លោកុប្បត្តិ 33

33
យ៉ាកុបជួបអេសាវ
1យ៉ាកុប​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! អេសាវ​កំពុង​មក ហើយ​មាន​មនុស្ស​បួនរយ​នាក់​នៅជាមួយ​គាត់​! យ៉ាកុប​ក៏​ចែក​កូន​ៗ​ឲ្យ​លេអា រ៉ាជែល និង​បាវបម្រើស្រី​ទាំង​ពីរ​នាក់​។ 2គាត់​ដាក់​ពួក​បាវបម្រើស្រី និង​កូន​ៗ​របស់ពួកនាង​នៅ​ខាងមុខ ក៏​ដាក់​លេអា និង​កូន​ៗ​របស់នាង​នៅ​បន្ទាប់ ហើយ​ដាក់​រ៉ាជែល និង​យ៉ូសែប​នៅ​ខាងក្រោយ​បង្អស់ 3រីឯ​ខ្លួនគាត់​ដើរទៅ​ខាងមុខ​ពួកគេ ហើយ​ក្រាបមុខដល់ដី​ប្រាំពីរ​ដង រហូតដល់​គាត់​បាន​ចូលទៅជិត​បងប្រុស​របស់ខ្លួន​។
4អេសាវ​រត់​មក​ជួប​គាត់ ឱប​គាត់ ហើយ​កៀក​ក​គាត់ ព្រមទាំង​ថើប​គាត់​ផង រួច​ពួកគេទាំងពីរ​ក៏​យំ​។ 5អេសាវ​ងើបភ្នែកឡើង ឃើញ​ពួក​ស្ត្រី​ៗ និង​ក្មេង​ៗ គាត់​ក៏​សួរថា​៖ “តើ​អ្នកទាំងនេះ​ដែល​នៅជាមួយ​ឯង​ជា​នរណា​?”។
យ៉ាកុប​ឆ្លើយថា​៖ “ពួកគេជា​កូន​ៗ​ដែល​ព្រះ​បាន​ប្រោសប្រទាន​ដល់​បាវបម្រើ​របស់បង”។ 6បន្ទាប់មក ពួក​បាវបម្រើស្រី និង​កូន​ៗ​របស់ពួកនាង​ចូលមកជិត ហើយ​ក្រាបចុះ 7រួច​លេអា និង​កូន​ៗ​របស់នាង​ក៏​ចូលមកជិត ហើយ​ក្រាបចុះ លុះ​ចុងក្រោយ យ៉ូសែប និង​រ៉ាជែល​ក៏​ចូលមកជិត ហើយ​ក្រាបចុះ​ដែរ​។
8អេសាវ​សួរ​ទៀត​ថា​៖ “តើ​ក្បួនដង្ហែ​ទាំងអស់​នេះ​ដែល​ខ្ញុំ​បាន​ជួប មានន័យ​ដូចម្ដេច​?”។
យ៉ាកុប​តបថា​៖ “គឺ​ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ”។
9អេសាវ​និយាយថា​៖ “ប្អូនប្រុស​របស់ខ្ញុំ​អើយ ខ្ញុំ​មាន​ច្រើន​ហើយ​។ ចូរ​ទុក​អ្វីដែល​ជារបស់​ឯង​សម្រាប់​ខ្លួនឯង​ចុះ​!”។
10យ៉ាកុប​និយាយថា​៖ “ទេ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់បង សូម​ទទួលយក​ជំនូន​របស់ខ្ញុំ​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង គឺ​ដូចជា​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ ហើយ​បង​ក៏​ទទួល​ខ្ញុំ​ដែរ​។ 11សូម​ទទួលយក​ជំនូន​របស់ខ្ញុំ​ដែល​បាន​នាំមក​ជូន​បង​ចុះ ដោយព្រោះ​ព្រះ​បាន​មេត្តា​ដល់​ខ្ញុំ និង​ដោយព្រោះ​ខ្ញុំ​មាន​គ្រប់គ្រាន់”។ យ៉ាកុប​បាន​ទទូច​ដល់​គាត់ ទើប​គាត់​ទទួលយក​។
12ពេលនោះ អេសាវ​និយាយថា​៖ “ចូរ​យើង​ចេញដំណើរ​ទៅ ហើយ​ខ្ញុំ​នឹង​ទៅ​ខាងមុខ​ឯង”។
13យ៉ាកុប​និយាយ​នឹង​គាត់​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​ដឹង​ហើយ​ថា ពួក​កូនក្មេង​ខ្សោយ ហើយ​ហ្វូងចៀម និង​ហ្វូងគោ​ដែល​បំបៅកូន​ក៏​នៅជាមួយ​ខ្ញុំ​ដែរ ប្រសិនបើ​បង្ខំ​ពួកវា​ខ្លាំងពេក​តែ​មួយ​ថ្ងៃ ហ្វូងសត្វ​ទាំងអស់​នឹង​ងាប់​។ 14សូម​លោកម្ចាស់​នៃខ្ញុំ​អញ្ជើញទៅ​ខាងមុខ​បាវបម្រើ​របស់លោក​ចុះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​នាំ​ពួកវា​ទៅ​យឺតៗ​តាម​ដំណើរ​របស់​ហ្វូងសត្វ​ដែល​នៅមុខ​ខ្ញុំ និង​តាម​ដំណើរ​របស់​កូនក្មេង រហូតដល់​ខ្ញុំ​ទៅ​ដល់​លោកម្ចាស់​នៃខ្ញុំ​នៅ​សៀរ”។
15អេសាវ​ក៏​និយាយថា​៖ “ចូរ​ឲ្យ​ខ្ញុំ​ទុក​មនុស្ស​ខ្លះ​ដែល​នៅជាមួយ​ខ្ញុំ ឲ្យ​នៅជាមួយ​ឯង​ដែរ”។
ប៉ុន្តែ​យ៉ាកុប​តបថា​៖ “ហេតុអ្វី​ត្រូវធ្វើ​ដូច្នេះ​? សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង”។
16ដូច្នេះ​នៅ​ថ្ងៃ​នោះ អេសាវ​ក៏​ត្រឡប់ទៅវិញ​តាម​ផ្លូវ​របស់គាត់​ទៅ​សៀរ​។ 17រីឯ​យ៉ាកុប​បាន​ធ្វើដំណើរ​ទៅ​ស៊ូកូថ ហើយ​សង់​ផ្ទះ​មួយ​សម្រាប់​ខ្លួន ព្រមទាំង​ធ្វើ​ក្រោល​សម្រាប់​ហ្វូងសត្វ​របស់គាត់​ផង ដោយហេតុនេះ គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា​ស៊ូកូថ​។ 18យ៉ាកុប​មក​ដល់​ក្រុង​ស៊ីគែម​ដែល​នៅក្នុង​ដែនដី​កាណាន​ដោយសុវត្ថិភាព តាម​ដំណើរ​មក​ពី​ប៉ាដាន់-អើរ៉ាម​វិញ ហើយ​បោះជំរំ​ទល់មុខ​ទីក្រុង​នោះ​។ 19គាត់​ទិញ​ដី​មួយ​កន្លែង​ដែល​គាត់​បាន​ដំឡើង​រោង​នោះ ពី​ដៃ​របស់​កូនចៅ​ហេម័រ​ជា​ឪពុក​របស់​ស៊ីគែម ក្នុង​តម្លៃ​មួយរយ​កាក់ប្រាក់​។ 20គាត់​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ហើយ​ដាក់ឈ្មោះ​ថា “អែល អែឡូហេ អ៊ីស្រាអែល#33:20 អែល អែឡូហេ អ៊ីស្រាអែល―មានន័យថា “ព្រះជាព្រះនៃអ៊ីស្រាអែល”។”៕

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk