យ៉ះយ៉ា 8
8
ស្ដ្រីម្នាក់ប្រព្រឹត្ដសហាយស្មន់
1អ៊ីសាទៅភ្នំដើមអូលីវ 2លុះព្រលឹមឡើង គាត់វិលត្រឡប់ទៅម៉ាស្ជិទជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកជួបអ៊ីសា អ៊ីសាក៏បង្រៀនពួកគេ។ 3ពេលនោះ ពួកតួន និងពួកខាងគណៈផារីស៊ីនាំស្ដ្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន 4ហើយជម្រាបអ៊ីសាថា៖ «តួន យើងចាប់ស្ដ្រីនេះបាន ក្នុងពេលកំពុងរួមសហាយស្មន់។ 5ក្នុងហ៊ូកុំ ម៉ូសាបានបង្គាប់ឲ្យយើងយកដុំថ្ម គប់ស្ដ្រីប្រភេទនេះសម្លាប់ចោល។ ចុះតួនវិញ តើតួនគិតយ៉ាងណា?»។ 6ពួកគេនិយាយដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់អ៊ីសា។ ប៉ុន្ដែ អ៊ីសាឱនកាយចុះ ហើយយកម្រាមដៃគូសវាសលើដី។ 7ដោយពួកគេចេះតែសួរអ៊ីសាខ្លាំងពេក អ៊ីសាងើបមុខឡើង មានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឲ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ!»។ 8បន្ទាប់មក អ៊ីសាឈ្ងោកមុខចុះហើយគូសវាសលើដីសាជាថ្មី។ 9ពួកគេបានឮអ៊ីសាមានប្រសាសន៍ដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែអ៊ីសា និងស្ដ្រីនោះប៉ុណ្ណោះ។ 10ពេលនោះ អ៊ីសាងើបមុខឡើង មានប្រសាសន៍ទៅនាងថា៖ «នាងអើយ ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។ 11នាងជម្រាបអ៊ីសាថា៖ «គ្មានទេលោក!»។ អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្ដអំពើបាបទៀតឡើយ»។]
ណាពីអ៊ីសាជាពន្លឺពិភពលោក
12អ៊ីសាមានប្រសាសន៍ទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំអ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។ 13ពួកខាងគណៈផារីស៊ីនិយាយទៅកាន់អ៊ីសាថា៖ «អ្នកធ្វើជាបន្ទាល់ឲ្យខ្លួនអ្នកផ្ទាល់ សក្ខីភាពរបស់អ្នកមិនពិតទេ»។ 14អ៊ីសាមានប្រសាសន៍ឆ្លើយទៅគេថា៖ «ទោះបីខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថា ខ្ញុំមកពីណាហើយទៅណាឡើយ។ 15អ្នករាល់គ្នាវិនិច្ឆ័យតាមរបៀបលោកីយ៍។ រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យទោសនរណាទេ 16ប្រសិនបើខ្ញុំវិនិច្ឆ័យទោស ការវិនិច្ឆ័យរបស់ខ្ញុំក៏ស្របតាមសេចក្ដីពិតដែរ ព្រោះខ្ញុំមិនវិនិច្ឆ័យតែម្នាក់ខ្ញុំឡើយ គឺមានបិតាខ្ញុំដែលបានចាត់ខ្ញុំឲ្យមកវិនិច្ឆ័យជាមួយខ្ញុំ។ 17ក្នុងហ៊ូកុំរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ ទើបសក្ខីភាពយកជាការបាន។ 18ខ្ញុំនេះហើយជាបន្ទាល់សម្រាប់ខ្លួនខ្ញុំផ្ទាល់ ហើយបិតាខ្ញុំដែលបានចាត់ខ្ញុំឲ្យមក ក៏ធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ»។
19ពួកគេសួរអ៊ីសាថា៖ «តើបិតារបស់អ្នកនៅឯណា?»។ អ៊ីសាមានប្រសាសន៍ឆ្លើយទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់បិតារបស់ខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់បិតារបស់ខ្ញុំមិនខាន»។
20អ៊ីសាមានប្រសាសន៍ទាំងនេះ កាលអ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ ត្រង់កន្លែងដាក់ហិបប្រាក់ជំនូន ប៉ុន្ដែ គ្មាននរណាចាប់អ៊ីសាទេ ព្រោះពេលកំណត់របស់អ៊ីសាមិនទាន់មកដល់នៅឡើយ។
ឋានៈរបស់បុត្រាមនុស្ស
21អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំ តែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។ 22ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន”ដូច្នេះ?»។ 23អ៊ីសាឆ្លើយទៅគេថា៖ «អ្នករាល់គ្នាមានកំណើតនៅស្ថាននេះ រីឯខ្ញុំវិញ ខ្ញុំមានកំណើតមកពីស្ថានលើ។ អ្នករាល់គ្នាមានកំណើតពីនិស្ស័យលោកីយ៍នេះ រីឯខ្ញុំវិញ ខ្ញុំពុំមែនមានកំណើតពីនិស្ស័យលោកីយ៍នេះឡើយ។ 24ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។ 25គេសួរអ៊ីសាថា៖ «តើអ្នកមានឋានៈអ្វី?» អ៊ីសាឆ្លើយទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។ 26ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្ដែ បិតាខ្ញុំដែលបានចាត់ខ្ញុំឲ្យមក បានសំដែងសេចក្ដីពិត ហើយអ្វីៗដែលខ្ញុំបានឮពីបិតាខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។ 27អ្នកទាំងនោះមិនយល់ថា អ៊ីសាកំពុងតែមានប្រសាសន៍អំពីបិតាគាត់ប្រាប់គេឡើយ។ 28អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រាមនុស្សឡើងពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលបិតាខ្ញុំមានបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។ 29បិតាខ្ញុំដែលចាត់ខ្ញុំឲ្យមកនៅជាមួយខ្ញុំ ហើយមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្ដកិច្ចការណា ដែលគាប់ចិត្តបិតាខ្ញុំជានិច្ច»។ 30ពេលអ៊ីសាមានប្រសាសន៍ដូច្នេះមានមនុស្សជាច្រើនជឿលើគាត់។
អ្នកជា និងអ្នកងារ
31ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់ជនជាតិយូដា ដែលបានជឿលើគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។ 32អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ 33គេនាំគ្នាជម្រាបអ៊ីសាថា៖ «យើងខ្ញុំជាកូនចៅណាពីអ៊ីព្រហ៊ីម! យើងខ្ញុំមិនដែលធ្វើខ្ញុំបម្រើអ្នកណាឡើយ ម្ដេចក៏តួនថា “អ្នករាល់គ្នានឹងមានសេរីភាព”ដូច្នេះ?»។ 34អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាអ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។ 35ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ 36ប្រសិនបើបុត្រានៃអុលឡោះរំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។ 37ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្រហ៊ីម ក៏ប៉ុន្ដែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្ដអ្នករាល់គ្នាឡើយ។ 38ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរបិតាខ្ញុំ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ 39គេជម្រាបអ៊ីសាថា៖ «ឪពុករបស់យើង គឺអ៊ីព្រហ៊ីម»។ អ៊ីសាឆ្លើយវិញថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅអ៊ីព្រហ៊ីមមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចអ៊ីព្រហ៊ីមធ្លាប់ធ្វើនោះមិនខាន 40តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំមកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីអុលឡោះអ៊ីព្រហ៊ីមមិនបានប្រព្រឹត្ដដូច្នេះទេ។ 41អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ដ»។ គេឆ្លើយនឹងអ៊ីសាថាយើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់ គឺអុលឡោះ»។ 42អ៊ីសាប្រាប់ទៅគេថា៖ «ប្រសិនបើអុលឡោះពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីអុលឡោះមកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្ដឯងឡើយ គឺអុលឡោះបានចាត់ខ្ញុំឲ្យមក។ 43ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។ 44អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្លេសហ្សៃតន ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្ដឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមកវាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហកហើយជាឪពុកនៃអ្នកកុហក។ 45រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិត តែអ្នករាល់គ្នាមិនជឿខ្ញុំទេ។ 46ក្នុងចំណោមអ្នករាល់គ្នាតើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្ដអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? 47អ្នកណាកើតមកពីអុលឡោះ អ្នកនោះតែងស្ដាប់បន្ទូលរបស់អុលឡោះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីអុលឡោះទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។
ណាពីអ៊ីសា និងណាពីអ៊ីព្រហ៊ីម
48ជនជាតិយូដាសួរអ៊ីសាថា៖ «យើងនិយាយថាអ្នកជាសាសន៍សាម៉ារី ហើយថាមានអ៊ីព្លេសចូលនោះត្រូវមែន!»។ 49អ៊ីសាឆ្លើយថា៖ «គ្មានអ៊ីព្លេសណាចូលខ្ញុំឡើយ តែខ្ញុំគោរពអុលឡោះជាបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្ដុះបង្អាប់ខ្ញុំទៅវិញ។ 50ខ្ញុំមិនរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកឲ្យខ្ញុំ ហើយវិនិច្ឆ័យទៀតផង។ 51ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។
52ជនជាតិយូដាជម្រាបអ៊ីសាថា៖ «ឥឡូវនេះ យើងដឹងច្បាស់ហើយថាអ្នកពិតជាមានអ៊ីព្លេសចូលមែន។ អ៊ីព្រហ៊ីម និងពួកណាពីបានស្លាប់ទៅហើយ រីឯអ្នកវិញ អ្នកហ៊ានពោលថា អ្នកណាកាន់តាមពាក្យរបស់អ្នក អ្នកនោះមិនស្លាប់សោះឡើយ។ 53តើលោកមានឋានៈធំជាងអ៊ីព្រហ៊ីមជាបុព្វបុរសរបស់យើង ដែលស្លាប់ទៅហើយនោះឬ? រីឯពួកណាពី ក៏ស្លាប់ទៅដែរ។ ចុះអ្នកតាំងខ្លួនជាអ្វី?»។ 54អ៊ីសាឆ្លើយថា៖ «បើខ្ញុំលើកតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃអ្វីទាល់តែសោះ គឺអុលឡោះជាបិតារបស់ខ្ញុំទេតើដែលលើកតម្កើងខ្ញុំ ទ្រង់នោះហើយដែលអ្នករាល់គ្នាថាជា “ម្ចាស់របស់យើង”។ 55អ្នករាល់គ្នាមិនស្គាល់អុលឡោះទេ រីឯខ្ញុំ ខ្ញុំស្គាល់អុលឡោះ ប្រសិនបើខ្ញុំថា ខ្ញុំមិនស្គាល់អុលឡោះទេ ខ្ញុំមុខជានិយាយកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្ដែ ខ្ញុំស្គាល់អុលឡោះ ហើយកាន់តាមបន្ទូលរបស់ទ្រង់ថែមទៀតផង។ 56អ៊ីព្រហ៊ីមជាឪពុករបស់អ្នករាល់គ្នាមានចិត្ដត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថា នឹងឃើញខ្ញុំមកដល់។ គាត់ក៏បានឃើញមែន ហើយត្រេកអរសប្បាយ»។ 57ជនជាតិយូដាពោលថា៖ «លោកមានអាយុមិនទាន់ទាំងបានហាសិបឆ្នាំផង ម្ដេចក៏ថា បានឃើញអ៊ីព្រហ៊ីមដូច្នេះ?»។ 58អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មុនអ៊ីព្រហ៊ីមកើតមក ខ្ញុំមានជីវិតរួចស្រេចទៅហើយ»។ 59ពួកគេក៏រើសដុំថ្មបម្រុងនឹងគប់សម្លាប់អ៊ីសា ប៉ុន្ដែ អ៊ីសាភៀសខ្លួនចេញពីម៉ាស្ជិទបាត់ទៅ។
Pilihan Saat Ini:
យ៉ះយ៉ា 8: អគត
Sorotan
Berbagi
Salin
Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
© 2014 United Bible Societies, UK.