Logo de YouVersion
Ícono Búsqueda

លូកា 16

16
ប្រស្នា​អំពី​អ្នក​បម្រើ​ប៉ិន​បោក​បញ្ឆោត
1អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​ថា៖ «មាន​សេដ្ឋី​ម្នាក់ បាន​ប្រគល់​មុខ‌ងារ​ឲ្យ​អ្នក​បម្រើ​ម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​របស់​គាត់។ មាន​គេ​មក​ជម្រាប​សេដ្ឋី​ថា អ្នក​នោះ​បាន​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​លោក​យ៉ាង​ខ្ជះ‌ខ្ជាយ។ 2សេដ្ឋី​ក៏​ហៅ​អ្នក​មើល​ខុស​ត្រូវ​មក​ប្រាប់​ថា “ចូរ​គិត​បញ្ជី​យក​មក​ឲ្យ​ខ្ញុំ អ្នក​មិន​អាច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ខ្ញុំ​ត​ទៅ​ទៀត​បាន​ឡើយ ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​អ្នក មិន​ល្អ​សោះ”។ 3អ្នក​បម្រើ​នោះ​រិះ‌គិត​ក្នុង​ចិត្ដ​ថា “ចៅហ្វាយ​លែង​ឲ្យ​អញ​ទទួល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​គាត់​ទៀត​ហើយ។ តើ​អញ​គិត​ទៅ​ធ្វើ​ការ​អ្វី​វិញ​ហ្ន៎? អញ​គ្មាន​កម្លាំង​នឹង​កាប់​គាស់​ដី​ទេ បើ​ដើរ​សុំ​ទាន​ខ្មាស​គេ។ 4អូ៎! នឹក​ឃើញ​ហើយ គួរ​ធ្វើ​យ៉ាង​នេះ ដើម្បី​អ្នក​ស្រុក​ទទួល​អញ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ នៅ​ពេល​អញ​ឈប់​កាន់​កាប់​ការ‌ងារ​នេះ”។ 5គាត់​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​ឲ្យ​ចូល​មក​ម្នាក់​ម្ដង​ៗ គាត់​សួរ​អ្នក​ទី​មួយ​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?”។ 6កូន​បំណុល​នោះ​ឆ្លើយ​ថា “ប្រេង​មួយ​រយ​ប៉ោត”។ អ្នក​បម្រើ​ប្រាប់​ថា “នេះ​នែ៎! យក​បញ្ជី​របស់​អ្នក​ហើយ​អង្គុយ​ចុះ សរសេរ​យ៉ាង​ប្រញាប់​ដាក់​ថា ជំពាក់​ហា‌សិប​ប៉ោត”។ 7បន្ទាប់​មក​គាត់​សួរ​ម្នាក់​ទៀត​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន​ដែរ?”។ កូន​បំណុល​នោះ​ឆ្លើយ​ថា “ស្រូវ​ប្រាំ​រយ​ថាំង”។ អ្នក​បម្រើ​ប្រាប់​ថា “នែ៎! យក​បញ្ជី​របស់​អ្នក ហើយ​សរសេរ​ដាក់​ថា ជំពាក់​បួន​រយ​ថាំង”។ 8ម្ចាស់​ក៏​សរសើរ​អ្នក​បម្រើ​ដែល​ប៉ិន‌ប្រសប់​បោក​បញ្ឆោត។ មនុស្ស​ក្នុង​លោក​នេះ​តែងតែ​ប៉ិន‌ប្រសប់​រក​ស៊ី​ជា​មួយ​គ្នា ជាង​អស់​អ្នក​ដែល​ស្គាល់​ពន្លឺ​របស់​អុលឡោះ​ទៅ​ទៀត»។
សម្បត្តិ​លោកីយ៍ និង​សម្បត្តិ​សូរ៉កា
9«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​យក​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ដ​នេះ ទៅ​ធ្វើ​ទាន ដើម្បី​ឲ្យ​មាន​មិត្ដ‌ភក្ដិ​ច្រើន។ ពេល​ណា​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ មិត្ដ‌ភក្ដិ​ទាំង​នោះ នឹង​ទទួល​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ។ 10អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ 11ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុង​របៀប​ប្រើ​ប្រាស់​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ដ​នេះ​ទេ អុលឡោះ​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​បាន​ដែរ។ 12ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ‌សម្បត្តិ​អ្នក​ដទៃ​ផង ធ្វើ​ម្ដេច​ឲ្យ​អុលឡោះ​ប្រទាន​ទ្រព្យ‌សម្បត្តិ​ដែល​ទ្រង់​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន! 13គ្មាន​អ្នក​ណា​អាច​បម្រើ​ម្ចាស់​ពីរ​នាក់​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​ម្នាក់​ស្រឡាញ់​ម្នាក់ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​គោរព​បម្រើ​អុលឡោះ​ផង គោរព​បម្រើ​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ផង​បាន​ឡើយ»។
ហ៊ូកុំ និង​នគរ​របស់​អុលឡោះ
14កាល​ពួក​ខាង​គណៈ‌ផារីស៊​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឲ្យ​អ៊ីសា ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។ 15អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែងតែ​សំដែង​ឫក‌ពា​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ អុលឡោះ​ឈ្វេង​យល់​ចិត្ដ​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ អុលឡោះ​ចាត់​ទុក​ថា​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម។ 16គីតាប​ហ៊ូកុំ និង​គីតាប​ណាព​បាន​ប្រៀន‌ប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ដល់។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក​មនុស្ស‌ម្នា​បាន​ឮ​ដំណឹង‌ល្អ អំពី​នគរ​អុលឡោះ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។ 17ផ្ទៃ​មេឃ​ផែន‌ដី​នឹង​រលាយ​សូន្យ​ទៅ តែ​ហ៊ូកុំ​អុលឡោះ​មិន​រលាយ​ឡើយ សូម្បី​តែ​តួ​អក្សរ​មួយ​ដ៏​តូច ក៏​មិន​រលាយ​បាត់​ផង។
18បុរស​ណា​លែង​ភរិយា ហើយ​ទៅ​រៀប‌ការ​នឹង​ស្ដ្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ដ្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​ដែរ»។
បុរស​អ្នក​មាន និង​ឡាសារ​ជា​អ្នក​ក្រ
19«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អ​ៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃ​ៗ។ គាត់​រស់​នៅ​ដោយ​សប្បាយមាន​ម្ហូប​អាហារ​ឆ្ងាញ់​ៗ​បរិបូណ៌​រាល់​ថ្ងៃ។ 20មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។ 21ឡាសារ​ចង់​បរិភោគ​កំទេច​ម្ហូប​អាហារ ដែល​ជ្រុះ​ពី​តុ​អ្នក​មាន​នោះ​ណាស់ ហើយ​ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។ 22ថ្ងៃ​មួយ អ្នក​ក្រ​នោះ​ស្លាប់​ទៅ ពួក​ម៉ាឡា‌អ៊ីកាត់​នាំ​គាត់​យក​ទៅ​ដាក់​ក្បែរ​ណាពី​អ៊ីព្រ‌ហ៊ីម នៅ​សូរ៉កា។ រីឯ​អ្នក​មាន​ក៏​ស្លាប់​ដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ 23នៅ​នរ៉កា អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណ‌កម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ​ឃើញ​អ៊ីព្រ‌ហ៊ីម​ពី​ចម្ងាយ ហើយ​ឃើញ​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។ 24គាត់​ស្រែក​អង្វរ​អ៊ីព្រ‌ហ៊ីម​ថា “លោក​ឪពុក​អើយ! សូម​អាណិត​មេត្ដា​ខ្ញុំ​ផង។ សូម​លោក​ឪពុក​ប្រាប់​ឡាសារ​ឲ្យ​យក​ម្រាម​ដៃ​ជ្រលក់​ទឹក បន្ដក់​លើ​អណ្ដាត​ខ្ញុំ​បន្ដិច ព្រោះ​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់”។ 25អ៊ីព្រ‌ហ៊ីម​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ដ​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។ 26ម្យ៉ាង​ទៀត មាន​លំហ​មួយ​យ៉ាង​ធំ​ខណ្ឌ​យើង​ពី​អ្នក​រាល់​គ្នា ទោះ​បី​អ្នក​ណា​ចង់​ឆ្លង​ពី​នេះ​ទៅ​រក​អ្នក​រាល់​គ្នា ក៏​ឆ្លង​មិន​បាន​ឡើយ ទោះ​បី​មាន​អ្នក​ណា​ចង់​ឆ្លង​ពី​អ្នក​រាល់​គ្នា​មក​រក​យើង ក៏​ឆ្លង​មិន​បាន​ដែរ”។ 27អ្នក​មាន​នោះ​អង្វរ​ថា “លោក​ឪពុក​អើយ! សូម​លោក​ឪពុក​មេត្ដា​ចាត់​ឡាសារ​ឲ្យ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង 28ខ្ញុំ​មាន​បង​ប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។ 29អ៊ីព្រ‌ហ៊ីម​ឆ្លើយ​ថា “បង​ប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ម៉ូសា និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ពួក​ណាពី​ហើយ ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។ 30អ្នក​មាន​តប​ទៅ​អ៊ីព្រ‌ហ៊ីម​ថា “ទេ! លោក​ឪពុក ទាល់​តែ​មាន​អ្នក​ណា​ម្នាក់ ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​កែ​ប្រែ​ចិត្ដ​គំនិត”។ 31ប៉ុន្តែ អ៊ីព្រ‌ហ៊ីម​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ម៉ូសា និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ណាពី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។

Actualmente seleccionado:

លូកា 16: អគត

Destacar

Compartir

Copiar

None

¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión