យ៉ះយ៉ា 7
7
ពូជពង្យណាពីអ៊ីសាមិនជឿលើអ៊ីសា
1ក្រោយមក អ៊ីសាដើរចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតគាត់មិនពេញចិត្តទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកសម្លាប់គាត់។ 2ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យជំរ។ 3បងប្អូនអ៊ីសាជម្រាបអ៊ីសាថា៖ «សូមបងចាកចេញពីស្រុកយូដានេះទៅ ដើម្បីឲ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។ 4អ្នកដែលចង់ឲ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។ 5បងប្អូនរបស់អ៊ីសាពុំជឿលើអ៊ីសាទេ។ 6អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។ 7មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្ដែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្ដ សុទ្ធតែអាក្រក់។ 8ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ 9អ៊ីសាមានប្រសាសន៍ដូច្នោះហើយ អ៊ីសាក៏នៅក្នុងស្រុកកាលីឡេតទៅទៀត។
ណាពីអ៊ីសានៅក្រុងយេរូសាឡឹមក្នុងឱកាសពិធីបុណ្យ
10កាលប្អូនៗរបស់អ៊ីសាធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ អ៊ីសាក៏ឡើងទៅដែរ ប៉ុន្ដែ គាត់ទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។ 11ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកអ៊ីសា គេសួរគ្នាថា៖ «តើគាត់នៅឯណា?»។ 12បណ្ដាជនខ្សឹបខ្សៀវគ្នាជាច្រើនស្ដីអំពីអ៊ីសា ខ្លះថា«គាត់នោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដាជន»។ 13ប៉ុន្ដែ គ្មាននរណាហ៊ាននិយាយអំពីអ៊ីសាដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។ 14លុះដល់ពាក់កណ្ដាលពិធីបុណ្យអ៊ីសាឡើងទៅម៉ាស្ជិទ ហើយបង្រៀនបណ្ដាជន។ 15ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។ 16អ៊ីសាមានប្រសាសន៍ថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីអុលឡោះដែលបានចាត់ខ្ញុំឲ្យមក។ 17អ្នកដែលចង់ធ្វើតាមបំណងរបស់អុលឡោះមុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះ មកពីអុលឡោះ ឬមកពីខ្ញុំផ្ទាល់មិនខាន។ 18អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្ដិយសសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់អុលឡោះដែលចាត់ខ្លួនឲ្យមកនិយាយតែសេចក្ដីពិតឥតកុហកឡើយ។
19ម៉ូសាប្រគល់ហ៊ូកុំទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ ប្រតិបត្ដិតាមហ៊ូកុំនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។
20បណ្ដាជនតបទៅអ៊ីសាថា៖ «អ្នកពិតជាមានអ៊ីព្លេសចូលហើយ បានជានិយាយដូច្នេះ តើនរណារកសម្លាប់អ្នក?»។ 21អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។ 22ម៉ូសាបានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីខតាន (តាមពិត គឺបុព្វបុរសរបស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះមិនមែនម៉ូសាទេ) ហើយអ្នករាល់គ្នាធ្វើពិធីខតាន់នៅថ្ងៃជំអាត់។ 23បើអ្នករាល់គ្នាធ្វើពិធីខតាន់នៅថ្ងៃជំអាត់ តែឥតបំពានលើហ៊ូកុំរបស់ណាពីម៉ូសាទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយនាក់ទាំងមូលឲ្យបានជានៅថ្ងៃជំអាត់ដូច្នេះ? 24កុំនាំគ្នាវិនិច្ឆ័យដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវវិញ»។
ណាពីអ៊ីសាជាអាល់ម៉ាហ្សៀសមែនឬ
25មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «គាត់នេះហើយដែលគេរកសម្លាប់ 26ឥឡូវនេះ គាត់និយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីគាត់ដូច្នេះ?។ ប្រហែលអ្នកដឹកនាំរបស់យើងទទួលស្គាល់ថា គាត់ពិតជាអាល់ម៉ាហ្សៀសទេដឹង 27ប៉ុន្ដែ ពេលអាល់ម៉ាហ្សៀសមកគ្មាននរណាដឹងថា គាត់មកពីណាទេ។ រីឯអ្នកនេះវិញ យើងដឹងហើយថា គាត់មកពីណា»។ 28ពេលនោះ អ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ អ៊ីសាបន្លឺសំឡេងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ក៏ប៉ុន្ដែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ អុលឡោះដែលចាត់ខ្ញុំឲ្យមក អុលឡោះសំដែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ។ 29រីឯខ្ញុំវិញ ខ្ញុំស្គាល់អុលឡោះ ព្រោះខ្ញុំចេញមកពីអុលឡោះ ហើយទ្រង់បានចាត់ខ្ញុំឲ្យមក»។
30ពេលនោះ ពួកគេរកចាប់អ៊ីសា ប៉ុន្ដែ គ្មាននរណាហ៊ានលូកដៃចាប់គាត់ទេ ព្រោះពេលកំណត់របស់គាត់ ពុំទាន់បានមកដល់នៅឡើយ។ 31ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើអ៊ីសាគេពោលថា៖ «ពេលអាល់ម៉ាហ្សៀសមក តើគាត់នឹងសំដែងទីសំគាល់ច្រើនជាងលោកនេះឬ?»។
គេចាត់កងរក្សាម៉ាស្ជិទឲ្យមកចាប់អ៊ីសា
32ពួកខាងគណៈផារីស៊ីបានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីអ៊ីសា។ ពេលនោះពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាម៉ាស្ជិទឲ្យមកចាប់អ៊ីសា។ 33អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះវិញហើយ។ 34អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះបានឡើយ»។ 35ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បម្រុងទៅណា បានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជនជាតិយូដា ដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ? 36គាត់មានប្រសាសន៍ថា “អ្នករាល់គ្នានឹងតាមរកខ្ញុំតែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះបានឡើយ” តើមានន័យដូចម្ដេច?»។
ទន្លេដែលមានទឹកផ្ដល់ជីវិត
37នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃឱឡារិកបំផុត អ៊ីសាឈរនៅមុខបណ្ដាជន បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។ 38អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិត ចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគីតាបមកស្រាប់»។ 39អ៊ីសាមានប្រសាសន៍ដូច្នេះសំដៅទៅលើរសអុលឡោះ ដែលអស់អ្នកជឿលើគាត់នឹងត្រូវទទួល ដ្បិតពេលនោះ អុលឡោះពុំទាន់បានប្រទានរសអុលឡោះមកទេ ពីព្រោះអ៊ីសាពុំទាន់សំដែងសិរីរុងរឿងនៅឡើយ។
បណ្ដាជនខ្វែងគំនិតគ្នាអំពីណាពីអ៊ីសា
40ក្រោយពីបានឮអ៊ីសាមានប្រសាសន៍ហើយ ក្នុងចំណោមបណ្ដាជនមានអ្នកខ្លះពោលថា៖ «អ្នកនេះពិតជាណាពីដែលយើងរង់ចាំនោះមែន!»។ 41អ្នកខ្លះទៀតពោលថា៖ «លោកនេះជាអាល់ម៉ាហ្សៀស»។ ប៉ុន្ដែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «អាល់ម៉ាហ្សៀសមិនមែនមកពីស្រុកកាលីឡេទេ 42ដ្បិតមានចែងទុកក្នុងគីតាបថា “អាល់ម៉ាហ្សៀសជាពូជពង្សរបស់ទតជាស្តេចហើយគាត់នឹងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ទត”»។ 43បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែអ៊ីសា។ 44ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់អ៊ីសា ប៉ុន្ដែ គ្មាននរណាហ៊ានចាប់គាត់ឡើយ។
ពួកអ្នកធំមិនជឿលើអ៊ីសា
45កងរក្សាម៉ាស្ជិទវិលទៅជួបពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីវិញ អ្នកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ 46កងរក្សាម៉ាស្ជិទឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចអ្នកនោះឡើយ»។ 47ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ! 48ក្នុងចំណោមអ្នកដឹកនាំ និងក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ 49មានតែបណ្ដាជនដែលមិនស្គាល់ហ៊ូកុំទេ ដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្ដាសា!»។ 50ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូដេម ជាអ្នកដែលបានទៅជួបអ៊ីសាកាលពីមុន និយាយថា៖ 51«តាមហ៊ូកុំរបស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់បានឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្ដសិនទេនោះ»។ 52ពួកគេតបទៅគាត់វិញថា៖ «តើអ្នកជាពួកកាលីឡេដែរឬ? សុំលោកពិចារណាមើល៍ពុំដែលមានណាពីណាម្នាក់កើតពីស្រុកកាលីឡេឡើយ»។
[ 53បន្ទាប់មក ម្នាក់ៗក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
Pilihan Saat Ini:
យ៉ះយ៉ា 7: អគត
Sorotan
Berbagi
Salin
Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
© 2014 United Bible Societies, UK.