Logo de YouVersion
Ícono Búsqueda

លូកា 17

17
កុំ​នាំ​គេ​ប្រព្រឹត្ដ​អំពើ​បាប
1អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖ «មាន​មូល​ហេតុ​ជា​ច្រើន ដែល​តែងតែ​បណ្ដាល​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​អំពើ​បាប។ ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ។ 2ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក ទម្លាក់​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់ ហើយ​នាំ​មនុស្ស​តូច‌តាច​ណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​បាប។ 3ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន! ប្រសិន​បើ​បង​ប្អូន​ណា​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ចូរ​ស្ដី​ប្រដៅ​គាត់​ផង តែ​បើ​គាត់​កែ​ប្រែ​ចិត្ដ​គំនិត ចូរ​អត់​ទោស​ឲ្យ​គាត់​ទៅ។ 4ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ប្រាំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គាត់​ត្រឡប់​មក​រក​អ្នក​ទាំង​ប្រាំ​ពីរ​ដង ដោយ​ពោល​ថា “ខ្ញុំ​ស្ដាយ​ដោយ​បាន​ធ្វើ​ខុស”ចូរ​អត់​ទោស​ឲ្យ​គាត់​ទៅ»។
អំពី​ជំនឿ
5ពួក​សាវ័ក​សុំ​អ៊ីសា‌ជាអម្ចាស់​ថា៖ «សូម​តួន​ផ្តល់​ជំនឿ​មក​យើង​ខ្ញុំ​ថែម​ទៀត»។ 6អ៊ីសា‌ជាអម្ចាស់​ឆ្លើយ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត ហើយ​បើ​អ្នក​រាល់​គ្នា​និយាយ​ទៅ​កាន់​ដើម​ឈើ​នេះ​ថា “ចូរ​រំលើង​ឫស​ឯង ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ!”វា​មុខ​ជា​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​មិន​ខាន»។
ភារកិច្ច​របស់​អ្នក​បម្រើ
7«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា នរណា​ម្នាក់​មាន​អ្នក​បម្រើ​ទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ហ្វូង​សត្វ។ ពេល​អ្នក​បម្រើ​នោះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ ម្ចាស់​មិន​ដែល​និយាយ​ថា “សូម​អញ្ជើញ​មក​ពិសា​បាយ”ទេ។ 8ផ្ទុយ​ទៅ​វិញ ម្ចាស់​តែងតែ​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ចូរ​រៀប‌ចំ​បាយ​ទឹក​ឲ្យ​ខ្ញុំ រួច​ទៅ​ផ្លាស់​ខោ‌អាវ​មក​បម្រើ​ខ្ញុំ​ពេល​ខ្ញុំ​បរិភោគ ចាំ​ខ្ញុំ​បរិភោគ​រួច សឹម​អ្នក​បរិភោគ​តាម​ក្រោយ”។ 9ម្ចាស់​មិន​ដែល​អរគុណ​អ្នក​បម្រើ ដែល​បាន​ធ្វើ​តាម​បង្គាប់​ខ្លួន​នោះ​ឡើយ។ 10រីឯ​អ្នក​រាល់​គ្នា​វិញ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​បញ្ជា​របស់​អុលឡោះ​សព្វ​គ្រប់​ហើយ ចូរ​ពោល​ថា “យើង​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ធម្មតា​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​បាន​បំពេញ​កិច្ចការ​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ”»។
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ឃ្លង់​ដប់​នាក់​ឲ្យ​ជា
11កាល​អ៊ីសា​កំពុង​ទៅ​ក្រុង​យេរូ‌សាឡឹម គាត់​ដើរ​កាត់​តាម​ស្រុក​សាម៉ារី និង​ស្រុក​កាលី‌ឡេ។ 12ពេល​អ៊ីសា​ដើរ​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​គាត់។ គេ​ឈរ​ពី​ចម្ងាយ 13ស្រែក​ឡើង​ថា៖ «តួន​អ៊ីសា​អើយ! សូម​អាណិត​មេត្ដា​យើង​ខ្ញុំ​ផង»។ 14អ៊ីសា​មើល​គេ​ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​អ៊ីម៉ាំ​ឃើញ​ចុះ»។ ពេល​អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ គេ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា។ 15ពេល​ឃើញ​ខ្លួន​បាន​ជា​សះ‌ស្បើយ​ដូច្នេះ មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ត្រឡប់​មក​វិញ​ទាំង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ដោយ​បន្លឺ​សំឡេង​ខ្លាំង​ៗ​ផង។ 16គាត់​ក្រាប​ដល់​ជើង​អ៊ីសា អោន​ក្បាល​ដល់​ដី ហើយ​អរ​គុណ​អ៊ីសា អ្នក​នោះ​ជា​អ្នក​ស្រុក​សាម៉ារី។ 17អ៊ីសា​សួរ​ថា៖ «តើ​ទាំង​ដប់​នាក់​មិន​បាន​ជា​ស្អាត​គ្រប់​ៗ​គ្នា​ទេ ឬ​ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា? 18មាន​តែ​ជន​បរទេស​ម្នាក់​វិល​ត្រឡប់​មក​វិញ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ!»។ 19អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ទៀត​ថា៖ «ចូរ​ក្រោក​ឡើង​អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ»។
ទី​សំគាល់​អំពី​នគរ​អុលឡោះ
20ពួក​ខាង​គណៈ‌ផារីស៊​សួរ​អ៊ីសា​ថា អុលឡោះ​នឹង​មក​គ្រង​រាជ្យ​នៅ​ពេល​ណា។ អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «នគរ​អុលឡោះ​មិន​មែន​មក តាម​បែប​ដែល​មនុស្ស​អាច​ឃើញ​នឹង​ភ្នែក​បាន​ឡើយ។ 21គេ​ពុំ​អាច​ពោល​ថា “នគរ​អុលឡោះ​នៅ​ទី​នេះ ឬ​នគរ​អុលឡោះ​នៅ​ទី​នោះ”បាន​ទេ។ ចូរ​ដឹង​ថា នគរ​អុលឡោះ​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។ 22បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​ថា៖ «ពេល​ក្រោយ​អ្នក​រាល់​គ្នា​ចង់​ឃើញ​ថ្ងៃ​ដែល​បុត្រា​មនុស្ស​មក សូម្បី​តែ​មួយ​ថ្ងៃ​ក៏​បាន​ដែរ តែ​អ្នក​រាល់​គ្នា​ពុំ​ឃើញ​ឡើយ។ 23ពេល​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “គាត់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​រត់​ទៅ​ឲ្យ​សោះ។ 24បុត្រា​មនុស្ស​នឹង​មក ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ភ្លឺ​ឆ្វាច ឆូត​កាត់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង។ 25ប៉ុន្តែ បុត្រា​មនុស្ស​ត្រូវ​តែ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ជា​មុន​សិន ហើយ​មនុស្ស​សម័យ​ឥឡូវ​នេះ​នឹង​បោះ​បង់​គាត់​ចោល។ 26នៅ​គ្រា​ដែល​បុត្រា​មនុស្ស​មក ក៏​ដូច​នៅ​ជំនាន់​ណាពី​ណុះហ​ដែរ។ 27កាល​ណោះ​មនុស្ស‌ម្នា​គិត​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ណុះហ៍​ចូល​ក្នុង​ទូក​ធំ ហើយ​ទឹក​ជំនន់​ឡើង​លិច​បំផ្លាញ​មនុស្ស​អស់។ 28នៅ​គ្រា​បុត្រា​មនុស្ស​មក ក៏​ដូច​កាល​នៅ​ជំនាន់​ណាពី​ឡូត​ដែរ កាល​ណោះ​មនុស្ស‌ម្នា​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ។ 29ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ឡូត​ចាក​ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង និង​ស្ពាន់‌ធ័រ​បង្អុរ​ពី​លើ​មេឃ​មក ដូច​ភ្លៀង​បំផ្លាញ​អ្នក​ក្រុង​ទាំង​អស់​គ្នា​ទៅ។ 30នៅ​ថ្ងៃ​ដែល​បុត្រា​មនុស្ស​បង្ហាញ​ខ្លួន ក៏​នឹង​មាន​ហេតុ‌ការណ៍​ដូច្នោះ​ដែរ។ 31នៅ​ថ្ងៃ​នោះ អ្នក​នៅ​លើ​ដំបូល​ផ្ទះ ហើយ​មាន​របស់​របរ​ទុក​នៅ​ក្នុង​ផ្ទះ កុំ​ចុះ​ទៅ​យក​ឡើយ។ រីឯ​អ្នក​នៅ​ចំការ​ក៏​ដូច្នោះ​ដែរ កុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឲ្យ​សោះ។ 32ចូរ​នឹក​ចាំ​អំពី​រឿង​ដែល​កើត​មាន​ដល់​ភរិយា​ណាពី​ឡូត។ 33អ្នក​ដែល​ខំ​រក្សា​ជីវិត​របស់​ខ្លួន​នឹង​បាត់​បង់​ជីវិត រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត នឹង​បាន​រួច​ជីវិត​វិញ។ 34ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ​បើ​មាន​ពីរ​នាក់​ដេក​លើ​គ្រែ​ជា​មួយ​គ្នា អុលឡោះ​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ 35បើ​ស្ដ្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា អុលឡោះ​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ [36បើ​មាន​បុរស​ពីរ​នាក់​នៅ​ក្នុង​ចំការ អុលឡោះ​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ»]។
37ពួក​សិស្ស​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ តើ​ហេតុ‌ការណ៍​ទាំង​នេះ នឹង​កើត​មាន​នៅ​ទី​ណា?»។ អ៊ីសា​ឆ្លើយ​ថា៖ «សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​នឹង​មក​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ»។

Actualmente seleccionado:

លូកា 17: អគត

Destacar

Compartir

Copiar

None

¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión