លោកុប្បត្តិ 43

43
ចុះទៅអេហ្ស៊ីបលើកទីពីរ
1ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។ 2នៅពេល​ពួកគេ​បាន​ហូប​ស្រូវ​ដែល​យកមក​ពី​អេហ្ស៊ីប​អស់​ហើយ ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​ខ្លះ​សម្រាប់​ពួកយើង​មក”។
3ប៉ុន្តែ​យូដា​តប​នឹង​គាត់​ថា​៖ “បុរស​នោះ​បាន​ព្រមាន​ពួកយើង​យ៉ាងម៉ឺងម៉ាត់​ថា​: ‘ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ឡើយ លុះត្រាតែ​ប្អូនប្រុស​របស់ពួកឯង​មក​ជាមួយ​ពួកឯង’។ 4បើសិន​លោកឪពុក​ព្រម​ឲ្យ​ប្អូនប្រុស​ទៅ​ជាមួយ​ពួកយើង ពួកយើង​នឹង​ចុះទៅ​ទិញ​ស្បៀងអាហារ​សម្រាប់​លោកឪពុក​។ 5ប៉ុន្តែ​បើសិន​លោកឪពុក​មិន​ឲ្យទៅ​ទេ ពួកយើង​ក៏មិន​ចុះទៅ​ដែរ ដ្បិត​បុរស​នោះ​បាន​និយាយ​នឹង​ពួកយើង​ថា​: ‘ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ឡើយ លុះត្រាតែ​ប្អូនប្រុស​របស់ពួកឯង​មក​ជាមួយ​ពួកឯង’”។
6អ៊ីស្រាអែល​និយាយថា​៖ “ហេតុអ្វីបានជា​ពួកឯង​ធ្វើទុក្ខ​យើង​ដោយ​ប្រាប់​បុរស​នោះ​ថា ពួកឯង​មាន​ប្អូនប្រុស​ម្នាក់ទៀត​ដូច្នេះ​?”។
7ពួកគេ​តបថា​៖ “បុរស​នោះ​សាកសួរយ៉ាងលម្អិត​អំពី​ពួកយើង និង​អំពី​ក្រុមគ្រួសារ​របស់ពួកយើង​ថា​: ‘តើ​ឪពុក​របស់ពួកឯង​នៅ​រស់​ឬទេ​? តើ​ពួកឯង​មាន​ប្អូនប្រុស​ឯទៀត​ឬទេ​?’។ ដូច្នេះ ពួកយើង​ក៏​ប្រាប់​លោក​តាម​សំណួរ​ទាំងនេះ​។ តើ​ពួកយើង​អាច​ដឹងច្បាស់​យ៉ាងដូចម្ដេច​ថា លោក​នឹង​និយាយថា​: ‘ចូរ​នាំ​ប្អូនប្រុស​របស់ពួកឯង​ចុះមក’ នោះ​?”។
8យូដា​ក៏​និយាយ​នឹង​អ៊ីស្រាអែល​ឪពុក​របស់គាត់​ថា​៖ “សូម​ឲ្យ​ក្មេងប្រុស​នោះ​ទៅ​ជាមួយ​ខ្ញុំ​ចុះ នោះ​ពួកយើង​នឹង​ក្រោកឡើង​ចេញដំណើរទៅ ដើម្បីឲ្យ​ពួកយើង​មានជីវិតរស់ កុំឲ្យ​ស្លាប់​ឡើយ គឺ​ទាំង​ពួកយើង លោកឪពុក និង​កូន​ៗ​របស់ពួកយើង​ផង​។ 9ខ្ញុំ​ផ្ទាល់​នឹង​ធានា​សុវត្ថិភាព​របស់វា​; លោកឪពុក​អាច​ទារ​វា​ពី​ដៃ​របស់ខ្ញុំ​បាន​។ បើសិន​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោកឪពុក ហើយ​ដាក់​វា​នៅចំពោះ​លោកឪពុក​ទេ នោះ​ខ្ញុំ​នឹង​មានបាប​ចំពោះ​លោកឪពុក​អស់មួយជីវិត​។ 10តាមពិត ប្រសិនបើ​ពួកយើង​មិន​បាន​បង្អែបង្អង់​ទេ ម្ល៉េះសម​ពេលនេះ​ពួកយើង​បាន​ត្រឡប់មក​ទីនេះ​វិញ​ពីរដង​ហើយ”។
11ពេលនោះ អ៊ីស្រាអែល​ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “បើ​ដូច្នេះ ចូរ​ធ្វើ​បែបនេះ​: ចូរ​ដាក់​ផលល្អ​ពី​ស្រុក​នេះ​ក្នុង​បាវ​របស់ពួកឯង ហើយ​នាំចុះទៅ​ជូន​បុរស​នោះ​ជា​ជំនូន​ចុះ គឺ​ថ្នាំកំញាន​បន្តិច ទឹកឃ្មុំ​បន្តិច គ្រឿងក្រអូប ជ័រល្វីងទេស គ្រាប់រីករាយ និង​គ្រាប់អាល់ម៉ុង​។ 12ចូរ​យក​ប្រាក់​ទ្វេដង​នៅ​ដៃ​ពួកឯង គឺ​សង​ប្រាក់​ទាំងនោះ​ដែល​ត្រឡប់មក​នៅ​មាត់​បាវ​របស់ពួកឯង​វិញ ដោយ​ដៃ​ពួកឯង​ផ្ទាល់​ចុះ​។ ប្រហែល​នេះ​ជា​ការច្រឡំ​ទេ​។ 13ចូរ​យក​ប្អូនប្រុស​របស់ពួកឯង​ទៅ​ដែរ ហើយ​ក្រោកឡើង​ត្រឡប់ទៅ​ជួប​បុរស​នោះ​វិញ​ចុះ​។ 14សូមឲ្យ​ព្រះ​ដ៏មានព្រះចេស្ដា​ប្រទាន​សេចក្ដីមេត្តា​ដល់​ពួកឯង​នៅចំពោះ​បុរស​នោះ ហើយ​សូមឲ្យ​លោក​ប្រគល់​បងប្អូន​ម្នាក់ទៀត​របស់ពួកឯង និង​បេនយ៉ាមីន​ឲ្យ​មក​ជាមួយ​ពួកឯង​ផង​។ រីឯ​យើង​វិញ ប្រសិនបើ​យើង​ត្រូវ​បាត់បង់កូន ក៏​បាត់បង់កូន​ទៅចុះ”។ 15ដូច្នេះ ពួកគេ​ក៏​យក​ជំនូន​ទាំងនោះ និង​ប្រាក់​ទ្វេដង​ក្នុង​ដៃ​របស់ពួកគេ ព្រមទាំង​បេនយ៉ាមីន រួច​ក្រោកឡើង​ចុះទៅ​អេហ្ស៊ីប ទៅ​ឈរ​នៅចំពោះ​យ៉ូសែប​។
16នៅពេល​យ៉ូសែប​ឃើញ​បេនយ៉ាមីន​នៅជាមួយ​ពួកបងប្រុស គាត់​ក៏​ប្រាប់​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​នាំ​អ្នកទាំងនេះ​មក​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ ព្រមទាំង​រៀបចំ​ចុះ ដ្បិត​អ្នកទាំងនេះ​នឹង​ហូប​ជាមួយ​យើង​នៅ​ពេលថ្ងៃត្រង់”។ 17បុរស​នោះ​ក៏​ធ្វើ​ដូចដែល​យ៉ូសែប​ប្រាប់ ហើយ​នាំ​អ្នកទាំងនោះ​មក​ក្នុង​ផ្ទះ​របស់​យ៉ូសែប​។
18អ្នកទាំងនោះ​ក៏​ភ័យខ្លាច ពីព្រោះ​ត្រូវគេ​នាំទៅ​ផ្ទះ​របស់​យ៉ូសែប​។ ពួកគេ​គិតថា​៖ “ដោយសារតែ​ប្រាក់​ដែល​ត្រឡប់មក​ក្នុង​បាវ​របស់ពួកយើង​ពី​លើកមុន បានជា​គេ​នាំ​ពួកយើង​មក​ដើម្បី​លូកដៃ​ទាស់នឹង​ពួកយើង ហើយ​វាយសន្ធប់​លើ​ពួកយើង និង​ដើម្បី​ចាប់​ពួកយើង​ធ្វើជា​ទាសករ ព្រមទាំង​ចាប់យក​លា​របស់ពួកយើង​ផង”។ 19ពួកគេ​ក៏​ចូលទៅជិត​អ្នកគ្រប់គ្រងផ្ទះ​របស់​យ៉ូសែប ហើយ​និយាយ​នឹង​គាត់​នៅ​មាត់ទ្វារ​ផ្ទះ​។
20ពួកគេ​និយាយថា​៖ “ឱ​លោកម្ចាស់​នៃខ្ញុំ​អើយ លើកមុន​យើងខ្ញុំ​ពិតជាចុះមក​ដើម្បី​ទិញ​ស្បៀងអាហារ​មែន​។ 21ប៉ុន្តែ​នៅពេល​យើងខ្ញុំ​បាន​ទៅដល់​កន្លែងសំណាក់ យើងខ្ញុំ​ក៏​បើក​បាវ​របស់យើងខ្ញុំ នោះ​មើល៍! ប្រាក់​របស់យើងខ្ញុំ​ម្នាក់ៗ​នៅ​មាត់​បាវ​របស់ខ្លួន គឺ​ប្រាក់​របស់យើងខ្ញុំ​គ្រប់ចំនួន ដូច្នេះ​យើងខ្ញុំ​ក៏​យក​វា​មកវិញ​នៅក្នុង​ដៃ​របស់យើងខ្ញុំ​ហើយ​។ 22យើងខ្ញុំ​បាន​យក​ប្រាក់​ផ្សេងទៀត​ចុះមក​ក្នុង​ដៃ​របស់យើងខ្ញុំ ដើម្បី​ទិញ​ស្បៀងអាហារ​ដែរ​។ យើងខ្ញុំ​មិន​ដឹង​ថា​អ្នកណា​ដាក់​ប្រាក់​របស់យើងខ្ញុំ នៅក្នុង​បាវ​របស់យើងខ្ញុំ​ទេ”។
23អ្នកគ្រប់គ្រងផ្ទះ​តបថា​៖ “សូមឲ្យ​អ្នករាល់គ្នា​ធូរចិត្ត​ចុះ​។ កុំ​ខ្លាច​ឡើយ ព្រះ​របស់អ្នករាល់គ្នា ជា​ព្រះ​របស់​ឪពុក​អ្នករាល់គ្នា បាន​ប្រទាន​ទ្រព្យ​ដល់​អ្នករាល់គ្នា​នៅក្នុង​បាវ​អ្នករាល់គ្នា​ទេ​។ ខ្ញុំ​បាន​ទទួល​ប្រាក់​របស់អ្នករាល់គ្នា​ហើយ”។ រួច​គាត់​ក៏​នាំ​ស៊ីម្មាន​ចេញមក​ឯ​ពួកគេ​។ 24បន្ទាប់មក បុរស​នោះ​នាំ​អ្នកទាំងនោះ​មក​ក្នុង​ផ្ទះ​របស់​យ៉ូសែប ហើយ​ឲ្យ​ទឹក​ដើម្បី​លាង​ជើង​ពួកគេ ព្រមទាំង​ឲ្យ​ចំណី​ដល់​លា​របស់ពួកគេ​ផង​។ 25ពួកគេ​ក៏​រៀបចំ​ជំនូន​ចាំ​យ៉ូសែប​មកដល់​នៅ​ពេលថ្ងៃត្រង់ ដ្បិត​ពួកគេ​បាន​ឮ​ថា​ត្រូវ​ហូប​អាហារ​នៅ​ទីនោះ​។ 26នៅពេល​យ៉ូសែប​មកដល់​ផ្ទះ ពួកគេ​ក៏​យក​ជំនូន​ដែល​នៅក្នុង​ដៃ​របស់ពួកគេ​មក​ក្នុង​ផ្ទះ​ជូន​គាត់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។
27គាត់​ក៏​សួរសុខទុក្ខ​ពួកគេ ហើយ​និយាយថា​៖ “តើ​បុរស​ចំណាស់​ជា​ឪពុក​របស់ពួកឯង​ដែល​ពួកឯង​បាន​ប្រាប់​នោះ សុខសប្បាយ​ទេ​? តើ​គាត់​នៅតែ​នៅរស់​ឬ​?”។
28ពួកគេ​ឆ្លើយថា​៖ “ឪពុក​របស់យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក គាត់​សុខសប្បាយ ហើយ​នៅតែ​នៅរស់​ទេ”។ រួច​ពួកគេ​ឱនក្បាលចុះ ហើយ​ថ្វាយបង្គំ​។
29យ៉ូសែប​ងើបភ្នែកឡើង​ឃើញ​បេនយ៉ាមីន​ប្អូនប្រុស​របស់ខ្លួន ដែលជា​កូន​របស់​ម្ដាយ​គាត់ គាត់​ក៏​សួរថា​៖ “តើ​នេះ​ជា​ប្អូនប្រុស​ពៅ​របស់ពួកឯង​ដែល​ពួកឯង​បាន​ប្រាប់​យើង​ឬ​?”។ រួច​គាត់​និយាយថា​៖ “កូន​របស់យើង​អើយ សូមឲ្យ​ព្រះ​មេត្តា​ដល់​ឯង​ចុះ”។ 30យ៉ូសែប​ក៏​ប្រញាប់​ចេញទៅ​រក​កន្លែង​យំ ពីព្រោះ​រំភើបចិត្ត​នឹង​ប្អូនប្រុស​របស់គាត់ ហើយ​គាត់​ចូលទៅ​ក្នុង​បន្ទប់ផ្ទាល់ខ្លួន រួច​យំ​នៅ​ទីនោះ​។ 31បន្ទាប់ពី​លុប​មុខ​ហើយ គាត់​ក៏​ចេញមក​វិញ​ទាំង​ទប់ចិត្ត ហើយ​ប្រាប់ថា​៖ “រៀប​អាហារ​មក​!”។
32គេ​រៀប​ឲ្យ​យ៉ូសែប​ដោយឡែក រៀប​ឲ្យ​ពួកគេ​ដោយឡែក ហើយ​រៀប​ឲ្យ​ពួក​ជនជាតិអេហ្ស៊ីប​ដែល​ហូប​ជាមួយ​យ៉ូសែប​ដោយឡែក ពីព្រោះ​ជនជាតិអេហ្ស៊ីប​មិនអាច​ហូប​អាហារ​ជាមួយ​ជនជាតិហេព្រើរ​បានឡើយ ដ្បិត​ការនេះ​ជា​ការគួរឲ្យស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប​។ 33ពួកគេ​អង្គុយ​នៅចំពោះ​យ៉ូសែប តាម​លំដាប់បងប្អូន គឺ​កូនច្បង ហើយ​ប្អូន​តាម​ប្អូន អ្នកទាំងនោះ​ក៏​មើលមុខ​គ្នាទៅវិញទៅមក ទាំង​ភ្ញាក់ផ្អើល​។ 34គេ​យក​ចំណែក​អាហារ​ពី​មុខ​យ៉ូសែប​ឲ្យ​ពួកគេ ប៉ុន្តែ​ចំណែក​របស់​បេនយ៉ាមីន​មាន​ប្រាំ​ដង​ច្រើន​ជាង​ចំណែក​របស់​អ្នកឯទៀត​។ ពួកគេ​ក៏​ផឹក ហើយ​ស្រវឹងស្រឿងៗ​ជាមួយ​យ៉ូសែប​៕

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk