លោកុប្បត្តិ 42

42
ចុះទៅអេហ្ស៊ីបលើកទីមួយ
1នៅពេល​យ៉ាកុប​ឃើញ​ថា​មាន​ស្រូវ​នៅ​អេហ្ស៊ីប គាត់​ក៏​និយាយ​នឹង​ពួក​កូនប្រុស​របស់ខ្លួន​ថា​៖ “ហេតុអ្វីបានជា​ពួកឯង​មើល​គ្នាទៅវិញទៅមក​ដូច្នេះ​?”។ 2គាត់​និយាយ​ទៀត​ថា​៖ “មើល៍! យើង​បាន​ឮ​ថា​មាន​ស្រូវ​នៅ​អេហ្ស៊ីប​។ ចូរ​ចុះទៅ​ទីនោះ ហើយ​ទិញស្រូវ​ពី​ទីនោះ​មក​សម្រាប់​ពួកយើង​ទៅ ដើម្បីឲ្យ​ពួកយើង​មានជីវិតរស់ គឺ​កុំឲ្យ​ស្លាប់​ឡើយ”។ 3ដូច្នេះ ពួក​បងប្រុស​ដប់​នាក់​របស់​យ៉ូសែប​ក៏​ចុះទៅ​ទិញ​ស្រូវ​ពី​អេហ្ស៊ីប​។ 4ប៉ុន្តែ​យ៉ាកុប​មិន​បាន​ចាត់​បេនយ៉ាមីន​ប្អូនប្រុស​របស់​យ៉ូសែប​ឲ្យទៅ​ជាមួយ​ពួក​បងប្រុស​របស់គាត់​ឡើយ ដ្បិត​យ៉ាកុប​និយាយថា​៖ “ក្រែងលោ​វា​ជួប​គ្រោះថ្នាក់”។
5គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​បាន​មក​ទិញស្រូវ ក្នុងចំណោម​ពួកអ្នកដទៃទៀត​ដែល​មក ដ្បិត​មាន​ទុរ្ភិក្ស​នៅក្នុង​ដែនដី​កាណាន​ដែរ​។ 6នៅគ្រានោះ យ៉ូសែប​ជា​មេគ្រប់គ្រង​លើ​ស្រុក​នោះ គាត់​ជា​អ្នកដែល​លក់ស្រូវ​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​នៅ​ដែនដី​នោះ ដូច្នេះ​ពួក​បងប្រុស​របស់​យ៉ូសែប​ក៏​មក​ដល់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។ 7នៅពេល​យ៉ូសែប​ឃើញ​ពួក​បងប្រុស​របស់ខ្លួន គាត់​ក៏​ស្គាល់​ពួកគេ ប៉ុន្តែ​គាត់​ធ្វើដូចជាអ្នកដទៃ​ដាក់​ពួកគេ ហើយ​និយាយ​កាច​នឹង​ពួកគេ ដោយ​សួរថា​៖ “ពួកឯង​មក​ពី​ណា​?”។
ពួកគេ​ឆ្លើយថា​៖ “យើងខ្ញុំ​មកពី​ដែនដី​កាណាន ដើម្បី​ទិញ​ស្បៀងអាហារ”។
8យ៉ូសែប​ស្គាល់​ពួក​បងប្រុស​របស់គាត់ ប៉ុន្តែ​ពួកគេ​មិន​ស្គាល់​គាត់​ទេ​។ 9ពេលនោះ យ៉ូសែប​នឹកឃើញ​យល់សប្តិ​ដែល​គាត់​បាន​យល់សប្តិឃើញ​អំពី​ពួកគេ នោះ​គាត់​និយាយ​នឹង​ពួកគេ​ថា​៖ “ពួកឯង​ជា​អ្នកស៊ើបការណ៍​។ ពួកឯង​បាន​មក ដើម្បី​សង្កេតមើល​ចំណុចខ្សោយ​របស់​ស្រុក​នេះ”។
10ពួកគេ​តប​នឹង​យ៉ូសែប​ថា​៖ “ទេ​! លោកម្ចាស់​នៃខ្ញុំ​អើយ​! បាវបម្រើ​របស់លោក​បាន​មក ដើម្បី​ទិញ​ស្បៀងអាហារ​ទេ​។ 11យើងខ្ញុំ​ទាំងអស់គ្នា​ជា​កូនប្រុស​របស់​បុរស​ម្នាក់ យើងខ្ញុំ​ជា​មនុស្ស​ទៀងត្រង់ យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ”។
12ប៉ុន្តែ​យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ទេ​! ពួកឯង​បាន​មក ដើម្បី​សង្កេតមើល​ចំណុចខ្សោយ​របស់​ស្រុក​នេះ”។
13ពួកគេ​តបថា​៖ “យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មាន​បងប្អូន​ដប់ពីរ​នាក់ ជា​កូនប្រុស​របស់​បុរស​ម្នាក់​នៅ​ដែនដី​កាណាន​។ មើល៍! សព្វថ្ងៃ​កូនពៅ​នៅជាមួយ​ឪពុក​របស់យើងខ្ញុំ រីឯ​ម្នាក់ទៀត មិនមាន​គាត់​ទៀតទេ”។
14យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ពួកឯង​ជា​អ្នកស៊ើបការណ៍ ដូចដែល​យើង​បាន​ប្រាប់​ពួកឯង​ហើយ​។ 15ពួកឯង​នឹង​ត្រូវបាន​ពិសោធ​ដោយ​ការនេះ គឺដោយនូវ​ព្រះជន្ម​របស់​ផារ៉ោន ពួកឯង​នឹង​ចេញ​ពី​ទីនេះ​មិនបានឡើយ លុះត្រាតែ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មកដល់​ទីនេះ​សិន​។ 16ចូរ​ចាត់​ម្នាក់​ពីចំណោម​ពួកឯង​ឲ្យទៅ ហើយ​យក​ប្អូនប្រុស​របស់ពួកឯង​មកវិញ រីឯ​អ្នកផ្សេងទៀត​ត្រូវ​ជាប់ឃុំឃាំង​សិន ដើម្បីឲ្យ​ពាក្យសម្ដី​របស់ពួកឯង​ត្រូវបាន​ពិសោធ ថា​តើ​មាន​សេចក្ដីពិត​ក្នុង​ពួកឯង​ឬយ៉ាងណា​។ បើ​មិន​ដូច្នោះ​ទេ ដោយនូវ​ព្រះជន្ម​របស់​ផារ៉ោន ពួកឯង​ពិតជា​អ្នកស៊ើបការណ៍​មែន”។ 17ដូច្នេះ យ៉ូសែប​ក៏​ដាក់​ពួកគេ​នៅក្នុង​ទីឃុំឃាំង​ជាមួយគ្នា​បី​ថ្ងៃ​។
18លុះដល់​ថ្ងៃ​ទីបី យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ធ្វើ​ដូច្នេះ ហើយ​មានជីវិតរស់​ចុះ ដ្បិត​យើង​កោតខ្លាច​ព្រះ​។ 19ប្រសិនបើ​ពួកឯង​ជា​មនុស្ស​ទៀងត្រង់​មែន ចូរឲ្យ​បងប្អូន​ម្នាក់​របស់ពួកឯង​នៅ​ជាប់ឃុំឃាំង​ក្នុង​គុក ហើយ​ឲ្យ​អ្នកឯទៀត​យក​ស្រូវ​ទៅវិញ សម្រាប់​អ្នកផ្ទះ​របស់ពួកឯង​ដែលកំពុង​អត់ឃ្លាន​នោះ​ចុះ​! 20រួច​ពួកឯង​ត្រូវ​នាំ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មក​ជួប​យើង ដើម្បីឲ្យ​ពាក្យសម្ដី​របស់ពួកឯង​ត្រូវបាន​បញ្ជាក់ថាពិត នោះ​ពួកឯង​មិន​ស្លាប់​ឡើយ”។ ពួកគេ​ក៏​ធ្វើ​ដូច្នោះ​។
21ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “ពួកយើង​ប្រាកដជា​មានទោស​ដោយសារតែ​ប្អូនប្រុស​របស់ពួកយើង ដែល​ពួកយើង​បាន​ឃើញ​ទុក្ខវេទនា​ក្នុង​ចិត្ត​របស់វា ពេល​វា​អង្វរ​ពួកយើង ប៉ុន្តែ​ពួកយើង​មិន​បាន​ស្ដាប់​ឡើយ ហេតុនេះហើយបានជា​ទុក្ខវេទនា​នេះ​ធ្លាក់មក​លើ​ពួកយើង”។
22រូបេន​ក៏​តប​នឹង​ពួកគេ​ថា​៖ “តើ​ខ្ញុំ​មិន​បាន​ប្រាប់​ពួកឯង​ថា​: ‘កុំ​ប្រព្រឹត្តបាប​ទាស់នឹង​ក្មេង​នោះ​ឡើយ’ ទេ​ឬ​? ប៉ុន្តែ​ពួកឯង​មិន​បាន​ស្ដាប់​ទេ​។ មើល៍! ឥឡូវនេះ ឈាម​របស់វា​ត្រូវបាន​ទាមទារ​ពីពួកយើងវិញ​ហើយ​!”។
23ពួកគេ​មិន​ដឹង​ថា​យ៉ូសែប​ស្ដាប់បាន​នោះ​ទេ ពីព្រោះ​មាន​អ្នកបកប្រែ​រវាង​ពួកគេ​។ 24យ៉ូសែប​ក៏​បែរចេញ​ពី​ពួកគេ​ទៅ​យំ រួច​ត្រឡប់មក​និយាយ​ជាមួយ​ពួកគេ​វិញ ក៏​យក​ស៊ីម្មាន​ពី​ពួកគេ ហើយ​ចង​គាត់​នៅចំពោះ​ភ្នែក​ពួកគេ​។ 25យ៉ូសែប​បញ្ជា​ឲ្យ​គេ​ច្រក​ស្រូវ​ឲ្យពេញ​បាវ​របស់ពួកគេ ហើយ​ឲ្យ​ដាក់​ប្រាក់​របស់ពួកគេ​ម្នាក់ៗ​ទៅក្នុង​បាវ​របស់ពួកគេ​វិញ ព្រមទាំង​ឲ្យ​ស្បៀងអាហារ​ដល់​ពួកគេ​សម្រាប់​ការធ្វើដំណើរ​ផង នោះ​គេ​ធ្វើ​ដូច្នោះ​ដល់​ពួកគេ​។ 26ពួកគេ​ក៏​លើក​ស្រូវ​ដាក់​លើ​លា​របស់ពួកគេ ហើយ​ចេញដំណើរ​ពី​ទីនោះ​។
ត្រឡប់ទៅដែនដីកាណានវិញ
27កាល​នៅ​កន្លែងសំណាក់ ម្នាក់​ក្នុងពួកគេ​បាន​បើក​បាវ​របស់ខ្លួន​ដើម្បី​ដាក់​ចំណី​ឲ្យ​លា​របស់ខ្លួន នោះ​គាត់​ឃើញ​ប្រាក់​របស់ខ្លួន ហើយ​មើល៍! វា​នៅ​មាត់​បាវ​របស់ខ្លួន​។ 28គាត់​ក៏​និយាយ​នឹង​បងប្អូន​របស់ខ្លួន​ថា​៖ “ប្រាក់​របស់ខ្ញុំ​បាន​ត្រឡប់មកវិញ​ហើយ មើល៍! វា​នៅក្នុង​បាវ​របស់ខ្ញុំ”។ នោះ​បេះដូង​របស់ពួកគេ​ស្ទើរតែលោតចេញមកខាងក្រៅ ហើយ​ពួកគេ​ក៏​ញ័ររន្ធត់ ទាំង​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “តើ​ការដែល​ព្រះ​បាន​ធ្វើ​ដល់​ពួកយើង​នេះ​ជា​អ្វី​?”។
29លុះ​មកដល់​យ៉ាកុប​ឪពុក​របស់ពួកគេ​នៅ​ដែនដី​កាណាន ពួកគេ​ក៏​ប្រាប់​គាត់​អំពី​ការទាំងអស់​ដែល​កើតឡើង​ដល់​ពួកគេ​ថា​៖ 30“បុរស​ម្នាក់​ជា​ចៅហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​កាច​នឹង​ពួកយើង ហើយ​ចាត់ទុក​ពួកយើង​ជា​អ្នកដែល​ស៊ើបការណ៍​ស្រុក​នោះ​។ 31ពួកយើង​បាន​និយាយ​នឹង​លោក​ថា​: ‘យើងខ្ញុំ​ជា​មនុស្ស​ទៀងត្រង់ មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ​។ 32យើងខ្ញុំ​មាន​បងប្អូន​ដប់ពីរ​នាក់ ជា​កូនប្រុស​របស់​ឪពុក​យើងខ្ញុំ ហើយ​កូន​ម្នាក់ មិនមាន​គាត់​ទៀតទេ រីឯ​កូនពៅ​វិញ សព្វថ្ងៃ​នៅ​ដែនដី​កាណាន​ជាមួយ​ឪពុក​របស់យើងខ្ញុំ’។ 33បុរស​ដែលជា​ចៅហ្វាយ​នៅ​ស្រុក​នោះ ក៏​និយាយ​នឹង​ពួកយើង​ថា​: ‘ដោយ​ការនេះ យើង​នឹង​ដឹង​ថា​ពួកឯង​ជា​មនុស្ស​ទៀងត្រង់ គឺ​ចូរ​ទុក​បងប្អូន​ម្នាក់​របស់ពួកឯង​ឲ្យ​នៅជាមួយ​យើង ហើយ​ឲ្យ​អ្នកឯទៀត​យក​ស្រូវ​ទៅវិញ សម្រាប់​អ្នកផ្ទះ​របស់ពួកឯង​ដែលកំពុង​អត់ឃ្លាន​នោះ​ចុះ​! 34រួច​ចូរ​នាំ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មក​ជួប​យើង នោះ​យើង​នឹង​ដឹង​ថា​ពួកឯង​មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ គឺ​ពួកឯង​ជា​មនុស្ស​ទៀងត្រង់​វិញ​។ យើង​នឹង​ប្រគល់​បងប្អូន​របស់ពួកឯង​ឲ្យ​ពួកឯង​វិញ ហើយ​ពួកឯង​ក៏​អាច​ធ្វើជំនួញ​នៅក្នុង​ស្រុក​នេះ​បាន​ដែរ’”។
35បន្ទាប់មក ពួកគេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​របស់ពួកគេ មើល៍! ថង់​ប្រាក់​របស់ពួកគេ​ម្នាក់ៗ​នៅក្នុង​បាវ​របស់ខ្លួន​! នៅពេល​ពួកគេ និង​ឪពុក​ឃើញ​ថង់​ប្រាក់​របស់ខ្លួន ពួកគេទាំងអស់គ្នា​ក៏​ភ័យខ្លាច​។
36យ៉ាកុប​ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ពួកឯង​បាន​ធ្វើឲ្យ​យើង​បាត់បង់កូន​——​មិនមាន​យ៉ូសែប​ទៀតទេ ហើយក៏​មិនមាន​ស៊ីម្មាន​ទៀត​ដែរ ហើយ​ឥឡូវនេះ ពួកឯង​ចង់​យក​បេនយ៉ាមីន​ទៀត​។ ការទាំងអស់​នេះ​បាន​កើតឡើង​ទាស់នឹង​យើង​ហើយ​!”។
37រូបេន​តប​នឹង​ឪពុក​ថា​៖ “បើសិន​ខ្ញុំ​មិន​នាំ​បេនយ៉ាមីន​មក​ជូន​លោកឪពុក​វិញ​ទេ សូម​សម្លាប់​កូនប្រុស​ទាំង​ពីរ​របស់ខ្ញុំ​ចុះ​។ សូម​ឲ្យ​បេនយ៉ាមីន​មកក្នុង​ដៃ​របស់ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​នាំ​វា​ត្រឡប់មក​ជូន​លោកឪពុក​វិញ”។
38ប៉ុន្តែ​យ៉ាកុប​និយាយថា​៖ “កូនប្រុស​របស់យើង​ចុះទៅ​ជាមួយ​ពួកឯង​មិនបានឡើយ ដ្បិត​បងប្រុស​របស់វា​បាន​ស្លាប់​ហើយ នៅសល់​តែ​វា​ប៉ុណ្ណោះ​។ បើសិន​វា​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ពួកឯង​ទៅ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ”៕

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk