអាហារដល់ឪពុក និងបងប្អូនរបស់គាត់ ព្រមទាំងអ្នកផ្ទះទាំងអស់របស់ឪពុកគាត់តាមចំនួនកូនក្មេង។
យ៉ូសែបទិញដីឲ្យផារ៉ោន
13នៅគ្រានោះ គ្មានស្បៀងអាហារនៅលើផែនដីទាំងមូលទេ ពីព្រោះទុរ្ភិក្សធ្ងន់ធ្ងរណាស់ ដូច្នេះទឹកដីអេហ្ស៊ីប និងទឹកដីកាណានក៏បានហិនហោចដោយសារតែទុរ្ភិក្ស។ 14យ៉ូសែបបានប្រមូលប្រាក់ទាំងអស់ដែលរកបាននៅដែនដីអេហ្ស៊ីប និងដែនដីកាណាន ជាតម្លៃស្រូវដែលគេទិញ រួចយ៉ូសែបក៏នាំប្រាក់ទាំងនោះមកក្នុងដំណាក់របស់ផារ៉ោន។ 15នៅពេលប្រាក់ក្នុងដែនដីអេហ្ស៊ីប និងដែនដីកាណានអស់ហើយ ជនជាតិអេហ្ស៊ីបទាំងអស់ក៏មកឯយ៉ូសែប និយាយថា៖ “សូមឲ្យស្បៀងអាហារដល់យើងខ្ញុំផង! តើយើងខ្ញុំត្រូវស្លាប់នៅចំពោះលោក ដោយសារអស់ប្រាក់ឬ?”។
16យ៉ូសែបនិយាយថា៖ “បើសិនអស់ប្រាក់ ចូរនាំហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះយើងនឹងឲ្យអ្នករាល់គ្នាជាថ្នូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នា”។ 17ដូច្នេះ ពួកគេនាំហ្វូងសត្វរបស់ខ្លួនមកឯយ៉ូសែប ហើយយ៉ូសែបក៏ឲ្យស្បៀងអាហារដល់ពួកគេជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលា។ នៅឆ្នាំនោះ គាត់បានផ្គត់ផ្គង់ពួកគេដោយស្បៀងអាហារជាថ្នូរនឹងហ្វូងសត្វទាំងអស់របស់ពួកគេ។
18កាលឆ្នាំនោះកន្លងផុតទៅហើយ ពួកគេក៏មករកគាត់នៅឆ្នាំបន្ទាប់ ហើយនិយាយនឹងគាត់ថា៖ “យើងខ្ញុំមិនអាចលាក់ពីលោកម្ចាស់នៃយើងខ្ញុំបានទេថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏ទៅជារបស់លោកម្ចាស់នៃយើងខ្ញុំដែរ។ គ្មានអ្វីនៅសល់នៅចំពោះលោកម្ចាស់នៃយើងខ្ញុំឡើយ ក្រៅពីខ្លួនយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំ។ 19តើឲ្យយើងខ្ញុំត្រូវស្លាប់នៅចំពោះលោក ទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំឬ? សូមទិញយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំជាថ្នូរនឹងស្បៀងអាហារផង នោះយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំនឹងទៅជាទាសកររបស់ផារ៉ោន។ ដូច្នេះ សូមផ្ដល់គ្រាប់ពូជមក ដើម្បីឲ្យយើងខ្ញុំមានជីវិតរស់ផង កុំឲ្យយើងខ្ញុំស្លាប់ឡើយ នោះដីក៏មិនស្ងាត់ជ្រងំដែរ”។
20គឺយ៉ាងនេះឯងដែលយ៉ូសែបទិញទឹកដីអេហ្ស៊ីបទាំងមូលថ្វាយផារ៉ោន ដ្បិតជនជាតិអេហ្ស៊ីបបានលក់ស្រែចម្ការរបស់គេរៀងៗខ្លួន ដោយព្រោះទុរ្ភិក្សធ្ងន់ធ្ងរណាស់ដល់ពួកគេ ដូច្នេះស្រុកនោះបានទៅជារបស់ផារ៉ោន; 21រីឯប្រជារាស្ត្រពីចុងព្រំដែនអេហ្ស៊ីបម្ខាងទៅចុងម្ខាងទៀត យ៉ូសែបបានយកពួកគេជាបាវបម្រើ។ 22ប៉ុន្តែយ៉ូសែបមិនបានទិញដីធ្លីរបស់ពួកបូជាចារ្យ ពីព្រោះពួកបូជាចារ្យមានចំណែកពីផារ៉ោន ហើយពួកគេបានហូបពីចំណែករបស់ខ្លួនដែលផារ៉ោនប្រទានដល់ពួកគេ ដោយហេតុនេះពួកគេមិនបានលក់ដីធ្លីរបស់ខ្លួនទេ។
23យ៉ូសែបនិយាយទៅកាន់ប្រជាជនថា៖ “មើល៍! ថ្ងៃនេះខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីធ្លីរបស់អ្នករាល់គ្នាថ្វាយផារ៉ោនហើយ។ នេះនែ! គ្រាប់ពូជសម្រាប់អ្នករាល់គ្នា! ដូច្នេះ អ្នករាល់គ្នាអាចសាបព្រោះលើដីបាន។ 24ដល់ពេលច្រូតកាត់ អ្នករាល់គ្នាត្រូវថ្វាយមួយភាគប្រាំដល់ផារ៉ោន ហើយបួនភាគប្រាំនឹងទៅជារបស់អ្នករាល់គ្នាទុកជាគ្រាប់ពូជសម្រាប់ស្រែចម្ការ ព្រមទាំងទុកជាស្បៀងអាហារសម្រាប់អ្នករាល់គ្នា សម្រាប់អ្នកផ្ទះរបស់អ្នករាល់គ្នា និងសម្រាប់កូនក្មេងរបស់អ្នករាល់គ្នាហូប”។
25ពួកគេតបថា៖ “លោកបានសង្គ្រោះជីវិតយើងខ្ញុំ; សូមឲ្យយើងខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃយើងខ្ញុំផង នោះយើងខ្ញុំនឹងធ្វើជាបាវបម្រើរបស់ផារ៉ោន”។ 26ដូច្នេះ យ៉ូសែបបានតាំងសេចក្ដីនេះទាក់ទងនឹងដីធ្លីនៅអេហ្ស៊ីប ទុកជាបទបញ្ញត្តិរហូតដល់សព្វថ្ងៃនេះ គឺមួយភាគប្រាំជារបស់ផារ៉ោន។ មានតែដីធ្លីរបស់ពួកបូជាចារ្យប៉ុណ្ណោះ ដែលមិនបានទៅជារបស់ផារ៉ោន។
បណ្ដាំរបស់យ៉ាកុប
27ជនជាតិអ៊ីស្រាអែលបានរស់នៅស្រុកកូសែនក្នុងដែនដីអេហ្ស៊ីប ហើយពួកគេទទួលបានកម្មសិទ្ធិនៅទីនោះ ក៏បង្កើតកូន ហើយកើនចំនួនឡើងយ៉ាងច្រើន។ 28យ៉ាកុបរស់នៅក្នុងដែនដីអេហ្ស៊ីបបានដប់ប្រាំពីរឆ្នាំ ហើយថ្ងៃអាយុនៃជីវិតរបស់យ៉ាកុប គឺមួយរយសែសិបប្រាំពីរឆ្នាំ។ 29នៅពេលថ្ងៃស្លាប់របស់អ៊ីស្រាអែលជិតមកដល់ គាត់ក៏ហៅយ៉ូសែបកូនប្រុសរបស់គាត់មក ប្រាប់ថា៖ “ឥឡូវនេះ ប្រសិនបើយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមដាក់ដៃឯងនៅក្រោមភ្លៅយើង ហើយប្រព្រឹត្តចំពោះយើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ផង គឺសូមកុំបញ្ចុះយើងនៅអេហ្ស៊ីបឡើយ។ 30កាលណាយើងបានដេកលក់ជាមួយដូនតារបស់យើង ឯងត្រូវយកយើងចេញពីអេហ្ស៊ីប ហើយបញ្ចុះយើងក្នុងផ្នូររបស់ពួកគាត់”។
យ៉ូសែបតបថា៖ “ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកឪពុក”។
31អ៊ីស្រាអែលនិយាយថា៖ “ចូរស្បថនឹងយើងមក”។ យ៉ូសែបក៏ស្បថនឹងគាត់ រួចអ៊ីស្រាអែលក៏ថ្វាយបង្គំនៅក្បាលគ្រែ៕
Pilihan Saat Ini:
លោកុប្បត្តិ 47: GKHB
Sorotan
Berbagi
Salin

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative