យ៉ះយ៉ា 7

7
ពូជ​ពង្យ​ណាពី​អ៊ីសា​មិន​ជឿ​លើ​អ៊ីសា
1ក្រោយ​មក អ៊ីសា​ដើរ​ចុះ​ឡើង​កាត់​ស្រុក​កាលី‌ឡេ ដ្បិត​គាត់​មិន​ពេញ​ចិត្ត​ទៅ​ស្រុក​យូដា​ឡើយ ព្រោះ​ជន‌ជាតិ​យូដា​រក​សម្លាប់​គាត់។ 2ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ឈ្មោះ​បុណ្យ​ជំរ។ 3បង​ប្អូន​អ៊ីសា​ជម្រាប​អ៊ីសា​ថា៖ «សូម​បង​ចាក​ចេញ​ពី​ស្រុក​យូដា​នេះ​ទៅ ដើម្បី​ឲ្យ​សិស្ស​របស់​បង​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។ 4អ្នក​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​មិន​ធ្វើ​ការ​អ្វី​ដោយ​លាក់​កំបាំង​ឡើយ។ បើ​បង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ​ត្រូវ​បង្ហាញ​ឲ្យ​មនុស្ស​លោក​ឃើញ​ផង»។ 5បង​ប្អូន​របស់​អ៊ីសា​ពុំ​ជឿ​លើ​អ៊ីសា​ទេ។ 6អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ រីឯ​ប្អូនៗ​វិញ ចង់​ធ្វើ​អ្វី​ពេល​ណា​ក៏​បាន។ 7មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​បាន​ឡើយ ប៉ុន្ដែ គេ​ស្អប់​បង ព្រោះ​បង​បាន​បញ្ជាក់​ប្រាប់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ដ សុទ្ធ​តែ​អាក្រក់។ 8ចូរ​ប្អូនៗ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទៅ បង​មិន​ឡើង​ទៅ​ទេ ព្រោះ​ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ»។ 9អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​ហើយ អ៊ីសា​ក៏​នៅ​ក្នុង​ស្រុក​កាលី‌ឡេ​ត​ទៅ​ទៀត។
ណាពី​អ៊ីសា​នៅ​ក្រុង​យេរូ‌សាឡឹម​ក្នុង​ឱកាស​ពិធី​បុណ្យ
10កាល​ប្អូនៗ​របស់​អ៊ីសា​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​អស់​ទៅ អ៊ីសា​ក៏​ឡើង​ទៅ​ដែរ ប៉ុន្ដែ គាត់​ទៅ​ស្ងាត់ៗ មិន​ឲ្យ​នរណា​ឃើញ​ឡើយ។ 11ក្នុង​ឱកាស​បុណ្យ​នោះ ជន‌ជាតិ​យូដា​តាម​រក​អ៊ីសា គេ​សួរ​គ្នា​ថា៖ «តើ​គាត់​នៅ​ឯ​ណា?»។ 12បណ្ដា‌ជន​ខ្សឹប‌ខ្សៀវ​គ្នា​ជា​ច្រើន​ស្ដី​អំពី​អ៊ីសា ខ្លះ​ថា«គាត់​នោះ​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​បណ្ដា‌ជន»។ 13ប៉ុន្ដែ គ្មាន​នរណា​ហ៊ាន​និយាយ​អំពី​អ៊ីសា​ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។ 14លុះ​ដល់​ពាក់​កណ្ដាល​ពិធី​បុណ្យ​អ៊ីសា​ឡើង​ទៅ​ម៉ាស្ជិទ ហើយ​បង្រៀន​បណ្ដា‌ជន។ 15ជន‌ជាតិ​យូដា​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «អ្នក​នេះ​មិន​បាន​រៀន​សូត្រ​អ្វី​សោះ ចុះ​ម្ដេច​បាន​ជា​គាត់​ចេះ​ដឹង​ជ្រៅ​ជ្រះ​ដូច្នេះ?»។ 16អ៊ីសា​មាន​ប្រសាសន៍​ថា៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​មិន​មែន​ចេញ​ពី​ខ្ញុំ​ទេ គឺ​ចេញ​ពី​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ 17អ្នក​ដែល​ចង់​ធ្វើ​តាម​បំណង​របស់​អុលឡោះ​មុខ​ជា​ដឹង​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មក​ពី​អុលឡោះ ឬ​មក​ពី​ខ្ញុំ​ផ្ទាល់​មិន​ខាន។ 18អ្នក​ណា​និយាយ​ដោយ​សំអាង​លើ​ខ្លួន​ផ្ទាល់ អ្នក​នោះ​រក​កិត្ដិយស​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ រីឯ​អ្នក​ដែល​រក​តែ​សិរី‌រុង‌រឿងរបស់​អុលឡោះ​ដែល​ចាត់​ខ្លួន​ឲ្យ​មក​និយាយ​តែ​សេចក្ដី​ពិត​ឥត​កុហក​ឡើយ។
19ម៉ូសា​ប្រគល់​ហ៊ូកុំ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្មាន​នរណា​ម្នាក់ ប្រតិបត្ដិ​តាម​ហ៊ូកុំ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។
20បណ្ដា‌ជន​តប​ទៅ​អ៊ីសា​ថា៖ «អ្នក​ពិត​ជា​មាន​អ៊ីព្លេស​ចូល​ហើយ បាន​ជា​និយាយ​ដូច្នេះ តើ​នរណា​រក​សម្លាប់​អ្នក?»។ 21អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ធ្វើ​កិច្ចការ​តែ​មួយ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ងឿង‌ឆ្ងល់​ទៅ​វិញ។ 22ម៉ូសា​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ពិធី​ខតាន (តាម​ពិត គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ឯ‌ណោះ ជា​អ្នក​បង្គាប់​ឲ្យ​ធ្វើ​ពិធី​នេះ​មិន​មែន​ម៉ូសា​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​ខតាន់​នៅ​ថ្ងៃ​ជំអាត់។ 23បើ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​ខតាន់​នៅ​ថ្ងៃ​ជំអាត់ តែ​ឥត​បំពាន​លើ​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​ទេ​នោះ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ដែល​បាន​ប្រោស​មនុស្ស​មួយ​នាក់​ទាំង​មូល​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​ជំអាត់​ដូច្នេះ? 24កុំ​នាំ​គ្នា​វិនិច្ឆ័យ​ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ»។
ណាពី​អ៊ីសា​ជា​អាល់ម៉ា‌ហ្សៀស​មែន​ឬ
25មាន​អ្នក​ក្រុង​យេរូ‌សាឡឹម​ខ្លះ​ពោល​ថា៖ «គាត់​នេះ​ហើយ​ដែល​គេ​រក​សម្លាប់ 26ឥឡូវ​នេះ គាត់​និយាយ​ដោយ​ចេញ​មុខ ចុះ​ម្ដេច​បាន​ជា​គ្មាន​នរណា​ថា​អ្វី​គាត់​ដូច្នេះ?។ ប្រហែល​អ្នក​ដឹក​នាំ​របស់​យើង​ទទួល​ស្គាល់​ថា គាត់​ពិត​ជា​អាល់ម៉ា‌ហ្សៀស​ទេ​ដឹង 27ប៉ុន្ដែ ពេល​អាល់ម៉ា‌ហ្សៀស​មក​គ្មាន​នរណា​ដឹង​ថា គាត់​មក​ពី​ណា​ទេ។ រីឯ​អ្នក​នេះ​វិញ យើង​ដឹង​ហើយ​ថា គាត់​មក​ពី​ណា»។ 28ពេល​នោះ អ៊ីសា​បង្រៀន​បណ្ដា‌ជន​ក្នុង​ម៉ាស្ជិទ អ៊ីសា​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «អ្នក​រាល់​គ្នា​ថា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ទៀត!។ ក៏​ប៉ុន្ដែ ខ្ញុំ​មិន​មែន​មក​ក្នុង​នាម​ខ្ញុំ​ឡើយ អុលឡោះ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក អុលឡោះ​សំដែង​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ។ 29រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​អុលឡោះ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​អុលឡោះ ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។
30ពេល​នោះ ពួក​គេ​រក​ចាប់​អ៊ីសា ប៉ុន្ដែ គ្មាន​នរណា​ហ៊ាន​លូក​ដៃ​ចាប់​គាត់​ទេ ព្រោះ​ពេល​កំណត់​របស់​គាត់ ពុំ​ទាន់​បាន​មក​ដល់​នៅ​ឡើយ។ 31ក្នុង​ចំណោម​បណ្ដា‌ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​អ៊ីសា​គេ​ពោល​ថា៖ «ពេល​អាល់ម៉ា‌ហ្សៀស​មក តើ​គាត់​នឹង​សំដែង​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។
គេ​ចាត់​កង​រក្សា​ម៉ាស្ជិទ​ឲ្យ​មក​ចាប់​អ៊ីសា
32ពួក​ខាង​គណៈ​ផារីស៊ី​បាន​ដឹង​សេចក្ដី​ទាំង​អស់​ដែល​បណ្ដា‌ជន​ខ្សឹប​ខ្សៀវ​គ្នា​អំពី​អ៊ីសា។ ពេល​នោះ​ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ‌ផារីស៊ី ក៏​ចាត់​កង​រក្សា​ម៉ាស្ជិទ​ឲ្យ​មក​ចាប់​អ៊ីសា។ 33អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ទៀត​ប៉ុណ្ណោះ បន្ទាប់​មក ខ្ញុំ​នឹង​ទៅ​ឯ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​វិញ​ហើយ។ 34អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​បាន​ឡើយ»។ 35ជន‌ជាតិ​យូដា​សួរ​គ្នា​ថា៖ «តើ​គាត់​បម្រុង​ទៅ​ណា បាន​ជា​យើង​ពុំ​អាច​នឹង​រក​គាត់​ឃើញ​ដូច្នេះ? តើ​គាត់​គិត​ទៅ​នៅ​ជា​មួយ​ជន‌ជាតិ​យូដា ដែល​ខ្ចាត់​ខ្ចាយ​ក្នុង​ចំណោម​ជន‌ជាតិ​ក្រិក ហើយ​បង្រៀន​ពួក​ក្រិក​ឬ? 36គាត់​មាន​ប្រសាសន៍​ថា “អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ​តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​បាន​ឡើយ” តើ​មាន​ន័យ​ដូច​ម្ដេច?»។
ទន្លេ​ដែល​មាន​ទឹក​ផ្ដល់​ជីវិត
37នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ ជា​ថ្ងៃ​ឱឡា‌រិក​បំផុត អ៊ីសា​ឈរ​នៅ​មុខ​បណ្ដា‌ជន បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ស្រេក​ទឹក សុំ​អញ្ជើញ​មក​រក​ខ្ញុំ ហើយ​ពិសា​ចុះ។ 38អ្នក​ណា​ជឿ​លើ​ខ្ញុំ នឹង​មាន​ទន្លេ​បង្ហូរ​ទឹក​ផ្ដល់​ជីវិត ចេញ​ពី​អ្នក​នោះ​មក ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​មក​ស្រាប់»។ 39អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​សំដៅ​ទៅ​លើ​រស‌អុលឡោះ ដែល​អស់​អ្នក​ជឿ​លើ​គាត់​នឹង​ត្រូវ​ទទួល ដ្បិត​ពេល​នោះ អុលឡោះ​ពុំ​ទាន់​បាន​ប្រទាន​រស‌អុលឡោះ​មក​ទេ ពី‌ព្រោះ​អ៊ីសា​ពុំ​ទាន់​សំដែង​សិរី‌រុង‌រឿង​នៅ​ឡើយ។
បណ្ដា‌ជន​ខ្វែង​គំនិត​គ្នា​អំពី​ណាពី​អ៊ីសា
40ក្រោយ​ពី​បាន​ឮ​អ៊ីសា​មាន​ប្រសាសន៍​ហើយ ក្នុង​ចំណោម​បណ្ដា‌ជន​មាន​អ្នក​ខ្លះ​ពោល​ថា៖ «អ្នក​នេះ​ពិត​ជា​ណាពី​ដែល​យើង​រង់‌ចាំ​នោះ​មែន!»។ 41អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «លោក​នេះ​ជា​អាល់ម៉ា‌ហ្សៀស»។ ប៉ុន្ដែ មាន​អ្នក​ផ្សេង​ទៀត​ពោល​ជំទាស់​ថា៖ «អាល់ម៉ា‌ហ្សៀស​មិន​មែន​មក​ពី​ស្រុក​កាលី‌ឡេ​ទេ 42ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថា “អាល់ម៉ា‌ហ្សៀស​ជា​ពូជ‌ពង្ស​របស់​ទត​ជា​ស្តេច​ហើយ​គាត់​នឹង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​ភូមិ​កំណើត​របស់​ទត”»។ 43បណ្ដា‌ជន​ក៏​បាក់​បែក​គ្នា ព្រោះ​តែ​អ៊ីសា។ 44ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ចង់​ចាប់​អ៊ីសា ប៉ុន្ដែ គ្មាន​នរណា​ហ៊ាន​ចាប់​គាត់​ឡើយ។
ពួក​អ្នក​ធំ​មិន​ជឿ​លើ​អ៊ីសា
45កង​រក្សា​ម៉ាស្ជិទ​វិល​ទៅ​ជួប​ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​វិញ អ្នក​ទាំង​នោះ​សួរ​ពួក​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាប់​គាត់​នាំ​យក​មក?»។ 46កង​រក្សា​ម៉ាស្ជិទ​ឆ្លើយ​ថា៖ «ពុំ​ដែល​មាន​នរណា​និយាយ​ដូច​អ្នក​នោះ​ឡើយ»។ 47ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ទៅ​គេ​វិញ​ថា៖ «អ្នក​រាល់​គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ! 48ក្នុង​ចំណោម​អ្នក​ដឹក​នាំ និង​ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី គ្មាន​នរណា​ជឿ​លើ​អ្នក​នោះ​សោះ 49មាន​តែ​បណ្ដា‌ជន​ដែល​មិន​ស្គាល់​ហ៊ូកុំ​ទេ ដែល​ជឿ។ ពួក​នោះ​សុទ្ធ​តែ​ត្រូវ​បណ្ដា‌សា!»។ 50ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី មាន​បុរស​ម្នាក់​ឈ្មោះ នីកូដេម ជា​អ្នក​ដែល​បាន​ទៅ​ជួប​អ៊ីសា​កាល​ពី​មុន និយាយ​ថា៖ 51«តាម​ហ៊ូកុំ​របស់​យើង យើង​មិន​អាច​ដាក់​ទោស​នរណា​ម្នាក់​បាន​ឡើយ ដរាប​ណា​មិន​ទាន់​បាន​ឮ​ពាក្យ​របស់​គេ ហើយ​មិន​បាន​ដឹង​អំពី​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ដ​សិន​ទេ​នោះ»។ 52ពួក​គេ​តប​ទៅ​គាត់​វិញ​ថា៖ «តើ​អ្នក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារ‌ណា​មើល៍​ពុំ​ដែល​មាន​ណាពី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។
[ 53បន្ទាប់​មក ម្នាក់ៗ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk