លោកុប្បត្តិ 32

32
យ៉ាកុបរៀបចំខ្លួនជួបអេសាវ
1យ៉ាកុប​បាន​បន្ត​ដំណើរ​ទៅ នោះ​មាន​ពួក​ទូតសួគ៌​របស់​ព្រះ​មកជួប​គាត់​។ 2ពេល​យ៉ាកុប​ឃើញ​ទូតសួគ៌ទាំងនោះ គាត់​ក៏​និយាយថា​៖ “នេះ​ជា​ជំរំ​របស់​ព្រះ”។ ដូច្នេះ គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា ម៉ាហាណែម​។
3យ៉ាកុប​ចាត់​ពួក​អ្នកនាំសារ​ឲ្យទៅ​មុន​គាត់ ទៅឯ​អេសាវ​បងប្រុស​របស់គាត់ ដែល​នៅ​ស្រុក​សៀរ​ក្នុង​ដែនដី​អេដំ 4ដោយ​បង្គាប់​ពួកគេ​ថា​៖ “ពួកអ្នក​ត្រូវ​និយាយ​នឹង​អេសាវ​ចៅហ្វាយ​របស់ខ្ញុំ​ដូច្នេះ​ថា​: ‘យ៉ាកុប​បាវបម្រើ​របស់លោក ជម្រាប​លោក​ដូច្នេះ​: “ខ្ញុំ​បាន​រស់នៅបណ្ដោះអាសន្ន​ជាមួយ​ឡាបាន់ ហើយ​ត្រូវបាន​ពន្យារពេល​រហូតដល់​ឥឡូវនេះ​។ 5ខ្ញុំ​មាន​គោ លា ហ្វូងចៀម បាវបម្រើប្រុស និង​បាវបម្រើស្រី​; ខ្ញុំ​បាន​ចាត់​គេ​ឲ្យមក​ប្រាប់​លោកម្ចាស់​នៃខ្ញុំ ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក”’”។
6ពួក​អ្នកនាំសារ​ក៏​ត្រឡប់មក​រក​យ៉ាកុប​វិញ ហើយ​ជម្រាបថា​៖ “ពួកយើង​បាន​ទៅ​ជួប​អេសាវ​បងប្រុស​របស់លោក​ហើយ​។ គាត់​កំពុង​មក​ទទួល​លោក ហើយ​មាន​មនុស្ស​បួនរយ​នាក់​នៅជាមួយ​គាត់”។ 7នោះ​យ៉ាកុប​ភ័យខ្លាច ហើយ​ថប់បារម្ភ​យ៉ាងខ្លាំង​។ គាត់​ក៏​ចែក​មនុស្ស​ដែល​នៅជាមួយ​គាត់ ព្រមទាំង​ហ្វូងចៀម ហ្វូងគោ និង​ហ្វូង​អូដ្ឋ ជា​ពីរ​ជំរំ​។ 8គាត់​គិតថា​៖ “ប្រសិនបើ​អេសាវ​មក​វាយ​ជំរំ​ទីមួយ យ៉ាងហោចណាស់​ជំរំ​ដែល​នៅសល់​អាច​គេចរួច​បាន”។
9បន្ទាប់មក យ៉ាកុប​ទូលថា​៖ “ឱ​ព្រះយេហូវ៉ា​ដែល​មានបន្ទូល​នឹង​ទូលបង្គំ​ថា​: ‘ចូរ​ត្រឡប់​ទៅ​ស្រុក​របស់អ្នក និង​សាច់ញាតិ​របស់អ្នក​វិញ នោះ​យើង​នឹង​ប្រព្រឹត្តល្អ​ដល់​អ្នក’ គឺ​ព្រះ​នៃ​អ័ប្រាហាំ​ដូនតា​របស់ទូលបង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់ទូលបង្គំ​អើយ 10ទូលបង្គំ​មិនស័ក្ដិសម​នឹង​អស់ទាំង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​អស់ទាំង​សេចក្ដីពិតត្រង់​ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​ដល់​បាវបម្រើ​របស់ព្រះអង្គ​ឡើយ​។ ជាការពិត ទូលបង្គំ​បាន​ឆ្លង​ទន្លេយ័រដាន់​នេះ​ដោយមាន​តែ​ឈើច្រត់​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ ទូលបង្គំ​មានគ្នា​ដល់ទៅ​ពីរ​ជំរំ​។ 11សូម​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​អេសាវ គឺ​ពី​កណ្ដាប់ដៃ​របស់​បងប្រុស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្លាច​គាត់ ក្រែងលោ​គាត់​មក​វាយសម្លាប់​ទូលបង្គំ ព្រមទាំង​ពួក​ម្ដាយ និង​ពួក​កូនក្មេង​ផង​។ 12ក៏ប៉ុន្ដែ​ព្រះអង្គ​បាន​មានបន្ទូលថា​: ‘យើង​ប្រាកដជាប្រព្រឹត្តល្អ​ដល់​អ្នក ហើយ​យើង​នឹង​ធ្វើឲ្យ​ពូជពង្ស​របស់អ្នក​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ​ដែល​រាប់មិនអស់​ដោយព្រោះ​មាន​ច្រើន​ពេក’”។
13នៅ​យប់​នោះ យ៉ាកុប​ក៏​ស្នាក់នៅ​ទីនោះ​។ គាត់​យក​ពី​អ្វីដែល​មាន​ក្នុង​ដៃ​របស់ខ្លួន ទុកជា​ជំនូន​សម្រាប់​អេសាវ​បងប្រុស​របស់គាត់ 14គឺ​ពពែញី ២០០ ក្បាល ពពែឈ្មោល ២០ ក្បាល ចៀមញី ២០០ ក្បាល ចៀមឈ្មោល ២០ ក្បាល 15អូដ្ឋ​ញី​ចិញ្ចឹមយកទឹកដោះ ៣០ ក្បាល ព្រមទាំង​កូន​របស់វា គោញី ៤០ ក្បាល គោឈ្មោល ១០ ក្បាល លាញី ២០ ក្បាល និង​លាឈ្មោល ១០ ក្បាល​។ 16គាត់​ចែក​ហ្វូងសត្វទាំងនោះ​ជា​មួយក្រុមៗ ប្រគល់​ទៅក្នុង​ដៃ​របស់​ពួក​បាវបម្រើ​គាត់ ហើយ​និយាយ​នឹង​ពួក​បាវបម្រើ​ថា​៖ “ចូរ​ឆ្លងទៅ​ខាងមុខ​ខ្ញុំ ហើយ​ទុក​ចន្លោះ​រវាង​មួយក្រុមៗ​ចុះ”។
17គាត់​បង្គាប់​បាវបម្រើ​ទីមួយ​ថា​៖ “ពេល​អេសាវ​បងប្រុស​របស់ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា​: ‘តើ​អ្នក​ជាមនុស្ស​របស់​អ្នកណា​? តើ​អ្នក​ទៅ​ឯណា​? ចុះ​សត្វទាំងនេះ​ដែល​នៅមុខ​អ្នក​ជារបស់​អ្នកណា​?’ 18នោះ​អ្នក​ត្រូវ​ឆ្លើយថា​: ‘ទាំងនេះ​ជារបស់​យ៉ាកុប​បាវបម្រើ​របស់លោក ជា​ជំនូន​ដែល​ជូន​មក​អេសាវ​លោកម្ចាស់​នៃខ្ញុំ​។ មើល៍! គាត់​ក៏​កំពុងមក​តាមក្រោយ​យើងខ្ញុំ​ដែរ’”។
19គាត់​ក៏​បង្គាប់​ដូចគ្នា​ទៅ​បាវបម្រើ​ទីពីរ បាវបម្រើ​ទីបី និង​អស់អ្នក​ដែល​ដើរ​ពីក្រោយ​ហ្វូងសត្វ​ទាំងនោះ ថា​៖ “ចូរ​និយាយ​ពាក្យ​ដូចគ្នា​នេះ​ទៅ​អេសាវ ពេល​អ្នករាល់គ្នា​ជួប​គាត់ 20ព្រមទាំង​និយាយ​ដែរ​ថា​: ‘មើល៍! យ៉ាកុប​បាវបម្រើ​របស់លោក​នៅពីក្រោយ​យើងខ្ញុំ’”។ ដ្បិត​គាត់​គិតថា​៖ “ខ្ញុំ​នឹង​ធ្វើឲ្យ​គាត់​ស្ងប់ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ ហើយ​បន្ទាប់មក​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់​។ ប្រហែលជា​គាត់​នឹង​ទទួល​ខ្ញុំ”។
21ដូច្នេះ ជំនូន​ទាំងនោះ​ក៏​ឆ្លងទៅ​ខាងមុខ​យ៉ាកុប រីឯ​គាត់​វិញ គាត់​ស្នាក់នៅ​ក្នុង​ជំរំ​នៅ​យប់​នោះ​។ 22នៅ​យប់​ដដែលនោះ គាត់​ក៏​ក្រោកឡើង ហើយ​នាំ​ប្រពន្ធ​ទាំង​ពីរ និង​បាវបម្រើស្រី​ទាំង​ពីរ ព្រមទាំង​កូន​ដប់មួយ​នាក់​របស់គាត់ ឆ្លង​ត្រង់​កន្លែងទឹករាក់​នៃ​ទន្លេយ៉ាបុក 23គឺ​គាត់​យក​ពួកគេ​ទៅ ហើយ​ឲ្យ​ឆ្លង​ទន្លេ​នោះ ក៏​ឲ្យ​អ្វីៗដែល​ជារបស់​គាត់​ឆ្លងទៅ​ដែរ​។ 24នៅទីបំផុត នៅសល់​យ៉ាកុប​តែម្នាក់ឯង​។
យ៉ាកុបបោកចំបាប់ជាមួយព្រះ
ពេលនោះ មាន​បុរស​ម្នាក់​មក​បោកចំបាប់​ជាមួយ​គាត់​រហូតដល់​អរុណរះឡើង​។ 25នៅពេល​ឃើញ​ថា​មិនអាច​ឈ្នះ​យ៉ាកុប​បាន បុរសនោះ​ក៏​ពាល់​ត្រង់​សន្លាក់​ត្រគាក​គាត់ នោះ​សន្លាក់​ត្រគាក​យ៉ាកុប​ក៏​ថ្លោះ ខណៈដែល​បោកចំបាប់​គ្នា​។ 26បុរសនោះ​និយាយថា​៖ “ចូរ​ឲ្យ​ខ្ញុំ​ទៅ​ចុះ ដ្បិត​ថ្ងៃរះ​ហើយ”។
ប៉ុន្តែ​យ៉ាកុប​តបថា​៖ “ខ្ញុំ​នឹង​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់តែ​ឲ្យពរ​ខ្ញុំ​សិន”។
27បុរសនោះ​សួរ​គាត់​ថា​៖ “តើ​អ្នក​ឈ្មោះ​អ្វី​?”។
គាត់​ឆ្លើយថា​៖ “យ៉ាកុប”។
28បុរសនោះ​ក៏​និយាយថា​៖ “ឈ្មោះ​របស់អ្នក​មិន​ត្រូវ​ហៅថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅថា​អ៊ីស្រាអែល​វិញ ពីព្រោះ​អ្នក​បាន​តយុទ្ធ​នឹង​ព្រះ ហើយ​នឹង​មនុស្ស ក៏​ឈ្នះ​ផង”។
29យ៉ាកុប​ក៏​សួរ​ដែរ​ថា​៖ “សូម​ប្រាប់​ឈ្មោះ​របស់លោក​ផង”។
ប៉ុន្តែ​បុរសនោះ​តបថា​៖ “ហេតុអ្វីបានជា​អ្នក​សួរ​ឈ្មោះ​របស់យើង​ដូច្នេះ​?” រួចក៏​ឲ្យពរ​យ៉ាកុប​នៅ​ទីនោះ​។
30យ៉ាកុប​ដាក់ឈ្មោះ​កន្លែង​នោះ​ថា ព្នីអែល ពីព្រោះ​គាត់ថា​៖ “ខ្ញុំ​បាន​ឃើញ​ព្រះ​មុខទល់នឹងមុខ ប៉ុន្តែ​ជីវិត​របស់ខ្ញុំ​ត្រូវបាន​រំដោះឲ្យរួច”។ 31ពេល​យ៉ាកុប​ឆ្លងកាត់​ព្នីអែល ព្រះអាទិត្យ​ក៏​រះឡើង​មកលើ​គាត់ ហើយ​គាត់​ដើរខ្ញើចៗ ព្រោះតែ​ត្រគាក​គាត់​។ 32ហេតុនេះហើយបានជា​កូនចៅ​អ៊ីស្រាអែល​មិន​ហូប​សរសៃពួរ​ដែល​នៅត្រង់​សន្លាក់​ត្រគាក​រហូតដល់​សព្វថ្ងៃនេះ ដ្បិត​បុរសនោះ​បាន​ពាល់​ត្រង់​សន្លាក់​ត្រគាក​របស់​យ៉ាកុប គឺ​ត្រង់​សរសៃពួរ​៕

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk